លោកឃួង ស្រេង៖អាជ្ញាធរនឹងដើរល្បាតគ្រប់ច្រកល្ហកទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីកុំឱ្យមានការជួបជុំគ្នាច្រើន
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសកុំឱ្យមានជួបជុំគ្នាលើសពី២០នាក់ និងបានប្រាប់ឱ្យផ្អាកកម្មវិធីរៀបអាពាហ៍ពិពាហ៍រយៈពេល១៥ថ្ងៃសិន ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ការហាមប្រាមនេះ គឺសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញតាមរយៈនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះបានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានជូនដំណឹងនេះទៅបណ្តារោងការ និងម្ចាស់ការ ដូចជាប្រជាពលរដ្ឋទូទៅរួចហើយ។ បន្ថែមលើនេះ លោកបានលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចនឹងដើរល្បាតឃ្លាំមើលនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីកុំឱ្យមានការជួបជុំគ្នាច្រើន។