តុលាការ​ក្រុង​តូក្យូ​អនុញ្ញាតឲ្យ​អតីត​ប្រធាន​ក្រុមហ៊ុន​រឺណូ​នៅក្រៅឃុំ​បណ្តោះអាសន្ន​

លោកការឡូស ហ្គោន អតីតមេដឹកនាំសម្ព័ន្ធរថយន្តបារាំងជប៉ុន រឺណូ-នីសាន់។
លោកការឡូស ហ្គោន អតីតមេដឹកនាំសម្ព័ន្ធរថយន្តបារាំងជប៉ុន រឺណូ-នីសាន់។ REUTERS/Benoit Tessier

លោកការឡូស​ ហ្គោន​ អតីត​មេដឹកនាំ​សម្ព័ន្ធ​រថយន្ត​​បារាំង​ជប៉ុន​ រឺណូ​-នីសាន់​ ត្រូវបាន​តុលាការជប៉ុន​សម្រេច​អនុញ្ញាតឲ្យ​នៅក្រៅឃុំហើយនៅថ្ងៃអង្គា​រ ទី៥​ មីនា​នេះ​។ ជា​ការ​សម្រេច​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ ពីព្រោះថា​តុលាការ​ជប៉ុន​មិនងាយនឹង​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​រស់នៅ​ក្រៅឃុំឡើយ​ ប្រសិនណាបើ​បុគ្គល​នោះ​មិនទាន់​សារភាព​ឬ​ទទួលស្គាល់​ទោសកំហុស​។

ផ្សាយពាណិជ្ជកម្ម

នៅទីបំផុតទៅ​ លោកការឡូស​ ហ្គោន​ ត្រូវ​តុលាការ​ក្រុ​ងតូក្យូ ​អនុញ្ញាតឲ្យ​នៅក្រៅឃុំ​ ដោយ​ការបង់ប្រាក់​ធានា​ចំនួន​ ១ ពាន់លានយេន​ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា​ ៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ មួយវិញទៀត នៅពេលនៅក្រៅឃុំ តុលាការមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសជប៉ុនឡើយ ដោយសារ​តែខ្លាច​លោកលួច​គេចចេញពី​ប្រទេស​ជប៉ុន​ និងអាចទៅ​បំផ្លាញ​ភ័ស្តុតាង​សំខាន់ៗ​ទាក់ទងនឹង​រឿងក្តី​របស់​លោកបាន​។

តែទោះជាយ៉ាងណាក្តី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា លោកហ្គោននឹងត្រូវដោះលែងនៅវេលាណា ថ្ងៃណាឲ្យពិតប្រាកដនោះ ដោយសារតែព្រះរាជអាជ្ញាជប៉ុន បានប្តឹងទៅកាន់តុលាការជាន់ខ្ពស់ ជំទាស់ទៅនឹងការសម្រេចអនុញ្ញាតឲ្យលោកហ្គោននៅក្រៅឃុំ។ ទាក់ទងរឿងនេះដែរ បើតាមមេធាវីរបស់លោក ហ្គោន តុលាការជាន់ខ្ពស់ជប៉ុន អាចនឹងសម្រេចយល់ព្រម ឲ្យលោកហ្គោន នៅក្រៅឃុំ ឬបន្តឃុំខ្លួនរូបលោក នៅថ្ងៃអង្គារនេះ។

គួរជ្រាបថា​​ មាន​ហេតុផល​ចំបង​ចំនួនពីរ​ ដែលអាចជំរុញឲ្យតុលាការក្រុងតូក្យូសម្រេចដោះលែងលោកហ្គោនឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែលទី១ គឺដោយសារ​មាន​រិះគន់ពី​អន្តរជាតិ​ ជាពិសេស​ពី​ក្រុមអ្នក​ការពារ​សិទ្ធិមនុស្ស​ ចំពោះការ​ពន្យារ​ពេល​ឃុំខ្លួន​លោកហ្គោន ដោយ​គ្មានភ័ស្តុតាងត្រឹមត្រូវ​។ ហើយ​ហេតុផល​ទី ២​ នោះគឺដោយសារតែ ​លោកហ្គោន​ទើបប្តូរ​មេដឹកនាំ​ក្រុមមេធាវី​របស់លោក​។ មេធាវីថ្មីនេះ​មានឈ្មោះថា​ Junichiro Hironaka ជាមេធាវីជប៉ុន​ដ៏ល្បី​ឈ្មោះមួយរូប​ និង​ល្បីថា​ធ្លាប់បាន​ជួយ​កូនក្តី​ឲ្យឈ្នះ​ក្តីក្តាំ​ ពាក់ព័ន្ធនឹង​សំណុំរឿងធំៗ​និងពិបាកៗ​ជាច្រើន​ណាស់​មកហើយ​។

ទាក់ទងរឿងនេះដែរ គួរជ្រាបថា កាលថ្ងៃចន្ទម្សិលមិញនេះ ក្រុមគ្រួសាររបស់លោកការឡូស ហ្គោន បានលើកឡើងថា ពួកគេនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិ ចំពោះការណ៍ដែលតុលាការជប៉ុនរំលោភសិទ្ធិជាមូលដ្ឋានរបស់លោកហ្គោន។

គួរ​រំឭកជូនដែរថា​ អតីត​ប្រធាន​ក្រុមហ៊ុន​រថយន្ត​បារាំង​រឺណូ​ និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ជប៉ុនលោកហ្គោ​ន រហូតមកដល់ពេលនេះ​ ជាប់​ឃុំឃាំង​អស់រយៈ​ពេលជាង​បីខែ​កន្លងមកហើយ​ ពោល​គឺ​ចាប់តាំងពី​រូបលោក​ ត្រូវបានចាប់ខ្លួន​ដោយ​ប៉ូលិស​ជប៉ុន​នាថ្ងៃទី ១៩​ វិច្ឆិកា ឆ្នាំ២០១៨​ កន្លងទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI