ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​​នៅបារាំង៖ សភា​បារាំង​អនុម័ត​ច្បាប់ ដាក់​កំហិត​ឲ្យ​មាន​​ឯកសារ​បញ្ជាក់​សុខភាព និង​កាតព្វកិច្ច​​ចាក់​វ៉ាក់សាំង

សំឡេង ០៨:៤៣
សភាបារាំងប្រជុំអនុម័តច្បាប់ ពង្រីកវិសាលភាព នៃកាតព្វកិច្ច​​បង្ហាញឯកសារ​បញ្ជាក់​សុខភាព យប់ថ្ងៃទី២៥ កក្កដា ២០២១។
សភាបារាំងប្រជុំអនុម័តច្បាប់ ពង្រីកវិសាលភាព នៃកាតព្វកិច្ច​​បង្ហាញឯកសារ​បញ្ជាក់​សុខភាព យប់ថ្ងៃទី២៥ កក្កដា ២០២១។ AP - Michel Euler

នៅបារាំង រលកឆ្លងរាលដាលទី​៤ នៃជម្ងឺកូវីដ​១៩ កំពុងតែ​ចាប់ផ្តើមមកដល់ហើយ។ គ្រាន់តែក្នុង​មួយ​ថ្ងៃអាទិត្យទី​២៥កក្កដា​ យោងតាម​តួលេខ​របស់​អាជ្ញាធរសុខាភិបាលបារាំង គេបាន​រកឃើញករណីវិជ្ជមាន​ ចំនួន​​១៦១៦៧នាក់​។ ស្ថិតក្នុង​បរិបទនេះ រដ្ឋាភិបាល​បារាំង បានដាក់ស្នើច្បាប់មួយទៅកាន់សភា ដើម្បី​បោះឆ្នោតអនុម័ត ដែលច្បាប់នោះ គឺមានចែងអំពីកាតព្វកិច្ចចាក់វ៉ាក់សាំង ចំពោះ​​មនុស្ស​មួយចំនួន​ ហើយ​ជាពិសេសនោះ គឺ​កាតព្វកិច្ច​ ត្រូវបង្ហាញ​ឯកសារបញ្ជាក់សុខភាព ថាខ្លួនគ្មានកូវីដ ឬបានចាក់វ៉ាក់សាំងហើយរួចរាល់ មុននឹងអាចចូលទៅ​ក្នុងទីកន្លែង​មួយចំនួន​។ កាលពីយប់ថ្ងៃអាទិត្យទី​​ សភាទាំង២របស់បារាំង​ បាន​បោះឆ្នោត​​អនុម័ត​ច្បាប់នេះហើយ ដោយ​ឆ្លងកាត់​ការជជែក​ដេញដោល យ៉ាងប្រទាញប្រទង់បំផុត រយៈពេល​៤ថ្ងៃមក​នេះ។

ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការជជែកដេញដោលគ្នា ទាំងថ្ងៃទាំងយប់ រយៈពេល​៤ថ្ងៃ​ នៅសភាជាតិ បន្ទាប់មករុញទៅព្រឹទ្ធសភា ហើយ​ចុងបង្អស់គឺនៅក្នុង​គណកម្មការ​រួម​របស់សភាទាំង២អង្គ កាលពី​យប់ថ្ងៃអាទិត្យ​ ទី​២៥​កក្កដា ច្បាប់នេះ ត្រូវបាន​អនុម័ត​ដោយ​សម្លេង ១៥៦យល់ព្រម ទល់នឹង ៦០មិនយល់ព្រម និង​១៤អនុបវាទ។

ច្បាប់ដែលស្នើដោយ​រដ្ឋាភិបាលនេះ គឺឆ្លើយតបទៅនឹងការចង់បាន​ របស់​លោក​ម៉ាក្រុង ដែលលោក​បានប្រកាសកាលពី​ថ្ងៃទី​១២កក្កដាកន្លងទៅ ថាវាជារឿងចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកូវីដ១៩ ហើយ​ជាពិសេសនោះ គឺ​ដើម្បី​អាចបន្តបើកសកម្មភាព​សេដ្ឋកិច្ច និងការកម្សាន្តនានាបាន នៅទូទាំងប្រទេស។ ចាប់តាំងពីថ្ងៃទី ២១កក្កដាមក គេបានចាប់អនុវត្ត​កាតព្វកិច្ច បង្ហាញ​ឯកសារបញ្ជាក់សុខភាពនេះ នៅតាម​ទីតាំងមួយចំនួនរួចហើយ ដូចជា​រោងភាពយន្ត រោងល្ខោន ទីរមនីយដ្ឋានមួយចំនួន។ ចំណែកច្បាប់ថ្មីនេះ នឹងមកពង្រីកវិសាលភាពអនុវត្ត ទៅទីតាំងផ្សេងៗទៀត។

កាតព្វកិច្ចបង្ហាញ​ឯកសារបញ្ជាក់សុខភាព

ចំណុចសំខាន់បំផុត ដែលមានចែងក្នុងច្បាប់នេះ គឺ​កាតព្វកិច្ច​ត្រូវបង្ហាញឯកសារ ឬ លិខិតបញ្ជាក់សុខភាព មុននឹងអាចចូលទៅក្នុងទីតាំង ដែលទទួលមនុស្ស​ចាប់ពី​ ៥០នាក់ឡើងទៅ មិនថានៅខាងក្នុងបិទជិត ឬនៅទីហាលវាលទេ។ ឯកសារនោះ អាចជា​ QR Code ឬលិខិតបញ្ជាក់ថាយើង បានចាក់វ៉ាក់សាំងរួចរាល់ទាំង២ដូស ឬក៏​លទ្ធផលតេស្តPCR បញ្ជាក់ថាយើងអវិជ្ជមាន​កូវីដ​១៩។ ទីកន្លែង ដែលត្រូវ​អនុវត្តកាតព្វកិច្ចនេះ មានជាអាទិ៍ ហាងបារ កាហ្វេ ភោជនីយដ្ឋាន មន្ទីរពេទ្យ ព្រមទាំងក្នុង​មធ្យោបាយដឹកជញ្ជូនផ្លូវឆ្ងាយ ដូចជាយន្តហោះ រថភ្លើង និងរថយន្តអូតូកាជាដើម ។

ច្បាប់នេះនឹងចូលជាធរមាន ចាប់ពីដើមខែ​សីហាទៅ លើកលែងតែ អនីតិជន ក្មេងអាយុចាប់ពី​១២ឆ្នាំទៅ ដែលគេនឹងអនុវត្ត ចាប់ពី​ដំណាច់​ខែកញ្ញា។ ធ្វើបែបនេះ គឺដើម្បីទុកពេល​ឲ្យ​ក្មេងអនីតិជន​ មានពេលចាក់វ៉ាក់សាំង។ ទាក់ទិន​នឹងការចាក់វ៉ាក់សាំងនេះ អនីតិជន អាយុចន្លោះពី​១២ឆ្នាំ ដល់១៦ឆ្នាំ អាចចាក់វ៉ាក់សាំងបាន ដោយ​មានការយល់ព្រម ពីឪពុក ឬក៏ម្តាយតែម្នាក់ទេ ។ រីឯ​​អនីតិជនអាយុ ពី១៦ ដល់ ១៨ឆ្នាំ គឺវាការសម្រេចចិត្តផ្ទាល់ខ្លួនតែម្តង មិនត្រូវការការយល់ព្រម​ពីនរណាទាំងអស់​។

ចំណែកបុគ្គលិកពេទ្យ បុគ្គលិក​​សង្រ្គោះ​បន្ទាន់ ឡានទឹក ឬអ្នកដែល​ធ្វើការ​ជាប់ ជាមួយមនុស្ស​ចាស់ទាំងអស់ គឺត្រូវតែមាន​កាតព្វកិច្ច ចាក់វ៉ាក់សាំងបង្ការ​កូវីដ១៩។ អ្នកដែលចាក់ហើយ​មួយដូស ពីនេះដល់ថ្ងៃ១៥​កញ្ញា គឺច្បាប់ទុកពេល ឲ្យ​ចាក់លើកទី​២ រហូតដល់ថ្ងៃទី​១៥តុលា។ បន្ទាប់ពីនេះទៅ បើនៅតែមិនចាក់ទេ គឺនឹងរងការពិន័យ។

វិធានការពិន័យ បើ​មិនគោរព​

ទាក់ទិននឹងកាតព្វកិច្ចបង្ហាញឯកសារបញ្ជាក់សុខភាព គឺ​ម្ចាស់ទីតាំងអាជីវកម្ម​នីមួយៗ ជាអ្នកទទួលខុសត្រូវ លើការត្រួតពិនិត្យ ថាភ្ញៀវដែលចូល​មក​ មាន​លិខិត​បញ្ជាក់សុខភាព​ដែរឬទេ។ ក្នុង​ករណី​ដែល​​ ទីតាំងអាជីវកម្ម​​ណា​មួយ​មិនគោរព បណ្តោយ​ឲ្យ​មនុស្ស​ចូលដោយ​គ្មានការត្រួតពិនិត្យ ជាជំហានបឋម គឺអាជ្ញាធរមានសមត្ថកិច្ច នឹងចេញលិខិតគំរាម ប្រាប់ឲ្យ​កែតម្រូវ។​ ជំហានបន្ទាប់ទៀត គឺការសម្រេចបិទអាជីវកម្ម​ជាបណ្តោះអាសន្ន រយៈ​ពេល១៥ថ្ងៃ។​ ហើយចុងក្រោយ​បើនៅតែមិនគោរព គឺនឹងឈាន​ការចោទប្រកាន់ បទល្មើស​ព្រហ្មទណ្ឌ​។ សមាជិកសភាបារាំង បានសម្រេច​បោះបង់ចោល គំនិតដែលចង់ដាក់ពិន័យ ជាប្រាក់ ​។

ដោយឡែក ទាក់ទិននឹង​កាតព្វកិច្ច​ចាក់វ៉ាក់សាំងវិញ គឺមនុស្ស​ដែលពាក់ព័ន្ធទាំងអស់ អាចប្រឈមនឹងការពិន័យ ដោយ​​ការ​​ព្យួរប្រាក់ខែ ឬ ការបញ្ឈរជើង​មួយរយៈ រហូតទាល់តែបុគ្គលនោះ បានចាក់វ៉ាក់សាំង រួចរាល់។ សមាជិកសភាបារាំង បានប្រកែក មិនទទួល​សំណើរបស់រដ្ឋាភិបាល ដែលចង់​កំណត់ថា អ្នក​មិន​ចាក់វ៉ាក់សាំង អាចប្រឈម​នឹងការបណ្តេញចេញពីការងារ ជាស្វ័យ​ប្រវត្តិ។ សមាជិកព្រឹទ្ធសភាម្នាក់ ឈ្មោះ Philippe Bas បានលើកឡើងថា វិបត្តិ​កូវីដ​មិននៅរហូតទេ តែការបណ្តេញបុគ្គលិក​ម្នាក់ចេញពីការងារ គឺដេញជារៀងរហូត។ ដូច្នេះ ការពិន័យ​បែបនេះ គឺវាធ្ងន់ធ្ងរខ្លាំងជ្រុលពេកណាស់។

“ម៉ាក្រុង​ផ្តាច់ការ”​

​ចរន្ត​នយោបាយស្តាំនិយមជ្រុល និងឆ្វេង​និយមជ្រុល បាន​​​ចេញមុខរិះគន់ខ្លាំងណាស់ ចោទថារដ្ឋាភិបាល​លោកម៉ាក្រុង ជារដ្ឋាភិបាល​ផ្តាច់ការ។ គឺចរន្តនយោបាយ​ជ្រុលនិយមនេះហើយ ដែលជំរុញឲ្យ​មតិ​មហាជនមួយចំនួន ចេញមុខធ្វើ​បាតុកម្ម​ប្រឆាំងនិងច្បាប់នេះ​។ ពួកគេលើកឡើងថា ការកំណត់​កាតព្វកិច្ច​ឲ្យ​ប្រជាជនត្រូវប​ង្ហាញ​ ឯកសារបញ្ជាក់សុខភាព ធាតុពិតវាគឺជាការកំណត់កាតព្វកិច្ច ឲ្យ​ប្រជាជន​ទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ខានពុំបាន ដើម្បីអាចចូលទៅញ៉ាំអាហារ ទៅមើលមុន ឬធ្វើដំណើរទៅណាមកណា។ ដូច​យើងបានដឹងហើយ នៅបារាំង និងតាមប្រទេសអឺរ៉ុបខ្លះ មានមនុស្ស​មួយចំនួន ប្រឆាំងនឹងវ៉ាក់សាំងបង្ការកូវីដ​ ថាវ៉ាក់សាំងនោះមិនល្អ  ធ្វើដោយប្រញ៉ាប់ ចាក់ទៅអាចមាន​បញ្ហាទៅថ្ងៃក្រោយ ។ល។ ព័ត៌មានចចាមអារ៉ាម ទាំងអស់នេះ រីកសាយភាយច្រើន តាមបណ្តាញសង្គម ដែលមនុស្ស​មួយចំនួនជឿតាម។

តែយ៉ាងណា ការបោះឆ្នោតអនុម័តនៅសភាទាំង២អង្គ ពី​សំណាក់​សមាជិក​សភា មកពីបក្សនយោបាយ​ផ្សេងៗទៀត បាន​បង្ហាញ​អំពី​ ការរួមគ្នានៅពីក្រោយ​រដ្ឋាភិបាល​បារាំង ដែលព្យាយាម ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩។ រដ្ឋាភិបាលបារាំង បានអះអាងថា ច្បាប់នេះ វាគឺជា​មធ្យោបាយ ដើម្បី​បង្ការ ទប់ស្កាត់រលកឆ្លងរាលដាលទី៤ កុំឲ្យធ្ងន់ធ្ងរពេក។ ប្រសិនបើឆ្លងរាលដាលខ្លាំង នោះរដ្ឋាភិបាលប្រាកដជាត្រូវបង្ខំចិត្ត បិទខ្ទប់ប្រទេសម្តងទៀតហើយ ហើយ​ពេលនោះ គឺគ្រប់គ្នា​នឹងមិនអាចចេញទៅណាបានទេ ហាងទំនិញ ភោជនីយដ្ឋាន ទីតាំងទេសចរណ៍អីជាដើម ប្រាកដជាត្រូវបិទទ្វារ។ ដូច្នេះ ដោយសារតែអ្នកមិនចាក់វ៉ាក់សាំងមួយចំនួនតូច គឺវាធ្វើឲ្យ​ប៉ះពាល់ដល់មនុស្ស​មួយភាគធំ ដែលគេបានចាក់វ៉ាក់សាំងរួច​។ ស្មារតីនៃច្បាប់នេះ គឺថា អ្នកដែលមិនចាក់វ៉ាក់សាំង វាគឺជាជម្រើសរបស់អ្នកនោះ តែអ្នកនោះមិនអាចមករារាំង រំខានប្រជាជនមួយភាគធំផ្សេងទៀត ដែលគេបានចាក់វ៉ាក់សាំងរួចរាល់នោះទេ។

រដ្ឋាភិបាល ក៏ដូចជា​សមាជិកសភា ដែលបានរួមគ្នា​អនុម័តច្បាប់នេះ យល់ថា កាលៈទេសៈពេលនេះ ជាកាលៈទេសៈ​បន្ទាន់ និង​គ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់អាយុជីវិតប្រជាជនទូទាំងប្រទេស ដូច្នេះក្នុងនាមពលរដ្ឋម្នាក់ៗ ត្រូវតែ​បំពេញ​​ករណីយកិច្ច រួមគ្នាការពារសុខភាពទាំងអស់គ្នា ចេញពីវិបត្តិកូវីដនេះឲ្យ​បាន​។ មួយវិញទៀត លោករដ្ឋមន្ត្រីសុខាភិបាល​បារាំង បានថ្លែងថា រដ្ឋាភិបាលនឹងអនុវត្តច្បាប់នេះ ដោយ​ប្រុងប្រយ័ត្ន និងតម្លាភាពបំផុត។ ហើយ​នៅពេលណា ដែលមានពន្លឺថា ផុតពីវិបត្តិកូវីដហើយ នោះរដ្ឋាភិបាលនឹងធ្វើច្បាប់ថ្មីមួយទៀត ដើម្បីដាក់ជានិរាករណ៍ច្បាប់​នេះភ្លាម។

ចាក់វ៉ាក់សាំងឲ្យ​បាន​៥០លាននាក់ នៅដំណាច់ឆ្នាំ

យោងតាមតួលេខចុងក្រោយ ផ្សាយ​ដោយ​អាជ្ញាធរសុខាភិបាលបារាំង កាលពីថ្ងៃអាទិត្យ​ម្សិលមិញ គឺ​ក្នុងចំណោម​ប្រជាជន​បារាំង ប្រមាណ​​៦៧​លាននាក់ គឺមានជិត​ ៦០%ហើយ ដែលបានចាក់វ៉ាក់សាំង ចំនួន​យ៉ាងហោច​មួយដូស។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង អះអាងថា គេរំពឹងថា ចំនួន​អ្នកចាក់វ៉ាក់សាំងសរុប​ អាចនឹងឈានដល់៤០លាននាក់ នៅថ្ងៃចន្ទនេះ ពោលគឺលឿនជាងការគ្រោងទុក​ដល់ទៅមួយខែ។ លោក អូលីវីយេ វ៉េរ៉ង់ រដ្ឋ​មន្ត្រីសុខាភិបាលបារាំង បានបញ្ជាក់ថា លោកជឿ​ថា​​នៅ​ដំណាច់​ឆ្នាំ​២០២១​នេះ គេនឹងចាក់វ៉ាក់សាំងបង្ការកូវីដ​១៩ បានចំនួន​៥០លាននាក់៕

ជា​ការ​កត់សំគាល់ ប្រមាណ​​ជា២​សប្តាហ៍​ចុងក្រោយ​នេះ សន្ទុះនៃការចាក់វ៉ាក់សាំង បាន​ឡើងខ្លាំងណាស់ បន្ទាប់ពី​រដ្ឋាភិបាលបារាំង ​បានប្រកាស អំពីវិធានការដាក់កំហិត ឲ្យ​បង្ហាញ​ឯកសារ​បញ្ជាក់សុខភាព មុននឹង​អាចទៅណាមកណាបាននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI