ចិន​ថា​ អ.ស.ប​ គួរតែ​ពិភាក្សា​លើ​ការដកទណ្ឌកម្ម​ចេញពី​កូរ៉េខាងជើង​

លោកលូ កាង (Lu kang) អ្នកនាំពាក្យក្រសួងការបរទេសចិន។
លោកលូ កាង (Lu kang) អ្នកនាំពាក្យក្រសួងការបរទេសចិន។ NICOLAS ASFOURI / AFP

នៅថ្ងៃសុក្រ​ ទី១ មីនា​ ប្រទេសចិន​បាន​អំពាវនាវឲ្យ​ អ.ស.ប លើក​យក​ប្រធានបទ​ស្តីអំពី​ ការដកទណ្ឌកម្ម​ពី​កូរ៉េ​ខាងជើង​ ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ អ.ស.ប​។ ការ​ស្នើរបស់ចិននេះ​ ធ្វើឡើង​បន្ទាប់ពី​លោកដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន​បញ្ចប់​ជំនួប​លើកទី២​នៅឯ​ប្រទេស​វៀតណាម​ ដោយ​គ្មាន​សម្រេចបានកិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។

ផ្សាយពាណិជ្ជកម្ម

ទាំង​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងជើង​ដឹងហើយថា​ ការ​ដក​ទណ្ឌកម្ម​ គឺជា​គន្លឹះ​តែ​មួយគត់​ ដែល​អាច​ឲ្យគេ​សម្រេច​បាននូវ​កិច្ចព្រមព្រៀង​រំសាយ​អាវុធនុយក្លេអ៊ែរ​របស់​ទីក្រុងព្យុងយ៉ាង”។ នេះ​ គឺជាការ​លើកឡើង​របស់​លោក​លូ កាង (Lu kang) អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ ដោយបន្ថែមទៀតថា​ ដោយសារ​បញ្ហា​ទណ្ឌកម្ម​ គឺជា​ចំណុច​ខ្ទាស់ខ្លាំង​ ដូច្នោះហើយ​ អ.ស.ប​ គួរចាប់ផ្តើម​លើកយក​រឿងនេះ​ ទៅពិភាក្សា​ហើយ​នាកាលៈទេសៈនេះ​។

ទាក់ទងនឹង​សំណើសុំ​របស់ចិន​នេះដែរ​ រហូតមកដល់ពេលនេះ​ អ.ស.ប​ នៅ​មិនទាន់បាន​បញ្ចេញជា​ប្រតិកម្មអ្វី​នៅឡើយ​នោះទេ​។ ក្រៅតែពី​ការស្នើសុំនេះ​ មន្ត្រី​ចិន​ ក៏បាន​ទាក់ទង​ទៅ​មន្ត្រី​អាមេរិក​ ដើម្បី​ពិភាក្សា​អំពី​បញ្ហាអាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ​។

ជាក់ស្តែង​ មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ចិន​ម្នាក់​ បាននិយាយ​តាមទូរស័ព្ទ​ជាមួយ​ប្រមុខ​ការបរទេស​អាមេរិក​លោក​ Mike Pompeo ដោយ​ស្នើឲ្យ​អាមេរិក​ រួម​ដោះស្រាយ​បញ្ហា​ជាមួយ​កូរ៉េខាងជើង​ ប្រកប​ដោយ​ភាពអត់ធ្មត់​ និង​បន្តកិច្ចចរចា​ដោយសន្តិភាព​នឹងគ្នា​។

ឆ្លើយតប​នឹង​ការលើកឡើង​របស់​មន្ត្រីចិន​ លោក Pompeo បាននិយាយថា​ សហរដ្ឋអាមេរិក​ នឹងរក្សា​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ ហើយថា​អាមេរិក រីករាយ​ចំពោះវត្តមានដ៏សំខាន់របស់​ចិន​ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​នៅឧបទ្វីបកូរ៉េ​។ នេះបើតាមសម្តីរបស់មន្ត្រីចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួរជ្រាបថា​ ចិន​គឺជា​ប្រទេស​ដែល​មាន​តួនាទី​សំខាន់​ខ្លាំងបំផុត​មួយ​ ពាក់ព័ន្ធនឹង​ជំនួប​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​។ ទីក្រុង​ប៉េកាំង​ មិនត្រឹមតែជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​ ក៏ប៉ុន្តែ​ប៉េកាំង​ក៏ជា​សម្ព័ន្ធមិត្ត​ និងជា​ខ្នងបង្អែក​ដ៏រឹងមាំ​របស់​ទីក្រុ​ងព្យុងយ៉ាង​ផងដែរ​។ ដោយឡែក​កាលពី​គ្រាកន្លងទៅ​ ប្រទេសចិន​បានគាំទ្រ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​ អ.ស.ប​ ទៅលើ​ប្រទេស​កូរ៉េខាងជើង​ ដោយសារ​ការសាកល្បង​អាវុធនុយក្លេអ៊ែរ​ និងមីស៊ីល​ ឥត​ឈប់ឈរ​របស់​លោកគីម ជុងអ៊ុន​។

គួររំឭកជូនថា​ ជំនួបលោកទី២ រវាង​លោកដូណាល់​ ត្រាំ និង​លោក​គីម ជុងអ៊ុន បាន​បញ្ចប់ទៅ​យ៉ាងឆាប់រហ័ស​មុនកាលកំណត់​ និងមិនបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​អ្វីទាំងអស់​ កាលពី​ថ្ងៃទី​ ២៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ​។ ភាគីទាំងពីរ​ នៅតែ​មិន​ត្រូវរ៉ូវ​គ្នា​ ដោយសារ​រឿង​ដកទណ្ឌកម្ម​ពី​កូរ៉េខាងជើង​ ដែល​ស្នើសុំ​ដោយ​ទីក្រុង​ព្យុងយ៉ាង​ មុនពេល​ធ្វើការ​រំសាយអាវុធនុយក្លេអ៊ែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI