ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Pegasus៖ លោកម៉ាក្រុង ​កោះប្រជុំ​​ក្រុមប្រឹក្សា​ការពារជាតិ ក្រោយ​​ដំណឹង​ ករណី​ឈ្លប​យកការណ៍​មក​​លើ​​បារាំង

សំឡេង ០៨:១៥
លោក​ប្រធានាធិបតីបារាំង ដឹកនាំការប្រជុំ​បន្ទាន់ នៃ​ក្រុមប្រឹក្សាសន្តិសុខជាតិ​បារាំង ថ្ងៃទី ២២ កក្កដា ២០២១
លោក​ប្រធានាធិបតីបារាំង ដឹកនាំការប្រជុំ​បន្ទាន់ នៃ​ក្រុមប្រឹក្សាសន្តិសុខជាតិ​បារាំង ថ្ងៃទី ២២ កក្កដា ២០២១ AFP - LUDOVIC MARIN

រឿងអាស្រូវទាក់ទិននឹងការប្រើ​ប្រាស់​ កម្មវិធីបច្ចេកវិទ្យា ឈ្មោះ Pegasus ដើម្បីស៊ើប​ឈ្លបយកការណ៍ កំពុងតែ​ធ្វើឲ្យ​រំជើបរំជួលជាខ្លាំង។ វាបានបង្ហាញ អំពីគ្រោះថ្នាក់មួយ​ ដែល​បណ្តាលមកពី​ការបំពាន របស់​រដ្ឋាភិបាល​ប្រទេសមួយចំនួន ដែលឈ្លបយកការណ៍តាមដាន មកលើ​ថ្នាក់ដឹកនាំប្រទេសផ្សេង ឬមកលើអ្នកកាសែត និងសកម្ម​ជន​សិទ្ធិមនុស្សជាដើម។ យ៉ាងណាមិញ យោងតាមការចុះផ្សាយ​ របស់​បណ្តាញព័ត៌មាន​បារាំង គឺទូរស័ព្ទរបស់​លោក​ប្រធានាធិបតី ម៉ាក្រុង ព្រមទាំងថ្នាក់ដឹកនាំ​បារាំង​ច្រើននាក់ទៀត ត្រូវបាន​រងគ្រោះ​ដោយ​បច្ចេកវិទ្យាឈ្លបយកការណ៍ ឈ្មោះ Pegasus នេះ។ ដោយ​មិនមើលស្រាលបញ្ហានេះ លោក​ប្រធានាធិបតី​បារាំង បាន​កោះប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខជាតិបារាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​២២កក្កដានេះ។

ផ្សាយពាណិជ្ជកម្ម

យោងតាម​លោក​ Gabriel Attal អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតីបារាំង បាន​ឲ្យ​ដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២២កក្កដា លោក​ម៉ាក្រុង​បាន​កោះប្រជុំ​បន្ទាន់ ក្រុម​ប្រឹក្សាសន្តិសុខជាតិ ដើម្បី​ពិនិត្យ​លំអិត ជុំវិញបញ្ហានេះ ថាតើវាគ្រោះថ្នាក់​កំរិតណា។ ក្រុមអ្នកជំនាញ​បារាំង នឹងស្រាវជ្រាវអង្កេតឲ្យ​ច្បាស់លាស់ ថាតើ ទូរស័ព្ទដៃ របស់​លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ពិតជាត្រូវបាន​គេ​ប្រើបច្ចេកវិទ្យា Pegasus ឲ្យ​ចូលមកឈ្លបយកការណ៍​ ពិតមែនដែរឬទេ? ហើយបើ​ពិតមែន តើ​ទិន្នន័យ​ ឆ្លើយឆ្លង ឬឯកសារនានានៅក្នុងនោះ ត្រូវបាន​គេទាញស្រូបយកទៅ ដែរឬទេ? ក្រៅពីទូរស័ព្ទដៃ របស់​លោកម៉ាក្រុង គឺបញ្ហានេះវាពាក់ព័ន្ធ ទៅលើ​រដ្ឋមន្ត្រី និងមន្ត្រីធំៗ ក្នុងជួរថ្នាក់ដឹកនាំ​បារាំង​ ទាំងអស់តែម្តង។

ផ្អែកតាមការចុះផ្សាយ របស់វិទ្យុជាតិ​​បារាំង និងកាសែត Le Monde ដែលចូលរួមសហការ ក្នុងការស្រាវជ្រា​វស៊ីជម្រៅ​ ជាមួយអង្គការ ​Amnesty International និង Forbiden Stories គឺក្រុមចារកិ​ច្ចប្រទេសម៉ារ៉ុក ដែលជាអ្នកនៅ​ពីក្រោយ​ការប្រើប្រាស់ បច្ចេកវិទ្យា Pegasus នេះ ដើម្បីស៊ើប​ឈ្លបយកការណ៍ លើទូរស័ព្ទដៃរបស់​លោក​ម៉ាក្រុង ព្រមទាំង​អ្នកកាសែត​បារាំង​មួយចំនួនទៀត។

បារាំងធ្វេសប្រហែស?

ផ្អែកតាម​មន្ត្រីជំនាញ​នៅសេតវិមាន​បារាំង ក្រៅពីទូរស័ព្ទដៃ​ពិសេស ដែល​បំពាក់ដោយ​បច្ចេកវិទ្យា ការពារទប់មិនឲ្យ​គេឈ្ល​បយកការណ៍បាន គឺលោក​ម៉ាក្រុង មានទូរស័ព្ទដៃផ្ទាល់ខ្លួន ច្រើនគ្រឿងផ្សេងទៀត។ តែគេអះអាងថា ទូរស័ព្ទទាំងនោះ ត្រូវដូរញឹកញាប់ និង​ត្រូវ​ដាក់​រនាំងការពារ មិនអាច​ទាញកម្មវិធីអ្វី​ មកដាក់ក្នុងនោះ​ ស្រួលៗទេ។ ធ្វើដូច្នេះ គឺដើម្បី​បិទផ្លូវ កុំឲ្យ​មានកម្មវិធីបច្ចេកវិទ្យា លួចបន្លំចូលមកបាន។

ក្រុមហ៊ុនប​ច្ចេកវិទ្យាបារាំងមួយ ឈ្មោះ Thales គឺជាអ្នកផ្គត់ផ្គង់ ទូរស័ព្ទដៃពិសេស ដែលមានប្រព័ន្ធការពារខ្លាំង ឲ្យ​ដល់​មន្ត្រីរដ្ឋាភិបាលបារាំង ចំនួន​៣០០នាក់។ ក៏ប៉ុន្តែ ជាទូទៅមិនសូវជាស្រួលប្រើប៉ុន្មានទេ ដោយ​សារតែវាស្មុគស្មាញ​ពេក មានលេខកូដច្រើនពេក។ ហេតុដូច្នេះហើយ បានភាគច្រើន មន្ត្រីធំៗបារាំងច្រើនប្រើទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីឆ្លើយឆ្លង ទំនាក់ទំនងគ្នា។

មួយវិញទៀតនោះ តាមវិធានកំណត់ ក្នុងពេលប្រជុំធំៗ ជាមួយ​ប្រធានាធិបតី​បារាំង តួយ៉ាងដូចជាប្រជុំគណរដ្ឋមន្ត្រី  នៅរៀងរាល់ព្រឹកថ្ងៃពុធ គឺទាំង​ប្រធានាធិបតី ទាំង​រដ្ឋមន្ត្រី ត្រូវទុក​ទូរស័ព្ទ នៅក្នុង​ប្រអប់ពិសេសមួយ ដែលមានសមត្ថភាព កាត់ផ្តាច់​ការឈ្លបយកការណ៍ទាំងអស់។ តែនៅក្នុងការអនុវត្តជាក់ស្តែង គឺមិនដូច្នេះទេ ព្រោះគេធ្លាប់ឃើញ រូបភាពក្នុងពេលប្រជុំច្រើនដងហើយ ដែលរដ្ឋមន្ត្រីបារាំង ដាក់ទូរស័ព្ទដៃនៅលើតុប្រជុំ។ ដូច្នេះ ប្រការទាំងអស់នេះហើយ ដែលយើងអាចចាត់ទុកបានថា មាន​ការធ្វេសប្រហែសខ្លះៗ នៅក្នុង​ការអនុវត្តវិធានការ​សន្តិសុខព័ត៌មានវិទ្យា​​នេះ។

ម៉ារ៉ុក ថាមិនដែលទិញបច្ចេកវិទ្យា មកប្រើស៊ើប​ឈ្លបយកការណ៍ទេ

កាលពីថ្ងៃទី​១៩ កក្កដា ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ របស់ប្រទេសម៉ារ៉ុក MAP បានចុះផ្សាយ​សេចក្តី​ប្រកាស​​របស់រដ្ឋាភិបាល​​ម៉ារ៉ុកថា ដែល​បាន​អះអាងថា គេមិនដែលធ្លាប់បានទិញ បច្ចេកវិទ្យាណាមួយ យកមកប្រើ ដើម្បី​ឈ្លបយកការណ៍ នរណាទាំងអស់។

តែយ៉ាងណា បណ្តាញ​​ព័ត៌មាន​បារាំង កាសែត Le Monde បាន​ចុះផ្សាយ​បន្ថែមថា គេមានភស្តុតាង និងទិន្នន័យច្រើនណាស់ ដែលបញ្ជាក់ថា ក្រុមចារកិច្ច​របស់​ប្រទេសម៉ារ៉ុក ជាអ្នកនៅពីក្រោយ​ការស៊ើបឈ្លបយកការណ៍ លើលេខទូរស័ព្ទ​មួយចំនួន នៅបារាំង ក្នុងនោះអាចមាន​លោក​ប្រធានាធិបតី ម៉ាក្រុង មន្ត្រីបារាំងខ្លះទៀត និង​ជាពិសេស​នោះ គឺអ្នកកាសែត និងសកម្មជន​នយោបាយ ដែល​គាំទ្រ ​ការទាមទារ​ឯករាជ្យ​របស់តំបន់សាហារ៉ាខាងលិច​។ តំបន់នេះ ប្រទេសម៉ារ៉ុក​ កំពុងគ្រប់គ្រង និងអះអាង​ថា​ស្ថិត​ក្នុងដែន​អធិបតេយ្យរបស់ខ្លួន។

“បានហើយ!”

ក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែល​ជាអ្នក​ផលិត​បច្ចេកវិទ្យា Pegasus ក៏នៅតែប្រកែកដែរ ថាគេមិនបាន​​ផលិត​​បច្ចេកវិទ្យា លក់ទៅឲ្យ​ប្រទេសផ្សេង យកទៅស៊ើបឈ្លបយកការណ៍ បំពានសិទ្ធិសេរីភាព​សារព័ត៌មាន និងសិទ្ធិមនុស្សនោះទេ។ ក្រុមហ៊ុននេះ​លើកឡើងថា ការអង្កេតស្រាវជ្រាវ របស់បណ្តាញសារព័ត៌មាន ដោយសំអាងលើលេខទូរស័ព្ទ ប្រមាណ​៥ម៉ឺនលេខ ដែលរងគ្រោះដោយ​កម្មវិធី Pegasus គឺជាការស៊ើបអង្កេត ដែលគ្មានអង្គហេតុ ដោយ​លំអៀង និង​​ប្រាសចាកពី​ការពិត។

NSO Group អះអាងហើយ អះអាងទៀត ថាបច្ចេកវិទ្យា​គេ គឺប្រើដើម្បីប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្ម ឬបណ្តាញ​ភេរវកម្មតែប៉ុណ្ណោះ។ ហើយ​កាលពីថ្ងៃទី​២១កក្កដា NSO Group បានចេញ​លិខិតប្រកាសថ្មីមួយទៀត ដោយ​ប្រើពាក្យថា “បានហើយ” ។ គេនឹងឈប់ឆ្លើយ​បកស្រាយអ្វីទាំងអស់ ចាប់ពីពេលនេះទៅ ព្រោះថាអ្វីដែល​បណ្តាញសារព័ត៌មានកំពុងធ្វើ គឺគ្មានអ្វីក្រៅពី​យុទ្ធនាការ រំខានរ៉ៅឆាន សំអុតកេរ្តិ៍ឈ្មោះរបស់​ក្រុមហ៊ុនគេតែប៉ុណ្ណោះ។

អ៊ីស្រាអែល បង្កើតគណកម្មការពិសេស ដើម្បីពិនិត្យស្រាវជ្រាវ

ចង់មិនចង់ រឿងរ៉ាង Pegasus វាកំពុងតែធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសមុខមាត់ របស់​ប្រទេសអ៊ីស្រាអែល។ ជាងនេះទៀត បណ្តាញសារព័ត៌មាន ទាំងក្រុងនិងក្រៅស្រុកអ៊ីស្រាអែល បានលើកឡើងថា ក្រុមហ៊ុន​បច្ចេកវិទ្យាអ៊ីស្រាអែល ធ្លាប់បានសហការយ៉ាងស្អិតរមួត ជាមួយ​ក្រសួងការពារជាតិអ៊ីស្រាអែល ថែមទៀតផង ​ក្នុងការផលិត​បច្ចេកវិទ្យា​​ទំនើប​ផ្សេងៗ។

ក្រោយ​បែកធ្លាយដំណឹងនេះ លោកប៊ែរនី ហ្កាន់ស៍ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាន​លើកឡើងថា ប្រទេសដែល​ទិញ​បច្ចេកវិទ្យា​អ៊ីស្រាអែល យកទៅប្រើ គឺត្រូវតែគោរពបទវិធានអាជ្ញាបណ្ណ មិនត្រូវយកទៅប្រើដោយ​ខុសកម្មវត្ថុ​នោះទេ។ អ៊ីស្រាអែល កំពុងតែពិនិត្យ​បញ្ហានេះ ដោយ​ប្រុងប្រយ័ត្នបំផុត។

យោងតាមការចុះផ្សាយ​របស់កាសែត ក្នុងស្រុកអ៊ីស្រាអែល គឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល បានចាត់តាំង បង្កើតអង្គភាព​អន្តរក្រសួងមួយ ដើម្បីតាមដានអង្កេតឲ្យ​បានស៊ីជម្រៅ ទាក់ទិននឹងផលវិបាក នៃការប្រើបច្ចេកវិទ្យា Pegasus ព្រមទាំងពិនិត្យ​មើលឡើងវិញ លើអាជ្ញាបណ្ណប្រតិបត្តិការ របស់ក្រុមហ៊ុន NSO Group។

ដោយឡែក នៅតាមវិទ្យុអ៊ីស្រាអែល លោក Shalev Hulio អគ្គនាយកក្រុមហ៊ុន NSO Group បានអះអាងថា ក្រុមហ៊ុនខ្លួន​ប្រយ័ត្នណាស់ មិនមែនចេះតែលក់បច្ចេកវិទ្យានេះឲ្យ​គេទេ។ បច្ចុប្បន្ននេះ NSO Group សហការតែជាមួយប្រទេស​៤៥ប្រទេសទេ ហើយក្នុង​រយៈពេល១១ឆ្នាំ ដែលក្រុមហ៊ុននេះរកស៊ី គឺគេធ្លាប់បាន​បដិសេធ មិនលក់បច្ចេកវិទ្យា ទៅឲ្យ​ប្រទេស​ចំនួន ៩០ប្រទេសឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI