ខេត្តបន្ទាយមានជ័យ ដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈខ្សែដំបូង!
បន្ទាយមានជ័យ បានក្លាយទៅជាខេត្តដំបូងគេបង្អស់ ដែលមានរថយន្តក្រុងសាធារណៈ បន្ទាប់ពីរាជធានីភ្នំពេញ។ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្ពោធដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈខ្សែដំបូងរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី២២កុម្ភៈម្សិលមិញ ដោយសង្ឃឹមថា ការផ្ដល់សេវារថយន្តក្រុងសាធារណៈនេះ នឹងអាចជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ខ្សែរថយន្តក្រុងសាធារណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យទើបដាក់ឲ្យដំណើរការនេះ ផ្ដល់សេវាដឹកជញ្ជូនទៅមកក្នុងរយៈចម្ងាយ៤០គីឡូម៉ែត្រ រវាងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។ រថយន្តក្រុងចំនួន១៥គ្រឿង នឹងផ្លាស់គ្នាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរយៈពេល២០នាទីម្ដង។ នេះបើតាមការពន្យល់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តរូបនេះ ឲ្យដឹងបន្តថា ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះ ដោយឥតគិតថ្លៃក្នុងរយៈពេល៣ខែដំបូង។ បន្ទាប់ពីនោះ រថយន្តក្រុងសាធារណៈទៅមករវាងស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតនេះ នឹងចាប់ផ្ដើមគិតថ្លៃ២០០០រៀលក្នុងអ្នកដំណើរម្នាក់។
លោក អ៊ុំ រាត្រី សង្ឃឹមថា សេវារថយន្តក្រុងសាធារណៈនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ កាត់បន្ថយចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅកម្ពុជា។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងនេះទាំងអស់គ្នា នៅពេលត្រូវធ្វើដំណើរទៅមករវាងក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ។ លោក អ៊ុំ រាត្រី ថា ប្រសិនបើដំណើរការនេះទទួលបានជោគជ័យ អាជ្ញាធរខេត្តនឹងពិចារណាដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈជំហានបន្ទាប់ទៀត រវាងក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ។
គួរកត់សម្គាល់ថា បន្ទាយមានជ័យ គឺជាខេត្តដំបូងបង្អស់ដែលមានផ្ដល់សេវារថយន្តក្រុងសាធារណៈជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីរាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ សេវារថយន្តក្រុងសាធារណៈចាប់ផ្ដើមដំណើរការនៅខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន៣ខ្សែ និងរថយន្តចំនួន៤៣គ្រឿង។ រថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ បានពង្រីកសេវាកម្មនិងបន្ថែមខ្សែរត់របស់ខ្លួនជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២០នេះ រថយន្តក្រុងនៅភ្នំពេញប្រើប្រាស់រថយន្តរហូតដល់ទៅចំនួន២៣៥គ្រឿង រត់លើតម្រាយផ្លូវសរុបចំនួន១៣ខ្សែ ដោយមានអ្នកដំណើរជារៀងរាល់ថ្ងៃ ពីប្រមាណ២ម៉ឺន៨ពាន់ ទៅ៣ម៉ឺននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ