ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តូក្យូ​២០២១ ៖ ការ​ប្រកួត​កីឡាអូឡាំពិក​ចាប់​បើក​​ជា​ផ្លូវការ ក្នុង​បរិបទ​កូវីដ

សំឡេង ០៨:០១
ពិធី​បើក​ការ​ប្រកួត​កីឡាអូឡាំពិក​តូក្យូ ថ្ងៃទី ២៣កក្កដា២០២១
ពិធី​បើក​ការ​ប្រកួត​កីឡាអូឡាំពិក​តូក្យូ ថ្ងៃទី ២៣កក្កដា២០២១ REUTERS - DYLAN MARTINEZ

បន្ទាប់​ពីលើក​ពេល​អស់​មួយ​ឆ្នាំ និង​រង់ចាំ​ទាំង​សង្ស័យ​មក ការ​ប្រកួត​កីឡាអូឡាំពិក​លើក​ទី ៣២ នៅទី​ក្រុង​តូក្យូ បាន​ចាប់​បើក​ជា​ផ្លូវ​ការ​​ នៅ​ថ្ងៃសុក្រ​ទី ២៣​កក្កដា​២០២១ វេលា​ម៉ោង​៨​យប់ ត្រូវ​ជា​​ម៉ោង៦ល្ងាច​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា ​ក្នុង​បរិបទ​ខុសប្លែក​​ប្រក្រតី។ ដោយហេតុវិបត្តិសុខភាព​បង្ក​ឡើង​​ជំងឺ​រាតត្បាត​កូវីដ​១៩ ជប៉ុន​ជា​ម្ចាស់​ផ្ទះ​ គ្មាន​អំណរ​និង​ភាព​រីករាយ​ពិត​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

កម្មវិធី​កីឡាអូឡាំពិកលើក​ទី ៣២ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៤​កក្កដាឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ  និង​ជា​ព្រឹត្តិការណ៍​កីឡា ដ៏​អំណរ​ណាស់។ ប៉ុន្តែ​ដោយ​ហេតុ​កូវីដ កីឡាអូឡាំពិក​ត្រូវ​លើក​ពេល​អស់​មួយឆ្នាំ រាល់​គ្រប់​កម្មវិធី​ប្រកួត​ត្រូវ​ប្រព្រឹត្ត​ទៅ​ស្ទើរ​ទាំ​ងស្រុង​ដោយ​គ្មាន​មនុស្ស​ចូល​ទស្សនា។ ចំណែក​​បើកកម្មវិធី​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ក៏​មាន​​ការ​រៀប​ចំ​​ខុស​ប្រក្រតី​ដែរ។

តាម​ទម្លាប់ ការ​បើក​កម្មវិធី​កីឡាអូឡាំពិក​ តែង​ត្រូវ​បាន​រៀប​ចំ​ដោយ​សម្ងាត់​ ដើម្បី​ផ្តល់ភាព​ភ្ញាក់ផ្អើល​រីក​ខ្លាំង​ដល់​ទស្សនិកជន។ នៅ​លើក​នេះ ក្នុង​បរិបទ​ដែល​ពិភពលោក​ស្ថិត​ក្រោម​ការ​គំរាមកំហែង​កូវីដ​១៩ គេ​បានដឹង​យ៉ាង​ច្បាស់​ថា ពិធីមាន​លក្ខណៈ​សាមញ្ញ​និង​មិន​អធិកអធមទេ។

តែ​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុមប្រតិភូ​កីឡាទាំង ២០៦​កង ត្រូវ​ដើរ​ដង្ហែក្បួន​​ ក្នុង​ស្តាត នាំ​មុខ​ដោយ​តំណាង​ពីរ​រូប​ ស្រី​ម្នាក់​ប្រុស​ម្នាក់​ កាន់​ទង់​ជាតិ​តំណាង​ប្រទេស មិនមែន​មាន​អ្នក​កាន់​ទង់ជាតិ​តែ​ម្នាក់​ដូច​លើក​មុនៗ​ទេ។ ប៉ុន្តែ​គ្មាន​ទេ វត្តមាន​ទស្សនិកជន​ចាំ​ទះ​ដៃ​អបអរ ស្រែក​កង​រំពង​ក្នុង​ស្តាត​អូឡាំពិក​តូក្យូ​នោះ។ ស្តាតតូក្យូ​​ទើប​សង់​ថ្មីរួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៩ តាម​ធម្មតា​ត្រូវ​ទទួល​ភ្ញៀវ​ចូល​អង្គុយ​ទស្សនា​បាន​ដល់​ទៅ ៦៨០០០នាក់ តែ​សម្រាប់កម្មវិធី​បើក​ប្រកួត​កីឡា​​ថ្ងៃ​នេះ គឺ​មានតែ​ប្រតិភូផ្លូវការ តំណាង​ប្រមុខ​ដឹកនាំ​អន្តរជាតិ និង​អ្នក​កាសែត ​សរុប​​មិន​ដល់​១ពាន់​នាក់​ផង។

នៅ​លើ​វេទិកា​កិត្តិយស មាន​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន ណារុហ៊ីតូ ប្រធានគណៈកម្មការ​អូឡាំពិក​អន្តរជាតិ លោក តូម៉ាស បាច់ ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង និង​ភរិយា​លោកប្រធានាធិបតី​អាមេរិក លោក​ជំទាវ​ ជីល បៃដិន។

 

អូឡាំពិក​និ​ងកូវីដ

ថ្វីបើ​​ប្រជាពលរដ្ឋ​ជប៉ុន​ភាគ​ច្រើន​ ប្រឆាំង​និងទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​លុប​ចោល​​ការ​ប្រកួត​កីឡាអូឡាំពិកទាំង​ស្រុង ព្រោះ​ខ្លាច​មាន​ការ​ររាតត្បាត​កូវីដ​ ហើយ​មិន​អាច​សម្តែង​ការ​រីករាយ​នឹង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិនេះ​ដោយ​ពេញលេញ​​ក៏ដោយ ក៏ជា​ការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មាន​ពលរដ្ឋ​ជប៉ុន​មួយ​ចំនួនជា​ច្រើន​រយ​នាក់​ដែរ បាន​នាំ​គ្នា​​ទៅ​ប្រមូល​ផ្តុំ​នៅ​ជុំ​វិញ​ស្តាត​ ដើម្បី​មើល​ការ​បង្ហោះ​ក្បួន​ល្បាត​លើ​អាកាសបាញ់​ផ្សែង​ពណ៌​ខៀវ​ មាន​កង​ពណ៌​តំណាង​កីឡាអូឡាំពិក​។

កាលពី​ឆ្នាំ​១៩៦៤ ជប៉ុនធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡាអូឡាំពិក​ម្តង។ កាលណោះ បរិយាកាសខុស​ពី​ពេល​នេះស្រលះ។ ជប៉ុន​ទើប​ងើប​ចេញ​ពី​សង្គ្រាម​លោក ការ​ប្រកួត​កីឡាអូឡាំពិក ជា​និម្មិតរូប​នៃ​ការ​ធ្វើ​ទំនើបកម្ម​ប្រទេស​ឡើង​វិញ។ តែ​៥៧​ឆ្នាំ​ កីឡាអូឡាំពិក​បានមក​ពុំ​ចែក​ប្រទេស​ក្នុង​ផ្ទៃ​នៃ​វិបត្តិ​នយោបាយ។

កម្មវិធី​កីឡា​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ ពិត​ជា​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក។ ដោយ​ហេតុ​កូវីដ​ និង​ការ​លើក​ពេល​ប្រកួត ជប៉ុន​ត្រូវ​បន្ថែម​ចំណាយ​​២៣០០​លានអឺរ៉ូ ពី​លើចំណាយ​ថវិកា​សម្រាប់​រៀប​ចំ​កម្មវិធី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ចំនួន​១៣​ពាន់​លាន​អឺរ៉ូ។ ដល់​ត្រៀម​រួច​រាល់ តូក្យូ​ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​១៤​លាន​នាក់​ ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ភាព​អាសន្នសុខាភិបាល​ ដោយ​ក្នុង​ពេញ​មួយ​អំឡុងពេល​ប្រកួត​កីឡាអូឡាំពិក​ពីរ​សប្តាហ៍ អាហារដ្ឋាន បាររង្គសាល​ត្រូវ​បិទ​នៅ​ត្រឹម​វេលាម៉ោង​៨យប់។

​ នៅ​ពី​រ​ឆ្នាំ​ក្រោយ​គ្រោះ​មហន្តរាយនុយក្លេអ៊ែរ​ ១១​មីនា​២០១១ ដែល​បាន​សម្លាប់ជីវិត​មនុស្ស​អស់​ប្រមាណ​១៨៥០០​នាក់ ​នៅ​ពេល​គណៈកម្មការ​បាន​សម្រេចកាលពី​​ខែកញ្ញា​២០១៣ ប្រគល់​ភារកិច្ច​ឱ្យ​​ធ្វើ​ជា​អ្នក​រៀប​ចំអូឡាំពិក​ភ្លាម ជប៉ុន​មាន​ក្តី​សង្ឃឹម​ណាស់ថា​អូឡាំពិក​ជា​កីឡាស្ថាបនា​ប្រទេស​ឡើង​វិញ។ ប៉ុន្តែដល់​ថ្ងៃ​អូឡាំពិក​មែនទែន កូវីដ​១៩ ដែល​សម្លាប់​ពលរដ្ឋ​ជប៉ុន​អស់​ជាង​១៥០០០​នាក់ បាន​មក​ប្តូរ​ស្ថានការណ៍អស់។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ព្រះ​ចៅ​អធិរាជ​​ជប៉ុន ណារូហ៊ីតូ បាន​ថ្លែង​សារ​ ឧទ្ទិស​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការងារ​របស់​ក្រុម​អ្នក​រៀប​ចំ​កីឡាអូឡាំពិក​ទាំង​អស់។

តែ​ជប៉ុន​បាន​ការ​គាំទ្រ​ពី​ប្រធានាធិបតី​បារាំង។ ​​ លោក​ អេម៉ាណុយអែល​ ម៉ាក្រុង​ ថា​ជប៉ុន​គិត​ត្រូវ​ដែល​រក្សា​កម្មវិធី​អូឡាំពិក​នេះ។ ស្មារតី​អូឡាំពិក​ត្រូវ​តែ​ខ្លាំង ពិភពលោក​ត្រូវធន់​នឹង​កូវីដ​១៩ និង​ដើរ​ចេញ​ពី​វិបត្តិ​ឆាប់ៗ។​​ បារាំង​ ​ដែល​ត្រូវ​ជា​អ្នក​រៀប​ចំ​អូឡាំពិក​ឆ្នាំ​ ២០២៤បាន​ផ្តើម​ត្រៀម​លក្ខណៈដែរហើយ។

​​បើ​និយាយ​អំពី​កីឡា​វិញ អូឡាំពិក​លើក​ទី​៣២​នេះ មានបង្កប់​អត្ថន័យ​ប្រវត្តិសាស្ត្រកីឡា​​មួយ គឺសមភាព​រវាង​ស្ត្រី និ​ងបុរស។ ជា​លើក​ទីមួយ នៃ​ប្រវត្តិកីឡាអូឡាំពិក ដែល​មាន​​​កីឡាករ និង​កីឡាការិនី ក្នុង​ចំនួន​ស្មើ​គ្នា​ ចូល​រួម​ប្រកួត​ក្នុង៣៣៩​​វិញ្ញាសាកីឡា។ សមភាព​ស្ត្រីនិង​បុរស​ជា​ជំហរ​ដែល​ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ តូម៉ាស បាច់ ការពារ​ចង់​បាន​បំផុត។ វិញ្ញាសាកីឡា​ថ្មី​ត្រូវ​បាន​បញ្ចូល​ក្នុងកម្មវិធី​អូឡាំពិក​ នោះគឺ​ប្រភេទ​​កីឡា​ក្មេង​ក្នុង​ក្រុង ស្កេតប៊ត បាល់បោះបី​xបី​នាក់ ឬ​កីឡាឡើង​តោង​ជញ្ជាំង/ឡើង​ភ្នំ។

ជា​សរុប​មាន​កីឡាករ កីឡាការិនី ចំនួន ១១០៩០​នាក់ បាន​ចុះ​មក​ចូល​ប្រកួត​​​នៅ​តូក្យូ​នេះ​ តែ​គ្មាន​រូប​កីឡាករ​ល្បី​ៗ​កំរិត​ពិភពលោក​ទេ។ ហើយក៏​មាន​​កីឡាករ​ កីឡាការិនី ច្រើន​នាក់​ដែរ ដែលមិន​អាច​ចូល​រួម​ប្រកួត​ ដណ្តើម​មេដាយ​នឹង​គេ​ ដោ​យហេតុ​វិជ្ជមាន​កូវីដ​១៩។ ក្រុមកីឡាករ​ប្រទេស​ខ្លះ​មិន​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ផង

តែ​ស្មារតី​កីឡា មិន​បាត់​បង់​ទេ ! ការ​ប្រកួត​ដើម្បី​មេដាយទើប​តែ​​ចាប់​ផ្តើមទេ !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI