ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​គំនិត​ផ្តួចផ្តើម​សន្តិភាព​របស់​បារាំង​ស្លាប់​មុន​កើត!

សំឡេង ០៥:៥៩
លោក​នាយករដ្ឋមន្រ្តី​បារាំង ម៉ានុយអែល វ៉ាល្ស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ថ្ងៃទី២៣ ឧសភា ២០១៦
លោក​នាយករដ្ឋមន្រ្តី​បារាំង ម៉ានុយអែល វ៉ាល្ស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ថ្ងៃទី២៣ ឧសភា ២០១៦ REUTERS/Baz Ratner

លោក​នាយករដ្ឋមន្រ្តី​បារាំង​ម៉ានុយអែល វ៉ាល្ស​បំពេញ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ ពី​ថ្ងៃ​អាទិត្យ ទី២២ ដល់​ថ្ងៃ​អង្គារ ទី២៤ ឧសភា​នេះ​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ម៉ានុយអែល វ៉ាល្ស គឺ​ដើម្បី​ជម្រាប​ភាគី​អ៊ីស្រាអែល និង​ភាគី​ប៉ាឡេស្ទីន​ពី​គំនិត​ផ្តួចផ្តើម​របស់​បារាំង​ក្នុង​ការ​រៀបចំ​សន្និសីទអន្តរជាតិ​មួយ​សំដៅ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ កិច្ចចរចា​ដែល​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ។ ហេតុអ្វី​បាន​ជា​បារាំង​បាន​លូកដៃ​ជ្រៅ​នៅ​ក្នុង​សំណុំរឿង​ដ៏​ស្មុគស្មាញ​មួយ​នេះ និង​ថា តើ​បារាំង​អាច​នឹង​ទទួល​បាន​ជោគជ័យ​ដែរ ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

ជួយ​ស្វែង​រក​សន្តិភាព ឬ​ក៏​ជំរុញ​ឲ្យ​មាន​ឡើង​វិញ​នូវ​កិច្ចចរចារ​សន្តិភាព​រវាង​ប្រទេស​ណា ឬ​មួយ​រវាង​ភាគី​ណា​មិន​ដឹង​ទេ តែ​បើ​រវាង​ភាគី​អ៊ីស្រាអែល និង​ភាគី​ប៉ាឡេស្ទីន​ជា​រឿងមួយ​ស្មុគស្មាញ និង​ពិបាក​ខ្លាំង​មែនទែន។ បារាំង​មិន​មែន​ជា​ប្រទេស​ទី១ ហើយ​ក៏​ប្រហែល​មិនមែន​ជា​ប្រទេស​ចុងក្រោយ​ដែល​បាន​ជួយ​ឈឺឆ្អាល​នៅ​ក្នុង​សំណុំរឿង​ប្រវត្តិសាស្រ្ត​មួយ​នេះ​ដែរ។ ប្រទេស​ដែល​បាន​ខ្នះខ្នែង​ខ្លាំង​ជាង​គេ​នា​ពេល​កន្លង​មក គឺ​គ្មាន​នរណា​ក្រៅ​ពី​អាមេរិក​ទេ នោះ​បើ​ទោះ​បី​ជា​ក្នុង​នាម​អាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​របស់​អ៊ីស្រាអែល​ក៏​ដោយ។ អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​ចេញ​មក​ពី​គណបក្ស​មួយ​ណា​ក៏​ដូច​ជា​មួយ​ណា​ដែរ គឺ​តែង​ចាត់​ទុក​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជា​ប្រធានបទ​អាទិភាព​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន។ តែ​ទីបំផុត ជម្លោះ​ប្រវត្តិសាស្រ្ត​ក្នុង​លោក​មួយ​នេះ​នៅ​បន្ត​គ្មាន​ច្រកចេញ និង​ហាក់​ដូច​ជា​កាន់​តែ​ដុនដាប​ថែម​ទៀត។

មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​ការ​ចូលខ្លួន​ជួយ​ឈឺឆ្អាល​របស់​ប្រទេស​បារាំង​ពេល​នេះ ទី១ ប៉ារីស​បាន​មើល​ឃើញ​ថា ស្ថានការណ៍​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សព្វថ្ងៃ​កំពុង​ឈាន​ទៅ​រក​ភាព​ប្រទូស្ត្រាយ​ជា​ថ្មី និង​ទី២ ប៉ារីស​បាន​សម្គាល់​ឃើញ​ថា អាមេរិក​ហាក់​ដូច​ជា​បាន​ទុក​ចោល​មួយ​ឡែក​សំណុំរឿង​នេះ ដោយ​ជាប់​ដៃ​រឿង​ផ្សេង ពិសេស​ជាប់​បេសកកម្ម​ប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ ចំណាត់ការ​របស់​បារំាង​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ជា​ពីរ​ដំណាក់កាល ទី១ គឺ​កិច្ចប្រជុំ​គ្មាន​វត្តមាន​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី៣ មិថុនា​ខាង​មុខ និង​ទី២ គឺ​សន្និសីទអន្តរជាតិ​ជាមួយ​នឹង​វត្តមាន​ភាគី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។

ក៏​ប៉ុន្តែ និង​អ្វី​ដែល​បារាំង​ត្រូវ​ធ្វើ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​សួរ​យោបល់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​ជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ជា​មុន​សិន។ អ្វី​ដែល​បារាំង​ចង់​បាន គឺ​ចម្លើយ​យល់ព្រម​ពី​ភាគី​ទាំង​ពីរ មាន​ន័យ​ថា មួយ​យល់ព្រម មួយ​មិន​យល់ព្រម​ក៏​មិន​បាន​ដែរ។ នេះ​ហើយ​ជា​បេសកកម្ម​ដ៏​រសើប​របស់​លោក​នាយករដ្ឋមន្រ្តី​បារាំង​ម៉ានុយអែល វ៉ាល្ស​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល និង​ដែនដី​ប៉ាឡេស្ទីន​ពេល​នេះ។ ជាមួយ​ភាគី​ប៉ាឡេស្ទីន បារាំង​មិន​លំបាក​ទេ ព្រោះ​ប៉ាឡេស្ទីន​ត្រៀម​ខ្លួន​ទទួល​យក​គ្រប់​គំនិតផ្តួចផ្តើម​សន្តិភាព​ទាំង​អស់។ តែ​មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ​ជាមួយ​ភាគី​អ៊ីស្រាអែល។

ជាក់ស្តែង និង​ខុស​ពី​ក្តី​រំពឹង​ទុក លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​និយាយ​ប្រាប់​សមភាគី​បារាំង​លោក​ម៉ានុយអែល វ៉ាល្ស​ថា អ៊ីស្រាអែល​មិន​អាច​ទទួល​យក​គំនិត​ផ្តួចផ្តើម​សន្តិភាព​របស់​បារាំង​បាន​ទេ និង​បាន​ដាក់​សំណើ​បញ្រ្ចាស់​ទៅ​ឲ្យ​លោក​ម៉ានុយអែល វ៉ាល្ស​វិញ​ថា បើ​បារាំង​ចង់​ជួយ​ជំរុញ​កិច្ចចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឡើង​វិញ គឺ​ត្រូវ​រៀបចំ​ជា​កិច្ចចរចា​ទ្វេភាគី​រវាង​តែ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ពោល​មិន​មែន​ជា​កិច្ចចរចា​លក្ខណៈ​អន្តរជាតិ​ទេ។ លោក​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ប្រាប់​លោក​ម៉ានុយអែល វ៉ាល្ស​ដោយ​ប្រើ​ភាសា​ការទូត​ថា អ៊ីស្រាអែល​យល់ព្រម​តាម​គំនិត​ផ្តួចផ្តើម​របស់​បារាំង តែ​មិន​យក​សំណូមពរ​របស់​បារាំង​ទេ។

មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​អ៊ីស្រាអែល​ច្រានចោល​គំនិតផ្តួចផ្តើម​របស់​បារាំង​ក្នុង​ការ​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និង​ថា ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ចង់​បាន​កិច្ចចរចា​តែ​ទ្វេភាគី​ជាមួយ​ប៉ាឡេស្ទីន?

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា ចម្លើយ​បដិសេធ​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​ចំពោះ​មុខ​លោក​វ៉ាល្ស​ពេល​នេះ​ជា​ចម្លើយ​មួយ​ដែល​បារាំង​បាន​រង់ចាំ។ ជា​ចម្លើយ​ដែល​បារាំង​បាន​រង់ចាំ ព្រោះ​នា​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​នៅ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក្នុង​សប្តាហ៍​កន្លង​ទៅ លោក​នេតាន់យ៉ាហ៊ូ​មិន​បាន​ឆ្លើយ​បដិសេធ​ត្រង់ៗ​ជាមួយ​លោក​អេរ៉ូ​ទេ តែ​បាន​បញ្ចេញ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​នឹង​បារាំង​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ Unesco ព្រម​ទាំង​ចោទ​បារាំង​ពី​បទ​មាន​ភាព​លំអៀង​កាន់​ជើង​ប៉ាឡេស្ទីន។ ម្យ៉ាង​ទៀត លោក​អតីត​រដ្ឋមន្រ្តី​ការបទេស​បារាំង​ឡូរ៉ង់ ហ្វាប៊ីយូស​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា បើ​បារាំង​ទទួល​បរ៉ាជ័យ​ក្នុង​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន បារាំង​នឹង​ចេញ​មុខ​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ដោយ​ស្វ័យប្រវត្តិ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ចម្លើយ​បដិសេធ​របស់​អ៊ីស្រាអែល​មក​ពី​អ៊ីស្រាអែល​មិន​ទុក​ចិត្ត​បារាំង។

ក៏​ប៉ុន្តែ បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា គឺ​រូប​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ផ្ទាល់​ខ្លួន​តែ​ម្តង​ដែល​មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​អន្តរជាតិ ទោះ​បី​ជា​គំនិតផ្តួចផ្តើម​ពី​ប្រទេស​ណា​ក៏​ដោយ និង​ចង់​បាន​តែ​ការ​ចរចា​មួយ​ទល់​មួយ​ជាមួយ​ភាគី​ប៉ាឡេស្ទីន។ លោក​នេតាន់យ៉ាហ៊ូ​បាន​រម្លឹក​ប្រាប់​លោក​ម៉ានុយអែល វ៉ាល្ស​ជា​ថ្មី​ថា កិច្ចចរចា​ទ្វេភាគី​អ៊ីស្រាអែល ប៉ាឡេស្ទីន​ជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​កាន់​សន្តិភាព។ លោក​ម៉ានុយអែល វ៉ាល្ស​បាន​ឆ្លើយ​តប​នឹង​លោក​នេតាន់យ៉ាហ៊ូ​វិញ​ថា បារាំង​សូម​ស្វាគមន៍​រាល់​សំណើ​ណា​ដែល​ឈាន​ដល់​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​រស់នៅ​ដោយ​សុខសន្តិភាព​ក្បែរ​អ៊ីស្រាអែល។

សម្រាប់​ប៉ាឡេស្ទីន​ដែល​ជា​ភាគី​ទន់ខ្សោយ​បាន​យល់​ឃើញ​ថា ខ្លួន​ហាក់​ដូច​ជា​ឆ្អែតឆ្អន់​នឹង​កិច្ចចរចា​ទ្វេភាគី ហើយ​មិន​ល្ងង់​ទៅ​ចាញ់​បោក​អ៊ីស្រាអែល​ជា​ថ្មី​ទេ ព្រោះ​កិច្ចចរចា​ទ្វេភាគី​រាប់​មិន​អស់​នា​កន្លង​មក​បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​ទឹកដី​កាន់​តែ​ច្រើន​ថែម​ទៀត។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា គំនិត​ផ្តួចផ្តើម​របស់​បារាំង​ដែល​មិន​នឹង​ចាប់​ផ្តើម​ផង​ក៏​ស្រាប់​តែ​ស្លាប់​មុន​បាត់​ទៅ​ហើយ។ តើ​វា​ជា​កំហុស​របស់​អ្នក​ណា?។ មាន​តែ​ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​ប៉ាឡេស្ទីន​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI