ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទុកកូវីដមួយកន្លែង មហោស្រពភាពយន្ត​អន្តរជាតិ​កាន​ផ្តល់ដង្ហើមថ្មី​ដល់​ឧស្សាហកម្មភាពយន្ត

ផ្ទាំងបដារំលឹកឲ្យ​គេពាក់ម៉ាស និង​គោរពវិធានសុខភាពអនាម័យ នៅក្នុង​ទីតាំង​មហោស្រពភាពយន្ត​អន្តរជាតិកាន
ផ្ទាំងបដារំលឹកឲ្យ​គេពាក់ម៉ាស និង​គោរពវិធានសុខភាពអនាម័យ នៅក្នុង​ទីតាំង​មហោស្រពភាពយន្ត​អន្តរជាតិកាន REUTERS - ERIC GAILLARD

មហោស្រពភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន បាន​ឈាន​ចូល​ដល់​ថ្ងៃ​បញ្ចប់ហើយ នៅថ្ងៃ​សៅរ៍​នេះ។ ទោះប្រទេស​កំពុង​ប្រឈម​នឹង​រលក​ជំងឺកូវីដ​សាជាថ្មី ជា​លើកទី៤ ដោយសារ​មេរោគបំប្លែងខ្លួន​ដែលតា មហោស្រពភាពយន្ត​កាន នៅប្រទេស​បារាំង ​នៅតែ​ផ្តល់​ឱកាស រីករាយ ជួបជុំ​ដល់​អ្នកស្នេហារ​វិស័យ​សិល្បទី​៧។ បន្ទាប់ពី​អាក់ខាន​មួយឆ្នាំ មិនបាន​រៀបចំ​កាលពី​ឆ្នាំ ២០២០ ដោយសារ​វិបត្តិជំងឺកូវីដ តារាភាពយន្ត សិល្បករ​ល្បីៗ​ក្នុង​ពិភពលោក​រាប់រយនាក់ បាន​ត្រលប់មក​ដើរ​លើ​កម្រាលព្រំក្រហម។ ខ្សែភាពយន្ត​មកពីគ្រប់ទ្វីប ត្រូវ​បាន​ជ្រើសរើសសម្រាប់​ការប្រកួតប្រជែង​យក​តាល់ប័ត្រមាស។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​អាក់ខាន មិនបាន​រៀបចំ​មួយឆ្នាំ ដោយសារ វិបត្តិជំងឺកូវីដ អ្នករៀបចំមហោស្រព​ភាពយន្ត​អន្តរជាតិ​កាន បាន​ប្រឹង​ជំនះ ដើម្បី រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏សំខាន់មួយនេះ។

មហោស្រពភាពយន្ត​អន្តរជាតិ កាន ជាព្រឹត្តិការណ៍​សំខាន់ ដែលគេរៀបចំ មិន​សូវដែលខាន។ ក្នុងប្រវត្តិនៃការកបង្កើតមហោស្រព ៨១ឆ្នាំមកនេះ មហោស្រពភាពយន្ត​កាន​ខកខាន មិនបាន​រៀបចំ​តែ ៥ដងប៉ុណ្ណោះ។ បីដង ដោយសារ​សង្រ្គាម​លោកលើក​ទី២ មួយដង ដោយសារ​ចលនាបាតុកម្ម​របស់​យុវជនបារាំង ឆ្នាំ ១៩៦៨ និង​ចុងក្រោយ គឺ​ដោយសារ​វិបត្តិកូវីដ ២០២០។

មហោស្រពភាពយន្ត​អន្តរជាតិ​កាន​សំខាន់​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត ទេសចរណ៍ និង​សេដ្ឋកិច្ច​ពិភពលោក។ មហោស្រពកាន​មិនមែន​ត្រឹមជា​កន្លែង​ដែល ចាក់បញ្ចាំង​ខ្សែភាពយន្ត​ដែលមាន​គុណភាព ប៉ុណ្ណោះទេ ប៉ុន្តែ វាជា​កន្លែង ដែល​មាន​ការជួបជុំ ពិភាក្សា​រវាង​អ្នកដឹកនាំរឿង ជាមួយ​ផលិតករ រវាង អ្នកទិញ និង​អ្នកលក់​កុន នៅ​ទីផ្សារ​កុន។ ប្រទេស​ជាច្រើន​បាន​ជួល​ទិញ ស្តង់​សម្រាប់ បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​ផលិតកុន ទៅ​ថតក្នុង​ប្រទេសរបស់ខ្លួន។

នៅឆ្នាំមុន ដោយសារ​តែ​ព្រំដែន​ត្រូវ​បិទ ដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺកូវីដ មហោស្រពភាពយន្ត​កាន បាន​រៀបចំ​កម្មវិធី​តែតាម​អនឡាញប៉ុណ្ណោះ។ ការខកខាន​មិនបាន​រៀបចំ ជាផ្លូវការ មហោស្រព ភាពយន្ត​អន្តរជាតិដោយសារ ជំងឺកូវីដ គឺ បាន​ប៉ះពាល់​ខ្លាំងណាស់ ដល់​ឧស្សាហកម្ម​ភាពយន្ត សេដ្ឋកិច្ច ហើយនិង សតិអារម្មណ៍​របស់​អ្នកធ្វើការ​ក្នុង​វិស័យភាពយន្ត។ ដូច្នេះហើយ នៅពេល​ស្ថានភាព​សុខាភិបាល​បាន​ល្អប្រសើរ​ឡើង ដោយ​មកពី​យុទ្ធនាការ​ចាក់វ៉ាក់សាំង ហើយ​រដ្ឋាភិបាល​ចាប់បើកព្រំដែន ប្រទេស បណ្តើរៗ អ្នករៀបចំ មហោស្រព​បាន​សម្រេចគម្រោងការ ដែលពួកគេ​ត្រៀម​ទុកតែពីឆ្នាំមុន។

មហោស្រព​មិនទាន់​អធិកអធម អ៊ូអរ​ដូចមុន

ទោះប្រជាជន​ជាងពាក់កណ្តាល បាន​ទទួល​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ប៉ុន្តែ ប្រទេសបារាំង​មិនទាន់​គ្រប់គ្រង​ទាំងស្រុងវិបត្តិកូវីដ នោះទេ។ ដូច្នេះ មហោស្រពភាពយន្ត​កាន ឆ្នាំនេះ ក៏នៅ​មិនទាន់​ត្រលប់​ទៅរកសភាពដើម នៅមុន​ផ្ទុះជំងឺកូវីដ​នោះទេ។ ចំនួនមនុស្ស​ចូលរួមក្នុង​មហោស្រព បានធ្លាក់ថយចុះ ជិត​ពាក់កណ្តាល ពីជាង ៤៩០០០នាក់ មក​នៅតែ​ជាង ២ម៉ឺននាក់។

អ្នកចូលរួម​ភាគច្រើន​មកពី​បណ្តាប្រទេស​អឺរ៉ុប ចំណែក អ្នកចូលរួម​មកពី អាស៊ី អាហ្វ្រិក និង​អាមេរិកឡាទីន គឺមិនសូវ សំបូរ ឬអវត្តមាន ច្រើនតែម្តង។ មូលហេតុ​គឺ ប្រទេសនៅ​អាស៊ី និង​នៅតំបន់​អាមេរិកខាងត្បូង ដែលកំពុង​ញាំញី ដោយសារ​វិបត្តិកូវីដ ភាគច្រើន ​ស្ថិតនៅ​ក្នុង​បញ្ជី​ក្រហម ឬ ទឹកក្រូច របស់​បារាំង។ ដោយសារ​តែ​វិធានការរឹតបន្តឹង ដាក់លក្ខខណ្ឌ​ច្រើនពេក អ្នកដែលធ្វើដំណើរ​ចេញ​ពី​អាស៊ី និង​តំបន់​អាមេរិកខាងត្បូង ឬ​អាហ្រ្វិក ពិបាក​ មិនអាច ចូលរួម​ក្នុង​មហោស្រព។ ជាក់ស្តែង នៅទីផ្សារ​កុន ក្នុង​វិមាន​មហោស្រពកាន ដែល​ធ្លាប់តែអ៊ូអរ សំបូរ​ក្រុមហ៊ុន​លក់​កុនថៃ ឥណ្ឌា ចិន ឥណ្ឌូណេស៊ី គឺ ក្លាយជា​ស្ងាត់ជ្រងំ​នៅឆ្នាំនេះ។ នៅ​ទីផ្សារ​ភាពយន្ត លោក Douglas Price CEOនិង​ជាផលិតករអាមេរិកាំង​របស់​ក្រុមហ៊ុន​លក់កុន Telefilm នៅទីក្រុងLos Angeles និយាយថា នៅក្នុង​មហោស្រពមុនៗ លោក​អាច​ជួបអ្នកមកទិញកុន ជាង ៣០០នាក់ ក្នុង​រយៈពេល ១២​ថ្ងៃ​នៃ​មហោស្រព លើកនេះ លោក​បាន​ជួប​អ្នកទិញ បាន​តែ ២០នាក់ប៉ុណ្ណោះ។ ដោយនាំយក​កុន​ជាង ១០០​សម្រាប់ត្រៀមលក់ នៅក្នុង​មហោស្រព លោក Douglas Price ចរចា លក់​បាន​តែ កុន​៣រឿងប៉ុណ្ណោះ។

ជាមួយ មនុស្ស​រាប់ពាន់នាក់ ពពាក់ពពូន​ ប្រជ្រៀតគ្នា​ចូល​មើលកុន​ តើ​ មហោស្រពកាន​អាច​ក្លាយ​ជា​សំបុកចម្លង​មេរោគកូវីដ?

គេ​ធ្លាប់​បារម្ភ​ម្តងដែរ នៅពេល មហោស្រពភាពយន្ត​អន្តរជាតិកានបើកសម្ពោធ។ នៅពេល​មហោស្រព​ចាប់ផ្តើម​ដំបូង គេ​ឃើញ អ្នកចូលរួម​ភាគច្រើន ចាប់ធូររលុង មិន​សូវ​ប្រយ័ត្នប្រយែង ដើម្បីការពារ​ខ្លួន​ពីការឆ្លងមេរោគកូវីដនោះទេ នោះបើទោះបីជា​រដ្ឋាភិបាល​បាន​ព្រមាន​ពីរលកទី៤​នៃជំងឺកូវីដ​ក្តី។ នៅតាម​ផ្លូវ​មនុស្សភាគច្រើន​មិន​ពាក់ម៉ាស ដើរប្រជ្រៀតគ្នា​នៅមុខ​កន្លែងចូល​មហោស្រព។ អ្នករៀបចំ​មហោស្រព បាន​រងការរិះគន់​ខ្លាំង​នៅពេល រូបភាព ក្នុង​កាសែត​អាមេរិកាំង បង្ហាញ អ្នកចូល​មើលកុន ដែល​អង្គុយជិតៗគ្នា គ្មាន​ពាក់ម៉ាស។

ចាប់តាំង​ពីរឿង​អាស្រូវ​ហ្នឹងមក អ្នករៀបចំ​មហោស្រព​បាន​ប្រកាស រំលឹកជានិច្ច​ឲ្យ​គេ​ពាក់ម៉ាស​ក្នុង​ទីតាំងរបស់​មហោស្រព និង​ក្នុង​រោងភាពយន្ត។ នៅមុន​ការចាក់បញ្ចាំង​កុនម្តងៗ គេលឺសំឡេង​របស់​ប្រធាន​មហោស្រព និយាយ​រំលឹក​ឲ្យ​គេ​ពាក់ម៉ាស​ជាប់ជានិច្ច​ក្នុង​ពេល​រោងកុន។

មួយវិញទៀត គេ​បាន​ពង្រឹង បន្ថែម ការត្រួតពិនិត្យ នៅតាម​ច្រកចូល មហោស្រព មានន័យថា រាល់អ្នកដែលអាច​ចូលបាន គឺត្រូវ​មាន​លេខកូដ លិខិត​ចាក់វ៉ាក់សាំង ឬ​លទ្ធផល​តេស្តអវិជ្ជមាន ជំងឺកូវីដ នៅរាល់​៤៨ម៉ោង។ នៅត្រង់​ចំណុចនេះ អាជ្ញាធរ​កាន បាន​រៀបចំ​ស្តង់​ធ្វើតេស្ត​កូវីដ​ដ៏ធំ មួយ​នៅ​ក្បែរ មហោស្រព​សម្រាប់​អ្នកដែល​មិនទាន់​បាន​ចាក់វ៉ាក់សាំង ឬ​ជនជាតិ ក្រៅទឹកដី​អឺរ៉ុប។ មានន័យថា អ្នកចូលរួម​មក​ពី​អាស៊ី អាហ្វ្រិក ឬ​អាមេរិកខាងត្បូង បើទោះបី​គេ​បាន​ចាក់វ៉ាក់សាំង​ក្នុង​ប្រទេស​ពួកគេ​ក្តី ប៉ុន្តែ ពួកគេ​នៅតែ​ធ្វើតេស្ត​រកកូវីដ នៅ​រៀងរាល់​៤៨ម៉ោង ដើម្បី​អាច​ឈានជើង​ចូល​ក្នុង​ទីតាំងមហោស្រព។ អ្នកកាសែត​ម៉ិចស៊ិកម្នាក់​ដែលខ្ញុំ​បានជួប​បាននិយាយថា គាត់បាន​ចាក់វ៉ាក់សាំង pfizer រួចហើយក្នុង​ប្រទេសរបស់គាត់។ វ៉ាក់សាំង pfizer​ក៏បានទទួល​ការអនុញ្ញាត នៅទឹកដី​អឺរ៉ុប ប៉ុន្តែ មហោស្រព នៅតែ​តម្រូវ​ឲ្យគាត់​ធ្វើតេស្ត នៅ​រៀងរាល់ ៤៨ម៉ោង​ដដែល។ តើនេះជានយោបាយ​រើសអើង ជនបរទេស? នេះជា​ការលំបាក​ធំមួយ សម្រាប់​អ្នកចូលរួម ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ក្រៅរង្វង់​សហភាព​អឺរ៉ុប។ ប៉ុន្តែ គឺការរឹតបន្តឹង​ធ្វើតេស្ត ហើយ​និងការរំលឹក ឲ្យ​មនុស្ស​ពាក់ម៉ាស បានធ្វើ​ឲ្យ​មហោស្រពកានជៀសផុត ពីការផ្ទុះឆ្លងរាលដាល​ជំងឺកូវីដ។ តាមអ្នករៀបចំ មហោស្រព នៅក្នុង​ចំណោម​អ្នកដែលធ្វើតេស្ត​កូវីដ ប្រមាណ ៣ពាន់​នាក់​ក្នុង​មួយថ្ងៃៗ គេរកឃើញ​មានមនុស្ស តែ​ជាង​១០នាក់ ដែល​ធ្វើតេស្តទៅ មាន​វិជ្ជមាន​កូវីដ។

តើខ្សែភាពយន្ត​ណាដែលលេចធ្លោ អាច​ដណ្តើម​តាល់ប័ត្រ​មាស​?

គួរឲ្យ​សោកស្តាយ ពីខាង​កម្ពុជា គេ​មិនឃើញ​មាន​ខ្សែភាពយន្ត​ខ្នាតវែង ខ្នាតខ្លី នៅក្នុង​ការចាក់បញ្ចាំង​នៅ​មហោស្រពភាពយន្ត​កាននៅឆ្នាំនេះទេ។ មានតែ​រឿង​អូណូដា របស់​អ្នកដឹកនាំ​រឿង​បារាំង ដែល​ថត​នៅប្រទេស​កម្ពុជា​មួយ តែប៉ុណ្ណោះ ដែល​ត្រូវ​បានជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង នៅក្នុង​មហោស្រព។ លោក​ដាវី ជូ ប្រធាន​ផលិតកម្ម​Anti Archive និង​ជំនួយការ​អ្នកដឹកនាំ​ខ្មែរម្នាក់ គឺ​លោក ឈិត បូរិន ដែល​រស់នៅ​ប្រទេស​បារាំង ​បានដើរលើ​កម្រាលព្រំក្រហម​នៅមហោស្រព នៅពេល​ខ្សែកុន​អូណាដា ត្រូវ​ចាក់បញ្ចាំងនៅមហោស្រពកាន។

នៅឆ្នាំនេះ ចំនួនមនុស្ស​ចូលរួម​ក្នុង​មហោស្រព​បាន​ថយចុះខ្លាំង ប៉ុន្តែ ចំនួន​ខ្សែភាពយន្ត​ដែលគេ​បាន​ជ្រើសរើស សម្រាប់​មហោស្រព​កាន ឆ្នាំនេះ បាន​កើនឡើងច្រើន នៅគ្រប់​ក្របខ័ណ្ឌ​នៃ​ការប្រកួតប្រជែង។ ខ្សែភាពយន្ត​សម្រាប់​ការប្រកួតប្រជែង​យក​រង្វាន់ធំ​របស់​មហោស្រព គឺ​រង្វាន់​តាល់ប័ត្រ​បានកើនឡើង ពី​២១ នៅ​ឆ្នាំ ២០១៩ មក​២៤។ សម្រាប់ការប្រកួតប្រជែង​រង្វាន់ certains regard កាម៉េរ៉ា​មាស ឬ​ក៏ចាក់បញ្ចាំង​ពិសេស មាន​ខ្សែភាពយន្ត ច្រើនជាង​១០ ត្រូវ​បាន​គេ​ជ្រើសរើស​សម្រាប់​ប្រកួតយករង្វាន់។ នេះគេ​មិនទាន់​និយាយ​ពីការប្រកួត​របស់​មហោស្រព ដែល​រៀបចំ អម​មហោស្រពកាន ដូចជា Quinzaine des réalisateur Semaine de la critique ឬ​រង្វាន់ដទៃជាច្រើនទៀត។

សម្រាប់​ការប្រកួតយក​រង្វាន់តាល់ប័ត្រមាស របស់​មហោស្រព គេឃើញ​មាន​ខ្សែភាពយន្ត​ជប៉ុន រឿង Drive my Car រឿង​អ៊ីរ៉ង់ ឈ្មោះ Hero រឿង​បារាំង Les Olypiades និង​រឿង Memoria ដែលដឹកនាំ ដោយសមិទ្ធិករ​ថៃ លោក​អភិឆាតភង់ វរសេដ្ឋាគល់ ដែល​លេចធ្លោ​អាច​ឈាន​ទៅ​ដណ្តើម​តាល់ប័ត្រ​មាស ឬ​រង្វាន់​ធំៗផ្សេងទៀត​របស់​មហោស្រព។ លទ្ធផល​យ៉ាងណា​នោះ គេ​នឹងដឹង នៅពេល​គណៈមេប្រយោគ​ប្រកាស​លទ្ធផល​ក្នុង​ពិធីបិទ​មហោស្រពកាន នៅយប់​ថ្ងៃ​សៅរ៍ ទី ១៧ កក្កដា នៅ ម៉ោង​៧យប់ ម៉ោង​នៅប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI