ចិនថាសង្វាក់អាជីវកម្មសាច់ជ្រូកមានសន្ទុះឡើងវិញ ក្រោយករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកធ្លាក់ចុះ
អាជ្ញាធរចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ថា ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកនាខណៈនេះ មានការធ្លាក់ចុះមកវិញហើយ បន្ទាប់ពីសត្វជ្រូករាប់លានក្បាលដែលឆ្លងជំងឺកាចសាហាវនេះ ត្រូវបានប្រមូលយកទៅសម្លាប់។ ទន្ទឹមគ្នានេះ មន្ត្រីចិនក៏បានប្រកាសប្រាប់ឲ្យដឹងដែរថា ការធ្វើអាជីវកម្មសាច់ជ្រូក នៅក្នុងប្រទេសចិន ក៏បានវិលត្រលប់មករកភាពល្អប្រសើរវិញផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅមិនទាន់អាចលប់បំបាត់បានទាំងស្រុងយ៉ាងណាក្តី ក៏ប៉ុន្តែ រដ្ឋាភិបាលចិនបានឲ្យដឹងថា នាខណៈពេលនេះ អាជ្ញាធរចិន អាចគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបានហើយ។
ជាក់ស្តែង អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោកយូ កាងហ្សិន (Yu Kangzhen) បាននិយាយថាសង្វាក់នៃផលិតកម្មសាច់ជ្រូក កំពុងមានសន្ទុះបណ្តើរៗមកវិញហើយ ហើយអាជ្ញាធរក៏នៅតែប្រឹងប្រែង បន្តយុទ្ធនាការក្នុងការគ្រប់គ្រង និងលប់បំបាត់ជំងឺនេះឲ្យបានទាំងស្រុងនាពេលខាងមុខនេះ។
បន្ថែមលើនេះ លោកអនុរដ្ឋមន្ត្រីកសិកម្មចិន បានបញ្ជាក់ប្រាប់ដែរថា អាជ្ញាធរចិនបានរកឃើញ ករណីថ្មីនៃការកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនត្រឹមតែ ៤៤ ករណីតែប៉ុណ្ណោះ ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។ អត្រានេះ មានចំនួនតិចជាងកាលពីអំឡុងខែសីហា-ធ្នូ ឆ្នាំមុន ដែលមានចំនួនរហូតដល់ ៩៩ ករណី។
តែទោះបីជារដ្ឋាភិបាលចិន អះអាងថាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក យ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគមួយចំនួន និយាយថាតាមពិតទៅចំនួនសត្វជ្រូកដែលមានជំងឺ និងត្រូវបានប្រមូលយកទៅសម្លាប់ មានចំនួនច្រើនជាងឆ្ងាយណាស់ ពីចំនួនដែលបានរាយការណ៍ដោយមន្ត្រីចិន។
ជាក់ស្តែង អ្នកជំនាញខាងសត្វម្នាក់ គឺលោកស្រី Christine McCracken បានប៉ាន់ស្មានថា សត្វជ្រូកដែលឈឺចំនួនរហូតដល់ទៅប្រមាណជា ២០០ លានក្បាលឯណោះ ដែលអាចត្រូវគេយកយកទៅសម្លាប់ចោល ដែលអត្រានេះស្មើនឹងចំនួនផ្គត់ផ្គង់ខ្ទង់ ៥០ ភាគរយ សម្រាប់ទីផ្សារសាច់ជ្រូកពិភពលោក។
គួរជម្រាបជូនថា បើយោងទៅតាមស្ថិតិរបស់មន្ត្រីរដ្ឋាភិបាលចិន ក្នុងរយៈពេលជាង ១០ ខែកន្លងមកនេះ សត្វជ្រូកដែលកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនមិនដល់រាប់រយលានក្បាលនោះទេ។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានរាយការណ៍ឲ្យដឹងថា សត្វជ្រូកប្រមាណជា ១ លាន ១៦ ម៉ឺនក្បាលប៉ុណ្ណោះ ត្រូវបានសម្លាប់ចោល។
គួរជ្រាបដែរថា ក្នុងនាមជាប្រទេសផលិតសត្វជ្រូកធំជាងគេមួយក្នុងពិភពលោក នៅគ្រាកន្លងមក រដ្ឋាភិបាលចិន បានខិតខំរឹតបណ្តឹងធ្វើយ៉ាងណា ឲ្យប្រជាជនរបស់ខ្លួន ចិញ្ចឹមសត្វជ្រូកប្រកបដោយស្តង់ដារខ្ពស់ ដើម្បីធានាកុំឲ្យមានការឆ្លងជំងឺដល់សត្វទាំងនោះ។ តែទោះជាបែបនេះក្តី ការឆ្លងរីករាលដាលនៃមេរោគ នៅតែបន្តកើតមាននៅក្នុងស្រុកចិន ដោយសារតែ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកខ្នាតតូចមួយចំនួន មិនមានបច្ចេកទេស និងបំពាក់ឧបករណ៍ត្រឹមត្រូវ ដើម្បីអាចការពារជំងឺឆ្លង ដូចជាជំងឺប៉េស្តជ្រូកអាហ្វ្រិកជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ