អារ្យធម៌ខ្មែរ

កាសែត នគរវត្ត ជាសារព័ត៌មានភាសាខ្មែរ​ ​ដំបូង​គេ

សំឡេង ១០:៥២
សារព័ត៌មាន នគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ក្នុងសម័យអាណាព្យាបាលបារាំង ហើយចន្លោះបារាំងនិងជប៉ុន។
សារព័ត៌មាន នគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ក្នុងសម័យអាណាព្យាបាលបារាំង ហើយចន្លោះបារាំងនិងជប៉ុន។ ©

ដើមសប្តាហ៍​នេះ ជា​​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។ អាស្រ័យ​ហេតុនេះ​ ហេង ឧត្តម សូម​ណែនាំ​លោកអ្នក​នាង​ស្តាប់ ឲ្យ​បាន​ជ្រាបពី​ កាសែតនគរវត្ត ដែល​ជា​សារព័ត៌មានបង្កើតដំបូងគេ ជាភាសាខ្មែរ​​​​ នៅឆ្នាំ​១៩៣៦។​

ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ នគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ​​ក្នុង​សម័យអាណាព្យាបាល​បារាំង ហើយចន្លោះ​បារាំងនិងជប៉ុន។ នេះ​ជាជាកាសែត​ជាតិនិយម ទី១ នៅកម្ពុជា។ ពី​ដំបូងឡើង កាសែតនគរវត្ត តែងនិពន្ធ​​ ​ដាស់តឿនខ្មែរ ឲ្យភ្ញាក់រលឹក ឲ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួយដូរ ហើយកុំឲ្យចាញ់ច្រាបជនបរទេស ពិសេសចិន និងវៀតណាម​ ដែលមករស់នៅលើដីខ្មែរ កាន់កាប់ជំនួញ និង សេដ្ឋកិច្ចក្នុងស្រុក នាជំនាន់​បារាំង​គ្រប់គ្រងប្រទេស​​។

កាសែតប្រចាំសប្តាហ៍ នគរវត្ត ​បង្កើតនិងសរសេរដោយក្រុមបញ្ញវន្តខ្មែរ និងពួក​អ្នកជាតិនិយម ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោក​សង្ឃ​។

កាសែត​​​ខ្មែរទី១ ​បង្កើត​ឡើង​ក្នុង​កាលៈ​ទេសៈ​ដែល​ស្រុក​ខ្មែរ ឋិត​​នៅក្រោម​ការ​ត្រួតត្រា​របស់​បរទេស​ គឺ​ពុំ​មែន​ជា​រឿង​សាមញ្ញ​ និង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ គេ​ត្រូវ​គិតគូរ​លើច្រើ​នចំណុច។​ ទី១ ទំនង​ជាត្រូវការ​មាន​ប្រភព​សេដ្ឋកិច្ច​ច្រើន ដើម្បីទ្រង់ទ្រង​ការ​បោះពុម្ព​ផ្សាយ​ ហើយទី២ ត្រូវការ​ធនធាន​មនុស្ស​ច្រើន​ ដើម្បី​ចូលរួម​សរសេរអត្ថបទ​នីមួយៗ​​ ហើយ​ទី៣ ការ​គាំទ្រ​ពី​កម្លាំង​នយោបាយ​ធំណាមួយ ជាខ្នង​បង្អែក ទើប​អាច​ឈរជើង​ជាប់។​

នៅ​លើ​ទំព័រ​កាសែតនេះ ដែល​មាន​តម្កល់​នៅស្រុក​បារាំង​​ និង​មាន​អាយុ​៨៥ឆ្នាំទៅហើយ គឺ​ គេ​ឃើញ​តែឈ្មោះ​អ្នក​ជំនួញ ប៉ាច ឈឺន ដែល​ជា​ស្ថាបនិក និង​ជា​ចាងហ្វាង​ការផ្សាយ ក្រៅពីនោះ សុទ្ធតែ​លាក់​មុខ​លាក់​ឈ្មោះទាំងអស់​។​

ចំពោះ​អ្នក​ស្រាវជ្រាវ​  ជាទូទៅ គេច្រើន​យល់ថា កាសែតនគរវត្ត ជាសារព័ត៌មាន​«ប្រឆាំងបារាំង»។ និយាយតែ​មួយ​ម៉ាត់​ដូច្នេះ​ គឺមិនត្រឹមត្រូវ​ទាំងស្រុងនោះទេ។ ដ្បិត​ថា កាសែត​នេះ មានការបត់បែនច្រើន ដែល​ ពីដំបូងៗឡើយ អត្ថបទ​​ច្រើន​ ក៏​ការ​សរសេរ​​សរសើរ​ដឹង​គុណ​បារាំងច្រើន​​ណាស់ ដែលថា ​បារាំង​បាន​ជួយ​ការពារ​អាយុជីវិត​ផែនដីខ្មែរ​ នៅ​ចំពោះ​មុខ​នៃប្រទេសជិត​ខាង​។​

សូម​អញ្ជើញ​តាម​ដាន​ស្តាប់សំឡេង​ទាំងស្រុង​ដោយ​មាន​ការ​ពន្យល់​ពី​សំណាក់បណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា និងជា​ប្រធាន​ស្ថាបនិក​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ (អ៊ីនធឺរេដ)៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI