លោកហ្គោនត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្រោយជាប់ពន្ធនាគារជាងបីខែ
នៅថ្ងៃពុធ ទី៦ មីនា នេះ អតីតនាយកក្រុមហ៊ុនរថយន្តជប៉ុននីសាន់លោកការឡូស ហ្គោន បានចេញពីពន្ធនាគារទីក្រុងតូក្យូហើយ បន្ទាប់ពីមានការយល់ព្រមពីតុលាការជាន់ខ្ពស់ជប៉ុន។ លោកហ្គោន ត្រូវបានដោះលែងក៏ពិតមែន ក៏ប៉ុន្តែតុលាការក្រុងតូក្យូ បានដាក់លក្ខខណ្ឌយ៉ាងរឹងតឹងជាច្រើន ចំពោះរូបលោក ក្នុងអំឡុងពេលរស់នៅក្រៅមណ្ឌលឃុំឃាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេលជាង ១០០ ថ្ងៃរួចមក នៅទីបំផុតទៅ លោកការឡូស ហ្គោន អតីតមេដឹកនាំសម្ព័ន្ធក្រុមហ៊ុនរថយន្តដ៏ធំមួយក្នុងលោកគឺសម្ព័ន្ធរថយន្ត រឺណូ-នីសាន់-មីស៊ុយប៊ីស៊ី បានចាកចេញពីមណ្ឌលឃុំឃាំងនៅប៉ែកខាងជើងទីក្រុងតូក្យូហើយ។
នៅពេលចេញពីមន្ទីរឃុំឃាំង គេឃើញលោកហ្គោន មានពាក់ម៉ាសបាំងមុខ ដោយមានអមទៅដោយឆ្មាំគុកជប៉ុនមួយក្រុមដែលមានពាក់ម៉ាសបាំងមុខដូចគ្នា។ គួរជ្រាបថា ទោះបីជាត្រូវបានដោះលែងឲ្យនៅក្រៅឃុំយ៉ាងណាក៏ដោយ ក៏លោកហ្គោន នៅតែប្រឈមនឹងការដាក់លក្ខខណ្ឌយ៉ាងតឹងតែងជាខ្លាំង ពីសំណាក់តុលាការជប៉ុន។
ជាក់ស្តែង ក្រៅតែពីតម្កល់ប្រាក់ធានាចំនួន ៩ លានដុល្លារសហរដ្ឋអាមេរិក តុលាការមិនអនុញ្ញាតជាដាច់ខាតឲ្យលោកហ្គោន ចាកចេញពីប្រទេសជប៉ុន និងរួមបញ្ចូលទាំងវិធានការផ្សេងទៀតៗ ដែលកំណត់លើការប្រាស្រ័យទាក់ទងរបស់លោកជាមួយនឹងពិភពខាងក្រៅ។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានឱ្យដឹងថា តុលាការនឹងរឹតបន្តឹងចំពោះការប្រើប្រាស់ទូរស័ព្ទរបស់លោកហ្គោន។ តែទោះជាយ៉ាងនេះក្តី អតីតប្រធានក្រុមហ៊ុនរថយន្តរបស់បារាំងវ័យ ៦៤ ឆ្នាំរូបនេះ អាចប្រើកុំព្យូទ័របាន តែតុលាការអនុញ្ញាតឲ្យលោក ប្រើកុំព្យូទ័រតែនៅក្នុងការិយាល័យមេធាវីរបស់គាត់ និងនៅតាមម៉ោងពេលធ្វើការតែប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារ Kyodo ដដែលនេះ ក្នុងអំឡុងពេលនៅក្រៅឃុំ លោកហ្គោន ក៏ត្រូវបានហាមឃាត់ផងដែរ មិនឱ្យទាក់ទងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននីសាន់ និងអ្នកដទៃដែលមានជាប់ពាក់ព័ន្ធទៅនឹងរឿងក្តីក្តាំប្រឆាំងនឹងរូបលោក។
គួររំឭកជូនថា នៅគ្រាកន្លងមក តុលាការក្រុងតូក្យូ ទទួលរងការរិះគន់ជាច្រើនពីសំណាក់អន្តរជាតិ និងក្រុមអ្នកការពារសិទ្ធិមនុស្ស ចំពោះការណ៍ដែលតុលាការពន្យារពេលឃុំខ្លួនលោកហ្គោន ដោយគ្មានការកាត់ទោស។
មិនតែប៉ុណ្ណោះ លោកការឡូស ហ្គោន ក៏ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដំបូង និងតែមួយគត់របស់លោកជាមួយសារព័ត៌មានអន្តរជាតិដែរថា ការបន្តឃុំខ្លួនរូបលោកពីសំណាក់តុលាការជប៉ុន មិនមែនជារឿងធម្មតាឡើយ នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ លោកហ្គោន បានចោទជាសំណួរថា ហេតុអ្វីបានជាលោកត្រូវទទួលរងនូវទណ្ឌកម្ម មុនពេលដែលគេរកឃើញថាលោកមានទោសទៅវិញ?៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ