ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​NSO ត្រូវគេ​ចោទ​ថាបាន​​ផលិត​កម្មវិធី លួច​ឈ្លប​យកការណ៍​​តាម​ទូរស័ព្ទ

សំឡេង ០៨:២៩
ស្ត្រីអ៊ីស្រាអែល​ម្នាក់ កំពុងនិយាយ​ទូរស័ព្ទ នៅខាងមុខ​ ទីស្នាក់ការក្រុមហ៊ុនបច្ចេកវិទ្យា NSO group នៅតំបន់ Herzliya ជិតក្រុង​ Tel Aviv ប្រទេសអ៊ីស្រាអែល។ រូបថតថ្ងៃទី ២៨ សីហា ២០១៦
ស្ត្រីអ៊ីស្រាអែល​ម្នាក់ កំពុងនិយាយ​ទូរស័ព្ទ នៅខាងមុខ​ ទីស្នាក់ការក្រុមហ៊ុនបច្ចេកវិទ្យា NSO group នៅតំបន់ Herzliya ជិតក្រុង​ Tel Aviv ប្រទេសអ៊ីស្រាអែល។ រូបថតថ្ងៃទី ២៨ សីហា ២០១៦ AFP - JACK GUEZ

បណ្តាញសារព័ត៌មាន​អន្តរជាតិធំៗ បានរួមគ្នាចុះផ្សាយអត្ថបទស៊ើបអង្កេតមួយ ដែលបាន​លើកឡើង ពីសកម្មភាព​ឈ្លបយកការណ៍តាមទូរស័ព្ទ តាមរយៈកម្មវិធីបច្ចេកវិទ្យាមួយ ឈ្មោះ Pegasus ដែលផលិត​ដោយ​ក្រុម​ហ៊ុន​អ៊ីស្រាអែលមួយ ឈ្មោះ NSO។ យោងតាមអះអាង របស់​បណ្តាញ​សារព័ត៌មាន គឺក្នុងចំណោម​មនុស្ស ​ដែល​គេប្រើកម្មវិធីបច្ចេកវិទ្យានេះ​ដើម្បីឈ្លប​យកការណ៍ គឺមាន​​ភាគច្រើន ជា​អ្នកកាសែត សកម្មជនសិទ្ធិមនុស្ស ព្រមទាំងអ្នកនយោបាយ​ផងដែរ។ ដំណឹងនេះបាន​ធ្វើឲ្យ​កក្រើក រញ្ជួយមតិសាធារណៈ នៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដោយ​វាបានស្តែងអំពី​ ទំហំគ្រោះថ្នាក់ នៃបច្ចេកវិទ្យាទំនើប ដែលក្រុមហ៊ុន​ឯកជន ផលិតលក់ទៅឲ្យរដ្ឋាភិបាល ឬក៏ក្រុម​ណាមួយ ដើម្បីប្រើជាអាវុធ ឈ្លបតាមដាន និង​រារាំងសិទ្ធិសេរីភាព។

ផ្សាយពាណិជ្ជកម្ម

ស្រូបយកទិន្នន័យ​ក្នុងទូរស័ព្ទ បញ្ជាឲ្យថតសម្លេង និងវីដេអូ

Pegasus គឺជាកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ឬដែលយើងហៅជាភាសាសាមញ្ញថា Logiciel។ វាត្រូវបាន​បង្កើតឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលមួយ ឈ្មោះថា NSO Group ដែលជាក្រុមហ៊ុនឯកជន មានជំនាញ​ផលិត​កម្មវិធី​បច្ចេកវិទ្យាទំនើប។ Pegasus គឺជាប្រភេទLogiciel ឈ្លបយកការណ៍ នៅលើទូរស័ព្ទទំនើប។

ដើមហេតុដំបូង នៃការបែកធ្លាយដំណឹងនេះ គឺ ក្រុមវេទិការ​ឯករាជ្យមួយឈ្មោះ Forbidden Stories ដែលមានទីតាំងនៅក្រុងប៉ារីស រួមជាមួយ អង្គការ Amnesty International ដែលជាអ្នក​មាន​តារាងបញ្ជី លេខទូរស័ព្ទ ចំនួន​ប្រមាណ​៥ម៉ឺនលេខ ដែលគេអះអាងថា សុទ្ធតែរងគ្រោះ ដោយ​កម្មវិធី​ឈ្លប​យកការណ៍ Pegasus។ ស្ថាប័នទាំង​២នេះ មិនបានបញ្ជាក់ថា បាន​តារាងលេខទូរស័ព្ទនេះពីអ្នកណាមកទេ។ បន្ទាប់មក គេបានប្រគល់វាទៅឲ្យ បណ្តាញ​សារព័ត៌មានធំៗ ចំនួន​១៧ ដើម្បីឲ្យ​បើកការស៊ើបអង្កេតរួមគ្នា។ បណ្តាញសារព័ត៌មាន ធំៗទាំងនោះ គឺមានជាអាទិ៍ កាសែតបារាំង Le Monde កាសែតអង់គ្លេស The Guardian និង​កាសែតអាមេរិក The Washington Post ជាដើម។

ក្រោយការស៊ើបអង្កេតស៊ីជំរៅ បណ្តាញ​សារព័ត៌មានទាំងនេះ បានចុះផ្សាយ​លទ្ធផល​ ដោយ​បាន​លើកឡើងថា ពិតជាមាន​ការឈ្លបយកការណ៍ តាមទូរស័ព្ទពិតមែន ដោយ​ប្រើ​កម្មវិធី Pegasus នេះ។ លេខទូរស័ព្ទទាំង​​៥ម៉ឺន​លេខនេះ គឺត្រូវបាន​អតិថិជន​របស់​ ក្រុមហ៊ុន NSO Group កំណត់តាំងតែពីឆ្នាំ​​២០១៦មក។ ក្រុមអ្នកស្រាវជ្រាវអះអាងថា Pegasus អាចចូលទៅសំងំ ដោយស្ងាត់ៗបំផុត​ នៅក្នុងទូរស័ព្ទដៃ មិន​ថាជាទូរស័ព្ទប្រើ​ប្រព័ន្ធ Androïd ឬ iOS របស់ iPhone នោះទេ។

Pegasus មិនមែនត្រឹមតែអាច ស្តាប់ការសន្ទនាតាមទូរស័ព្ទ នោះទេ គឺវាអាចបូម ស្រូបយកទិន្នន័យទាំងអស់ នៅក្នុងទូរស័ព្ទតែម្តង ដែលមានដូចជា សារSMS E-Mail រូបថត ឯកសារផ្សេងៗ និងអាចចូលទៅសំងំ ក្នុងកម្មវិធីឆ្លើយ​ឆ្លង​គ្នាផ្សេងទៀត ដូចជា WhatsApp ជាដើម។ ហើយជាងនេះ​ទៀត Pegasus អាចបញ្ជាពីចំងាយ ឲ្យ​ទូរស័ព្ទដៃ ថតសម្លេង និងបើកកាម៉េរ៉ាថតរូប ថែម​ទៀត​ផង។

អ្នករងគ្រោះ៖ អ្នកកាសែត​ សកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយ

យោងតាម​ការអះអាងរបស់បណ្តាញព័ត៌មានទាំង១៧ គឺ ក្នុងចំណោមលេខទូរស័ព្ទ ដែលរងគ្រោះ មាន​​យ៉ាងហោច អ្នកកាសែត១៨០នាក់ អ្នកនយោបាយខ្ទង់​៦០០នាក់ សកម្មជនសិទ្ធិ​មនុស្ស ៨៥នាក់ រួមទាំង​ថៅកែក្រុមហ៊ុន ប្រមាណ​៦៥នាក់ទៀត។

ក្នុងចំណោមអ្នកកាសែត ដែលរងនូវការ​ឈ្លបយកការណ៍នេះ គឺមាន​ជាអាទិ៍ អ្នកកាសែតនៅ​ Wall Street Journal ទូរទស្សន៍ CNN ទូរទស្សន៍​បារាំង France 24 កាសែតបារាំង Mediapart​ កាសែតអេស្ប៉ាញ El Pais អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តរជាតិ​​ RFI ព្រមទាំងអ្នកកាសែតរបស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ទៀតផង។​ ហើយបើតាមការចុះផ្សាយ​របស់ The Gardian គឺមាន​ថ្នាក់ដឹកនាំ​ធំៗ​របស់ កាសែត Financial Times ទូរទស្សន៍ CNN កាសែត New York Times និង​ទីភ្នាក់ងារ ព័ត៌មាន​ Reuters ផងដែរ។ ក្នុងចំណោមអ្នកនយោបាយទាំង​៦០០នាក់វិញ គឺមានយ៉ាងហោច ប្រមុខរដ្ឋប្រទេសអឺរ៉ុបម្នាក់ និង​ប្រមុខដឹកនាំរដ្ឋាភិបាលអឺរ៉ុប ២នាក់ផង។

ដូច្នេះ ទំហំនៃការឈ្លបយកការណ៍នេះ មិនមែនតូចទេ ហើយវាមានសណ្ឋានធ្ងន់ធ្ងរខ្លាំងណាស់ ប៉ះពាល់ ដល់សិទ្ធិសេរីភាព​សារព័ត៌មាន និងសិទ្ធិបុគ្គល។ បណ្តាញសារព័ត៌មានធំៗ បានចុះផ្សាយថា សកម្មភាពឈ្លបយកការណ៍នេះ គឺវាសំដៅ តាមដានការងាររបស់អ្នកកាសែត សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស ឬក៏អ្នកនយោបាយ ដើម្បី​រកវិធីរារាំង តាមស្ទាក់ ឬគំរាមកំហែងបំបិទ​មាត់ជាដើម។

យ៉ាងណាមិញ អ្នកកាសែតមិកស៊ិក ឈ្មោះ Cecilio Pineda Birto ត្រូវបាន​គេ​សម្លាប់នៅខែមីនា ឆ្នាំ២០១៧ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីលេខទូរស័ព្ទរបស់អ្នកកាសែតរូបនេះ ត្រូវគេបញ្ចូលក្នុង​ចំណោមមនុស្ស​ ដែលរងគ្រោះ​ដោយ​ កម្មវិធីឈ្លបយកការណ៍ Pegasus។ ដូចគ្នាដែរ ទូរស័ព្ទ របស់​ស្ត្រី២នាក់​ ដែលមានទំនាក់ទំនងជិតស្និទនឹងលោក Jamal Khashoggi អ្នកកាសែតដែលគេសម្លាប់ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីទ ក្រុងអ៊ីស្តង់ប៊ូល នៅឆ្នាំ​២០១៨ ក៏បានរងគ្រោះ​ដោយ​កម្មវិធី Pegasus នេះដែរ នៅមុនពេល​កើតហេតុ។

ការសន្និដ្ឋានដែល​គ្មានអង្គហេតុច្បាស់លាស់

ក្រុមហ៊ុនអ៊ីស្រាអែល NSO Group បានច្រានចោល ការចោទប្រកាន់ទាំងអស់តែម្តង។ ​នៅលើគេហទំព័រ​អ៊ីនធ័រនែត ក្រុមហ៊ុននេះបានអះអាងថា ការសន្និដ្ឋានទាំងអំបាលម៉ាន ថា កម្មវិធី Pegasus បានឈ្លបយកការណ៍ លើអ្នកកាសែត អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស វាគឺជាការសន្និដ្ឋាន បែបលំអៀង ដោយ​គ្មានមូលដ្ឋានអង្គហេតុច្បាស់លាស់ អាច​​យក​ជា​ការ​​បានទេ។ ក្រុមហ៊ុននេះ បានអះអាងទៀត ថាគេនឹងដាក់ពាក្យ​ប្តឹង ពីបទបរិហារកេរ្តិ៍។ NSO Group បានអះអាងជាថ្មីថា ក្រុមហ៊ុនគេផលិតកម្មវិធី​​បច្ចេកវិទ្យាទំនើប ដើម្បីផ្គត់​ផ្គង់ទៅឲ្យតែ​​​អាជ្ញាធររដ្ឋ ដើម្បី​ស៊ើបការណ៍សំងាត់ ប្រឆាំងនឹង​បណ្តាញ​ឧក្រិដ្ឋកម្ម ឬបណ្តាញ​ភេរវកម្ម តែប៉ុណ្ណោះ។

តែយ៉ាងណា នេះមិនមែនជាលើកទីមួយទេ​ ដែល ក្រុមហ៊ុន NSO Group នេះ ត្រូវគេចោទ​ប្រកាន់។ កន្លងមកធ្លាប់មាន​ដំណឹងចោទផងដែរ ថាក្រុមហ៊ុនអ៊ីស្រាអែលនេះ ផលិត​កម្មវិធី​ឈ្លប​យក​ការណ៍មែន តែ​​ភាគច្រើន គឺលក់​ទៅឲ្យ​រដ្ឋាភិបាល​ប្រទេសផ្តាច់ការ ឬប្រទេសដែលមិនខ្វល់ពីការ​គោរពសិទ្ធិសេរីភាព។ រដ្ឋាភិបាលទាំងនោះ ប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដើម្បីតាមដាន រារាំង គំរាមបំបិតមាត់ អ្នកកាសែតប្រឆាំង អ្នកកាសែតបរទេស និងសកម្មជនសិទ្ធិមនុស្សជាដើម។

មួយវិញទៀត កាលពីឆ្នាំ​២០២០ ការស្រាវជ្រាវ​របស់ Citizen Lab នៃ​សកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានបង្ហាញ​ថា កម្មវិធី Pegasus របស់ក្រុមហ៊ុន NSO Group នេះ ក៏ត្រូវបាន​គេប្រើ ដើម្បីឈ្លប​យកការណ៍ ទៅលើ​អ្នកកាសែត ទូរទស្សន៍កាតា Al-Jazeera ជាង​១០នាក់ផងដែរ​។  ​កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន WhatsApp បានអះអាងថា គណនីរបស់អ្នក​ប្រើប្រាស់ចំនួន​១៤០០នាក់ ត្រូវបាន​កម្មវិធីឈ្លបយកការណ៍មួយ ​របស់ក្រុមហ៊ុន NSO Group នេះ សំងំវាយលុក។ ក្រុមហ៊ុន WhatsApp បានដាក់ពាក្យប្តឹងក្រុមហ៊ុន NSO Groupនេះ ដោយ​មានការសហការគាំទ្រ ពី Amazon និង​ Microsoft ផងដែរ។

ក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែលជាច្រើន ធ្លាប់ត្រូវគេចោទប្រកាន់

វាមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែល ត្រូវបានគេចោទថាគ្មានការទទួលខុសត្រូវ ធ្វើ​ជំនួញតាមរយៈការផលិត​បច្ចេកវិទ្យា ដែលរំលោភបំពាន​ធ្ងន់ធ្ងរ លើ​សិទ្ធិសេរីភាព។​ កន្លងមក ធ្លាប់មានការ​លើកឡើង ចោទប្រកាន់ច្រើនករណីមកហើយ ទៅលើ​ក្រុមហ៊ុន​អ៊ីស្រាអែល មួយចំនួន ដែលមានជំនាញផលិត​បច្ចេកវិទ្យាទំនើប ហើយលក់ទៅ​ឲ្យ​គេ យកទៅ​ឈ្លប​យកការណ៍​។ ក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែលទាំងនោះ ធ្វើការស្អិតរមួត និងបាន​ទទួលការ​អនុញ្ញាតិ ពីក្រសួងការពារជាតិអ៊ីស្រាអែល ថែមទៀតផង។

ជាក់ស្តែង កម្មវិធីឈ្លបយកការណ៍មួយ ឈ្មោះ DevilsTongue ផលិត​ដោយ​ក្រុមហ៊ុន Saito Tech Ltd ដែលត្រូវគេយកទៅប្រើដើម្បី​ឈ្លបយកការណ៍ មនុស្សជាច្រើនរយនាក់ មាន​អ្នក​កាសែត អ្នកនយោបាយ​ប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស។ នេះបើ​ផ្អែកតាម​ការអះអាង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ របស់​អ្នកជំនាញ​នៅក្រុមហ៊ុន Microsoft​ និង Citizen Lab។

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល ផ្សេងទៀត ដូចជា NICE Systems និង​ Verint ជាដើម ក៏ធ្លាប់​ ត្រូវគេចោទថាបាន​លក់បច្ចេកវិទ្យាឈ្លបយកការណ៍ ទៅឲ្យ​នគរបាលសំងាត់  នៅប្រទេស​អ៊ូហ្សបេគីស្ថាន ប្រទេស កាហ្សាក់ស្ថាន និង​នៅកូឡុំប៊ី ផងដែរ។ នេះ​បើ​ផ្អែកតាមការ​ចុះផ្សាយ​ របស់អង្គការ Privacy International កាលពីឆ្នាំ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI