សកម្មជននិស្សិតចិន ថារងការគំរាមកំហែងខ្លាំងពីសំណាក់ប៉ូលិសក្រុងប៉េកាំង
ក្រុមនិស្សិតនៅទីក្រុងប៉េកាំងបាននិយាយ នៅថ្ងៃសៅរ៍ ទី២ មីនាថា ប៉ូលិសចិនបានបង្ខំពួកគេឱ្យមើលវីដេអូមួយ ស្តីពីការឆ្លើយសារភាពរបស់ក្រុមសកម្មជននិស្សិតដទៃទៀត ដែលកំពុងជាប់ឃុំឃាំង។ ទន្ទឹមគ្នានេះ ក្រុមនិស្សិតដែលជាសកម្មជនគាំទ្រសិទ្ធិរបស់ពលករ ក៏បានឲ្យដឹងផងដែរថា អាជ្ញាធរចិនកំពុងបង្កើនការបង្ក្រាប ទៅលើសកម្មភាពតវ៉ារបស់ពួកគេ ខណៈពេលដែលខួបលើកទី ៣០ ឆ្នាំនៃការបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ា នៅទីលានធៀនអានម៉េន ខិតជិតចូលដល់នៅថ្ងៃទី ៤ ខែមិថុនា ខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរចិនបានបើកការបង្ក្រាបទៅលើក្រុមនិស្សិតជាច្រើននាក់ដែលគាំទ្រឲ្យមានការបង្កើតសហជីពកម្មករឯករាជ្យមួយនៅក្នុងខេត្ត គ័ងដុង Guangdong ដែលជាខេត្តសម្បូរទៅដោយសកម្មភាពរោងចក្រ នៅក្នុងប្រទេស។ ជាក់ស្តែង មនុស្សរាប់សិបនាក់បានបាត់ខ្លួន កាលពីរដូវក្តៅកន្លងទៅ ក្នុងអំឡុងពេលធ្វើកូដកម្ម នៅក្នុងតំបន់ Shenzhen នៃខេត្តគ័ងដុង ។
បើយោងតាមបណ្តាញនៃក្រុមនិស្សិត មាននិស្សិតចំនួនបួននាក់ ក្នុងចំណោមអ្នកដែលបាត់ខ្លួនទាំងអស់ បានលេចមុខនៅក្នុងវីដេអូសារភាព ដែលបង្ហាញដោយប៉ូលិសចិនកាលពីខែមករា ដើមឆ្នាំ ២០១៩ កន្លងទៅ។
នៅក្នុងវីដេអូ គេឃើញនិស្សិតទាំងអស់នោះ សារភាពដោយទទួលស្គាល់ថា សកម្មភាពលើកកម្ពស់សិទ្ធិសេរីភាពការងាររបស់ពួកគេ គឺជាអំពើវិទ្ធង្សនា និងជាការកេងចំណេញផ្នែកនយោបាយ។ តាមរយៈកាយវិការខុសប្រក្រតីពេលឆ្លើយសារភាព គេអាចដឹងថាសិស្សនិស្សិតទាំងនោះត្រូវគេចាប់បង្ខំឲ្យនិយាយដូច្នោះ។ នេះបើតាមសម្តីរបស់សកម្មជននិស្សិតម្នាក់ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ក្នុងករណីមិនបញ្ចេញឈ្មោះ ដោយបារម្ភពីបញ្ហាសុវត្ថិភាព។
ជាមួយគ្នានេះដែរ ក្រុមនិស្សិតចិនដែលធ្លាប់ធ្វើការតស៊ូមតិឲ្យរដ្ឋគោរពសិទ្ធិរបស់ពលករ បានចាត់ទុកសកម្មភាពរបស់ប៉ូលិសចិន ថាជាយុទ្ធនាការបំភិតបំភ័យដល់ក្រុមរបស់ពួកគេ ដោយចង់ឲ្យពួកគេភ័យខ្លាច ហើយបែរទៅជានិយាយថាខ្លួនធ្វើខុស និងបន្ទាប់មកប្រែក្លាយការតស៊ូមតិរបស់ពួកគេទៅជាអំពើខុសច្បាប់ទៅវិញ។
មួយវិញទៀត សកម្មជននិស្សិត ក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះសុវត្ថិភាព របស់និស្សិតដែលកំពុងបាត់ខ្លួនទាំងអស់។ ពួកគេបញ្ជាក់ទៀតថាអាជ្ញាធរចិនបានគាប់សង្កត់ពួកគេឲ្យផ្តល់ព័ត៌មានបន្ថែម អំពីនិស្សិតដទៃទៀតដែលបានចេញមុខតវ៉ាយ៉ាងផុលផុសនៅគ្រាកន្លងមកនិងថាអាជ្ញាធរចិន នឹងកាត់ទោសអ្នកដែលមាននៅក្នុងវីដេអូសារភាពទាំងអស់ ក្នុងពេលខាងមុខ។
គួរជ្រាបថា រហូតមកដល់ពេលនេះ ការិយាល័យផ្នែកសន្តិសុខសាធារណៈក្រុងប៉េកាំង មិននៅទាន់ចេញមុខឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺណាមួយឡើយ។ តែបើតាម លោក Peter Dahlin ដែលជាសកម្មជនការពារសិទ្ធិមនុស្ស ការបង្កើតវីដេអូសារភាព គឺជាវិធីសាស្ត្រមួយរបស់ប៉ូលិសចិន ដើម្បីបំភិតបំភ័យដល់ក្រុមអ្នកតវ៉ា។ លោក Dahlin បានប្រាប់សារព័ត៌មាន AFP ដែរថា ទង្វើរបស់អាជ្ញាធរចិន ក្នុងការគំរាមកំហែង និងបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ា គឺមិនខុសអីពីអំពើភេរវកម្មផ្នែកនយោបាយឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ