ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖ហេតុអ្វីបានជាពួកតាលីបង់បន្តជ្រើសយកផ្លូវនយោបាយ ខណៈដែលខ្លួនកំពុងមានប្រៀបលើផ្លូវយោធា?

សំឡេង ០៧:២២
ក្រុមអ្នកតំណាងរដ្ឋាភិបាលក្រុងកាប៊ូល និងក្រុមអ្នកតំណាងតាលីបង់បានផ្តើមឡើងវិញនៅក្នុងទីក្រុងដូហា ប្រទេសកាតារ ថ្ងៃទី១៧ កក្កដា ២០២១។
ក្រុមអ្នកតំណាងរដ្ឋាភិបាលក្រុងកាប៊ូល និងក្រុមអ្នកតំណាងតាលីបង់បានផ្តើមឡើងវិញនៅក្នុងទីក្រុងដូហា ប្រទេសកាតារ ថ្ងៃទី១៧ កក្កដា ២០២១។ AFP - KARIM JAAFAR

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ប្រមុខ​ចលនា​ឧទ្ទាម​តាលីបង់​ឈ្មោះ អ៊ីបាទូឡា អាឃុនហ្សាដា​បាន​រម្លឹក​ជា​ថ្មី​នា​ថ្ងៃ​អាទិត្យ ទី១៨ កក្កដា​ថា ខ្លួន​បន្ត​ប្រកាន់​ជំហរ​ចង់​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​នយោបាយ។ ការ​បញ្ជាក់​របស់​ប្រមុខ​តាលីបង់​រូប​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​កិច្ចចរចា​រវាង​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​ក្រុង​កាប៊ូល និង​ក្រុម​អ្នក​តំណាង​តាលីបង់​បាន​ផ្តើម​ឡើង​វិញ​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ។ អ្វី​ជា​ការ​កត់សម្គាល់ ជំហរ​បន្ត​ចរចា និង​ការ​ចង់​បាន​ដំណោះស្រាយ​ផ្លូវនយោបាយ​របស់​តាលីបង់​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពួក​តាលីបង់​កំពុង​បន្ត​មាន​ប្រៀប​លើ​កម្លាំងទ័ព​រដ្ឋាភិបាល​នៅ​លើ​សមរភូមិ​សង្រ្គាម​នា​រយៈពេល ២ខែ​ចុង​ក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​ដៃ​ម្ខាង​វ៉ៃ និង​ដៃ​ម្ខាង​ទៀត​ចរចា​ដែល​ពួក​តាលីបង់​កំពុង​ប្រើ​ពេល​នេះ​ជា​យុទ្ធសាស្រ្ត​ប្រើ​ធម៌ក្តៅ​ផង និង​ធម៌ត្រជាក់​ផង។ នៅ​ក្នុង​ឱកាស​បុណ្យ​សាសនា​អ៊ីស្លាម​នា​ថ្ងៃ​អាទិត្យ ទី១៨ កក្កដា ប្រមុខ​ចលនា​ឧទ្ទាម​តាលីបង់​ឈ្មោះ អ៊ីបាទូឡា អាឃុនហ្សាដា​បាន​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នៅ​ក្រុង​កាប៊ូល​ថា បញ្ហា​អាហ្វហ្កានីស្ថាន​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​រង្វង់​ភាគី​ជម្លោះ​អាហ្វហ្កានីស្ថាន​គ្នា​ឯង ពោល​មិន​ត្រូវ​ពឹង​លើ​បរទេស ឬ​ហៅ​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​ទេ។ ដើម្បី​សម្តែង​ចេញ​ពី​ឆន្ទៈ​មួយ​នេះ ក្រុម​អ្នក​តំណាង​តាលីបង់​បាន​យល់ព្រម​ចូល​តុចរចា​ជា​ថ្មី​ជាមួយ​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​នា​ថ្ងៃ​សៅរ៍ ទី១៧ កក្កដា​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតារ។ គួរ​រម្លឹក​ថា កិច្ចចរចា​មួយ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០២០ មក​ម្ល៉េះ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ការ​ចរចា​រវាង​ក្រុម​អ្នក​តំណាង​តាលីបង់ និង​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពួក​តាលីបង់​កំពុង​មាន​ប្រៀប​នៅ​លើ​សមរភូមិ​សង្រ្គាម។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពោល​តាំង​អាមេរិក និង​អង្គការ​ណាតូ​បាន​ផ្តើម​ដក​កម្លាំងទ័ព​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​មក ពួក​តាលីបង់​បាន​បើក​ការ​វាយប្រហារ​នៅ​សឹង​គ្រប់​កន្លែង​ដោយ​បាន​អះអាង​ពី​ការ​ដណ្តើម​គ្រប់គ្រង​ទឹកដី​អាហ្វហ្កានីស្ថាន​ដល់​ទៅ ៨៥%។ ទីតាំង​ដែល​ពួក​តាលីបង់​ដណ្តើម​បាន​ច្រើន​ជា​ទីតាំង​នៅ​តាម​តំបន់​ជនបទ និង​ប៉ុស្តិ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ពិសេស​ប៉ាគីស្ថាន។

បង្ខំ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ឲ្យ​ទទួល​យក​សន្តិភាព​តាម​ផ្លូវ​ចរចា ឬ​ទម្លាក់​តាម​ផ្លូវ​សង្រ្គាម

ពួក​តាលីបង់​ចង់​យក​ការ​មាន​ប្រៀប​លើ​សមរភូមិ​សង្រ្គាម​ពេល​នេះ​ទៅ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​នៅ​ក្នុង​ការ​ចរចា។ ចូរ​កុំ​ភ្លេច​ថា រដ្ឋាភិបាល​ក្រុង​កាប៊ូល​មិន​ដែល​ចង់​ចរចា ឬ​ក៏​ចង់​ធ្វើ​សម្បទាន​អ្វី​ឲ្យ​ពួក​តាលីបង់​ទេ​នៅ​ពេល​ដែល​ខ្លួន​បាន​ទទួល​ការ​គាំទ្រ​ពេញទំហឹង​ពី​កម្លាំង​ទ័ព​ណាតូ និង​អាមេរិក។ តែ​ដល់​អស់​ពី​កម្លាំង​ណាតូ និង​អាមេរិក​ទៅ​ទើប​ដឹង​ខ្លួន​ថា ការ​ត​ទល់​មួយ​ទល់​មួយ​ជាមួយ​នឹង​ពួក​តាលីបង់​ជា​រឿង​ពិបាក​ទប់ទល់។ ដូច្នេះ​សម្រាប់​ពួក​តាលីបង់ នេះ​ជា​ឱកាស​មួយ​ដើម្បី​ចាប់​បង្ខំ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ឲ្យ​ទទួល​យក​សន្តិភាព​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ពួក​គេ។ តែ​បើ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​មិន​ព្រម​ទទួល​យក​តាម​សំណើ​សន្តិភាព​របស់​ពួក​គេ​ទេ ចលនា​ឧទ្ទាម​មួយ​នេះ​អាច​បន្ត​យុទ្ធសាស្រ្ត​សង្រ្គាម​ដើម្បី​ដណ្តើម​កាន់កាប់​ទឹកដី​អាហ្វហ្កានីស្ថាន ១០០% តែ​ម្តង។

នៅ​ក្នុង​សារ​របស់​ខ្លួន​នា​ថ្ងៃ​អាទិត្យ ទី១៨ កក្កដា ប្រមុខ​ចលនា​តាលីបង់ អ៊ីបាទូឡា អាឃុនហ្សាដា​បាន​បង្ហាញ​រួច​ហើយ​នូវ​អនាគត​រដ្ឋអំណាច​នៅ​អាហ្វហ្កានីស្ថាន​ដែល​មាន​ឈ្មោះ « អេមីរ៉ាតអ៊ីស្លាម »។ « អេមីរ៉ាតអ៊ីស្លាម » នេះ​ជា​អតីត​ឈ្មោះ​របប​តាលីបង់​ដែល​បាន​ដឹកនាំ​អាហ្វហ្កានីស្ថាន​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៦ និង ២០០១។ នៅ​ក្នុង​សារ​ដដែល ប្រមុខ​ចលនា​តាលីបង់ អ៊ីបាទូឡា​បាន​បញ្ជាក់​បន្ថែម​ពី​ចេតនា​ចង់​មាន​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​វិស័យ​នយោបាយ ការទូត និង​សេដ្ឋកិច្ច​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក មាន​ទាំង​អាមេរិក​មួយ​ផង។ ដូច្នេះ​គេ​អាច​និយាយ​បាន​បាន​ថា ពួក​តាលីបង់​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ពីរ​ដើរ​ទន្ទឹម​គ្នា។

យុទ្ធសាស្រ្ត​ទី១ ចាប់​បង្ខំ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ឲ្យ​ទទួល​យក​សន្តិភាព​តាម​គំនិត​ផ្តួចផ្តើម​របស់​ខ្លួន និង​យុទ្ធសាស្រ្ត​ទី២ ទម្លាក់​រដ្ឋាភិបាល​ក្រុង​កាប៊ូល​តាម​ផ្លូវ​សង្រ្គាម។ តែ​នៅ​ចំពោះ​មុខ​ពេល​នេះ ជម្រើស​យុទ្ធសាស្រ្ត​ទី១ ជា​ជម្រើស​អាទិភាព​របស់​ពួក​តាលីបង់។ បើ​ពួក​តាលីបង់​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​យុទ្ធសាស្រ្ត​ទី១ នេះ​មែន ចលនា​ឧទ្ទាម​មួយ​នេះ​នឹង​ក្លាយ​ជា​ចលនា ឬ​តួអង្គ​នយោបាយ​មួយ​ស្របច្បាប់ និង​ពេញមុខ ពេញ​មាត់​នៅ​លើ​ឆាកជាតិ និង​ឆាក​អន្តរជាតិ។

អ៊ីរ៉ង់​បារម្ភ​ពី​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន និង​ខិត​រក​ពួក​តាលីបង់

ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ពេល​នេះ​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាម​ពាក្យ​សម្តី​រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​រដ្ឋាភិបាល​ប៉ាគីស្ថាន។ ទីក្រុង​កាប៊ូល​បាន​ចោទ​ទីគ្រុង​អ៊ីស្លាម៉ាបាត​ពី​បទ​បាន​គាំទ្រ និង​ផ្តល់​ជម្រក​ឲ្យ​ពួក​តាលីបង់។ ទន្ទឹម​គ្នា​នេះ ប្រទេស​អ៊ីរ៉ង់​ក្បែរ​ខាង​ក៏​កំពុង​បារម្ភ​ពី​ព្រឹត្តិការណ៍​នៅ​អាហ្វហ្កានីស្ងាន​ពេល​នេះ​ដែរ។ រវាង​អ៊ីរ៉ង់ និង​អាហ្វហ្កានីស្ថាន និយាយ​ជា​រួម និង​រវាង​អ៊ីរ៉ង់ និង​ពួក​តាលីបង់ និយាយ​ដោយឡែក​ជា​រឿង​ស្មុគស្មាញ​បន្តិច។ តាំង​ពី​អាមេរិក​បាន​ចូល​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០០១ អ៊ីរ៉ង​តែង​ទទូច​មិន​ឈប់​ឲ្យ​មាន​ការ​ដក​ទ័ពអាមេរិក និង​ទ័ព​អង្គការ​ណាតូ​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

ក្នុង​ពេល​ជាមួយ​គ្នា អ៊ីរ៉ង់​ក៏​បាន​បារម្ភ​ពី​ផលវិបាក​នៃ​ការ​ដក​កម្លាំងទ័ព​បរទេស​ចេញ​ពី​អាហ្វហ្កានីស្ថាន​ដែរ។ ផលវិបាក​នោះ គឺ​លំហូរ​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​ចូល​ទឹកដី​អ៊ីរ៉ង់។ បើ​យោង​តាម​ឧត្តមស្នងការដ្ឋាន​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន មាន​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន​ជិត ៣លាន ៥សែន​នាក់​ហើយ​កំពុង​ជ្រកកោណ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ពោល​ស្មើ​នឹង​ជាង ៤% នៃ​ចំនួន​ប្រជាជន​អាហ្វហ្កានីស្ថាន​សរុប។នេះ​ជា​ក្តីបារម្ភ​ទី១។ ចំណែក​ក្តីបារម្ភ​ទី២ គឺ​ការ​រត់​របស់​ពួក​ជីហាត​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ចូល​អ៊ីរ៉ង់។ បើ​និយាយ​ពី​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ពួក​តាលីបង់​ក៏​មិន​សូវ​ជា​រលូន​ប៉ុន្មាន​ទេ ពិសេស​ក្នុង​ពេល​ដែល​ពួក​តាលីបង់​កាន់​អំណាច​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ លើស​ពី​នេះ អ៊ីរ៉ង់​ថែម​ទាំង​បាន​សហការ​ជាមួយ​អាមេរិក​ដើម្បី​ប្រឆាំង​នឹង​ពួក​តាលីបង់​នៅ​ពេល​ដែល​ពួក​តាលីបង់​ត្រូវ​បាន​អាមេរិក​ទម្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ ២០០១។

តែ​ឥឡូវ​នេះ អ្វីៗ​ហាក់​មាន​ភាព​ធូរស្រាល​បន្តិច​រវាង​អ៊ីរ៉ង់ និង​ពួក​តាលីបង់។ ជាក់ស្តែង​ក្នុង​ថ្ងៃទី៧ កក្កដា ឆ្នាំ ២០២១ អ៊ីរ៉ង់​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ភាគី​ជម្លោះ​អាហ្វហ្កានីស្ថាន​ដោយ​មាន​វត្តមាន​ពួក​តាលីបង់​ផង។ បន្ទាប់​មក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ អ៊ីរ៉ង់​បាន​រម្លឹក​ច្រើន​ដង​ថា ចលនា​តាលីបង់​ត្រូវ​តែ​មាន​ចំណែក​នៅ​ក្នុង​អនាគត​ដំណោះស្រាយ​ដែល​សម្រេច​ដោយ​ភាគី​ជម្លោះ​ផ្ទៃក្នុង​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI