ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សំណុំរឿងឧកញ៉ានិងតារាសិល្បៈ៖សង្គមស៊ីវិលថា បើដោះស្រាយមានយុត្តិធម៌ពិត នឹងក្លាយជាគំរូទៅករណីផ្សេងៗទៀត

សំឡេង ១២:០៧
ជញ្ជីងយុត្តធម៌ (រូបតំណាង)
ជញ្ជីងយុត្តធម៌ (រូបតំណាង) © Internet

ម្សិលមិញនេះ​ សំណុំរឿង​ប្តឹងផ្តល់គ្នា​ទៅវិញទៅមក​រវាងឧកញ៉ា​ហេង សៀ ​និងកញ្ញា ​មាន ពេជ្ររីតា​ដែលជាពិធីការិនី​ស្ថា​នីយទូរទស្សន៍ ​MYTVបានធ្វើឱ្យ​កក្រើកបណ្តាញ​ទំនាក់ទំនងសង្គម​។​ កញ្ញា​មាន ពេជ្ររីតា ​បានប្តឹងឧកញ៉ា​ហេង សៀ ថា​បានប៉ុនប៉ង​រំលោភ​លើនាង​នៅក្នុងរថយន្ត​។​ បណ្តឹងនេះ ​ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា​រូបនេះ​បានប្តឹង​កញ្ញា​មាន ពេជ្ររីតា ​ទាក់ទង​នឹងការបង្ករបួសស្នាម ​និងការលួចយកទូរស័ព្ទ​។​ អ្នកប្រើប្រាស់​បណ្តាញសង្គម​ជាច្រើននាក់​ច្រើនប្រភេទ​បានទាមទារ​ឱ្យតុលាការ​ក្រុងភ្នំពេញ​ស្វែងរក​យុត្តិធម៌​ដល់ពិធីការិនី​ស្ថានីយទូរទស្សន៍​ MYTV​។​ ចំណែក ​អង្គការ​សង្គមស៊ីវិល​នៅកម្ពុជាខ្លះវិញ​ក៏ដូច្នេះដែរ​។​ ពួកគេ​បានអះអាងថា ​បើសិន​តុលាការ​ដោះស្រាយ​បញ្ហានេះឱ្យ​មានយុត្តិធម៌ពិត​ នោះវានឹងក្លាយ​ជាគំរូដល់​ករណីផ្សេងៗទៀត​។​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បានប្រាប់​ឱ្យសាធារណជន​រក្សាភាពស្ងៀមស្ងាត់សិន​​ ដោយទុកឱ្យ​តុលាការ​ដោះស្រាយ​បញ្ហានេះ។​