ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ គ្រោងទៅ​ជួប​​លោក​ចូ បៃដិន ដើម្បី​​និយាយគ្នា​អំពី​​ការដកទ័ព​​ចេញពី​អ៊ីរ៉ាក់

រូបភាពឯកសារ ថ្ងៃទី ២៥ មករា ២០១៨ ទាហានអាមេរិក នៅក្នុង​ប្រតិបត្តិការ​បោស​សំអាតក្រុម​ជីហាតអង្គការរដ្ឋ​អ៊ីស្លាម នៅក្បែរព្រំដែនអ៊ីរ៉ាក់ និង ស៊ីរី។
រូបភាពឯកសារ ថ្ងៃទី ២៥ មករា ២០១៨ ទាហានអាមេរិក នៅក្នុង​ប្រតិបត្តិការ​បោស​សំអាតក្រុម​ជីហាតអង្គការរដ្ឋ​អ៊ីស្លាម នៅក្បែរព្រំដែនអ៊ីរ៉ាក់ និង ស៊ីរី។ AP - Susannah George

មិនខុសពីអាហ្វហ្កានីស្ថាន ចរន្តនយោបាយ​មួយចំនួន​នៅអ៊ីរ៉ាក់​ កំពុងតែព្យាយាមជំរុញ ឲ្យ​អាមេរិក ត្រូវដកទ័ព​ឲ្យ​អស់ ចេញពីទឹកដីខ្លួន។ កងទ័ពអ៊ីរ៉ាក់ ធ្លាប់បានអះអាងកាលពីខែមេសាកន្លងទៅថា សហរដ្ឋអាមេរិក លែងមានហេតុផលអ្វី ក្នុងការបន្ត ទុកកងទ័ពឲ្យ​ឈរជើងនៅអ៊ីរ៉ាក់ទៀតហើយ ព្រោះ​ក្រុម​ភេរវកម្ម​ជីហាត អង្គការរដ្ឋអ៊ីស្លាម ត្រូវបាន​វាយ​កំទេចអស់ហើយ។ តែយ៉ាងណា កាលពី​ថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីរ៉ាក់ទើបតែបាន​រងនូវ​ការ​វាយ​ប្រហារភេរវកម្ម បង្កឡើងដោយក្រុម​ជីហាតអង្គការ​រដ្ឋអ៊ីស្លាម បណ្តាលឲ្យ​ស្លាប់​មនុស្ស​ ប្រមាណ​២៨នាក់ នៅទីក្រុងបាកដាត​។ ទោះជាយ៉ាងនេះក្តី លោក​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសថា លោក​នឹងទៅជួប​លោកប្រធានាធិបតី ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ដើម្បី​និយាយ​គ្នាអំពីការដកទ័ពអាមេរិក ពីអ៊ីរ៉ាក់។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សន្តិសុខនៅអ៊ីរ៉ាក់ មិនទាន់ល្អប្រសើរទាំងស្រុងទេ។ ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម បាត់បង់​ទឹកដី​គ្រប់គ្រងមែន តែក្រុមនេះ​នៅតែមាន​កម្លាំងប្រយុទ្ធរាយប៉ាយ និងធ្វើភេរវកម្ម​ដដែល​។ ជាក់ស្តែងភេរវកម្ម​ កាលពីថ្ងៃចន្ទទី​១៩កក្កដា នៅក្រុងបាកដាដ បណ្តាលឲ្យ​ស្លាប់មនុស្ស​ប្រមាណ​២៨នាក់។

តែយ៉ាងណា ស្ថានភាពនៅអ៊ីរ៉ាក់​មាន​លក្ខណៈ​មិនដូចគ្នាទេ បើប្រៀបធៀបទៅ​អាហ្វហ្កានីស្ថាន។ កងទ័ព​អាមេរិក នៅអាហ្វហ្កានីស្ថាន មាន​ប្រតិបត្តិការ​ជួយ​ផ្នែកផ្លូវ​អាកាស​បានច្រើនណាស់។ ដែល​ប្រការនេះ គឺធ្វើ​ឲ្យ​កងទ័ព​ជាតិ​អាហ្វហ្កានីស្ថាន បាត់បង់​បង្អែកមួយ​ដ៏សំខាន់ នៅពេល​ដែល​អស់​វត្តមាន​​ របស់​កងទ័ពអាមេរិក។

ដោយឡែក នៅអ៊ីរ៉ាក់វិញ កងទ័ព​អាមេរិក​ដែលត្រូវ​បាន​​បញ្ជូនទៅ​​ធ្វើ​​ប្រតិបត្តិការ​បោសសំអាត​ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម កាលពី​ឆ្នាំ​២០១៤នោះ ត្រូវ​បាន​​ដកចេញ​វិញ​សឹងទាំងអស់ហើយ ក្នុងអាណត្តិ​​លោក​ដូណាល់ ត្រាំ។ បច្ចុប្បន្ន វត្តមានកងទ័ពអាមេរិក ឈរជើងនៅ​អ៊ីរ៉ាក់ នៅសល់តែចំនួន​​២៥០០នាក់​ទេ តែមិនមែន​ជាក្រុម​​បេសកកម្ម​ប្រយុទ្ធទេ។ ទាហាន​អាមេរិក​២៥០០នាក់​នេះ គឺជាក្រុម​​ជំនួយ​​ផ្នែក​ប្រឹក្សា​យោបល់ និង​​ហ្វឹកហាត់​តែប៉ុណ្ណោះ។ ដូច្នេះ កម្លាំង​ការពារ​សន្តិសុខ ប្រយុទ្ធ​នឹង​ក្រុមភេរវកម្ម នៅ​អ៊ីរ៉ាក់ គឺពឹងផ្អែក​ខ្លាំង​ទៅលើ​​សមត្ថភាព​​កងទ័ព​អ៊ីរ៉ាក់ខ្លួនឯង ហើយ​ដែល​ក្នុង​នោះ មាន​​មានក្រុម​ Hachd al-Chaabi ដែលជាក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់។

ឃោសនានយោបាយ​

លោក​ មូស្តាហ្វា អាល់កាហ្ស៊ីមី នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ កំពុងតែរកវិធី ពង្រឹងនយោបាយខ្លួនឯង ខណៈដែលការបោះឆ្នោតសភានៅខែតុលា កាន់តែខិតជិតមកដល់។ ទោះចង់មិនចង់ វត្តមាន​របស់កងទ័ពអាមេរិក នៅអ៊ីរ៉ាក់ គឺជា​និម្មិតរូប នៃការឈរជើង ព្រមទាំងឥទ្ធិពល​របស់អាមេរិក ទៅលើកម្លាំងកងទ័ពអ៊ីរ៉ាក់។ ជានិម្មិតរូប ដែល​ក្រុមចរន្តនយោបាយ គាំទ្រដោយអ៊ីរ៉ង់ ជាក់ស្តែង គឺក្រុមប្រដាប់អាវុធ Hachd al-Chaabi នេះ មិនគាំទ្រទេ។ ក្រុមទាំងនេះ បានអះអាងថា អាមេរិក លែងមានហេតុផលអ្វី ទុកកងទ័ពនៅអ៊ីរ៉ាក់ទៀតហើយ។

ដូចយើង​ដឹងហើយ ថាអ៊ីរ៉ាក់ ជាប្រទេសដែលត្រូវប្រទាញប្រទង់គ្នាខ្លាំងណាស់ រវាងចរន្ត​នយោបាយ​​នៅខាង​អ៊ីរ៉ង់ និង នៅខាងអាមេរិក។ បញ្ហានេះ វាជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើ​មតិសាធារណៈប្រជាជនអ៊ីរ៉ាក់ នៅក្នុងពេលបោះឆ្នោតម្តងៗ។ លោក Ramzy Mardini អ្នកជំនាញ​នៅវិទ្យាស្ថាន Pearson Institute សកលវិទ្យាល័យ​ឈីកាហ្គោ បាន​លើកឡើងថា ដំណើររបស់​លោក មូស្តាហ្វា អាល់កាហ្ស៊ីមី នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ទៅជួប​លោក​ចូ បៃដិន នៅ​ថ្ងៃចន្ទ​ក្រោយនេះ គឺវាជា​ផ្នែកមួយ នៃ​ការឃោសន​ា​​នយោបាយ​ របស់​លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដើម្បី​យក​ឈ្នះ​​ការ​បោះឆ្នោត​​នៅ​ខែ​តុលា ហើយ​បន្ត​ដឹកនាំរដ្ឋាភិបាល​តទៅទៀត។

លោក​មូស្តាហ្វា អាល់កាហ្ស៊ីមី ត្រូវការបង្ហាញប្រាប់ទៅ​ប្រជាជនអ៊ីរ៉ាក់ ក៏ដូចជាចរន្តនយោបាយ​ដែល​ស្អប់អាមេរិក​នៅអ៊ីរ៉ាក់ ថាលោក​មិនព្រងើយ​កន្តើយទេ លោក​​ក៏ចង់ជំរុញ ឲ្យ​អាមេរិក ដកទ័ពឲ្យ​អស់ ចេញពីអ៊ីរ៉ាក់​ដែរ។ ធាតុពិតជាក់ស្តែង នៅក្រោយ​ការទៅ​និយាយជា​មួយ​លោក ចូ បៃដិន អំពីបញ្ហាការដកទ័ពអាមេរិកនេះ គឺ​លោក​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ចង់កេងចំណេញនយោបាយ ទាំងដែល​​ដឹងច្បាស់​ក្នុងចិត្តថា រដ្ឋាភិបាល​លោក​ចូ បៃដិន ប្រាដក​ជា​មិនដកទ័ព២៥០០ដែលនៅសេស​សល់​នោះ ចេញ​ពី​អ៊ីរ៉ាក់ទេ​។ នេះ បើ​ផ្អែកតាមការវិភាគ របស់​លោក Ramzy Mardini។

​រដ្ឋាភិបាល​លោក ចូ បៃដិន នឹងមិនដកទ័ពចេញពីអ៊ីរ៉ាក់ទេ

បើផ្អែកតាមការវិភាគ របស់អ្នកជំនាញ គឺ​គេមិន​រំពឹង​ថាលោកចូ បៃដិន នឹងសម្រេចដកទ័ពអាមេរិក ចេញពីអ៊ីរ៉ាក់ទេ។ គេអាចនឹងនិយាយគ្នា អំពីផែនការ កាលវិភាគ នៃការដកកម្លាំង ឬក៏អាចជាការកំណត់​កម្មវត្ថុឡើងវិញ របស់វត្តមានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់។ ប្រភពពីមន្ត្រីការទូត​បញ្ចឹមប្រទេសម្នាក់ ប្រចាំនៅ​អ៊ីរ៉ាក់ បានលើកឡើងថា អាមេរិកមិន​​ចង់ស្តាយ​ក្រោយ នៅពេល​ដែលដកទ័ពអស់ ស្រាប់តែ​ថ្ងៃមុខ ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម កើន​កម្លាំង​ឡើងវិញ​នៅអ៊ីរ៉ាក់។ សម្រាប់​ពេលនេះ គេមាន​ហេតុផលច្រើនណាស់ ដែល​​ត្រូវ​ព្រួយបារម្ភ អំពី​ការស្ទុះងើប​ឡើងវិញ នៃ​ក្រុម​ភេរវកម្មជីហាត​អង្គការរដ្ឋអ៊ីស្លាមនេះ។

តែយ៉ាងណា លោក​ Sajad Jiyad អ្នកវិភាគម្នាក់នៅអ៊ីរ៉ាក់ បាន​ប្រាប់​អ្នក​យកព័ត៌មាន​បារាំងថា លោក​បារម្ភ ក្រែង​​បញ្ហា​​ចលាចល អស្ថិរភាព​នយោបាយ និង​សន្តិសុខ នឹងកើន​មានកាន់តែខ្លាំង ប្រសិន​​បើគ្មាន​​ការ​ប្រកាស​ជាក់ច្បាស់ណាមួយ ថាអាមេរិក​​នឹង​ដកទ័ព​ចេញទេនោះ។ ជាការព្រួយ​បារម្ភ ដែលត្រូវបានមេក្រុម​ប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់ម្នាក់ ឈ្មោះ Assaïb Ahl al-Haq បានទទួល​ស្គាល់ដែរថា ក្រុម​គេនឹង​បើក​ការវាយ​ប្រហារ​ ប្រឆាំង​នឹង​វត្តមាន​​របស់កងទ័ពអាមេរិក រហូត​ទាល់តែអាមេរិក​សម្រេចដកទ័ពចេញ ឲ្យ​អស់ពីអ៊ីរ៉ាក់។

នៅក្នុងបរិបទ អស្ថិរភាពខ្លាំងនេះហើយ បើតាមការរបស់​លោក Sajad Jiyad  គឺ​លោក​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹង​ទៅ​និយាយ​ជាមួយ​លោក​ចូ បៃដិន ដើម្បី​​សុំ​ជំនួយគាំទ្រ​ខ្លះៗ ដើម្បីបញ្ចៀស​កុំឲ្យ​ស្ថានភាព​​កាន់តែ​ដុនដាប​វឹកវរ។ ជំនួយគាំទ្រ ដែលអាេមរិក អាចនឹងធ្វើ តាមរយៈ​ការ​បន្ធូរបន្ថយ​ខ្លះ ឲ្យ​អ៊ីរ៉ាក់ អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់។ អ៊ីរ៉ាក់​កំពុងជួប​វិបត្តិ​សេដ្ឋកិច្ច និង​សុខាភិបាល ដោយសារ​កូវីដ​​១៩ ហើយ​ជាងនេះទៀត អ៊ីរ៉ង់​បានកាត់​ផ្តាច់​​ការផ្គត់ផ្គង់​ថាមពល​ហ្កាស កាលពីខែ​​មិថុនាទៀត ដោយសារតែ​អ៊ីរ៉ាក់ ជំពាក់ប្រាក់​ចំនួន​៦ពាន់លានដុល្លារ។ ដូច្នេះ បើអាមេរិក ព្រមបើក​ច្រក ដង្ហើមសេដ្ឋកិច្ចខ្លះ រវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់ គឺវាអាច​ជួ​យ​សម្រាលស្ថានការណ៍​បានទាំងសងខាង ហើយ​លោក​​នាយករដ្ឋមន្ត្រី មូស្តាហ្វា អាល់កាហ្ស៊ីមី ក៏ចំណេញ​នយោបាយ អាចឈ្នះឆ្នោតដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI