ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការប្រកួតកីឡាអូឡាំពិក៖ កីឡាការិនី​បេឡារុសដែលរិះគន់​គ្រូបង្វឹកជាតិ ត្រូវបង្ខំ​ឲ្យចាកចេញ​ពី​ជប៉ុន

សំឡេង ០៦:០៥
អត្តពលិករ​បេឡារុស នាង Krystsina Tsimanouskaya នៅក្នុង​ការរត់ចម្ងាយ​១០០ម៉ែត្រ នៅក្នុង​ការប្រកួតកីឡាអូឡាំពិក២០២០ នៅទីក្រុង​តូក្យូ កាលពីថ្ងៃទី ៣០ កក្កដា ២០២១
អត្តពលិករ​បេឡារុស នាង Krystsina Tsimanouskaya នៅក្នុង​ការរត់ចម្ងាយ​១០០ម៉ែត្រ នៅក្នុង​ការប្រកួតកីឡាអូឡាំពិក២០២០ នៅទីក្រុង​តូក្យូ កាលពីថ្ងៃទី ៣០ កក្កដា ២០២១ AP - Martin Meissner

អាជ្ញាធរជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​ត្រូវ​ដោះស្រាយ​សំណុំរឿង​ដ៏ឈឺក្បាល មួយ​នៅថ្ងៃចន្ទទី ២ សីហា ២០២១។ ជា​សំណុំរឿង កីឡា និងនយោបាយការទូត បន្ទាប់​ពី​អត្តពលិករ បេឡារុស​ម្នាក់ បានរត់រក​កិច្ចការពារ​ពីប៉ូលិស ជប៉ុន នៅ​ព្រលានយន្តហោះ​ក្រុង​តូក្យូ កាលពី​ថ្ងៃ​អាទិត្យ។ កីឡាការិនី បេឡារុស នាង Kristsina Tsimanouskaya ដែលត្រូវ​ចូលរួម ក្នុងការរត់ប្រណាំង​លើ​ចម្ងាយ ២០០​ម៉ែត្រ នៅថ្ងៃ​ចន្ទ បានអះអាង​ថា នាងត្រូវ​គណៈប្រតិភូ​ជាតិ បេឡារុស បង្ខំ​ឲ្យ​ចាកចេញ ជាបន្ទាន់ពី​ប្រទេសជប៉ុន ពោល​គឺ​នៅបន្ទាប់ពី​នាង​ចេញមុខ រិះគន់​ខ្លាំងៗ គ្រូបង្វឹក និង​សហព័ន្ធកីឡាជាតិ​អូឡាំពិកបេឡារុស។

ផ្សាយពាណិជ្ជកម្ម

ការប្រកួត​កីឡាអូឡាំពិក បានទាញ​ចំណាប់អារម្មណ៍​ជាពិសេស នៅថ្ងៃ​ចន្ទ នេះ ជាមួយ​សំណុំរឿង​កីឡាការិនីបេឡារុស ដែល​បាន​រត់សុំ​ជំនួយ​បន្ទាន់ ពី​ប៉ូលិស​ជប៉ុន ក្នុងហេតុផលថា នាង​ត្រូវ​ណៈកម្មការជាតិ​បេឡារុស ​បង្ខំ​ឲ្យ​ចាកចេញ​ពី​តូក្យូ កាលពីថ្ងៃ​អាទិត្យ។

នៅថ្ងៃ​អាទិត្យ កីឡាការិនី​បេឡារុស នាង Kristsina Tsimanouskaya បាន​ស្វែងរក​ជំនួយ​ពីប៉ូលិស​ជប៉ុន ព្រោះ​នាង​មិន​ចង់​ឡើង​យន្តហោះ ដែលត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​មីនស្ក៍ ប្រទេស​បេឡារុស។ នៅ​ក្នុង​សារវីដេអូ ផ្សាយ​តាម​គណនី instragram របស់ខ្លួន កាលពី​ថ្ងៃ​អាទិត្យដែរ អត្តពលិករ​បេឡារុស​រូបនេះ បាន​និយាយ​ថា នាង​បាន​រង​ការដាក់សម្ពាធខ្លាំង។ ប្រតិភូ​អូឡាំពិក បេឡារុស​បាន​បង្ខំ ចាប់បញ្ជូន​នាង​ឲ្យ​ត្រលប់​ទៅ​ប្រទេស​បេឡារុសវិញ ដោយ​គ្មានការយល់ព្រមព្រៀង​ពី​នាង​ទាល់​តែ​សោះ។ កីឡាការិនី​រូបនេះ បាន​អំពាវនាវ​សុំឲ្យ​គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ​អន្តរាគមន៍​ក្នុង​រឿង​នេះ។

នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ចន្ទ​នេះ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ លោក Mark Adams បាន​និយាយ​ថា គណៈកម្មាធិការ និង​គណៈកម្មាធិការ​ជាតិ​ជប៉ុន បាន​និយាយ​ផ្ទាល់​ជាមួយ កីឡាការិនី​បេឡារុស កាលពី​យប់​ថ្ងៃអាទិត្យ និង​ថា គេ​កំពុង​ស្វែងរក​ការបំភ្លឺ​ពី ខាង​គណៈប្រតិភូអូឡាំពិក​បេឡារុស​ជុំវិញ​រឿងនេះ។

នៅក្នុង សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ គណៈកម្មាធិការ​អូឡាំពិក​បេឡារុស ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោកប្រធានាធិបតី អាឡិចសង់ លូកាឆិនកូ បាន​បញ្ជាក់ថា គណៈកម្មាធិការបេឡារុស​បានសម្រេច​ផ្អាក​ការចូលរួម​របស់​កីឡាការិនី Kristsina Tsimanouskaya បន្ទាប់ពីមាន​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដែល​យោងទៅ​លើ​បញ្ហា អារម្មណ៍ និង​ស្មារតី ចិត្តសាស្រ្ត​របស់​កីឡាការិនី ខាងលើ។ ការសម្រេច​របស់គណៈប្រតិភូ​អូឡាំពិក​បេឡារុស​បាន​បំផ្លាញ​ក្តីស្រមៃ​របស់​អត្តពលិករ Kristsina ដែល​សង្ឃឹម​លើ​ការរត់ចម្ងាយ ២០០ម៉ែត្រ នៅថ្ងៃ​ចន្ទទី ២​សីហា បន្ទាប់​ពីបរាជ័យ ក្នុង​ការរត់ចម្ងាយ ១០០ម៉ែត្រ កាលពី​សប្តាហ៍មុន។

នាង Kristsina Tsimanouskaya​បដិសេធ​ការលើកឡើង​របស់​គណៈប្រតិភូអូឡាំពិក​បេឡារុស?

នៅចំពោះមុខ​អ្នកកាសែត ដែល​ចោមសួរ​នាង​នៅ​ព្រលានយន្តហោះក្រុង​តូក្យូ នាង Kristsina Tsimanouskaya​បាន​ចាត់ទុក​ការលើកឡើង​ខាងលើថា ជារឿងភូតកុហក​ទាំងស្រុង។ តាម​នាង Kristsina គ្រូបង្វឹក​បាន​សម្រេច​ព្យួរ មិន​ឲ្យ​នាង​ចូលរួម ក្នុង​ការប្រកួត នៅតទៅទៀត បន្ទាប់​ពី​នាង​បាន​រិះគន់​ជា​សាធារណៈ គ្រូបង្វឹក និង​សហព័ន្ធ​កីឡាជាតិ​អូឡាំពិក​បេឡារុស។

កាលពី​ថ្ងៃ​សុក្រ នាង​បាន​បង្ហោះ​វីដេអូ​ ក្នុង​បណ្តាញ​Instagram ដែលនៅក្នុងនោះ នាង​បាន​រិះគន់​ខ្លាំងៗ ការធ្វេសប្រហែល របស់​គ្រូបង្វឹក​កីឡាអត្តពលិកម្ម​បេឡារុស។ បើតាម​កាឡាការិនី​បេឡារុស នៅក្នុង​ការប្រកួតកីឡាអូឡាំពិក​តូក្យូ នាង​ត្រូវ​រត់​ចម្ងាយ ១០០​ម៉ែត្រ ២០០​ម៉ែត្រ ប៉ុន្តែ គ្រូបង្វឹក​បេឡារុស​បានសម្រេច​ដោយ​អត្តនោម័ត ដោយ​គ្មាន​សួរយោបល់អ្វីទាំងអស់ ឲ្យ​នាងរត់ត ចម្ងាយ ៤០០ម៉ែត្រ។ តាម​នាង Kristsina ដដែល គ្រូបង្វឹក​បាន​សម្រេច​ចិត្ត​បែបនេះ ក៏ដោយសារ កីឡាករ​បេឡារុស​ពីរនាក់ផ្សេងទៀត ខកខាន មិនបាន​ធ្វើតេស្តគ្រប់គ្រាន់​ផ្នែក​សុខភាព។ នាង Kristsina បាន​និយាយ​ខ្លាំងៗថា ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ចាំទទួល​ថ្មបាក់​របស់​អ្នកដែល​ធ្វើការ​មិន​ត្រឹមត្រូវ​ធ្វើអ្វី? គេ​មិនបាន​សម្រេចចិត្ត នៅក្រោយ​ខ្នងនាង ដោយ​មិន​បាន​សួរ​យោបល់ថា តើ​នាង​អាច​រត់​បាន​ចម្ងាយ​៤ម៉ែត្រ ដែរឬទេ។

នៅក្រោយ រឿងរ៉ាវ​ថ្ងៃនេះ កីឡាករ បេឡារុស និយាយ​ថា នាង​មិន​ចង់​ត្រលប់​ទៅ បេឡារុស​វិញទេ ព្រោះនាង ខ្លាចត្រូវ​គេ​ចាប់ដាក់ពន្ធនាគារ ដោយសារ​តែ​ហ៊ាន​រិះគន់​សហព័ន្ធ​កីឡាបេឡារុស។

តើកីឡាការិនី​បេឡារុស ប្រុង​នឹង​ធ្វើអ្វី​បន្តទៀត?

មូលនិធិ​សាមគ្គី កីឡាករ​បេឡារុស​ដែល​ជា​សមាគម​ជួយការពារ កីឡាករ ដែល​រងការធ្វើបាប និង​រើសអើង​ពីសំណាក់អាជ្ញាធរ បេឡារុស បានអះអាងថា បន្ទាប់ពី​ទាក់ទង សុំ​ជំនួយ​អន្តរាគមន៍ ពី​ប៉ូលិស ជប៉ុន នាង Kristsina Tsimanouskaya​ពេលនេះ កំពុង​ស្ថិតនៅ​ព្រលាន​យន្តហោះ Haneda នៅទីក្រុង​តូក្យូ។ កីឡាការិនី បេឡារុស​បាន​និយាយប្រាប់​មូលនិធិបេឡារុស​ថា នាង​មាន​សុវត្ថិភាព នៅ​ព្រលានយន្តហោះ​នៅតូក្យូ។

លើកនេះ ដោយសារ​នាង​មិន​ចង់​ត្រលប់ទៅ​ប្រទេស​វិញ​យ៉ាងដូច្នេះ នាង Kristsina Tsimanouskaya​បាន​បង្ហើបថា នាង​ចង់​ដាក់ពាក្យសុំ​សិទ្ធិជ្រកកោន​នយោបាយ នៅប្រទេស​អាល្លឺម៉ង់ ឬ​ប្រទេស​អូទ្រីស។

តាំង​ពីថ្ងៃ​អាទិត្យ ប្រទេស​អឺរ៉ុប​ខាងកើត​មួយចំនួន ដែលមានព្រំដែនជាប់ជាមួយ​បេឡារុស ដូចជា ប៉ូឡូញ ជាដើម បាន​ស្នើ​ផ្តល់​ទិដ្ឋាការ​ពិសេស សម្រាប់​ឲ្យ​នាង Kristsina Tsimanouskaya​ អាច​បន្ត អាជីព​ជា​កីឡាករ​បន្តទៀត នៅ​ប៉ូឡូញ។ នៅថ្ងៃ​ចន្ទ ប៉ូឡូញ​បាន​សម្រេច​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​ដល់​កីឡាការិនីបេឡារុស។

សម្រាប់ មូលនិធិ​កីឡាករបេឡារុស ករណី របស់​នាង Kristsina Tsimanouskaya​បាន​បង្ហាញ​ច្បាស់​ពីការដាក់សម្ពាធ​ការប្រើអំនាច​ផ្តាច់ការរបស់​ប្រធានាធិបតី លូកាឆិនកូ ទៅកីឡាករ​បេឡារុស។ ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​បេឡារុស ដែលកំពុង​និរទេស​ខ្លួន​ទៅនៅ​ប្រទេស​លីទុយអានី និយាយ​ចោទប្រកាន់​ប្រធានាធិបតី លូកាឆិនកូ ថា បង្រ្កាប​សំឡេង​ប្រឆាំង​នឹង​ខ្លួន មិន​ថា ពួកគេ ជា​អ្នកនយោបាយប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត ឬ​កីឡាករ។ នៅមុន នាង Kristsina Tsimanouskaya កីឡាការិនី បាល់បោះម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារ ១៥ថ្ងៃ ដោយសារ​តែ​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​លូកាឆិនកូ កាលពី​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI