អានតួអត្ថបទ

ប្រទេស​មហាឧស្សាហកម្ម​ G20 គ្រោង​សម្រេច​លើ​កិច្ចព្រមព្រៀង​អំពី​ការកាត់បន្ថយ​ការបំពុល​ទឹកសមុទ្រ​

បុគ្គលិកជប៉ុន កំពុងតម្រៀបសំរាមប្លាស្ទិកដើម្បីកែច្នៃប្រើប្រាស់ឡើងវិញនៅមជ្ឈមណ្ឌលកែច្នៃមួយក្នុងក្រុងតូក្យូកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩។
បុគ្គលិកជប៉ុន កំពុងតម្រៀបសំរាមប្លាស្ទិកដើម្បីកែច្នៃប្រើប្រាស់ឡើងវិញនៅមជ្ឈមណ្ឌលកែច្នៃមួយក្នុងក្រុងតូក្យូកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩។ REUTERS/Kim Kyung-Hoon
1 នាទី

ក្រុមប្រទេសសេដ្ឋកិច្ចឈានមុខ G20 បានឯកភាពគ្នា ក្នុងដំណើរការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ ស្តីអំពីការកាត់បន្ថយចំនួនកាកសំណល់ប្លាស្ទិក ដែលមានក្នុងទឹកសមុទ្រ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងប្រទេសជប៉ុន នាថ្ងៃអាទិត្យនេះ ខណៈពេលដែលក្រុមប្រទេសមហាអំណាចទាំងនោះ ជួបពិភាក្សាគ្នា អំពីសន្តិសុខនៃប្រភពថាមពល បន្ទាប់ពីហេតុការណ៍វាយប្រហារលើកប៉ាល់ដឹកប្រេង នៅឈូងសមុទ្រអូម៉ង់។

ផ្សាយពាណិជ្ជកម្ម

ជប៉ុនបានស្នើឲ្យមានការឯកភាពគ្នាមួយ រវាងបណ្តាប្រទេស G20 ក្នុងយុទ្ធនាកាត់បន្ថយសំរាមប្លាស្ទិក នៅក្នុងទឹកសមុទ្រ។ សំណើនេះ ត្រូវបានស្វាគមន៍ដោយប្រទេសមហាឧស្សាហកម្មទាំងអស់។ នេះជាការលើកឡើងរបស់ រដ្ឋមន្ត្រីបរិស្ថានជប៉ុន លោក Yoshiaki Harada ប្រាប់ទៅកាន់ អ្នកយកព័ត៌មាន កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងកិច្ចប្រជុំស្តីអំពី បញ្ហាបរិស្ថាន និងថាមពលរបស់ក្រុមប្រទេស G20។

សំណើរបស់ជប៉ុន ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃ នឹងក្លាយទៅជាក្របខ័ណ្ឌលើកដំបូងគេបង្អស់ ក្នុងដំណើរកាត់បន្ថយការបំពុលទឹកសមុទ្រ ដោយសំរាមប្លាស្ទិក។  គេរំពឹងថា សំណើរនេះនឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយរដ្ឋមន្ត្រីរបស់ក្រុមប្រទេស G20 នៅថ្ងៃអាទិត្យនេះផងដែរ។

ទាក់ទងរឿងនេះដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន តាមរយៈកិច្ចព្រមព្រៀងថ្មីដែលនឹងសម្រេចបានមួយនេះ គេរំពឹងទុកថា សមាជិកក្រុមប្រទេស G20 នឹងខិតខំប្រឹងប្រែង កាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដែលជាគ្រោះថ្នាក់ខ្លាំងបំផុត ដល់ធនធានទឹកសមុទ្រ។

គួររំឭកជូនថា ការបំពុលដោយសំរាមប្លាស្ទិក បានក្លាយទៅជាការព្រួយបារម្ភស្នូលមួយ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ជាពិសេសបន្ទាប់ពីមានការហាមឃាត់ដោយប្រទេសចិន និងប្រទេសដទៃទៀត លើការនាំចូលកាកសំណល់ប្លាស្ទិកពីបរទេស។

មួយវិញទៀត ក្នុងចំណោមកង្វល់ជាច្រើន ក្នុងនោះក៏មានផងដែរពីបញ្ហាមីក្រូប។ មីក្រូបជាបំណែកតូចៗនៃកាកសំណល់រលួយ ដែលពិបាកក្នុងការប្រមូលយក នៅពេលដែលពួកវាហូរចូលក្នុងទឹក។ មីក្រូប ទំនងជាអាចស្រូបយកសារធាតុគីមីច្រើន ដែលអាចជាគ្រោះថ្នាក់ធំបំផុតដល់ជីវិតសត្វត្រី សត្វបក្សី និងសត្វដទៃទៀតជាដើម។

គួរជម្រាបជូនដែរថា បើតាមការប៉ាន់ស្មាន សំរាមប្លាស្ទិកចំនួនត្រឹមតែ ៩ ភាគរយប៉ុណ្ណោះ ក្នុងចំណោមសំរាមប្លាស្ទិកប្រើប្រាស់រួច ត្រូវគេយកទៅកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញ។ ក្រុមអ្នកការពារបរិស្ថាន និយាយថាដំណោះស្រាយរយៈពេលវែង និងល្អតែមួយគត់ ចំពោះវិបតិ្តសំរាមប្លាស្ទិក គឺថាក្រុមហ៊ុនសហគ្រាស ត្រូវដើម្បីកាត់បន្ថយចំនួនផលិត ហើយអតិថិជនវិញ ត្រូវកាត់បន្ថយការប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ