ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩​៖ក្រុម​អ្នក​ប្រឆាំង​នឹង​វិធានការ​រឹត​ត្បិត​ចេញ​តវ៉ា​កាន់​តែ​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​នានា

សំឡេង ០៨:២១
នៅបារាំងកាលពីថ្ងៃសៅរ៍ ទី២៤ កក្កដាមានមនុស្សប្រមាណ១៦ម៉ឺននាក់បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនានាដើម្បីប្រឆាំងនឹងគ្រោងការប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩។
នៅបារាំងកាលពីថ្ងៃសៅរ៍ ទី២៤ កក្កដាមានមនុស្សប្រមាណ១៦ម៉ឺននាក់បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនានាដើម្បីប្រឆាំងនឹងគ្រោងការប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩។ REUTERS - BENOIT TESSIER

មនុស្ស​ជាង​ ១០ ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ជាច្រើន​រួមមាន​អូស្ត្រាលី​ បារាំង​ អ៊ីតាលី​ និងក្រិក​បាន​នាំគ្នា​ចេញធ្វើបាតុកម្ម​ប្រឆាំងនឹង​វិធានការ​គ្រប់គ្រងកូវីដ​របស់​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សៅរ៍ ២៤ កក្កដា​ម្សិលមិញ​។ ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​ ក្រុមអ្នកតវ៉ា​ខ្លះ​បាន​ប៉ះទង្គិចគ្នា​ជាមួយ​រី​ប៉ូលិស​ផង​។ នៅទីក្រុងប៉ារីស​ ប៉ូលិស​បារាំង​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និងកាណុង​បាញ់​ទឹក​ដើម្បី​បំបែកក្រុមអ្នកតវ៉ា​ ចំណែក​នៅទីក្រុងស៊ីដនី​របស់​អូស្ត្រាលីវិញ​ ប៉ូលិស​បាន​ចាប់​ខ្លួន​និង​ផាកពិន័យមនុស្សជាច្រើននាក់​។

ផ្សាយពាណិជ្ជកម្ម

ផ្ទុះ​បាតុកម្ម​នៅ​បារាំង​ប្រឆាំង​នឹង​ការ​ទាមទារ​លិខិត​ចាក់​វ៉ាក់សាំង​កូវីដ១៩

ដើម្បី​ទប់ស្កាត់​រលកឆ្លងកូវីដ​ រដ្ឋអំណាច​នៃ​បណ្តាប្រទេសជាច្រើន​ បាន​ដាក់ចេញ​នូវវិធានការរឹតត្បឹត​ដូចជា​ ការបិទខ្ទប់ក្រុង​ ហាមប្រាម​ការជួបជុំ​ជា​សារធារណៈ​ ការ​អនុញាត​ឲ្យ​អាចធ្វើដំណើរបាន​តែក្នុង​ករណីចាំ​បាច់​ និងការ​ជំរុញ​ប្រជាជន​ឲ្យ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជាដើម​។ល។

ក៏ប៉ុន្តែ​រស់នៅក្រោមវិធានការរឹតបន្តឹង​កាន់តែយូរ​ ប្រជាជន​ក្នុង​ប្រទេស​មួយចំនួន​មិន​សប្បាយ​ចិត្ត​នោះទេ​និង​ទប់កំហឹង​លែង​ជាប់​ រហូត​នាំ​គ្នីគ្នា​ចេញផ្លូវ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ានឹង​វិធានការ​កូវីដ​របស់​រដ្ឋាភិបាល​តែម្តង។

នៅបារាំង​ កាលពីថ្ងៃសៅរ៍ ទី ២៤ កក្កដា​ម្សិលមិញ​ មាន​មនុស្ស​ចំនួន​ប្រមាណ​ ១៦ ម៉ឺន​នាក់​ បាន​ចេញធ្វើបាតុកម្ម​នៅតាម​ដងផ្លូវនានា​ដើម្បី​ប្រឆាំង​ជាពិសេស​ចំពោះ​វិធានការ​ថ្មី​ដែល​ទើប​ចេញ​ដោយ​រដ្ឋាភិបាលរបស់​លោក​ប្រធានាធិបតី​ម៉ាក្រុង​។ វិធានការថ្មីនោះ​ គឺ​ការ​ទាមទារ​លិខិត​បញ្ជាក់​ថាបានចាក់វ៉ាក់សាំងរួចហើយ​ ឬ​លទ្ធផល​តេស្តកូវីដ​អវិជ្ជមាន​ ដើម្បី​អាច​ចូល​ភោជនីយដ្ឋាន​និង​ទីកន្លែង​សាធារណៈផ្សេងៗបាន​។

នៅត្រង់ចំណុចនេះ​ គួរ​បញ្ជាក់​ជូនថានៅ​ក្នុង​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ពុធ ទី២១ កក្កដា ឆ្នាំ ២០២១នេះ​ទៅ ប្រជាពលរដ្ឋបារាំង​ត្រូវ​មាន​លិខិត​ចាក់វ៉ាក់សាំងកូវីដ១៩​ ឬ​លទ្ធផល​តេស្ត​កូវីដ​អវិជ្ជមាន​ដើម្បី​អាច​ចូល​ទីកន្លែង​វប្បធម៌​ និង​ទីកន្លែងកម្សាន្ត​មួយចំនួន​ដូច​ជា​រោងកុន រោង​ល្ខោន ​សារៈមន្ទីរ​ ឬ​មួយ​ក៏​ទីកន្លែង​ជួប​ជុំ​ណា​ដែល​មានមនុស្ស​ចូល​រួម​លើស​ពី ៥០នាក់​។ នេះ​គ្រាន់​ជា​ជំហាន​ទី១ ហើយចាប់​ពី​ថ្ងៃ​ទី១ សីហា​ខាង​មុខ​ទៅ វិធានការដូច​គ្នា​នេះ​នឹង​ត្រូវ​អនុវត្ត​បន្ថែម​សម្រាប់ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ធំៗ​។

ខណៈ​ដែល​នាំគ្នា​ស្រែក​ថា​ សេរីភាព! សេរីភាព! នៅ​ក្នុង​ដៃ​របស់​ក្រុម​អ្នកតវ៉ា​បារាំង មាន​កាន់​បដា​បរិហារ​លោក​ប្រធានាធិបតី​ម៉ាក្រុង​ ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ បិទខ្ទប់សិទ្ធិ​សេរីភាព​ ហើយ​ថា​ពួកគេមិនគាំទ្រឡើយ​ចំពោះ​ការចាត់តម្រូវឲ្យមាន​លិខិត​ឬប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​នេះ​។

ក្រៅពី​បារាំង​ ការ​តវ៉ា​ធំៗ​ក៏បានផ្ទុះ​ឡើងដែរ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងទៀត​នៅអឺរ៉ុប

បាតុកម្ម​តវ៉ាធំៗ​បាន​ចាប់​រីករាលដាល​កាន់ច្រើន​នៅតាម​បណ្តាប្រទេស​នានា​ ជាពិសេស​នៅអឺរ៉ុប​។ វិធានការ​រឹតត្បិត​បន្ថែម​ដើម្បី​គ្រប់គ្រង​កូវីដ​ ដោយ​ចាត់​តម្រូវ​ឲ្យ​មាន​លិខិត​ចាក់​វ៉ាក់សាំង​ ឬ​លទ្ធផល​តេស្ត​កូវីដ​អវិជ្ជមាន​ សម្រាប់​ចូល​ទីកន្លែង​វប្បធម៌​ឬ​កន្លែង​សារធារណៈ​ផ្សេងៗ​បានបង្កឲ្យផ្ទុះ​ការ​តវ៉ា​នៅអឺរ៉ុប​រីករាលដាលតាំពីបារាំង​ដល់​ អ៊ីតាលី​ និង​ក្រិកផងដែរ​។

ករណី​ដែល​កើតឡើងនៅអ៊ីតាលី​ គឺ​មិនខុសគ្នា​ប៉ុន្មាន​ពីនៅបារាំងឡើយ​។ គ្រោងការស្រដៀងគ្នា​មួយ​ហៅថា​ប័ណ្ឌឬច្រកបៃតង​ “green pass” បាន​ធ្វើឲ្យ​ប្រជាជន​អ៊ីតាលីមួយ​ចំនួន​ខឹងសម្បា​ជាខ្លាំង​។ ពីទី​ក្រុង​រ៉ូម​ឆ្លង​ឆ្លងទៅ​ដល់ក្រុងណាផ្ល (Naples) និងទូរីន (Turin) ប្រជាជន​បាន​ស្រែក​ហៅពាក្យថា​សេរីភាព​និងប្រឆាំង​ជាខ្លាំង​ចំពោះ​ការ​ចាប់​បង្ខំរបស់​រដ្ឋាភិបាល​ឲ្យ​ពួកគេ​គោរពតាម​វិធានការ​ដែលតម្រូវឲ្យមាន​ប័ណ្ណបៃតងនេះ​ដើម្បី​ធ្វើ​អាចដើរលេង​ឬ​ចូលទី​កន្លែងសាធារណៈផ្សេងៗ​បាន​។

នៅក្នុងប្រទេសអ៊ីតាលី​ចាប់ពីដើមខែសីហាខាងមុខទៅ ​ការចូលទស្សនាកីឡដ្ឋាន​ សារមន្ទីរ​រោងកុន ​មជ្ឈមណ្ឌលតាំងពិព័រណ៍​ អាងហែលទឹក ​និងកន្លែងហាត់កីឡាជាដើម​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យចំពោះ​តែ​ប្រជាពលរដ្ឋណាដែលមាន​ប័ណ្ណបៃតងតែប៉ុណ្ណោះ​។

ស្របពេលជាមួយគ្នានេះ​ បាតុកម្មក៏បានផ្ទុះឡើងយ៉ាងសកម្មដែរនៅក្នុង​ប្រទេសក្រិក​។ មានមនុស្ស​ប្រមាណ ៥ ពាន់នាក់​បាន​ចេញតវ៉ា​នៅទីក្រុង​អាថែន​ដោយកាន់បដា​ក្នុងន័យ​ប្រឆាំងនឹង​វិធានការចាក់វ៉ាក់​សាំងចំពោះក្មេងៗ​។ ឪពុកម្តាយក្រិក​បានសរសេរពាក្យ​ស្លោក​ដូចជា​ហាមមិនឲ្យប៉ះពាល់កូនៗរបស់ពួកគេឡើយ​។ នេះបើយោងតាមអ្នកសារព័ត៌មាន AFP ដែលបានចុះ​ទៅយក​ព័ត៌មានដល់​កន្លែងកើតហេតុផ្ទាល់។

បាតុកម្ម​នៅ​ក្រុងស៊ីដនី​ប្រទេសអូស្ត្រាលី​ ឈានដល់​ការប៉ះទង្គិចគ្នាហិង្សា

ក្នុង​អំឡុង​ពេល​បាតុកម្ម​ជាច្រើនម៉ោង ក្រុម​បាតុករ​ដែល​ចេញ​តវ៉ា​ទាំង​ដែល​ភាគច្រើន​គ្មាន​ពាក់​ម៉ាស់ផងនោះ​ បាន​ជួប​ប្រឈម​មុខដាក់​គ្នា​ជាច្រើន​ដង​ជាមួយ​ប៉ូលិស​។ ក្រុមបាតុករ​នៅក្រុងស៊ីដនី​ដែលរស់នៅក្រោមវិធានការ​បិទខ្ទប់ក្រុង​ និង​ស្នាក់នៅ​ក្នុងផ្ទះ​រយៈពេល​ប្រមាណជា​មួយខែមកហើយនោះ​ បានផ្ទុះកំហឹងឡើង​នៅបន្ទាប់ពី​អាជ្ញាធរ​បានលើកឡើង​ថាការរឹត​បន្តឹងអាចនៅតែ​មាន​រហូតដល់ខែតុលា​ខាងមុខ​។ ក្នុងពេលប៉ះទង្គិចគ្នា​ បាតុករខ្លះ​បាន​យក​ថូ​រុក្ខជាតិ​និងដបទឹកគប់ទៅ​លើមន្ត្រី​ប៉ូលិស​ក្រុងស៊ីដនី​ទៀតផង​។

អភិបាលរដ្ឋ​ New South Wales លោកស្រី Gladys Berejiklian បាន​មាន​ប្រសាសន៍​ថា​លោក​ស្រី​មានការស្អប់ខ្ពើមខ្លាំងណាស់​ចំពោះក្រុមបាតុករខុសច្បាប់​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​អាត្មានិយម​ និងធ្វើឲ្យ​ប៉ះពាល់ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​អូស្ត្រាលីគ្រប់គ្នា​។

ទន្ទឹមគ្នានេះ​ មន្រ្តីប៉ូលិសរដ្ឋ New South Wales បានឲ្យដឹងដែរថា​ក្រុមអ្នកស៊ើបអង្កេត​នឹង​ពិនិត្យមើលរូបភាពវីដេអូ​ដើម្បីកំណត់អត្តសញ្ញាណ​និងធ្វើការ​ចោទប្រកាន់​លើអ្នក​ដែល​ប្រព្រឹត្តខុសច្បាប់​ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ។

គួរបញ្ជាក់ជូនថា​ កាលពីថ្ងៃសៅរ៍ម្សិលមិញប៉ូលិស​នៅទីក្រុងម៊ែលប៊ន​បានចាប់ខ្លួន​មនុស្ស​ ៦ នាក់​ហើយ​នៅទីក្រុងស៊ីដនីវិញ​ អាជ្ញាធរ​បានប្រាប់​ថា​មាន​មនុស្ស​ខ្ទង់ពី​ ៦ទៅ៧ នាក់​ត្រូវបាន​ចាប់​ដាក់ខ្នោះដៃ​ មនុស្សជិត​ ១០០ នាក់ត្រូវបាន​ផាក​ពិន័យ​ និង​មាន​ ៥៧ នាក់​ផ្សេងទៀតត្រូវបានចាប់ខ្លួន​។ រដ្ឋមន្រ្តីសន្តិសុខរដ្ឋ​ New South Wales លោក David Elliott បាន​មាន​ប្រសាសន៍​ថា​ទីក្រុង​ស៊ីដនី​គ្មាន​ភាពសាំរួមនោះទេ​ព្រោះតែ​អ្នកតវ៉ាល្ងីល្ងើ​មួយចំនួន​។

សរុបមក​ ស៊ីដនី​ដែលជាទីក្រុងប្រជុំដោយ​ប្រជាជនចំនួនជាង ៥ លាននាក់កំពុង​តែ​ខំ​ខ្នះខ្នែង​ខ្លាំង​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលកូវីដ​បង្កឡើង​ដោយមេរោគ​បំប្លែងខ្លួន​ដែលតា។ នៅទូទាំងប្រទេសអូស្ត្រាលីទាំងមូល​មាន​មនុស្ស​ពាក់កណ្តាល​នៃ​ប្រជាជនសរុប​ ពោល​គឺ​ស្មើ​ប្រមាណ​ ១២​ លាន ៥ សែន​ ស្នាក់​នៅតែក្នុងផ្ទះទៅតាមវិធានការ​រឹតត្បិតជាថ្មី​របស់​រដ្ឋាភិបាល​។

ប្រជាជនអូស្ត្រាលី​ដែល​រស់​នៅ​ក្រោម​វិធានការ​រឹតបន្តឹង​កាន់តែយូរ​ កាន់​តែ​មាន​កំហឹង​ខ្លាំងឡើង​ ចំពោះ​ការរឹតត្បិត​និង​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់។ ដូច្នោះហើយទើបពួកគេចេញធ្វើ​ការតវ៉ា​តែម្តង​។

ចំណែកនៅបារាំង​ ដូចជា​កន្លែងផ្សេងទៀត​នៅ​អឺរ៉ុប​ រដ្ឋាភិបាល​ កំពុង​រិះរក​វិធី​ជំរុញ​ប្រជាជន​ទៅ​ចាក់វ៉ាកសាំង​បង្ការកូវីដឲ្យបានច្រើន​ និង​បាន​ដាក់​ការ​ចាក់វ៉ាកសាំង​ជា​កាតព្វកិច្ច​សម្រាប់​អាជីពខ្លះ​។ នៅក្នុង​ប្រទេស​អ្នកមាន​ ប្រជាជន​មាន​សិទ្ធិសេរីភាព​ច្រើន​ មាន​វ៉ាក់សាំង​ហើយ​ តែ​បែរជា​តវ៉ាមិនចង់ចាក់​ ខណៈ​ដែល​ប្រទេសក្រីក្រ​ខ្លះ​ឯណោះវិញ​ ប្រជាជន​រក​វ៉ាក់សាំង​ចាក់គ្មាន​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI