កូរ៉េខាងត្បូង បញ្ចប់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខជាមួយជប៉ុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូរ៉េខាងត្បូង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២២ សីហា បានប្រកាសថានឹងមិនបន្តចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាមួយប្រទេសជប៉ុនទៀតនោះទេ។ សេចក្តីប្រកាសនេះ បានធ្វើឲ្យជប៉ុន ខកចិត្តជាខ្លាំង និងរឹតតែរុញច្រានឲ្យកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ រវាងប្រទេសក្បែរខាងទាំងពីរ ធ្លាក់ចុះខ្សោយមួយកម្រិតទៀតផងដែរ។
វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ការដែលប្រទេសកូរ៉េខាងត្បូង ប្រកាសមិនបន្តកិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ដើម្បីចែករំលែកព័ត៌មានសម្ងាត់យោធា (GSOMIA) នឹងគ្នាបន្តទៀត។
ចំណាត់ការនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី ទីក្រុងតូក្យូ សម្រេចដកសេអ៊ូល ចេញពីបញ្ជីដៃគូពាណិជ្ជកម្ម និងបានដាក់កម្រិត លើការនាំចេញវត្ថុធាតុដើមអេឡិចត្រូនិកសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង។
ទីក្រុងសេអ៊ូល បាននិយាយថា កិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយជប៉ុន លែងជាផលប្រយោជន៍ជាតិរបស់ខ្លួនទៀតហើយ និងថាមិនចង់បន្តចែករំលែកព័ត៌មានសម្ងាត់អ្វី ជាមួយនឹងអ្នកជិតខាងដែលគ្មានទំនាក់ទំនងល្អនឹងកូរ៉េខាងត្បូងទៀតនោះដែរ។
ជាក់ស្តែង លោកគីម យូហ្គុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា ជប៉ុន ជាចលករ ដែលជំរុញឲ្យមានការផ្លាស់ប្តូរនេះកើតឡើង។ សម្តីនេះ លោកចង់សំដៅ ដល់ការដកកូរ៉េខាងត្បូង ចេញពីបញ្ជីដៃគូពាណិជ្ជកម្មរបស់ជប៉ុន កាលពីដើមខែសីហានេះ។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលទីក្រុងតូក្យូ បាននិយាយថាខ្លួនសូមប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការសម្រេចរបស់កូរ៉េខាងត្បូង ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា។
ជាមួយគ្នានេះ ជប៉ុនក៏បានជំរុញផងដែរ ឱ្យប្រទេសកូរ៉េខាងត្បូងពិចារណាឡើងវិញពាក់ព័ន្ធរឿងនេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Takeshi Iwaya បាននិយាយថា កិច្ចព្រមព្រៀងផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ មានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខក្នុងតំបន់ ជាពិសេសទាក់ទងនឹងការគំរាមកំហែងនានា ពីសំណាក់ប្រទេសកូរ៉េខាងជើង។
គួររំឭកជូនថា កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ស្តីពីសន្តិសុខរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដំបូងឡើយចុះហត្ថលេខាយល់ព្រមដោយរដ្ឋាភិបាលប្រទេសទាំងពីរ នៅឆ្នាំ ២០១៦។
កិច្ចព្រមព្រៀងនេះ តម្រូវឱ្យតូក្យូ និងសេអ៊ូល ចែករំលែកព័ត៌មានសម្ងាត់រវាងគ្នា ស្តីពីកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងមួយនៅក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ