ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមាន​អ្វីលាក់បាំង​ពីក្រោយ ការតភ្ជាប់ឡើងវិញ ​ខ្សែទូរស័ព្ទ​រវាង​​កូរ៉េទាំងពីរ?

សំឡេង ០៨:៣៥
រូបថត​ខែ​មករា ឆ្នាំ ២០១៨ មន្ត្រីកូរ៉េខាងត្បូង​និយាយទូរស័ព្ទ​ជាមួយ​មន្រ្តីកូរ៉េខាងជើងតាមរយៈ​ខ្សែទូរស័ព្ទ​ក្រហម​ដែល​ជា​បណ្តាញទំនាក់ទំនង​តែមួយគត់​រវាង​កូរ៉េទាំងពីរ ចាប់តាំង​ពី​ចប់សង្រ្គាមកូរ៉េ នៅ​ឆ្នាំ ១៩៥៣
រូបថត​ខែ​មករា ឆ្នាំ ២០១៨ មន្ត្រីកូរ៉េខាងត្បូង​និយាយទូរស័ព្ទ​ជាមួយ​មន្រ្តីកូរ៉េខាងជើងតាមរយៈ​ខ្សែទូរស័ព្ទ​ក្រហម​ដែល​ជា​បណ្តាញទំនាក់ទំនង​តែមួយគត់​រវាង​កូរ៉េទាំងពីរ ចាប់តាំង​ពី​ចប់សង្រ្គាមកូរ៉េ នៅ​ឆ្នាំ ១៩៥៣ AP

បន្ទាប់​ពី​កាត់ផ្តាច់​អស់រយៈពេល​១ឆ្នាំ ខ្សែទូរស័ព្ទ​ក្រហម​សម្រាប់ទំនាក់ទំនង​បន្ទាន់​រវាង​បងប្អូន​គូសត្រូវ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ត្រូវ​បាន​តភ្ជាប់ឡើងវិញ នៅថ្ងៃ​អង្គារទី ២៧ កក្កដា។ នេះបើតាម​ការប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA ក៏បាន​បញ្ជាក់ដំណឹង​នេះដែរ  ដោយ​បន្ថែមថា ថ្នាក់ដឹកនាំ​កូរ៉េ​ទាំងពីរ បាន​យល់ព្រមព្រៀងថា​នឹង​បោះជំហាន​មួយធំ ដើម្បី​កសាង​ជំនឿទុកចិត្តគ្នា ទៅវិញ ទៅមក។

ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានប្រកាស​តភ្ជាប់​ខ្សែទូរស័ព្ទ ក្រហម​ឡើងវិញ បន្ទាប់ពី​កូរ៉េខាងជើងបាន​សម្រេច​ដោយ​ឯកតោភាគី កាត់ផ្តាច់ លែងទាក់ទង​ជាមួយ​កូរ៉េខាងត្បូង កាលពី​ខែ មិថុនា ឆ្នាំ​មុន។ នេះជាដំណឹង​ដ៏ភ្ញាក់ផ្អើល នៅក្នុងទំនាក់ទំនង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដែល​បានជាប់គាំង តាំងពី​ជាង​១ឆ្នាំ​មកនេះ។

គេ​មិន​បាន​ទន្ទឹង​ថា ខ្សែទូរស័ព្ទក្រហម សម្រាប់ទំនាក់ទំនង​បន្ទាន់ ដែល​កូរ៉េខាងជើង​បាន​កាត់ផ្តាច់ ផឹង កាលពី​ឆ្នាំ​មុន ត្រូវតភ្ជាប់ ឡើងវិញ នៅពេលនេះទេ ព្រោះថា នៅ​មួយឆ្នាំមកនេះ កូរ៉េខាងជើង តែង​បង្ហាញ ជំហរ បែរខ្នង មិនព្រមពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង ទោះបី​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ឧស្សាហ៍ បើកដៃ អំពាវនាវ​ឲ្យ​​មេដឹកនាំ​កូរ៉េខាងជើង ត្រលប់​មកចរចាឡើងវិញ ក្តី។

គេ​នៅចាំបាន​ថា កូរ៉េខាងជើង បាន​សម្រេច​បិទទូរស័ព្ទ​ក្រហម ដោយ​ឯកតោភាគី កាលពី​ឆ្នាំមុន ដោយសារ​តែ​ខឹង​កូរ៉េខាងត្បូង បណ្តោយ​ឲ្យ​សកម្មជន​បង្ហោះប៉ោងៗ ដឹក​ខិតប័ណ្ណ​រិះគន់​រដ្ឋអំណាច​កូរ៉េខាងជើង ទៅ​ហោះធ្លាក់​ក្នុង​ទឹកដី​កូរ៉េខាងជើង។

ប៉ុន្តែ​ សម្រាប់​អ្នកជំនាញ នោះគ្រាន់តែ​ហេតុផល​សំបកក្រៅ​ប៉ុណ្ណោះ។ ហេតុផល​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​ព្យុងយ៉ាង កាត់ផ្តាច់​ខ្សែទូរស័ព្ទ ក្រហម ដែល​ជាបណ្តាញ​ទាក់ទង​បន្ទាន់ តែមួយគត់ រវាង​ប្រទេស​ទាំងពីរ សម្រាប់​គ្រាអាសន្ន គឺ​មកពី​ព្យុងយ៉ាង​មិនសប្បាយចិត្ត​ទាល់តែសោះ ដែល​ឃើញ សេអ៊ូល​គ្មាន​លទ្ធភាព​បញ្ចុះបញ្ចូល​ឲ្យអាមេរិក ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​កូរ៉េខាងជើង។ នៅក្រោយ ជំនួប​ទ្វេភាគី ជាមួយ ប្រធានាធិបតីអាមេរិកត្រូវ​បរាជ័យ ទាំងពីរលើក នៅ​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ កូរ៉េខាងជើង តែងតែ​រករឿង ដាក់កំហុស​លើ​កូរ៉េខាងត្បូង​ជានិច្ច។ ជាក់ស្តែង នៅតែប៉ុន្មាន​ថ្ងៃ ក្រោយ ប្រកាស​កាត់ផ្តាច់​ខ្សែទូរស័ព្ទ​ជាមួយ​កូរ៉េខាងត្បូង កាលពី​ខែ​មិថុនា ឆ្នាំមុន ព្យុងយ៉ាង បាន​បំផ្ទុះបំផ្លាញ ​ការិយាល័យ ទំនាក់ទំនង អន្តរកូរ៉េ តែមួយគត់ ដែល​សង់ឡើង​ក្នុង​ដែនដី​កូរ៉េខាងជើង។ ការបំផ្ទុះបំផ្លាញ​ចោលទីតាំង ដែល​សាងឡើង​ជា​ពិសេស សម្រាប់​ស្តារទំនាក់ទំនង​បងប្អូនកូរ៉េទាំងពីរ បាន​ធ្វើ​ឲ្យ​គេជឿថា កូរ៉េខាងជើង ខឹងខ្លាំងណាស់ និង​មិន​ព្រម ងាយ​នឹង​ត្រលប់​មក​ចរចា មានទំនាក់ទំនង​ល្អ ជាមួយ កូរ៉េខាងត្បូង​ឡើងវិញនោះទេ។

ហេតុអ្វី​កូរ៉េខាងជើង​សុខចិត្ត​មក​តភ្ជាប់ ប្រព័ន្ធទំនាក់ទំនង​ឡើងវិញ ជាមួយ​កូរ៉េខាងត្បូង?

ការតភ្ជាប់ឡើងវិញ ខ្សែរទូរសព័្ទ ក្រហម ដែលនៅក្នុង​នោះមានផងដែរ ទំនាក់ទំនងរវាង​កងទ័ព និង​បក្សនយោបាយ​របស់​ប្រទេស​ទាំងពីរ ជាលទ្ធផល​នៃ​ការចរចា​រវាង​មេដឹកនាំ​កូរ៉េទាំងពីរ។ តាម​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង លោកប្រធានាធិបតី មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​សរសេរ​សំបុត្រ​ឆ្លើយឆ្លងគ្នា តាំង​ពីខែ មេសា​មកម្ល៉េះ។ ទីភ្នាក់ងារ ព័ត៌មានរដ្ឋ​កូរ៉េខាងជើង នៅថ្ងៃ​អង្គារ​នេះ បាន​បញ្ជាក់​ដំណឹងចុះផ្សាយ​ដោយ​ភាគី​កូរ៉េខាងត្បូង ដោយ​បាន​បន្ថែមថា មេដឹកនាំ​កូរ៉េទាំងពីរ​បាន​យល់ព្រមព្រៀងថា នឹង​ប្រឹងប្រែង ស្តារជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក និង​ជំរុញ ការផ្សះផ្សារ​រវាង​កូរ៉េទាំងពីរ។ ការតភ្ជាប់ខ្សែទូរស័ព្ទ សម្រាប់​ការទាក់ទង​បន្ទាន់ គឺ​ជា​ជំហាន​ដំបូង ដើម្បី ជំរុញ ទំនាក់ទំនង​រវាង​ប្រទេស​បងប្អូន​សត្រូវ​កូរ៉េទាំងពីរ។

ម្យ៉ាង​វា​ធ្វើឡើង​នៅ​ចំ​ថ្ងៃ ដែល​កូរ៉េខាងជើង ប្រារព្ធ​បុណ្យខួប រំលឹក​ថ្ងៃ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ លើកទី ៦៨។ នៅថ្ងៃ​អង្គារ​ទី ២៧ ខែ​កក្កដានេះ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​បង្ហាញ​រូបភាព មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​អញ្ជើញ​ទៅ​ដាក់ផ្កា​នៅ​ស្តូបរំលឹកវិញ្ញាណក្ខន្ធ​កងទ័ព​កូរ៉េខាងជើង ដែល​ស្លាប់ពលីជីវិត នៅក្នុង​សម័យ​សង្រ្គាមកូរ៉េ ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។

នៅខាង​ភាគី​កូរ៉េខាងត្បូង នៅក្រោយ តភ្ជាប់​ខ្សែទូរស័ព្ទ​ក្រហម​ឡើងវិញ នៅព្រឹកថ្ងៃ​អង្គារ​នេះ ក្រសួង​សម្រាប់​ការបង្រួបបង្រួមកូរ៉េ ហើយ​និង​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា ខ្សែទូរស័ព្ទ​បាន​ដំណើរការធម្មតា​ឡើងវិញ និង​ថា ពួកគេ​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ ភាគី​កូរ៉េខាងជើង។

សម្រាប់អ្នកជំនាញ ដោយ​សុខ​ចិត្ត តភ្ជាប់​ខ្សែទូរស័ព្ទ ដែល​ជា​បណ្តាញ ទំនាក់ទំនង​តែមួយគត់ រវាង​បងប្អូន​សត្រូវ កូរ៉េទាំងពីរ មេដឹកនាំកូរ៉េខាងជើង​ចង់​បង្ហាញ កាយវិការ​វិល​ត្រលប់​ទៅ ស្តារ​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងត្បូង ក្នុង​ដំណាក់កាល​ដំបូង និង​ការចរចា​ជាមួយ អាមេរិក ក្នុង​ដំណាក់កាល​បន្ទាប់។

គេអាច​ថា មេដឹកនាំ​កូរ៉េខាងជើង​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន ដែលបាន​បោះដៃ ចង់​ចរចា​ផ្នែកការទូត​ជាមួយ​កូរ៉េខាងជើង ដើម្បី ដោះស្រាយសំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ហេតុអ្វីបានជា​កូរ៉េខាងជើង ឆ្លើយតប​នឹង​ការបោះដៃ​របស់​កូរ៉េខាងត្បូង និង​អាមេរិក​លើកនេះ ? គេជឿថា ការហុចដៃ​តបទៅវិញ របស់​កូរ៉េខាងជើង នឹង​អាច​ជួយដោះស្រាយ​វិបត្តិផ្ទៃក្នុង និង​ទំនាក់ទំនង​ការបរទេស​របស់​កូរ៉េខាងជើង។ មេដឹកនាំ​កូរ៉េខាងជើង ផ្ទាល់​ធ្លាប់​បាន​ទទួល​ស្គាល់ ពី ការលំបាកផ្នែកសេដ្ឋកិច្ច របស់​កូរ៉េខាងជើង ដែល​បណ្តាល​មកពី ការបិទព្រំដែន ក្នុង​កាលៈទេសៈ​កូវីដ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ហើយ​និង​គ្រោះមហន្តរាយ​ធម្មជាតិ។ ដោយសុខចិត្ត​តភ្ជាប់​ខ្សែទូរស័ព្ទ ដែលអាច​ជា​ជំហាន​មួយ​នៃ​ការត្រលប់​ទៅ​ស្តារទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ក្រុង​ព្យុងយ៉ាង អាច​រំពឹង​ចង់​បានជំនួយ សេដ្ឋកិច្ច​ពីកូរ៉េខាងត្បូងផង និង​សង្ឃឹម​ឲ្យ​អាមេរិក ផ្តល់ដង្ហើមដក ដល់​កូរ៉េខាងខាងជើង តាមរយៈ​ការបន្ធូរបន្ថយ ទណ្ឌកម្ម​សេដ្ឋកិច្ច។

ខ្សែទូរស័ព្ទ ក្រហម មាន​វាសនា​មិនទៀងទាត់

ទូរស័ព្ទ​ក្រហម គឺ​ជា​មធ្យោបាយ​ទាក់ទង​គ្នា​បន្ទាន់រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ នៅ​ទសវត្ស​១៩៥០។ ប៉ុន្តែ កន្លងមក បណ្តាញ​ទំនាក់ទំនង ផ្នែក​យោធា និង​នយោបាយ​ត្រូវ​រអាក់រអួល ជាញយដង ដោយសារ តែ កូរ៉េខាងជើង បាន​សម្រេច​អត្តនោម័ត កាត់ផ្តាច់​ភឹង ដោយសារ​តែខឹង មិនពេញ​ចិត្ត​នឹង​កូរ៉េខាងត្បូង ដោយ​ប្រការណាមួយ។

ឧទាហរណ៍ នៅពេល​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង កាន់តែ​តានតឹង និយាយ​មិនត្រូវគ្នា កូរ៉េខាងជើង បាន​បិទខ្សែទូរស័ព្ទ មិន​និយាយ​រក​កូរ៉េខាងត្បូង។ ប៉ុន្តែ នៅ​ឆ្នាំ ២០១៣ ដោយសារ​តែ ឃើញ រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា ពិភាក្សា​ជាមួយ​ចិន ដែល​ជា​សម្ព័ន្ធមិត្តសំខាន់ របស់​កូរ៉េខាងជើង កូរ៉េខាងជើង បាន​បន្ថយភាពតានតឹង ដោយសុខចិត្ត​បើក​ទូរស័ព្ទ ចរចា​ជាមួយ​ភាគីកូរ៉េខាងត្បូងឡើងវិញ។

នៅ​ឆ្នាំ ២០១៦ ដោយសារ​តែ ខឹង​កូរ៉េខាងត្បូង បិទ​តំបន់​សេដ្ឋកិច្ច​កៃសុង ក្នុង​ទឹកដី​កូរ៉េខាងជើង នៅក្រោយ​កូរ៉េខាងជើង បាញ់​សាកល្បង​ក្បាលគ្រាប់នុយក្លេអ៊ែរ កូរ៉េខាងជើង​បាន​កាត់ផ្តាច់​ទូរស័ព្ទម្តង រហូត​ដល់​ឆ្នាំ ២០១៨ ទើប​បើក​ឡើងវិញ នៅមុនពេល​ជំនួបកំពូលមេដឹកនាំ​កូរ៉េទាំងពីរ ហើយ​និង​ជំនួបកំពូល កូរ៉េខាងជើង និងអាមេរិក។

ដោយ​ចោទប្រកាន់​រដ្ឋាភិបាល និងកងទ័ព​កូរ៉េខាងត្បូងថាបានបណ្តែតបណ្តោយ ឲ្យ​សកម្មជន​ប្រឆាំង បង្ហោះ ប៉ោងៗ បាចសាច​ខិតបណ្ណ​ដែលមាន​ន័យ​ឃោសនា​រិះគន់ ថ្នាក់ដឹកនាំ​កូរ៉េខាងជើង ក្រុង​ព្យុងយ៉ាង ក៏បាន​សម្រេច​ជាថ្មីម្តងទៀត បិទចោល ទូរស័ព្ទក្រហម នៅ​ឆ្នាំ ២០២០ មុន​នឹង​ត្រូវ​តភ្ជាប់ឡើងវិញ នៅថ្ងៃ​អង្គារនេះ។ ជា​ការសន្និដ្ឋាន ការស្តារទំនាក់ទំនង ខ្សែទូរស័ព្ទ រវាង​កូរ៉េ​ទាំងពីរ នៅតែ ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយខ្លាំង ដោយ​គេ​មិនដឹងថា តើ​កូរ៉េខាងជើង នឹង​អាច​កាត់ផ្តាច់​សាជាថ្មី នៅពេលណា​ទៀត នោះទេ។ អ្វីៗ​គឺអាស្រ័យ​ទៅលើការសម្រេច​របស់​កូរ៉េខាងជើង​តែមួយប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI