ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារពិភពលោក៖ការប្រែប្រួលអាកាសធាតុអាចបង្ខំមនុស្សចំនួន ២១៦លាននាក់ឲ្យធ្វើចំណាកស្រុក

សំឡេង ០៦:៣៣
ធនាគារពិភពលោកថា ការប្រែប្រួលអាកាសធាតុអាចបង្ខំមនុស្សចំនួន ២១៦លាននាក់ឲ្យធ្វើចំណាកស្រុកពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។
ធនាគារពិភពលោកថា ការប្រែប្រួលអាកាសធាតុអាចបង្ខំមនុស្សចំនួន ២១៦លាននាក់ឲ្យធ្វើចំណាកស្រុកពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ AP - Anupam Nath

នៅ​ថ្ងៃ​ចន្ទ ទី១៣ កញ្ញា ធនាគារពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ផលវិបាក​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ តាម​របាយការណ៍ បាតុភូត​មួយ​នេះ​អាច​បង្ខំ​មនុស្ស​ចំនួន ២១៦លាន​នាក់​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ តែ​របាយការណ៍​ដដែល​មិន​ភ្លេច​បញ្ជាក់​ទេ​ថា បើ​គ្រប់​ប្រទេស​ទាំង​អស់​រួម​គ្នា​កាត់​បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់ ជួយ​មនុស្ស​ឲ្យ​សម្របខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ឬ​មួយ​ក៏​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី នោះ​ការ​ចំណាក​ស្រុក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​ថយ​ចុះ​ដល់​ទៅ ៨០%។ ចំណែក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើក​ឡើង​ពី​វិបត្តិ​បរិស្ថាន​ចំនួន ៣ ប្រភេទ​ដែល​កំពុង​គំរាមកំហែង​ដល់​ការ​គោរព​សិទ្ធិមនុស្ស។

ផ្សាយពាណិជ្ជកម្ម

 

ធនាគារពិភពលោក​ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​ដូច​គ្នា​នេះ​ម្តង​កាល​ពី​ឆ្នាំ ២០១៨។ តែ​អ្វី​ដែល​ថ្មី​នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០២១ នេះ គឺ​ការ​បន្ថែម​តំបន់ និង​ការ​បង្កើន​ចំនួន​ប្រជាជន​ដែល​អាច​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​ដែល​ពួក​គេ​រស់នៅ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ក្នុង​របាយការណ៍​ឆ្នាំ ២០១៨ ធនាគារពិភពលោក​បាន​លើក​ឡើង​តែ ៣តំបន់​ប៉ុណ្ណោះ គឺ​អាហ្រ្វិក​សាហារ៉ា អាស៊ីខាងត្បូង និង​អាមេរិកឡាទីន។ បើ​គេ​រាប់​តែ ៣តំបន់​នេះ ការ​ប្រែប្រួល​អាកាសធាតុ​អាច​បង្ខំ​មនុស្ស​ចំនួន ១៤៣លាននាក់​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​របស់​ពួក​គេ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។

ចំណែក​របាយការណ៍​ក្នុង​ឆ្នាំ ២០២១ ធនាគារពិភពលោក​បាន​បន្ថែម ៣តំបន់​ទៀត គឺ​អាហ្រ្វិកខាងជើង អឺរ៉ុបខាងកើត និង​អាស៊ីកណ្តាល ហើយ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក។ ដូច្នេះ​បើ​សរុប​ទាំង ៦តំបន់ ការ​ប្រែប្រួល​អាកាសធាតុ​អាច​បង្ខំ​មនុស្ស​ចំនួន ២១៦លាននាក់​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​របស់​ពួក​គេ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។ ២១៦លាននាក់ គឺ​មាន​ជិត ៣% នៃ​ចំនួន​ប្រជាជន​សរុប​ដែល​រស់​នៅ​ក្នុង​តំបន់​ទាំង ៦ ខាង​លើ។ មួយ​វិញ​ទៀត ចំនួន​មនុស្ស​ដែល​គេ​ហៅ​ជា​ជនចំណាកស្រុក​អាកាសធាតុ​ទាំង ២១៦លាននាក់​នេះ​ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករណ៍​សម្រាប់​តំបន់​នីមួយៗ​ក្នុង​ចំណោម​តំបន់​ទាំង ៦។

គឺ​អាច​មាន​ដល់​ទៅ ៨៦លាននាក់​នៅ​តំបន់​អាហ្រ្វិកសាហារ៉ា មាន​៤៩លាននាក់​នៅ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក មាន ៤០លាននាក់​នៅ​អាស៊ីខាងត្បូង មាន ១៩លាននាក់​នៅ​អាហ្រ្វិកខាងជើង មាន ១៧លាននាក់​នៅ​អាមេរិកឡាទីន និង​មាន ៥លាននាក់​នៅ​អឺរ៉ុបខាងកើត និង​អាស៊ីកណ្តាល។

កង្វះទឹក ឬ​ផលិតកម្ម​កសិកម្ម​មិន​គ្រប់គ្រាន់

តាម​របាយការណ៍​របស់​ធនាគារពិភពលោក មាន​កត្តា​ចម្បង​ចំនួន​ពីរ​ដែល​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​ចំណាកស្រុក គឺ​កង្វះ​ទឹក​ប្រើប្រាស់ ឬ​មួយ​ក៏​ផលិតកម្ម​កសិកម្ម​មិន​គ្រប់គ្រាន់។ កង្វះ​ទឹក ឬ​មួយ​ក៏​ផលិតកម្ម​កសិកម្ម​មិន​គ្រប់គ្រាន់​នេះ​ជា​ផលវិបាក​ដែល​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ពេល​ដែល​គេ​និយាយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ គឺ​គេ​ចង់​និយាយ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្សលោក​ដែល​ជា​អ្នក​កំពុង​រុញ​ជីវិត​ខ្លួន​ឯង​ឲ្យ​ជួប​ហានិភ័យ​តាម​រយៈ​ការ​បំផ្លាញ និង​ការ​បំពុល​ផែនដី​ដែល​ជា​ជម្រក​របស់​ខ្លួន។ សម្រាប់​ធនាគារពិភពលោក ការ​ប្រែប្រួល​អាកាសធាតុ​ជា​ក្បាលម៉ាស៊ីន​ដែល​កំពុង​រុញ​មនុស្ស​ឲ្យ​ធ្វើ​ចំណាកស្រុក។

ចំណែក​ដំណោះស្រាយ​ដើម្បី​ទប់ក្បាល​ម៉ាស៊ីន​មួយ​នេះ​មាន​តែ​មួយ​គត់ គឺ​គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍន៍ ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​មនុស្ស​ឲ្យ​ចេះ​សម្របខ្លួន។ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា បើ​គ្រប់​ប្រទេស​ទាំង​អស់​ចាប់​ផ្តើម​អនុវត្ត​នូវ​វិធានការ​ទាំង​នេះ​ជា​បន្ទាន់​ភ្លាមៗ គេ​អាច​កាត់​បន្ថយ​ជនចំណាកស្រុក​បាន​ដល់​ទៅ​ប្រមាណ ៨០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០ មាន​ន័យ​ថា ចំនួន​ជនចំណាកស្រុក​អាកាសធាតុ​អាច​ធ្លាក់​ពី​ ២១៦លាននាក់​មក​នៅ​ត្រឹម​តែ ៤៤លាននាក់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០។

ផ្ទុយ​ទៅ​វិញ បើ​គ្រប់​គ្នា​បន្ត​ឈរ​ឱបដៃ​មើល​ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​ពី​ពេល​នេះ​ទៅ​ទេ នោះ​ចំនួន​ជនចំណាកស្រុក​អាកាសធាតុ​នឹង​មាន​កាន់​តែ​ច្រើន និង​អាច​ជះ​ផលវិបាក​ដល់​តំបន់ ឬ​ប្រទេស​ដែល​ជនចំណាកស្រុក​បាន​ទៅ​ជ្រកកោន។

វិបត្តិ​បរិស្ថាន​គំរាមកំហែង​លើ​សិទ្ធិមនុស្ស

ដោយឡែក ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើក​ឡើង​ពី​វិបត្តិ​បរិស្ថាន​ចំនួន ៣ ដែល​ជា​ការ​គំរាមកំហែង​ចម្បង​ដល់​ការ​គោរព​សិទ្ធិមុនស្ស។ វិបត្តិ​បរិស្ថាន​ទាំង ៣ គឺ​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស ផ្សែងពុល និង​ការ​បាត់បង់​ជីវៈចម្រុះ។ សម្រាប់​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ វិបត្តិ​បរិស្ថាន​ទាំង ៣ផ្នែក​នេះ​បាន​បង្ក​ឡើង​ដោយ​មនុស្សលោក។ គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​សហប្រជាជាតិ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​លើកទី៤៨ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​នា​ថ្ងៃ​ចន្ទ ទី១៣ កញ្ញា។ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​ថ្លែង​ថា វិបត្តិ​បរិស្ថាន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ ផ្សែងពុល និង​ការ​បាត់បង់​ជីវៈចម្រុះ​បាន​បង្ក​ចេញ​នូវ​គ្រោះថ្នាក់​ជា​ច្រើន ដូច​ជា​បង្ក​ឲ្យ​ជម្លោះ និង​ភាព​តានតឹង​ដែល​ជំរុញ​ឲ្យ​មនុស្ស​ងាយ​រងគ្រោះ​កាន់​តែ​ខ្លាំង។

ការ​ភ្ជាប់​រឿង​វិបត្តិ​បរិស្ថាន​ទៅ​នឹង​រឿង​សិទ្ធិមនុស្ស​ពេល​នេះ គឺ​លោកស្រី​បាស្ហឺឡេ​ចង់​និយាយ​ពី​សិទ្ធិ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក ដូច​ជា​សិទ្ធិ​ទទួល​បាន​ស្បៀងអាហារ សិទ្ធិ​ទទួល​បាន​ទឹក សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​ទទួល​បាន​លំនៅដ្ឋាន សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព រួម​ទាំង​សិទ្ធិ​រស់រាន​មានជីវិត​របស់​មនុស្ស។ លោកស្រី​បាស្ហឺឡេ​បាន​មើល​ឃើញ​ថា សិទ្ធិ​ទាំង​អស់​នេះ​របស់​មនុស្ស​កំពុង​ត្រូវ​បាន​គំរាមកំហែង​ដោយ​វិបត្តិ​បរិស្ថាន​ដែល​មនុស្សលោក​ខ្លួន​ឯង​ជា​អ្នក​បង្ក​ឡើង។ តាម​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ដដែល ការ​ប្រឆាំង​នឹង​វិបត្តិ​បរិស្ថាន​សកល​ជា​កាតព្វកិច្ច​មនុស្សធម៌ ជា​កាតព្វកិច្ច​ច្បាប់​ដើម្បី​សិទ្ធិមនុស្ស ជា​កាតព្វកិច្ច​នៃ​ការ​ពង្រឹង​សន្តិភាព និង​ជា​កាតព្វកិច្ច​នៃ​ការ​អភិវឌ្ឍន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI