តៃវ៉ាន់ស្នើសុំទិញយន្ដហោះចម្បាំងជាច្រើនគ្រឿងពីសហរដ្ឋអាមេរិក
កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី៧ មីនា បានស្នើសុំជាផ្លូវការទៅសហរដ្ឋអាមេរិក ឲ្យលក់យន្តហោះចម្បាំងសេរីថ្មី និងទំនើបៗឲ្យខ្លួន។ តៃវ៉ាន់ ចង់បានសព្វាវុធទំនើបៗមកក្នុងដៃ ដើម្បីការពារខ្លួនប្រឆាំងទល់នឹងប្រទេសចិន ដែលកំពុងតែបង្កើនការគំរាមកំហែងខ្លាំងឡើងមកលើតៃវ៉ាន់។ នេះ បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោកហ្សែន យីមីង (Shen Yi-ming)។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កោះតៃវ៉ាន់ បានស្នើសុំទិញយន្តហោះចម្បាំងជាច្រើនគ្រឿងពីអាមេរិក ដោយសារតែប្រទេសចិនបង្កើនកម្លាំងយោធាខ្លាំង ហើយតៃវ៉ាន់កំពុងបារម្ភអំពីសមត្ថភាពក្នុងការការពារដែនអាកាសរបស់ខ្លួន។ តែទោះជាយ៉ាងណាក្តី តៃវ៉ាន់មិនបានបញ្ជាក់លម្អិតទេថា ខ្លួនចង់ទិញយន្តហោះចម្បាំងប្រភេទអ្វី និងប៉ុន្មានគ្រឿងឲ្យប្រាកដនោះទេ តែថា វាសមល្មមគ្រប់គ្រាន់ដើម្បីតតាំងជាមួយសត្រូវឈ្លានពាន។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មិនទាន់ឆ្លើយតបនៅឡើយទេថា នឹងលក់យន្តហោះចម្បាំង ទៅតាមការស្នើសុំរបស់តៃវ៉ាន់ឬក៏អត់នោះ។ ក៏ប៉ុន្តែ ក្នុងករណីដែលអាមេរិកយល់ព្រមលក់យន្តហោះចម្បាំងទៅឲ្យតៃវ៉ាន់មែននោះ អាមេរិកប្រាកដជាមានបញ្ហាជាមួយចិនជាមិនខាន។
គួរជម្រាបជូនថា ទោះបី ចិន និងកោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយ រដ្ឋាភិបាលពីរផ្សេងគ្នា ចាប់តាំងពីសង្គ្រាមបានបិទបញ្ចប់ទៅតាំងពីឆ្នាំ ១៩៤៩ យ៉ាងណាក្តី ក៏ទីក្រុងប៉េកាំងនៅតែចាត់ទុក តៃវ៉ាន់ថាជាដែនកោះរបស់ខ្លួនដដែល។
ក្រៅពីនេះ រដ្ឋាភិបាលចិន ដឹកនាំដោយលោកស៊ី ជីនពីង ថែមទាំងបានបង្កើនសម្ពាធផ្នែកការទូត និងយោធាទៅលើកោះតៃវ៉ាន់ទៀតផង ចាប់តាំងពីប្រធានាធិបតីជាតិនិយមតៃវ៉ាន់អ្នកស្រីឆៃ អ៊ីងវេន ឡើងកាន់តំណែងក្នុងឆ្នាំ ២០១៦ មក។ ជាក់ស្តែង នៅមួយរយៈចុងក្រោយនេះ ចិនបានធ្វើសមយុទ្ធយោធា ជាញឹកញយនៅជិតកោះតៃវ៉ាន់ និងធ្លាប់បានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះឈ្លបយកការណ៍ ឲ្យហោះជុំវិញកោះតៃវ៉ាន់ជារឿយៗទៀតផង។
គួរកត់សម្គាល់ថា ទោះបីជាសហរដ្ឋអាមេរិក ទទួលស្គាល់នយោបាយចិនតែមួយ ចាប់តាំងពីឆ្នាំ ១៩៧៩ យ៉ាងណាក្តី ក៏អាមេរិកនៅតែជាសម្ព័ន្ធមិត្ត និងជាអ្នកលក់អាវុធធំជាងគេបំផុតទៅឲ្យកោះតៃវ៉ាន់ដែរ។ ជាក់ស្តែង កាលពីឆ្នាំទៅមិញ សហរដ្ឋអាមេរិកបានធ្វើឱ្យចិនបារម្ភ និងខឹងសម្បាយ៉ាងខ្លាំង អំពីផែនការលក់សព្វាវុធយោធាជាច្រើនទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ គឺរហូតដល់ប្រមាណជា ៣៣០ លានដុល្លារ។
គួររំឭកជូនថា សព្វថ្ងៃនេះ កោះតៃវ៉ាន់ មិនមានយន្តហោះចម្បាំងសេរីទំនើបៗ ដូចជាប្រទេសចិនឡើយ ហើយយន្តហោះចម្បាំងដែលតៃវ៉ាន់មាន សុទ្ធតែជាប្រភេទយន្តហោះ សេរីទសវត្សរ៍ឆ្នាំ ១៩៩០តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ