អានតួអត្ថបទ
ចិន-រុស្ស៊ី

​​ចិន​និង​រុស្ស៊ី​សន្យាកាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ហានិភ័យ​មក​ពី​ក្រៅ

ពី​ឆ្វេង​ទៅ​ស្តាំ ៖ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន-កាហ្សាក់ស្ថាន ចិន តាហ្ស៊ីគីស្ថាន រុស្ស៊ី និង​អ៊ូសបេគីស្ថាន នៅ​ក្នុង​ជំនួប​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​
ពី​ឆ្វេង​ទៅ​ស្តាំ ៖ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន-កាហ្សាក់ស្ថាន ចិន តាហ្ស៊ីគីស្ថាន រុស្ស៊ី និង​អ៊ូសបេគីស្ថាន នៅ​ក្នុង​ជំនួប​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ © Reuters
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

“ចិន​-រុស្ស៊ី ត្រូវ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​ពួត​​ដៃ​គ្នា​ប្រឈម​​នឹង​ហានិភ័យ​ពី​ក្រៅ”។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង នា​ឱកាស​ជួប​ពិភាក្សា​ជាមួយ​សមភាគីរុស្ស៊ី លោក​ពូទីន​ នៅ​ល្ងាច​មិញ។ តើ​គ្រោះ​មក​ក្រៅ​ជា​អ្វី ?! តើ​សំដៅ​លើ​ក្រុម​បស្ចឹម​លោក​ឬ ? ការ​ប្រកាស​រឹត​ចំណង​ទំនាក់ទំនង​ចិន-រុស្ស៊ី ធ្លាក់​មក​ជួន​ចំពេល​ដែល​ទណ្ឌកម្មរបស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​រុស្ស៊ី​បាន​អនុម័ត​ឱ្យ​ចូល​ជា​ធរមាន​ចាប់​ពី​ព្រឹកថ្ងៃ​សុក្រ​ទី ១២​កញ្ញា​ ២០១៤ តទៅ។ ដោយ​ហេតុ​តែ​វិបត្តិ​អ៊ុយក្រែន ម៉ូស្គូ​និង​ប៉េកាំង បាន​ខិត​រក​​គ្នា​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​នេះ ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពី​ឆ្នាំ​២០១៤​មក នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​ប្រធានាធិបតី​ចិន​និង​រុស្ស៊ី​ បាន​ជួប​ពិភាក្សា​គ្នា​មួយទល់នឹង​មួយ។ ជំនួប​ដែល​បាន​ពន្លឿន​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន-រុស្ស៊ី ឱ្យ​ខិត​ជិត​គ្នា និង​ជំរុញ​សម្រេច​បាន​នូវ​​កិច្ចសន្យា​ពាណិជ្ជកម្ម​ធំៗ សំខាន់ៗ ដូច​យ៉ាង​កិច្ច​សន្យា​ក្នុង​វិស័យ​ថាមពល។

 
“ប្រទេស​ទាំងពីរ​ត្រូវ​តែ​​​គាំទ្រ​គ្នា និង​បើក​ចិត្ត​ជួយ​គ្នា​ ​ទៅវិញ​ទៅ​មក​ឱ្យបាន​ប្រសើរ​ឡើង​ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍន៍ និង​ទប់ទល់​គ្រោះ​ហានិភ័យមក​ពី​ក្រៅ”។ នេះ​ជា​ការ​អះអាង ​របស់​ប្រធានាធិបតី​ចិន លោក​ស៊ីជិនពីង ​ ​ ទៅ​កាន់​សមភាគី ក្នុង​​ជំនួប​ ក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​​អង្គការ​សហប្រតិបត្តិការ​សៀងហៃ កាលពី​ថ្ងៃ​ម្សិលមិញដែល​មាន​ប្រទេស​ជា​អតីត​សហភាព​សូវៀត​បួន​នៅ​អាស៊ី​កណ្តាល​កៀហ្ស៊ីស៊ីស្ថាន-កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន ព្រម​ទាំង​​ចិន​និង​រុស្ស៊ី ចូល​រួម។ ​

ចំណែក​ខាងរុស្ស៊ីវិញ បើ​តាម​ប្រភព​សារព័ត៌មាន​ចិនថ្មី​ ​ លោក​ពូទីន​ បាន​រៀប​រាប់​​អំពី​​អស្ថិរភាព​តំបន់​និង​អន្តរជាតិ​ តែ​ដោយបង្ហាញ​ក្តី​សង្ឃឹម​និង​ការ​រំពឹង​លើ ចំណង​​មិត្តភាព​​មហាអំណាច​ទាំង​ពីរ​ចិន​និង​រុស្ស៊ី ក្នុង​ការ​សម្រេច​ផែនការ​ដ៏​សំខាន់​ក្នុង​វិស័យ​ថាមពល​ប្រេង​ ឧស្ម័ន និង​នុយក្លេអ៊ែរ។

សូម​បញ្ជាក់​ថា តាំង​ពី​វិបត្តិ​អ៊ុយក្រែន បាន​ផ្ទុះ​ឡើង​ រុស្ស៊ីបាន​ចាប់​តំបន់​គ្រីមេ​មក​ធ្វើ​ជា​រណប​ បស្ចឹម​លោក​និង​រុស្ស៊ី បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​ ស្ទើរ​ដូច​សម័យ​សង្គ្រាម​ត្រជាក់។ សហភាព​​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​រុស្ស៊ី។ ក្រៅ​ពី​ទណ្ឌកម្ម​លើ​ផ្នែក​កសិឧស្សាហកម្ម និង​ឧស្សាហកម្ម ទណ្ឌកម្ម​ទីបី​ដែល​ទើប​ចូលជា​ធរមាន​នៅ​ថ្ងៃនេះ ដៅ​ចំលើ​សេដ្ឋកិច្ច​រុស្ស៊ី​ ដោយ​បិទ​ខ្ទប់​ហិរញ្ញវត្ថុ​បំណុល​របស់​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​ធំ​ចំនួន​បី​ (Rosneft Transneft និង​GazpromNeft ​សាខា​របស់​ក្រុមហ៊ុន​ប្រេង​Gazprom ព្រមទាំង​លើ​វិស័យ​ការពារ​ជាតិ។

ក្នុង​បរិបទ​បែប​នេះ រុស្ស៊ី បាន​ងាក​ទៅ​តម្រង់ទិស​វិស័យ​ថាមពល​នៅ​ប៉ែក​អាស៊ី ពោល​គឺ​ចិន​នេះ​ឯង។ កាលពី​ខែ​ឧសភា ចិន​និង​រុស្ស៊ី​ បាន​ទម្លាយ​កិច្ចព្រមព្រៀង​​ក្នុង​វិស័យ​ថាមពល​ឧស្ម័ន ដែល​​អូសបន្លាយ​​អស់ពេល​​​១០​ឆ្នាំមក​ហើយ​​ក្នុង​តម្លៃ​​ប្រមាណ​ ៤០០​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ឆ្នាំ៣០​ឆ្នាំ។ កាលពី​សប្តាហ៍​មុន លោកពូទីន​ ​បាន​ផ្តល់​សន្ទុះ​ថ្មី​ដល់​ស៊ីបេរី​ខាង​កើត ក្នុង​ផែនការ​ស្ថាបនា​បំពង់​បង្ហូរ​ឧស្ម័ន​៤ពាន់​គីឡូម៉ែត្រ ពី​សាធារណរដ្ឋ​យ៉ាគូទី ទៅ​សមុទ្ទ​ជប៉ុន និង​រហូត​ដល់​ព្រំប្រទល់​ខាង​កើត​របស់​ចិន៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ