គ្រឿងញៀនហ្វីលីពីន៖បុណ្យសពក្មេងជំទង់អាយុ១៧ឆ្នាំប្រែក្លាយជាបាតុកម្មប្រឆាំងលោកឌុយទែរតេ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃសៅរ៍នេះ មនុស្សរាប់ពាន់នាក់បានចូលរួមបុណ្យសពក្មេងជំទង់អាយុ១៧ឆ្នាំម្នាក់ដែលត្រូវប៉ូលិសបាញ់សម្លាប់ នៅសប្តាហ៍មុននេះ ក្នុងក្របខណ្ឌនៃការបង្ក្រាបគ្រឿងញៀន។ អ្នកចូលរួមបុណ្យសពបាននាំគ្នាតវ៉ាទាមទារយុត្តិធម៌អោយក្មេងប្រុសម្នាក់នេះ តវ៉ាប្រឆាំងនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលនាំអោយមានការសម្លាប់មនុស្សបំពានច្បាប់។ ប្រធានាធិបតីឌុយទែរតេសន្យានាំខ្លួនឃាតករសម្លាប់ក្មេងប្រុសរូបនេះ ទៅអោយតុលាការកាត់ទោស។
ក្មេងប្រុសជំទង់ដែលត្រូវប៉ូលិសបាញ់សម្លាប់នៅហ្វីលីពីន សប្តាហ៍មុននេះ មានឈ្មោះថា គីអាន ដឺឡូស សាន់តូស អាយុ១៧ឆ្នាំ។ ប៉ូលិសចោទថា គីអាន ជួញដូរគ្រឿងញៀន ហើយបានបាញ់ប៉ូលិសពេលប៉ូលិសចាប់ខ្លួន។ រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញថា ប៉ូលិសក្នុងឯកសណ្ឋានស៊ីវិល បាននាំខ្លួនក្មេងប្រុសរូបនេះចេញទៅ ហើយក្មេងប្រុសរូបនេះគ្មានអាវុធអ្វីការពារខ្លួនទេ។ កោសល្យវិច័យបង្ហាញថា គីអាន ស្លាប់ដោយត្រូវគ្រាប់កាំភ្លើង២គ្រាប់នៅក្បាល។ ប៉ូលិស៣នាក់ដែលបានចាប់ខ្លួនក្មេងប្រុសរូបនេះ ត្រូវបានព្យួរពីតំណែង។
មរណភាពរបស់ក្មេងជំទង់គីអាន ធ្វើអោយអ្នកដែលចូលរួមបុណ្យសពរបស់គីអាន រាប់ពាន់នាក់ នៅថ្ងៃសៅរ៍នេះ នាំគ្នាតវ៉ាប្រឆាំងយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីឌុយទែរតេ។ យោងតាមក្រុមបាតុករ ការសម្លាប់គីអាន សបង្ហាញច្បាស់ថា ប៉ូលិសរំលោភសិទ្ធិមនុស្សដដែលជាដដែល។ យោងតាមក្រុមបាតុករ មានគេគំរាមសម្លាប់ពុក និងជីតារបស់គីអានទៀតផង។
តាំងពីលោកឌុយទែរតេឡើងកាន់អំណាចជាង១ឆ្នាំនេះមក ប៉ូលិសហ្វីលីពីនប្រាប់ថា បានសម្លាប់មនុស្ស៣៥០០នាក់ ក្នុងក្របខណ្ឌនៃយុទ្ធនាការកំចាត់គ្រឿងញៀន។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត ស្លាប់ដោយមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រឺក៏ពាក់ព័ន្ធនឹងស្ថានភាពមិនច្បាស់លាស់។ ម្សិលមិញ អ្នកនាំពាក្យលោកឌុយទែរតេចុះផ្សាយសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីហ្វីលីពីនគូសបញ្ជាក់រួចហើយថា សង្គ្រាមប្រឆាំងគ្រឿងញៀនមិនអនុញ្ញាតអោយធ្វើការបំពានច្បាប់ទេ។
កាលពីខែកុម្ភៈ អង្គការសិទ្ធិមនុស្សAmnesty International បានចោទថា ប៉ូលិសមួយចំនួនត្រូវបានថ្នាក់លើបង់លុយអោយសម្លាប់មនុស្ស។ ពួកគេមិនអត់អោនអោយសូម្បីតែកុមារអាយុ៨ឆ្នាំ។ អង្គការចោទទៀតថា ប៉ូលិសហ្វីលីពីនសម្លាប់មនុស្សដែលគ្មានអាវុធការពារខ្លួន និងប្រឌិតភស្តុតាងឡើងទាំងស្រុង ប៉ូលិសបានជួលឃាតករអោយទៅសម្លាប់អ្នកជួញដូរគ្រឿងញៀន អោយលួចឆក់ជនរងគ្រោះនិងគ្រួសារពួកគេទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ