ប្រធានាធិបតីចិន៖ មេរោគកូរ៉ូណាថ្មីគឺជាគ្រោះអាសន្នផ្នែកសុខភាពធំបំផុតរបស់ចិន
រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ណាថ្មី បានកើនឡើងដល់ចំនួនជិត ២ ៥០០ នាក់ហើយ នៅក្នុងប្រទេសចិន និងបានបន្តឆ្លងរីករាលដាលទៅដល់ប្រទេសផ្សេងៗទៀតឥតឈប់។ ស្របពេលដែលការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា នៅបន្តកើតឡើង នៅថ្ងៃអាទិត្យ ទី២៣ កុម្ភៈ លោកប្រធានាធិបតីចិនស៊ី ជីនពីង បានលើកឡើងថា "មេរោគកូរ៉ូណា គឺជាគ្រោះអាសន្នសុខភាពសាធារណៈដ៏ធំបំផុតមួយ" របស់ចិន រាប់ចាប់តាំងពីបក្សកុម្មុយនិស្តចិន ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៤៩មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យម្សិលមិញ ប្រមុខដឹកនាំចិនលោកស៊ី ជីនពីង បានថ្លែងអំពីមេរៀនដែលចិន គួរស្វែងយល់ ពីចំណុចខ្វះខាតរបស់ខ្លួន ក្នុងការគ្រប់គ្រងមេរោគផ្លូវដង្ហើមថ្មី។ ប្រសាសន៍របស់លោកស៊ី បែបនេះ ត្រូវគេចាត់ទុកថា ជាការទទួលស្គាល់ដ៏កម្រមួយរបស់មេដឹកនាំចិន។
នៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍ចិន ស៊ីស៊ីធីវី (CCTV) នាថ្ងៃអាទិត្យម្សិលមិញនេះដែរ លោកស៊ី បានលើកឡើងថា មេរោគកូរ៉ូណា មានលទ្ធភាពឆ្លងបានលឿនជាងគេបំផុត ក្នុងចំណោមេរោគឆ្លងដទៃទៀត ហើយវាក៏ពិបាកបំផុតណាស់ដែរ ក្នុងការការពារនិងគ្រប់គ្រងជំងឺរាតត្បាតនេះ។
ជាមួយគ្នានេះ លោកស៊ី បានមានប្រសាសន៍ដែរថា មេរោគកូរ៉ូណា គឺជាវិបត្តិមួយសម្រាប់ចិន ហើយវា ក៏ជាការសាកល្បងដ៏ធំមួយដែរសម្រាប់ចិន។ លោកស៊ី បានទទួលស្គាល់ថាការរីករាលដាលនៃជំងឺនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសង្គមចិនទាំងមូល។ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ផលប៉ះពាល់នេះ នឹងមានរយៈពេលខ្លី និងអាចគ្រប់គ្រងបាន។
សេចក្តីថ្លែងរបស់ប្រមុខរដ្ឋាភិបាលចិន អំពីវិបត្តិកូរ៉ូណា ធ្វើឡើង ស្របពេលដែលករណីឆ្លងមេរោគមួយនេះ កើនឡើងដល់ចំនួនជិត ៧ម៉ឺន ៧ពាន់នាក់ នៅចិនដីគោក។ តែទោះបែបនេះក្តី ករណីឆ្លងថ្មីនៅចិន មានចំនួនថយចុះហើយ បើប្រៀបធៀបនឹងប៉ុន្មានថ្ងៃមុន។
គួរជ្រាបដែរថា ទោះបីករណីឆ្លងនៅចិន បានធ្លាក់ចុះយ៉ាងណាក្តី ក៏គេនៅតែមានក្តីព្រួយបារម្ភ ពីព្រោះថា ករណីឆ្លងនៃមេរោគប្រភេទនេះ បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសផ្សេងៗទៀត មានដូចជា ប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់ជាដើម។
មួយវិញទៀត ដោយខ្លាច ពីការឆ្លងរីករាលនៃមេរោគកូរ៉ណា ប្រទេសប៉ាគីស្ថាន និងតួកគី កាលពីថ្ងៃអាទិត្យ ទី ២៣ កុម្ភៈ បានប្រកាសបិទព្រំដែនជាបណ្តោះអាសន្ន ជាមួយនឹងប្រទេសអ៊ីរ៉ង់ទៀតផង។ ស្របជាមួយគ្នានេះ ប្រទេសអាហ្វហ្គានីស្ថាន ក៏បានសម្រេចផ្អាកការធ្វើដំណើរទៅកាន់ប្រទេសជិតខាងដែរ ដោយសារមើលឃើញថា ករណីឆ្លងមេរោគកូរ៉ូណាថ្មី នៅតែបន្តកើនឡើង នៅទូទាំងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ