អាល្លឺម៉ង់

គ្រូពេទ្យ​អាល្លឺម៉ង់​​​​​​ម្នាក់​បាន​​ចាក់ថ្នាំ​​សម្លាប់​​អ្នកជំងឺ​​យ៉ាងហោច​​៩០នាក់​​​

គ្រូពេទ្យ​អាល្លឺម៉ង់​ ហឺហ្កឺល បិទមុខ​ នៅតុលាការ​ក្រុង​Oldenburg ថ្ងៃ​៩ធ្នូ​២០១៤
គ្រូពេទ្យ​អាល្លឺម៉ង់​ ហឺហ្កឺល បិទមុខ​ នៅតុលាការ​ក្រុង​Oldenburg ថ្ងៃ​៩ធ្នូ​២០១៤ Reuters

ប៉ូលិស​អាល្លឺម៉ង់​បាន​ចេញ​លទ្ធផល​​​ស៊ើបអង្កេត​​បង្ហាញ​ចំនួន​អ្នកជំងឺ​ដែលត្រូវ​គ្រូពេទ្យ​ក្នុងស្រុក​ម្នាក់​ ចាក់ថ្នាំហួសកម្រិត​ ធ្វើអោយ​ពួកគេបាត់បង់ជីវិត។ តួលេខ​អ្នកជំងឺ​ស្លាប់​ដោយសារ​ការចាក់ថ្នាំ​នេះ មាន​យ៉ាងហោច​៩០នាក់ ជា​តួលេខ​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​អាល្លឺម៉ង់។ ​​

ផ្សាយពាណិជ្ជកម្ម

គ្រូពេទ្យ​ឧក្រិដ្ឋអាល្លឺម៉ង់​​ដែលចាក់ថ្នាំ​ហួសកម្រិត​ ធ្វើអោយ​មនុស្ស​ស្លាប់​យ៉ាងហោច​៩០នាក់នោះ​ មានឈ្មោះថា ​Niels Högel ​នីលស៍ ហឺហ្កឺល អាយុ​៤១ឆ្នាំ។ គណៈកម្មការ​ស៊ើបអង្កេត​ពិសេស​​​អាល្លឺម៉ង់​បើកការ​ស៊ើបអង្កេត​លើគ្រូពេទ្យឧក្រិដ្ឋរូបនេះ ​១២ឆ្នាំមកហើយ ​ហើយ​ពេលនេះ បាន​បិទ​បញ្ចប់​​ការស៊ើប​អង្កេត។ ​ថ្ងៃចន្ទ​នេះ​ ​ប៉ូលិសប្រាប់ថា ​​តួលេខ​អ្នកជំងឺ​ដែលស្លាប់​ អាច​មានលើស​៩០នាក់ អាច​មាន​ដល់​ទៅ​ទ្វេដង។

ប៉ូលិស​បាន​គាស់សាកសព​ជនរងគ្រោះ និង​ស្តាប់សាក្សី​ជាច្រើននាក់ ដែល​សង្ស័យថា គ្រួសារ​ពួកគេ​អាច​ត្រូវគ្រូពេទ្យ​រូបនេះ​ចាក់ថ្នាំ​​សម្លាប់។ ​អ្នក​ដែល​ស្លាប់​ទាំងនោះ មិនមាន​កំណត់​ពី​ភេទ រឺអាយុ​អ្វី​ពិសេស​ទេ។ ​គ្រូពេទ្យឧក្រិដ្ឋ​ Niels Högel ចង់ឃើញ​ជនរងគ្រោះ​​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ក្បែរស្លាប់​តែម្តង។ គ្រូពេទ្យ​រូបនេះប្រាប់ថា ចាក់ថ្នាំ​អោយពួកគេ​នៅក្បែរសេចក្តី​​ស្លាប់ គឺ​ដើម្បី​បង្ហាញ​ថា គាត់​មាន​សមត្ថភាព​​នឹង​ធ្វើអោយ​ជនរងគ្រោះ​រួចពី​ការស្លាប់ ហើយ​ដឹងខ្លួន​មាន​ជីវិតឡើងវិញ។ តុលាការ​ធ្លាប់កាត់ទោស ​Niels Högel អោយ​ជាប់គុក​មួយជីវិត កាលពី​ឆ្នាំ២០១៥ ទាក់ទង​​ឃាតកម្ម​ចំនួន២ និង​ការប៉ុនប៉ង​សម្លាប់​អ្នកជំងឺ​៤លើក។ ហើយ​នៅ​មាន​អំពើឧក្រិដ្ឋ​បែបនេះច្រើន​ករណី​​ទៀត ដែល​ឈាន​ទៅដល់​​តួលេខ​មនុស្សស្លាប់​៩០នាក់ ពេលនេះ។ ឆ្នាំ២០១៦ ប៉ូលិស​បាន​​លើកឡើង​​ពី​​មរណភាព​មនុស្ស​៣៣នាក់ ជាប់ពាក់ព័ន្ធ​​​គ្រូពេទ្យ Niels Högelដែរ។ ​​​ ​​ ​

ប៉ូលិស​អាល្លឺម៉ង់​បាន​បើកការស៊ើបអង្កេត​ឡើងវិញ ​នៅ​ឆ្នាំ​២០១៤ ដោយសារ​តែ​គ្រូពេទ្យ​​រូបនេះ បាន​ប្រាប់​ទៅ​អ្នកទោស​ដែល​ជាប់ពន្ធនាគារ​ជាមួយគាត់​ថា ​គាត់បា​នបង្កបទឧក្រិដ្ឋ​ជាង​៥០។ ប៉ុន្តែ បន្ទាប់​មក​ គាត់ប្រាប់​គ្រូពេទ្យ​ចិត្តសាស្ត្រ​ថា គាត់​បាន​ធ្វើឃាតមនុស្ស​តែ​ជាង​៣០នាក់​ទេ ហើយ​ជាង​៦០ទៀត គឺគ្រាន់តែ​ជាការ​ប៉ុនប៉ង​ប៉ុណ្ណោះ។ ការដែល​គ្រូពេទ្យ​រូបនេះអាចចាក់ថ្នាំ​ហួសកម្រិត​ សម្លាប់​អ្នកជំងឺ​សន្ធឹកសន្ធាប់​បែបនេះ សបង្ហាញ​ពី​ បញ្ហា​ក្នុង​គ្លីនិកចំនួន​២​​ក្នុងស្រុក​ គឺគ្លីនិកនៅ Delmenhorst និង​ ​Oldenbourg​ ជាកន្លែង​ដែល​គ្រូពេទ្យ​ Högel ធ្វើការ​។ ពេលគាត់ធ្វើការ គឺតែងមាន​អ្នកជំងឺ​ស្លាប់ តែ​គ្មានអ្នកណា​ផ្តល់ដំណឹង​ដល់​អាជ្ញាធរ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI