អារ្យធម៌ខ្មែរ

នគរ ឬអង្គរ ​ក្នុង​គំនិតខ្មែរ

សំឡេង ១១:២៦
អង្គរ មិនមែន​​សំខាន់ត្រឹមតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ឬ​ដុំថ្មរាប់សតវត្សរ៍ នោះទេ ប៉ុន្តែ​«តម្លៃអរូបិយ» មិនអាចកាត់ថ្លៃបាន គឺ«មត៌កអង្គរ» តាមរយៈជីវភាពប្រជាជន។ - ឡុង តូន មគ្គុទេសក៍​ ទេស​ចរណ៍​ ភាសា​បារាំង​
អង្គរ មិនមែន​​សំខាន់ត្រឹមតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ឬ​ដុំថ្មរាប់សតវត្សរ៍ នោះទេ ប៉ុន្តែ​«តម្លៃអរូបិយ» មិនអាចកាត់ថ្លៃបាន គឺ«មត៌កអង្គរ» តាមរយៈជីវភាពប្រជាជន។ - ឡុង តូន មគ្គុទេសក៍​ ទេស​ចរណ៍​ ភាសា​បារាំង​ © LONG TON ឡុង តូន

នាទី«អារ្យធម៌» នៅ​ថ្ងៃព្រហស្បតិ៍​ ទី​៨មេសា ហេង ឧត្តម សូម​​ផ្តោតប្រធានបទ​ពី​ «អង្គរក្នុង​ផ្នត់​គំនិត​ខ្មែរ»​។ អង្គរ ​តំណាងខ្មែរ ​ជាចំណុច​រួម​​របស់​ជាតិ​ខ្មែរទាំងមូល​។ មិន​ថា​ មនុស្ស​ខ្មែរ​ក្នុងស្រុក​ ឬក្រៅប្រទេស​នោះ​​ទេ កាលណា​​ឱ្យតែ​គេ​ឮពីអង្គរ​ គឺ​ក្នុង​ចិត្ត ​មាន​សេចក្តីត្រេកអរ ប្រកប​ដោយ​មោទនភាព​​​​។ ​

ផ្សាយពាណិជ្ជកម្ម

ក្នុង​សម្ភាសន៍​នេះ ​កូនខ្មែរ​ កើតនិងធំដឹងក្តី​​នៅ​បារាំង កញ្ញា ក្លូអេ ខេម៉ា កាមុយស៍ ​(Chloé Khema Camus) ខំរៀនខ្មែរ​ នៅ​សាលាជាតិ​ភាសា​និង​អារ្យធម៌​បូព៌ាប្រទេស (INALCO) ក្នុងក្រុងប៉ារីស ហើយនាងប្រឹង​​និយាយភាសា​ខ្មែរ ពី​អង្គរ។​

​អង្គរ នាំឲ្យ​គ្រប់គ្នា​​នឹក​ដល់​ មហាអាណាចក្រខ្មែរ​ ដ៏​​រុងរឿង​ ក្នុង​សតវត្សទី​៩ ដល់ទី​១៤​។ តំបន់​រមណីដ្ឋាន​អង្គរ​ ​​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ​១៩៩២។ អង្គរ​ ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បាន​នាំប្រភព​សេដ្ឋកិច្ច យ៉ាង​សន្ធឹក ដល់​កម្ពុជា​។ ពាក់កណ្តាល​ ឆ្នាំ​២០១៩ ប្រាក់ចំណូល ​លក់សំបុត្រទស្សនា​តំបន់អង្គរ គឺ​យ៉ាងហោច​ ចំនួនជាង ៥០លានដុល្លារ ។​ ច្រើន​ជាង​នេះទៅទៀត គឺ​​​៩ខែ​ ដើម​ឆ្នាំ២០១៨  ​ជាង​៨០លាន​ដុល្លារ​​អាមេរិក ។

អ្នក​​រស់​នៅ​អាស្រ័យ​ផល​ នឹង​ចរន្ត​សេដ្ឋកិច្ច​ ដោយសារតែ​អង្គរ តែងតែ​ដឹង​គុណ​ប្រាសាទ​មិន​តិចទេ។ មគ្គុទេសក៍​ ទេស​ចរណ៍​ ភាសា​បារាំង​ លោក ឡុង តូន​ ​យល់ឃើញ​ថា​ ប្រាសាទ​អង្គរ ឬតំបន់​អង្គរ​ទាំងមូល មិនមែន​មានសារៈ​សំខាន់​ត្រឹមសម្បត្តិ​ប្រវត្តិសាស្ត្រ​ ស្ថាបត្យកម្ម ឬ​តម្លៃ​នៃ​ដុំថ្ម​រាប់​​សតវត្សរ៍​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ នៅមាន​«តម្លៃ​អរូបិយ​»ដែល​មិន​អាច​កាត់​ថ្លៃបាន​ គឺ​«មត៌កអង្គរ» តាមរយៈ​ជីវភាព​ប្រជាជន។ ​

អ្នក​ស្រាវជ្រាវ​ពីសាសនា និង​ពី​​ ​​តំបន់​អង្គរ ​តែងតែ​អះអាង​គ្រប់ៗ​គ្នាថា «ខ្មែរ​មិន​ដែល​ចោល​អង្គរ​»។​ ​​។​​ ពាក្យឬឈ្មោះ អង្គរ មិនមែន​មាន​តម្លៃ​ត្រឹមតែ​នៅ​ក្នុង​តំបន់​អង្គរ ឬ​រង្វង់​ខេត្ត​សៀមរាប​នោះទេ។ សព្វថ្ងៃ​សម័យ​ទំនើប ពាក្យ ​«នគរ» និង «អង្គរ» គឺ​ប្រើ​ចម្រុះ​គ្នា​យ៉ាង​សម្បូរបែប ទូទាំងប្រទេស​។​ ​

គ្រូបង្រៀនអារ្យធម៌ខ្មែរ នៅស្រុកជប៉ុន បណ្ឌិត ញឹម សុធាវិន្ទ ​​សង្កត់​ធ្ងន់ថា និមិត្តរូប​អង្គរ ​​តំណាង​ឲ្យ​ស្មារតី​ជាតិ​យ៉ាង​មុតមាំ។ ជន​ជាតិ​ខ្មែរ មិនថា​ឡើយ សម័យ​ណា​ ឬរបប​នយោបាយណា មាន​​ពណ៌​សម្បុរបែបណា​ទេ​ គឺ​មិន​ដែល​ភ្លេច «អង្គរ» សោះឡើយ។ ពោលគឺ​ទង់ជាតិ​តែង​ភ្ជាប់​រូប​អង្គរ​ជានិច្ច​។​

ទង់ជាតិខ្មែរ​ស្ទើរ​គ្រប់​សម័យ​កាល​ ​ភ្ជាប់​រូប​អង្គរ  ក៏ត្រូវ​​អ្នក​គ្រូ ព្រំ ស៊ីសាផាន្ឋា  នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់​ស្រប​ឯកភាពដែរ និងថា ​រឹងរឹត​តែពិសេស គឺ​ផ្នែក​សិល្បៈ។  ជាអ្នក​ស្រាវជ្រាវ​ខាង​សិល្បៈ​ផង​  អ្នក​គ្រូ ព្រំ ស៊ីសាផាន្ឋា តែងតែ​បង្ហាត់បង្ហាញ​កូន​សិស្ស​ខ្មែរ​និងជាតិ​​បរទេស ថា ​ផ្នត់​គំនិត​ពី​អង្គរ​ គឺ​បាន​ចាក់ឫស​ជ្រៅ​នៅក្នុង​តម្លៃ​សិល្បៈ​ខ្មែរ​។

ឯ​ទម្រង់ក្បាច់រចនា​ សំណង់​ អគារ ក៏​​មានរំលេចគំរូអង្គរ​ច្រើន ​នៅក្នុង​ស្នាដៃ​ស្ថាបត្យកម្ម​។​ ជាឧទាហរណ៍​វណ្ណកម្ម​សំណង់​អគារ​​មួយ​ចំនួន របស់​ស្ថាបត្យករ វណ្ណ មូលីវណ្ណ តាមរយៈ​ «​វិមានឯករាជ្យ​» «ពហុកីឡដ្ឋានជាតិ» ជាតឹងតាង​ស្រាប់។

តម្លៃ​នៃអង្គរ​ក្នុង​ផ្នត់​គំនិត​ខ្មែរ ​​សម្បូរបែបណាស់។ គេ​អាច​នឹង​ថ្លាថ្លែង​ច្រើន​យប់​ច្រើន​ថ្ងៃ ក៏ទំនង​ជា​​​មិនអស់​​ផង​។ សាលាបារាំងចុងបូព៌ា Ecole Française de l’Extrême-Orient  - EFEO កើតឆ្នាំ ១៩០៧ បាន​សិក្សាពី​​អង្គរ ​ជាង​១០០ឆ្នាំហើយ ក៏​នៅ​តែមិនទាន់​អស់​ប្រធានបទ​​​។ ហេតុដូច្នេះ​ ទើប​លោក​ ហ៊ុន ឈុនតេង គ្រូ​បង្រៀន​ នៅភ្នំពេញ ​​​មាន​យោបល់ថា គេ​ពុំ​គួរ​ ភ្ជាប់​រូប​ភាពអង្គរ ទៅនឹង​គ្រឿង​វត្ថុ​ទាំងឡាយ​ណា​ ដែល​ពុំគប្បី​។​

ក្នុង​វិស័យ​ព័ត៌មានវិញ​​ កាសែត​ជាតិ​និយម​ខ្មែរ នាសម័យ​អាណាព្យាបាល​បារាំង​ ក៏​​​យក «អង្គរវត្ត​​»ឬ«នគរ​វត្ត»​នេះមកដាក់ជា​​ឈ្មោះ​ដែរ​​ គឺ​កាសែត​នគរវត្ត បង្កើត​ចុង​ឆ្នាំ​១៩៣៦ ដោយ​អ្នក​ជាតិនិយមខ្មែរ​មួយ​ក្រុម​។​ ​អត្ថបទ​ទូទៅ​របស់​កាសែតនគរវត្ត ​​ច្រើន​​ក្នុងន័យ​ដាស់តឿន​រំលឹក​ជន​ជាតិខ្លួន កុំ​ឲ្យ​ខ្ជិលច្រអូស និង​ឲ្យ​ប្រឹង​ប្រែង​ធ្វើការងារ​ រកស៊ី​ជួញដូរ ហើយ​និង​កុំឲ្យ​បាក់ស្បាត ​រស់​ក្រោម​គំនាប ​នៃជាតិ​ដទៃ៕​

 

-សូម​ចុច​ស្តាប់​សំឡេង​សម្ភាសន៍​ទាំងស្រុង​។

-សំឡេងឧបករណ៍​​ឯកតន្ត្រី ​ប្រគំដោយ​​ ហៀង​ ឈុនហេង ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI