ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកនិយាយមិនពិតពីបញ្ហាវ៉ាក់សាំង៖អ្នកសិទ្ធិមនុស្សមិនគាំទ្រការប្រើច្បាប់ តែអាជ្ញាធរថាប្រើច្បាប់ព្រោះអប់រំលែងបាន

សំឡេង ១០:៣១
វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ © Internet

ចាក់​វ៉ាក់សាំង​បណ្តាល​ឱ្យ​អ្នកគ្រូ​វ័យក្មេង​ម្នាក់​ស្លាប់ ​ចាក់​វ៉ាក់សាំង​ធ្វើឱ្យ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ពិការជើង​ ចាក់​វ៉ាក់សាំង​របស់ចិន​ គឺជា​រឿង​នយោបាយ​។ល។ ​ទាំងនេះ ​គឺជា​ព័ត៌មាន​ប្រឌិត​ដែលត្រូវ​បាន​ច្រានចោល​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​ជា​ពិសេស​ ពី​សាម៉ី​ខ្លួន​ និង​ក្រុម​គ្រួសារ​។ ​អ្នក​ប្រឌិត​ព័ត៌មាន​បែបនេះ​មួយ​ចំនួន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ពេលថ្មីៗ​នេះ ​និង​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិន​គាំទ្រ​ការអនុវត្ត​ច្បាប់​លើ​ពួកគេ​នេះទេ ​ដោយថា​ វា​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​ ហើយ​ថា ​អាជ្ញាធរ​គួរតែ​មាន​វិធានការ​បែបផ្សេង​វិញ​។ ​ប៉ុន្តែ ​អាជ្ញាធរ​ផ្នែកច្បាប់​ និង​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​ការ​អនុវត្ត​ច្បាប់​នេះ​ គឺជា​ជម្រើស​ចុងក្រោយ​ បន្ទាប់​ពី​អប់រំ​លែងបាន​។