ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា ៖ មេដឹកនាំ​របបសឹក​សន្យា​រៀប​ចំ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

សំឡេង ០៥:៥២
៦ខែ​ក្រោយ​រដ្ឋប្រហារ មេដឹកនាំ​សឹក​ប្រកាស​រៀប​ចំការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣
៦ខែ​ក្រោយ​រដ្ឋប្រហារ មេដឹកនាំ​សឹក​ប្រកាស​រៀប​ចំការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ REUTERS - STRINGER

​ថ្ងៃទី ១​ សីហា ២០២១នេះ​ ជា​គម្រប់​៦​ខែ​គត់​ ដែល​មេដឹកនាំ​យោធា​បាន​ឡើង​កាន់​អំណាច​ តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសានស៊ូជី។ តាំង​ពី​ថ្ងៃទី ១​កុម្ភៈ​២០២១​នោះ​មក ប្រទេស​ភូមា​បាន​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​​បំផុត​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រមុខ​ដឹកនាំ​ភូមា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ថា​រដ្ឋាភិបាល​សឹក​ត្រៀម​សហការ​ការងារ​ជាមួយ​អន្តរការីពិសេស​របស់​អាស៊ាន និង​បាន​សន្យា​រៀប​ចំ​ការ​បោះឆ្នោត​ពហុភាគី​នៅ​ពីរ​ឆ្នាំ​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ​ទី​១​សីហា​នេះ​​ នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ដែល​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ កាលពី​៦​ខែ​មុន ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​និង​ចាប់​​លោកស្រី​អ៊ុងសានស៊ូជី​ឃុំឃាំង​ បាន​ចេញ​មុខ​មក​ធានាអះអាង​ប្រជាពលរដ្ឋ​ភូមា​ថា រដ្ឋាភិបាល​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សភាជា​ថ្មី នៅ​យ៉ាង​យូរ ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​​ពហុបក្ស​។

​សេចក្តីប្រកាស​នេះ​ធ្វើ​ឡើងតែ​មួយ​សប្តាហ៍​  ក្រោយ​ការ​​ប្រកាស​លុប​ចោល​លទ្ធផលបោះឆ្នោត​សភា​កាលពី​ខែ​វិច្ឆិកា២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ របស់​លោកស្រី​អ៊ុងសានស៊ូជី​បាន​ឈ្នះ​យ៉ាង​ត្រចះ​ត្រចង់។ តែ​សម្រាប់​​លោក​ មីន អ៊ុងឡាំង​ លោក​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​មានការ​លួច​បន្លំ​​សន្លឹក​ឆ្នោត​ចំនួនជាង​​១១​លាន​ករណី។

អន្តរការី​​​អាស៊ាន​

ជាង​នេះ​ទៅ​ទៀត លោក​ មីន អ៊ុងឡាំង បាន​ថែម​ទាំង​ប្រកាស​ត្រៀម​ខ្លួន​សហការ​ជាមួយ​អាស៊ាន និង​ចរចា​ជាមួយ​អន្តរការី​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​ភូមា​ក៏​ជា​សមាជិក​ម្នាក់​ដែរ។

តែ អាស៊ាន​នៅ​​មិន​ទាន់​រក​ឃើញ​ថា​តើ​នរណា​អាច​ជា​ទទួល​តួនាទី​នេះ​បាន​នៅ​ឡើយ​ទេ។ ក្រោយ​ពីបាន​ទទួលភារៈ​ពី​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​​ចិន ​​ថា​អាស៊ាន​ ​​ជាតួ​អង្គ​ដ៏​សក្តិសម​ជាង​គេ ក្នុង​ការ​​ទទួល​ខុស​ត្រូវ​ស្វែង​រក​ដំណោះស្រាយតាម​ផ្លូវ​​នយោបាយ ស្តារ​​ស្ថិរភាព​ឱ្យ​ភូមា​​មក ​​មេដឹកនាំ​ទាំង​១០​ប្រទេសរបស់​អាស៊ាន​​ ​ បាន​ត្រូវ​រ៉ូវ​គ្នា​លើ​៥​ចំណុច។ ហើយ​ការ​​​ស្វែង​រក​អន្តរការី​ពិសេស​​សម្រាប់​ទៅ​ជួយ​ភូមា ក៏​បាន​ចាប់​ផ្តើម​ តាំង​ពី​ខែ​មេសា​២០២១​មក។

បន្ទាប់​ពី​និយាយ​មិន​ចុះ​សម្រុង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ  និង​ក្រោម​សម្ពាធ​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​​និង​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រីការបរទេសនៃ​ក្រុម​ប្រទេស​ជា​សមាជិក​​អាស៊ានទាំង​អស់ ត្រូវ​ជួប​ប្រជុំ​គ្នាជា​ថ្មី​​នៅ​ថ្ងៃ​ចន្ទទី ២​សីហាស្អែក​ ដើម្បី​សាកល្បង​តែង​តាំង​អន្តរការីពិសេស។ អន្តរការី​ពិសេស ដែល​ត្រូវ​មានបន្ទុក​​​​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​សឹក​ភូមា​បច្ចុប្បន្ន​ គឺ​រដ្ឋាភិបាល​របស់​ មីន អ៊ុងឡាំង​ ដើម្បី​បិទ​បញ្ចប់​អំពើ​ហិង្សា​ក្នុង​ប្រទេសផង​ និង​រក​ទំនុក​ឱ្យ​រដ្ឋាភិបាល​សឹក​និង​ក្រុម​បក្ស​ប្រឆាំង​បាន​ចូល​តុ​ចរចា​គ្នាផង។

កូវីដ​រាតត្បាត​ខ្លាំង

​ចលនា​ប្រជាធិបតេយ្យ​ និង​ស្ថាប័ន​នយោបាយ​ក្រុមប្រឆាំង ដែល​ពុំ​ទាន់​ទទួល​បាន​ការគាំទ្រ​ពី​អន្តរជាតិ ហាក់​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រកនាពេល​នេះ។ ​តែ​ចលនា​បះបោរ​​ក្នុង​រង្វង់​ប្រជាពលរដ្ឋ​នៅ​តែ​​បន្ត​​ និង​មាន​លេច​ស្មារតី​រួបរួមជាមួយ​ជនជាតិភាគតិច​​ ដើម្បី​ប្រឆាំង​ក្រុមយោធា និង​ដើម្បី​សហព័ន្ធ​ភូមា។

​ក្នុង​ថ្ងៃ​នេះ​​ ​គេ​សង្កេត​ឃើញ​មាន​ចលនា​បាតុកម្ម​ខ្លះ​ដែរ តែ​ក្នុង​ទ្រង់ទ្រាយ​តូច​តាច ។ ប្រជា​ពលរដ្ឋ​ក្នុង​ចំនួន​ដ៏​តិច​តួច នៅ​ក្រុង​ កាលី ភាគ​ខាង​លិច​ប្រទេសនាំ​គ្នា​ដើរ​ដង្ហែ​លើក​បដា​ គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទោស​នយោបាយ។ តែ​ប្រជាពលរដ្ឋ​ភូមា​ភាគ​ច្រើន​ បង្ខំ​ ឬ​រួញ​ខ្លាច​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​ បាក់ស្បាតលែងចង់​ចេញ​ធ្វើ​បាតុកម្ម​ទៀត។  ម្យ៉ាង​ខ្លាច​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិសុខ ដែល​ក្នុង​រយៈ​ពេល​៦​ខែ បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​៩៤០​នាក់​ស្លាប់​ រាប់​រយ​នាក់​បាត់​ខ្លួន  និងជាង​៥៤០០នាក់​នៅក្នុង​ពន្ធនាគារ។ ម្យ៉ាង​ទៀត​គឺ​ខ្លាច​កូវីដ​១៩ ដែល​កំពុង​ធ្វើ​ការ​រាតត្បាត​យ៉ាង​ខ្លាំង​។

អង់គ្លេស​ដែល​ធ្លាប់​ធ្វើ​អាណានិគម​លើ​ភូមា​បាន​ព្រមាន​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា​ ស្ថានភាព​រាតត្បាត​កូវីដ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​នៅភូមា។ ប្រជាពលរដ្ឋ​ភូមា​ពាក់កណ្តាល (២៧លាននាក់​) អាច​នឹង​ឆ្លង​កូវីដ នៅពីរ​សប្តាហ៍​ខាង​មុខ។ ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ថ្ងៃ​បានកើន​ឡើង​​ជា​លំដាប់​ និង​​ច្រើន​ជ្រុល​រហូត​ដល់​អាជ្ញាធរ​លែងចង់​រាប់។ ឯ​សេវា​សុខាភិបាល​វិញ មាន​ដំណើរ​ការ​ប្រមាណ​តែ​៤០%​ប៉ុណ្ណោះ។ នេះ​បើ​តាមការ​ប៉ាន់​ស្មាន​របស់​អង្គការ​សហប្រជាជាតិ ព្រោះ បុគ្គលិក​ពេទ្យ​មួយ​ភាគ​ធំ បន្ត​ធ្វើ​កូដ​កម្ម ខ្លះ​ជាប់​ដីកាតាម​ចាប់​ខ្លួន​ ខ្លះ​រត់​គេច​ខ្លួន និង​ខ្លះ​ជាប់​ឃុំ​ស្រេច​ទៅ​ហើយ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch យល់​ថា​ស្ថានភាព​នៅ​ភូមា​កំពុង​ធ្លាក់​ក្នុង​ភាព​បន្ទាន់​ខ្លាំង តម្រូវ​ឱ្យ​មាន​ជំនួយ​និង​អន្តរាគមន៍​អន្តរជាតិ​បន្ទាន់​ដែរ បើ​ពុំ​នោះ​ទេ ភូមា​នឹង​ ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​វិបត្តិ​មនុស្សធម៌​ និង​ការ​ខ្វះ​ស្បៀងអាហារ​បរិភោគ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI