អាមេរិកចោទប្រកាន់មន្ត្រីយោធាចិន៤នាក់ ពីបទចារកម្មតាមប្រព័ន្ធអ៊ីនធឺនែត
ក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃចន្ទ ទី ១០ កុម្ភៈ បានប្រកាសចោទប្រកាន់មន្ត្រីជាន់ខ្ពស់ក្នុងជួរបក្សកុម្មុយនិស្តចិនចំនួន ៤ នាក់ ពីបទលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធឺនែត។ ក្រុមអ្នកស៊ើបអង្កេតអាមេរិកនិយាយថា អង្គភាពយោធាចិន បានប្រើប្រាស់វិធីសាស្ត្រជាច្រើនដើម្បីអាចចូលទៅលួចយកទិន្ន័យរបស់ប្រជាពលរដ្ឋអាមេរិក ព្រមទាំងទិន្នន័យរបស់ភ្នាក់ងារឥណទានខ្នាតយក្សអាមេរិកឈ្មោះថា អេគ្វីហ្វាក្ស (Equifax)។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ត្រីយោធាចិន ៤ នាក់ បម្រើការនៅវិទ្យាស្ថានស្រាវជ្រាវចិន រងការចោទប្រកាន់ជាច្រើនពីសំណាក់រដ្ឋអាជ្ញាអាមេរិករួមមាន បទលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធឺនែត តាមកុំព្យូទ័រ និងបទចារកម្មសេដ្ឋកិច្ចជាដើម។
ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ចិនទាំងនោះថាបានចូលទៅលួចយកព័ត៌មានសំខាន់ៗជាច្រើនរបស់ពលរដ្ឋអាមេរិកាំងចំនួនប្រមាណជា ១៤៥ លាននាក់ ដែលនេះគឺជាចំនួនដ៏ច្រើនបំផុតមួយ។
ទាក់ទងរឿងនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកបញ្ជាក់ប្រាប់ដែរថា ទម្រាំរកឃើញបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីធឺនែតខាងលើ ក្រុមអ្នកស៊ើបអង្កេតអាមេរិកបានប្រើប្រាស់រយៈពេលជាងមួយឆ្នាំ តាមដានម៉ាស៊ីនផ្ទុកទិន្នន័យ (servers) ចំនួន ៣៤ នៅក្នុងប្រទេសចំនួន ២០។
ក្រុងវ៉ាស៊ីនតោនជឿជាក់ថា អង្គភាពយោធានិងសន្តិសុខជាតិចិន កំពុងតែប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិក និងបារម្ភខ្លាចថា ទីក្រុងប៉េកាំងអាចប្រើប្រាស់ព័ត៌មានទាំងនោះ ដើម្បីកំណត់អត្តសញ្ញាណក្រុមអ្នកស៊ើបការណ៍សម្ងាត់របស់អាមេរិក។
ពីខាងក្រុងប៉េកាំងវិញ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានចេញមុខច្រានចោលរាល់ការចោទប្រកាន់របស់អាមេរិក និងថា ខ្លួនមិនដែលបានប្រព្រឹត្តអំពើចារកម្មតាមអ៊ីនធឺនែតទៅលើប្រទេសណាមួយឡើយ។ ជាមួយគ្នានេះ ចិនក៏បានអះអាងដែរថា មន្ត្រីយោធារបស់ខ្លួនទាំង ៤ នាក់ មិនបានជាប់ពាក់ព័ន្ធអ្វីទៅនឹងបទចារកម្ម ដូចការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិកឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលហើយនិងកងទ័ពចិន មិនដែលសោះឡើយធ្វើចារកម្មតាមរយៈប្រព័ន្ធអ៊ីនធឺនែត។
លោក Geng អះអាងថា ប្រទេសចិនតែងតែប្រយុទ្ធប្រឆាំង ព្រមទាំងបង្ក្រាបរាល់ការធ្វើចារកម្មតាមអ៊ីនធឺនែតតាមគ្រប់ទម្រង់ទាំងអស់។ ជាពិសេស លោកបានបញ្ជាក់ដែរថា ចិន សព្វថ្ងៃនេះ ក៏ជាជនរងគ្រោះម្នាក់ដែរពីសកម្មភាពចារកម្មរបស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ