ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​​​បាញ់​មីស៊ីល​​​៣ដើម​​​​​ព្រមាន​​​សមយុទ្ធយោធា​​​​កូរ៉េខាងត្បូង​​-​​អាមេរិក​​

មេដឺកនាំ​កូរ៉េខាងជើង លោក​គឺម ជុងអ៊ុន ​
មេដឺកនាំ​កូរ៉េខាងជើង លោក​គឺម ជុងអ៊ុន ​ រូបភាព​ដែល​​Reutersទទួលបាន​ពីគេ

កូរ៉េខាងត្បូង​និងអាមេរិក​បាន​ផ្តល់ដំណឹង​នៅថ្ងៃសៅរ៍នេះ ថា​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីលជាថ្មី​ ជាមីស៊ីល​ចំងាយ​ខ្លី ចំនួន​​៣ដើម ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន។ ការបាញ់​នេះ ធ្វើឡើង​ចំពេល​កូរ៉េខាងត្បូង​និង​អាមេរិក​​ធ្វើសមយុទ្ធ​យោធា​រួមគ្នា។ ​ខាងកូរ៉េខាងជើង​វិញ​ប្រាប់ថា ទន្ទឹមនឹង​ការបាញ់​មីស៊ីល​ទាំងនេះ កងកម្លាំង​ពិសេស​កូរ៉េខាងជើង​ក៏​បាន​ធ្វើ​សមយុទ្ធ​​យោធា​​របស់ខ្លួន​​ ​ប្រកប​ដោយជោគជ័យ​ដែរ។ ​ម្សិលមិញ ​ចិនបាន​​​​ប្រកាស​ហាមឃាត់​កូរ៉េខាងជើង​មិនអោយ​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ ក្នុងទឹកដី​ចិន។​

ផ្សាយពាណិជ្ជកម្ម

ក្រុងព្យុងយ៉ាង​​បាញ់​មីស៊ីល​ចំងាយខ្លី តែ​ក៏​ប្រាប់ថា ​​មានសមយុទ្ធ​យោធាកងកម្លាំង​ពិសេស​កូរ៉េខាងជើង​ដែរ

ក្នុង​ខែកក្កដា ក្រុងព្យុងយ៉ាង​បានបញ្ឆេះ​កំហឹង​លោក​ដូណាល់ ត្រាំ ដោយសារ​បានបាញ់​មីស៊ីល​អន្តរទ្វីប​ដល់ទៅ​២ដង។ តែ​ឥឡូវនេះ ខែសីហាមិនទាន់​ផុត​​ទេ កូរ៉េខាងជើង​បាញ់​ផ្គើន​មីស៊ីល​៣ដើម​ថែមទៀត​​។ ស្ថានការណ៍​មិនងាយស្ងប់ទេ ខែសីហា​នេះ ដោយសារ​តែកូរ៉េខាងត្បូង​និង​អាមេរិក​​បន្ត​សមយុទ្ធយោធា​ប្រចាំឆ្នាំ។ ដូចដែល​យើងដឺងអញ្ចឹង សម្រាប់​លោក​គឹម ជុងអ៊ុន​ សមយុទ្ធ​នេះតំណាង​ការ​ត្រៀម​វាយលុក​ប្រឆាំង​កូរ៉េខាងជើង។ វាជាប្រពៃណី​ទៅហើយ អោយតែ​មាន​សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង​ គឺ​ត្រូវតែ​មាន​​​ការបាញ់​មីស៊ីលរបស់​ក្រុងព្យុងយ៉ាង តប​ទៅវិញ​ដែរ។ គឺដើម្បី​បង្ហាញ​ថា ព្យុងយ៉ាង​មិនពេញចិត្ត​ឃើញសមយុទ្ធ​នេះបន្តធ្វើ​ក្បែរដែនដី​ខ្លួន។ ​​​

ប៉ុន្តែ ​លោកគឺម ជុងអ៊ុន ទំនង​មិនសូវ​ហ៊ាន​ផ្គើន​ហួសហេតុដូច​កាលពី​ខែកក្កដា​ដែរ ទើប​បានជា​មិនបាន​បាញ់​មីស៊ីលអន្តរទ្វីប។ ដោយសារ​តែ​មីស៊ីល​អន្តរទ្វីប​បាញ់២ដង កាលពី​​ខែកក្កដា​នេះហើយ ទើប​អន្តរជាតិ​ដាក់ទណ្ឌកម្ម​​​កូរ៉េខាងជើង​កាន់តែធ្ងន់​ ក្នុង​នោះ​មាន​ទាំងចិន​ផងដែរ ដែល​​​​មិនបាន​ជំទាស់ទណ្ឌកម្ម​អន្តរជាតិ។ ដូច្នេះ ដើម្បី​ព្រមាន​សមយុទ្ធ​​យោធា​រវាង​អាមេរិក​​និង​កូរ៉េខាងត្បូង លោក​គឺម ជុងអ៊ុន ជន្លមីស៊ីល​៣ដើម​នេះ​លេងតែម្តងទៅ ពោលគឺ​បាញ់​ប្រភេទ​មីស៊ីល​ចំងាយ​ខ្លី កុំអោ​យ​ប៉ះពាល់ទឹកដី​ប្រទេសជិតខាង ដូច​ជា​ជប៉ុន​ជាដើម។ ជាក់ស្តែង ​ជប៉ុន​​ប្រាប់ថា គ្មានការ​ប៉ះពាល់ទៅលើ​​ដែនដី​ជប៉ុនទេ ហើយ​ក៏​មិនគំរាម​សន្តិសុខ​ជប៉ុនដែរ។ ខាង​អាមេរិក​វិញ​ប្រាប់ដែរថា មីស៊ីល​កូរ៉េខាងជើង​​មិនបានគំរាម​កោះហ្គាំ នៅ​ប៉ាស៊ីហ្វិក មិនបាន​គំរាម​ទឹកដី​អាមេរិក​ទេ។

ការ​​​ជន្ល​មីស៊ីល​ចំងាយខ្លី ដាក់​អាមេរិក​និង​ក្រុងសេអ៊ូល​ ដូចជា​មិនសូវជាខ្លាំង អញ្ចឹង​ដើម្បី​អោយ​ឃើញទំងន់​នៃ​ការព្រមាន ​​ក្រុងព្យុងយ៉ាង​ប្រាប់​​​ថា ​ទន្ទឹម​នឹង​ការ​បាញ់​មីស៊ីល​ទាំងនេះ កងកម្លាំង​ពិសេស​កូរ៉េខាងជើង​បាន​ធ្វើសមយុទ្ធ​យោធា​ ក្រោម​ការត្រួតពិនិត្យ​របស់​លោក​គឺម ជុងអ៊ុន ដោយមានការ​ចូលរួម​របស់​យន្តហោះ និង​សម្ភារ​យោធា​ផ្សេងៗទៀត។ ​​​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើងចុះផ្សាយ​​ថា​​​ ​ការ​វាយប្រហារ​ទៅលើ​កោះកូរ៉េខាងជើង​ដូចជា​មានប្រភព​ចេញ​មកពី​ខាងកោះ​កូរ៉េខាងត្បូង។ ក្នុង​ន័យនេះ ក្រុងព្យុងយ៉ាង​​លើកឡើង​ថា ​​កងកម្លាំង​ពិសេស​កូរ៉េខាងជើង​​វាយលុក​កោះ​ទាំងនោះ​ ហើយកំទេច​សត្រូវខ្ទេចម៉ត់។ ក្រុងព្យុងយ៉ាង​ប្រើ​​ពាក្យពេចន៍​ទាំងនេះ​ដើម្បី​ព្រមាន​​ថា​ បើ​អាមេរិក​និង​កូរ៉េខាងត្បូង​វាយកូរ៉េខាងជើង កូរ៉េខាងជើង​ក៏​មិនខ្លាច​នឹ​ងកំទេច​ពួកគេ​អោយម៉ត់​ដូច​​ផេះ​ដែរ។ ក្រុងព្យុងយ៉ាង​លើកឡើង​ទៀតថា ​​ ​កងកម្លាំង​ពិសេស​កូរ៉េខាងជើង​​បានសម្រេចជោគជ័យសមយុទ្ធ​ទៀតផង។

ដោយឡែក មីស៊ីល​ចំងាយខ្លី​៣ដើម ដែល​កូរ៉េខាងជើង​បាញ់ថ្ងៃនេះ បើតាម​ក្រុមជំនាញ គឺអាច​ជា​មីស៊ីល​ថ្មីៗ​ ដែលក្រុងព្យុងយ៉ាងកំពុង​​អភិវឌ្ឍន៍។ ហើយ​​ពេល​មាន​សមយុទ្ធ​យោធា​អាមេរិក​និង​ក្រុង​សេអ៊ូល ក្រុងព្យុងយ៉ាង​ក៏​​ឆ្លៀត​បាញ់​សាកល្បង​មើល​​ប្រសិទ្ធភាព​ទៅ។ ប៉ុន្តែ ក៏​សាកល្បង​មិនអោយ​ប៉ះពាល់​គេឯងដែរ។ ​ ​​

ចិន​បង្ហាញ​ជំហរ​ជា​អ្នកត្រិះរិះ​ត្រឹមត្រូវជាងគេ​ ក្នុង​ការដោះស្រាយ​បញ្ហា​កូរ៉េខាងជើង

ថ្ងៃសុក្រ​ម្សិលមិញ​ ចិនបាន​ប្រកាស​​​​​ហាមឃាត់​មិនអោយកូរ៉េខាងជើង​​​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ ក្នុងទឹកដី​ចិន​ទៀត។ ​សប្តាហ៍​មុននេះ ចិនក៏​ទើបបាន​ប្រកាស​ព្យួរ​ការនាំចូល​ដែក សំណ និង​ផលិតផល​​សមុទ្រ​​​ពី​កូរ៉េខាងជើងដែរ។ ​​

ចិន​ប្រកាស​ទណ្ឌកម្ម​នេះ គឺ​គោរពតាម​ទិសដៅ​​អង្គការសហប្រជាជាតិដែល​បាន​​អនុម័ត​បន្ថែម​ទណ្ឌកម្ម​​​ថ្មីៗ​ទៅលើ​​កូរ៉េខាងជើង កាលពី​ដើមខែ​សីហា​នេះ។ ពេលនេះ ចិន​ហាមឃាត់​​អ្នកវិនិយោគ​កូរ៉េខាងជើង​មិនអោ​យបោះទីតាំង បង្កើតក្រុមហ៊ុនថ្មីៗ ក្នុងទឹកដី​ចិន​ទៀតទេ។ ​សូម្បី​តែ​ចង់​បង្កើត​សហគ្រាស​រួមគ្នាជាមួយ​ចិន ក៏​ចិន​មិនអោយ​ធ្វើ​ដែរ។ ​ហើយ​អ្នកវិនិយោគ​ចិនរឺ​ក្រុមហ៊ុន​ចិន​វិញ​ក៏​លែង​មានសិទ្ធិ​បន្ថែម​ការវិនិយោគ​ក្នុង​ទឹកដី​កូរ៉េខាងជើង​ដែរ។ ពេលនេះ​ចិន​ហាមឃាត់កាន់តែធ្ងន់។ យើងពិតជា​ឆ្ងល់​ហើយថា ខាងអាមេរិក​ឯណោះ​មិនបាន​ចិត្តល្អ​ជាមួយ​ចិន​ទេ អាមេរិក​មិនខ្លាច​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុន​ចិន​ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ទេ។ ហេតុអ្វី​ក៏ខាងចិន​បែរជា​បង្ហាញ​បំណងល្អ ស្តាប់​អាមេរិក​ដែល​ស្នើ​អោយ​ចាត់វិធានការអោយធ្ងន់​ទៅលើ​កូរ៉េខាងជើង​ទៅវិញ?

ចិន​ប្រកាស​ទណ្ឌកម្ម​កាន់តែធ្ងន់​ប្រឆាំងកូរ៉េខាងជើង ក៏​ប្រហែល​ដើម្បី​ប្រាប់សហគមន៍​អន្តរជាតិ​ដែរថា ចិន​ជាអ្នក​មាន​ការត្រិះរិះ​ហ្មត់ចត់ ចិន​ត្រឹមត្រូវ​ជាងគេ ចិន​ល្អជាង​អាមេរិក​ ក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា។​ ប្រៀប​នឹង​លោក​ដូណាល់ ត្រាំ ដែល​ចេះ​តែ​ប្រើ​ធម៌ក្តៅ​គំរាមទៅគំរាម​មក​ជាមួយ​កូរ៉េខាងជើង ចិនចូលចិត្ត​ប្រើ​ធម៌ត្រជាក់។ បើ​លោក​ត្រាំ ស្អប់ចិន​ក៏ស្អប់ទៅចុះ ចិន​មិនសងសឹក​ ​វិញទេ។​ ចិន​ធ្វើអ្វី​ដែល​សមហេតុផលប៉ុណ្ណោះ។ បើ​កូរ៉េខាងជើង​គំរាម​សន្តិសុខ​តំបន់ ចិន​ក៏​​មិន​អោបដៃ​មើលដែរ ត្រូវតែសហការ​ជាមួយ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​​អញ្ចឹងហើយ បើទោះ​ជាត្រូវខាតប្រយោជន៍​ពាណិជ្ជកម្ម​​ចិន​ក៏ដោយ។ ​ចិន​មិន​​កាន់ជើង​កូរ៉េខាងជើង​ទេ។ ចិននៅតែ​ប្រកាន់​ជំហរ​អោយ​គ្រប់ភាគី​ចេះ​អត់ធ្មត់ ក្នុង​ការ​ដោះស្រាយវិបត្តិ​។​

ការបង្ហាញ​ជំហរ​សមហេតុផល​ គិតត្រូវធ្វើត្រូវ​ដូច្នេះ អាច​នឹង​អោយ​សហគមន៍​អន្តរជាតិ កាន់តែ​​​ទុកចិត្ត​ចិន អោយ​គេស្តាប់​យោបល់​ចិន​កាន់តែ​ច្រើន ​ក្នុង​ការស្វែងរក​​ដំណោះស្រាយ​​​​ជម្លោះ​ផ្សេងៗ។ ពេលនេះ លោក​ដូណាល់ ត្រាំ ធ្លាក់ប្រជាប្រិយភាព​​​ផង ចិន​ត្រូវតែ​ឆ្លៀត​បង្ហាញ​ជំហរត្រឹមត្រូវ​​ ដើម្បី​លើកស្ទួយ​​មុខមាត់​ចិន​​​ហើយ៕​ ​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI