ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី មែរកិល ទៅ​ទស្សនកិច្ច​នៅ​​វ៉ាស៊ីនតោន លើក​ចុងក្រោយ មុននឹង​បិទបញ្ចប់​អាណត្តិ​នៅខែ​កញ្ញា

សំឡេង ០៧:១៣
លោកស្រីមែរកិល ជួបលោកចូ បៃដិន ក្នុងនាមជាអនុប្រធានាធិបតី​អាមេរិក នៅ​ក្រុងប៊ែរឡាំង ថ្ងៃទី ១ កុម្ភៈ ២០១៣
លោកស្រីមែរកិល ជួបលោកចូ បៃដិន ក្នុងនាមជាអនុប្រធានាធិបតី​អាមេរិក នៅ​ក្រុងប៊ែរឡាំង ថ្ងៃទី ១ កុម្ភៈ ២០១៣ AP - Markus Schreiber

ថ្ងៃ​ព្រសហ្បតិ៍ ទី​១៥កក្កដា​ លោកស្រី អង់ហ្កេឡា មែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ នឹងទៅដល់រដ្ឋធានី​វ៉ាស៊ីនតោន ជាទី​ដែលលោកស្រី នឹងត្រូវទទួលដោយ​លោកប្រធានាធិបតី​ ចូ បៃដិន នៅឯសេតវិមាន​។ នេះ​គឺជាទស្សនកិច្ច​ លើកទីមួយ សម្រាប់ថ្នាក់ដឹកនាំអឺរ៉ុប បន្ទាប់ពី​លោក​ចូ បៃដិន បានចូលកាន់តំណែង។ ថ្វី​បើ​មានចំណុចមិនស្របគ្នា​ខ្លះ តែអាល្លឺម៉ង់ និង​​សហរដ្ឋអាេមរិក បានសន្យា​ពង្រឹងសម្ព័ន្ធភាព សហប្រតិបត្តិការនៅក្នុងសំណុំរឿងជាច្រើន ជាក់ស្តែង បញ្ហាសន្តិសុខ  និងវិវាទជាមួយរុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

តាមពិតទៅនោះ វាមិនមែនជាលើកទី១ទេ សម្រាប់​លោកស្រីមែរកិល ដែលទៅទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន។ ក្នុងនាម​ជាប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោកស្រី​ត្រូវបាន​ទ​ទួល​​នៅសេតវមាន ៣ដង​រួចមកហើយ ដោយ​​ប្រធានាធិបតី​​អាេមរិក ៣រូប គឺលោក ហ្សក ដាប៊ែលយូប៊ូស លោកអូបាម៉ា និងលោក​ ដូណាល់​ ត្រាំ។ តែសម្រាប់លើកទី៤នេះ អ្វីដែលពិសេស គឺវាអាចជាលើកចុងក្រោយ​​ សម្រាប់លោកស្រី ព្រោះថា​លោកស្រី​នឹងចប់អាណត្តិ ហើយ​​លាឈប់​ពី​នយោបាយ​​ដឹកនាំប្រទេស នៅខែកញ្ញា​ខាងមុខ​នេះ​ហើយ។

តាមកម្មវិធីគ្រោងទុក លោកស្រី មែរកិល នឹងជួប​និយាយ​គ្នា​ដោយផ្ទាល់ ជាមួយ​លោក ប្រធានាធិបតី ចូ បៃដិន នៅសេតវិមាន ហើយ​ពេលយប់នឹងមានកម្មវិធី ពិសារបាយជុំគ្នា ជាមួយ​លោកចូ បៃដិន និងភរិយា។ លុះព្រឹកឡើង លោកស្រី មែរកិល នឹងពិសារអាហារពេលព្រឹក ពិភាក្សាគ្នា ជាមួយ​លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាេមរិក។

បន្ទាប់មកទៀត នឹងមានកម្មវិធីប្រគល់សញ្ញាប័ត្រ​កិត្តយសមួយ ជូនលោកស្រី អង់ហ្កេឡា មែរកិល ដោយ សាលាសិក្សាអន្តរជាតិជាន់ខ្ពស់ School of Advanced International Studies នៅឯ​សកល​​វិទ្យាល័យ Johns Hopkins។ នៅក្នុងឱកាសនោះ លោកស្រី នឹងថ្លែងសន្ទរកថាមួយផងដែរ។

Nord Stream 2

សំណុំរឿង បំពង់បង្ហូរឧស្ម័ន Nord Stream 2 គឺជាចំណុចដ៏សំខាន់មួយ ដែល​បង្កើតជាការខ្ទាស់គំនិត​គ្នា រវាង​រដ្ឋាភិបាលអាមេរិក និង​រដ្ឋាភិបាលអាល្លឺម៉ង់។ ភាគីអាមេរិក ចាត់ទុក គម្រោង​ដែលបង្ហូរឧស្មន័ពីរុស្ស៊ី កាត់តាម​សមុទ្របាល់ទិក ចូលមកអាល្លឺម៉ង់នេះ ថាគឺជាអន្ទាក់របស់រុស្ស៊ី ហើយអាចធ្វើ​ឲ្យ​អាល្លឺម៉ង់ ក៏ដូចជាប្រទេសអឺរ៉ុប ត្រូវរំពឹងនឹងឧស្ម័នរបស់រុស្ស៊ីជានិច្ច។ ពោលគឺមាន​ន័យថា រុស្ស៊ី​នឹងអាចយកឧស្ម័នធ្វើ​ជា​ឧបករណ៍​ដាក់សំពាធ។ ជាងនេះទៀត គម្រោង​នេះ គឺវាបានធ្វើបាប​អ៊ុយក្រែន ព្រោះអ៊ុយក្រែន នឹងលែង​ក្លាយ​ជា​ប្រទេស​ឆ្លងកាត់​ផ្តាច់មុខ នៃ​បំពង់បង្ហូរ​ឧស្ម័ន​រុស្ស៊ី ចូល​មក​អឺរ៉ុបទៀតហើយ។

តែយ៉ាងណាចង់មិនចង់ គម្រោងសាងសង់ Nord Stream 2 នេះ កំពុងតែ​ជិត​រួចរាល់​ជាស្ថាពរហើយ ដោយ​​អាល្លឺម៉ង់ បាន​លើក​ហេតុផល​​មក​ការពារ​ជានិច្ច។ តែទន្ទឹមនឹងនេះ ភាគីអាល្លឺម៉ង់ បាន​​ព្យាយាមនិយាយ ឲ្យ​រដ្ឋាភិបាល​អាមេរិក យល់យោគពីភាពចាំបាច់នៃគម្រោងនេះ នឹងបានសន្យា​ថានឹង​​រៀបចំ​យន្តការ ធ្វើយ៉ាងណា ឲ្យ​​អាមេរិក​មាន​ទំនុកចិត្ត ថារុស្ស៊ី​នឹង​មិនអាច​មកលេងខ្សែលើ​ ជាមួយ​អឺរ៉ុប​បានទេ តាមរយៈគម្រោងនេះ។

យ៉ាងណាមិញ កាលពីខែមុន ក្នុងពេល​​លោកអង់តូនី ប្លីងកិន ទៅ​ទស្សនកិច្ច​នៅក្រុងប៊ែរឡាំង ភាគីអាល្លឺម៉ង់ បាន​​អះអាងថា គេ​កំពុង​ព្យាយាម​ចរចា រកវិធីឲ្យ​​អាមេរិក​ទទួល​យក​គម្រោង Nord Stream 2 នេះ​ដោយស្ងប់ចិត្ត។ ភាគីអាល្លឺម៉ង់ ក៏កំពុងពិចារណា ប្រគល់ប្រាក់ ជា​សំណងជំងឺចិត្តខ្លះ ទៅឲ្យ​ភាគី​អ៊ុយក្រែនដែរ។ ហើយកាល​ពីថ្ងៃចន្ទ ដើម​សប្តាហ៍នេះ លោកស្រី មែរកិល បានធានាអះអាង ចំពោះមុខ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ថា អ៊ុយក្រែន នឹងនៅ​តែ​ជា​ដែនដី​ឆ្លងកាត់ បំពង់បង្ហូរ​ឧស្ម័ន​រុស្ស៊ី ចូលមក​អឺរ៉ុប​ដដែលទេ មិនមែន Nord Stream 2 ម៉ៅផ្តាច់​ទាំងអស់​នោះ​ឡើយ។

រួមគ្នាទប់កម្លាំងឈ្លានពាន​របស់រុស្ស៊ី

យើងមិនអាចថា អាល្លឺម៉ង់ និង អាមេរិក ស្របគ្នាគ្រប់រឿងនោះទេ តែប្រទេសទាំង២នេះ ព្យាយាម​សហការគ្នាគ្រប់រឿង។ ចង់មិនចង់ អាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់អាល្លឺម៉ង់។​ សម្រាប់​អាមេរិក​វិញ អាល្លឺម៉ង់ គឺជា​កម្លាំង​ចលករ នៃ​សេដ្ឋកិច្ច​សហភាពអឺរ៉ុប ដោយ​មិនអាចខ្វះបានទេ។ សម្រាប់​ក្រុម​អ្នកនយោបាយ​អាមេរិក បក្សប្រជាធិបតេយ្យ ដរាបណា​អឺរ៉ុបរឹងមាំ នោះអាមេរិក​​ក៏មានបង្អែកធំដែរ ក្នុងការ​រួមកម្លាំងគ្នា តទល់ជាមួយ​រុស្ស៊ី ព្រមទាំងចិន។

យ៉ាងណាមិញ នៅក្នុង​ជំនួប​រវាងលោកចូ បៃដិន និង​ លោកស្រីមែរកិល នៅថ្ងៃនេះ គឺមេដឹកនាំទាំង២ នឹង​លើក​មក​និយាយ​ផងដែរ អំពី​ការរួមកម្លាំងគ្នា ជួយ​តំបន់​អឺរ៉ុបខាងកើត ដែលរុស្ស៊ីកំពុង​តែគំរាម​កំញើញខ្លាំង រួមគ្នាដោះស្រាយ​បញ្ហា វាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធ័រនែត​ ដែលដូចយើងដឹងហើយ គឺ​ភាគច្រើន គេចោទ​ថា​រុស្ស៊ី​ជាអ្នក​ធ្វើ។

ដូច្នេះ ពាក់ព័ន្ធនឹងបញ្ហារុស្ស៊ី គឺអាល្លឺម៉ង់ និងអាមេរិក មានជំហរប្រហាក់ប្រហែលគ្នា រួមកម្លាំងគ្នា មិនឲ្យ​រុស្ស៊ី​គំរាមបានទេ។ ដោយឡែកបញ្ហា​ចិនវិញ គឺអាល្លឺម៉ង់ អាចនៅឆ្ងាយ​​ពី​អាមេរិកបន្តិច។ រដ្ឋាភិបាល​របស់​​លោកស្រី​​មែរកិល មិន​សូវយល់ស្រប​​ជាមួយ​​រដ្ឋាភិបាល​អាមេរិកទេ ដែល​ប្រកាស​យកចិន​ជាសត្រូវ ខ្លាំង​ជ្រុល​ហួសហេតុពេក។

អឺរ៉ុប មិនត្រូវ​តាម​អាមេរិក​ទាំងងងឹតងងុល

លោកស្រីមែរកិល ក៏ដូចជាលោកម៉ាក្រុង មានជំហរប្រហែលគ្នា គឺថាមិនចង់តាមអាមេរិក គ្រប់រឿង ទាំង​ងងឹត​ងងុលនោះទេ។ មេដឹកនាំទាំង២​នេះគិតថា អឺរ៉ុប​ត្រូវតែ​មាន​​ភាពរឹងមាំ​ខ្លួនឯង អាចសម្រេច ថាប្រឆាំង​តទល់​ជាមួយចិន ឬរុស្ស៊ី នៅពេល​ណា​ដែលចាំបាច់ មិនមែន​ចាំតែ​តាមការ​អូសទាញ​របស់អាមេរិកទេ។ មួយវិញទៀត ក្រុមថ្នាក់ដឹកនាំអឺរ៉ុបបាន​ឆ្លងកាត់​បទពិសោធន៍​ជូរចត់រួចហើយ ជាមួយ​អាណត្តិ​លោកដូណាល់ ត្រាំ។​ ថាមិនត្រូវ ទៅថ្ងៃ​ខាងមុខ លោក​ដូណាល់ត្រាំ​ ឬក៏រដ្ឋាភិបាល​ថ្មី​ដែល​មាន​ទំនោរ​ស្រដៀង​នឹងលោក​ដូណាល់ត្រាំ អាច​នឹងត្រលប់​មកដឹកនាំ​អាមេរិកវិញ​ក៏​ថាបាន​។ ដូច្នេះ អឺរ៉ុប ត្រូវតែ​ពង្រឹង​ជំហរ​ដោយ​ខ្លួនឯង មិនត្រូវ​ផ្តេកផ្តួល​រមួល​ផ្សំគ្រេច​ តាម​អាមេរិក​ឡើយ។

យ៉ាងណាមិញ យោងតាមការស្ទាបស្ទង់មតិ ធ្វើដោយ Pew Research ផ្សាយ​កាល​ពីចុង​ឆ្នាំមុន ប្រជាជន​អាល្លឺម៉ង់​៥៥%​គិតថា ចិនបាន​ក្លាយ​​ជាមហាអំណាច​សេដ្ឋកិច្ច នាំមុខ​​សហរដ្ឋ​អាមេរិកបាត់​ទៅហើយ​។ ការស្ទាបស្ទង់មតិ​មួយទៀត របស់ Infratest Dimap នៅខែ​ធ្នូឆ្នាំ​មុនដែរ គឺបង្ហាញថា មាន​ប្រជាជន​អាល្លឺម៉ង់​តែ​១៧%ទេ ដែល​នៅខាងអាមេរិក ក្នុង​ករណីដែលអាមេរិក និងចិន​ផ្ទុះសង្គ្រាម​នឹងគ្នា។ ចំណែក​​៣ភាគ៤ទៀត គឺមិន​កាន់ជើងនរណាទាំងអស់។

ដូច្នេះយើងឃើញថា មតិសាធារណៈអាល្លឺម៉ង់ កាន់តែ​ដាច់ឆ្ងាយ​ពី​អាមេរិកហើយ។ មានន័យថា អ្នក​នយោបាយថ្មី ដែលនឹងមកដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បន្តពីលោកស្រីមែរកិល ក៏ត្រូវតែ​​គិតគូរ ពីការ​​យល់ឃើញ​ របស់​​មតិសាធារណៈ​អាល្លឺម៉ង់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI