អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖ តួកគី​គំរាម​វាយប្រហារ​គ្រប់​ទីកន្លែង បើ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ហ៊ាន​វាយបក

សំឡេង ០៦:៤១
លោកប្រធានាធិបតីតួកគី ដែលប្រកាសគំរាម​វាយប្រហារលើស៊ីរី បើសិនកងទ័ពបាឆា អាល់អាសាដ នៅតែ​បន្ត​វាយមកលើ​ទីតាំង​កងទ័ព​តួកគិ​នៅ​ភាគ​ខាងជើង​ស៊ីរី​។ ថ្ងៃទី១១ កុម្ភៈ២០២០​
លោកប្រធានាធិបតីតួកគី ដែលប្រកាសគំរាម​វាយប្រហារលើស៊ីរី បើសិនកងទ័ពបាឆា អាល់អាសាដ នៅតែ​បន្ត​វាយមកលើ​ទីតាំង​កងទ័ព​តួកគិ​នៅ​ភាគ​ខាងជើង​ស៊ីរី​។ ថ្ងៃទី១១ កុម្ភៈ២០២០​ ADEM ALTAN / AFP
ដោយ៖ ម៉ម ពិសី
៣២ នាទី

នៅស៊ីរី ចាប់តាំងពីដើមខែកុម្ភៈមក សមរភូមិប្រយុទ្ធបានផ្ទុះឡើង រវាងកងទ័ពតួកគី និងកងទ័ពរដ្ឋាភិបាល​បាឆា អាល់អាសាដ នៅភាគខាងជើងឆៀងខាងលិច ក្បែរក្រុងអ៊ីដឡិប។ ក្រោយស្លាប់ទាហានតួកគី៥នាក់ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីតួកគី បាន​គំរាមខ្លាំងៗ​ថា បើកងទ័ពស៊ីរី ហ៊ានធ្វើ​ការ​​វាយប្រហារណាមួយ មកលើទីតាំងកងទ័ព​តួកគីទៀត នោះតួកគីនឹងវាយបក​ទៅលើស៊ីរីវិញ ដោយមិនរើសទីតាំងជាដាច់ខាត។ មានការព្រួយបារម្ភជាខ្លាំង ដល់សន្តិសុខរបស់ប្រជាជនស៊ីរី នៅតំបន់នោះ បើ​​ការវាយប្រហារ​គ្នា​រវាង​កងទ័ពតួកគី និងកងទ័ពស៊ីរី មិនបញ្ឈប់។ តែយ៉ាងណា ក៏ដោយ គេសង្ឃឹមថា នឹងមានការចរចាគ្នាណាមួយ រវាងតួកគី និងរុស្ស៊ី ព្រោះថាគឺរុស្ស៊ី ដែល​ជា​អ្នក​ចេញ​មុខ​ការពារ រដ្ឋាភិបាល​របស់​លោក​បាឆា អាល់អាសាដ។

ផ្សាយពាណិជ្ជកម្ម

ការប្រយុទ្ធគ្នា បានចាប់ផ្តើមកាលពីដើមខែកុម្ភៈ។ ភាគីម្ខាងៗចោទគ្នាទៅវិញទៅមក។ នៅតំបន់ភាគខាងជើងឆៀងខាងលិចស៊ីរីនេះ មានទីក្រុងធំៗ២ គឺក្រុងអ៊ីដឡិប និងក្រុងអាឡិប។ ក្រុង២នេះ ស្ថិតក្នុងដៃរបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលបាស្ហា អាល់អាសាដ។ ហើយក្រុមនេះ មានតួកគីជួយគាំទ្រ​។ តំបន់នេះ ស្ថិតនៅជាប់នឹងព្រំដែន​តួកគីតែម្តង។

កាលពីខែកញ្ញា ឆ្នាំ២០១៨ តួកគីនិងរុស្ស៊ី បានចេញមុខធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីកំណត់តំបន់ភាគខាងជើង​ស៊ីរី នៅជាប់តាមបណ្តោយព្រំដែនតួកគី គឺជាតំបន់ទំលាក់​អាវុធ។ ក្នុងន័យនេះ តួកគីបានបញ្ជូនទ័ពខ្លួន ចូលមកតំបន់ក្បែរក្រុងអ៊ីដឡិប ដើម្បីគ្រប់គ្រងជា​បណ្តោះអាសន្ន និងដកហូតអាវុធ ពីក្រុមប្រឆាំងរដ្ឋាភិបាល​ស៊ីរី។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញ គឺប្រមាណជាង១ឆ្នាំមកហើយ ធ្វើមិនទាន់ចេញទេ។

ចលាចល ម្នាក់ៗឆក់ឱកាសរុលទៅមុខ

បើតាមការចោទប្រកាន់ មក​ពីខាងរដ្ឋាភិបាលបាស្ហា អាល់អាសាដ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ដែលជាអ្នកបើកសមរភូមិមុន កាលពីដើមខែកុម្ភៈនេះ។ កងទ័ពរដ្ឋាភិបាលស៊ីរី ក៏បានឆក់ឱកាស វាយ​​សង្រ្គប់ ដណ្តើមយកក្រុងអ៊ីតឡិបមកវិញ ដោយមានអន្តរាគមន៍ជួយ ពីកងទ័ពរុស្ស៊ីផង។ បើគិតមកត្រឹមថ្ងៃពុធទី​១២កុម្ភៈនេះ កងទ័ព​បាស្ហា អាល់អាសាដ បានវាយគ្រប់គ្រងផ្លូវជាតិមួយខ្សែដ៏សំខាន់ ដែលតភ្ជាប់ពីភាគ​ខាងត្បូង​​​កាត់​តាម​រដ្ឋធានី​​ដាម៉ាស ទៅទីក្រុងអាឡិប នៅខាងជើង។

កាលពីថ្ងៃ​អង្គារ ឧត្ថម្ភាគចក្ររបស់កងទ័ពស៊ីរី ត្រូវបានកងទ័ពតួកគីវាយកំទេច ស្លាប់អ្នកបើកបរ២នាក់។ ចំណែកការប្លោងគ្រាប់របស់កងទ័ពស៊ីរីវិញ ក៏បាន​សម្លាប់ទាហាន​តួកគី​សរុប ១៣នាក់។ ទាំងសងខាង បានបាញ់ប្លោងដាក់គ្នាទៅវិញទៅមក។ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ក៏បានឆក់ឱកាស វាយ​ដណ្តើមទីតាំងខ្លះៗដែរ។ លោកប្រធានាធិបតី​តួកគី បាននិយាយខ្លាំងៗ ថា​និង​វាយ​ស៊ីរី ឲ្យស្គាល់ថ្នាំខ្លាំង បើស៊ីរីនៅ​តែហ៊ានវាយ បកមកលើទីតាំងរបស់កងទ័ពតួកគី។

ប្រមាណជាង២ខែមកនេះ មានប្រជាជនប្រមាណ​៧សែននាក់ បានភៀសខ្លួនចេញពីតំបន់នេះ។ នេះបើផ្អែកតាមតួលេខរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី។ ចំនួនមនុស្សភៀសខ្លួននេះច្រើនណាស់ សម្រាប់រយៈពេលដ៏ខ្លីនេះ។

តួកគី និងរុស្ស៊ី ប្តេជ្ញាការពារកិច្ចព្រមព្រៀង​ក្រុងសុតឈី

គេមិនអាចដោះស្រាយបញ្ហានេះបានទេ បើសិនជាគ្មានភ្លើងខៀវពីរុស្ស៊ី។ និយាយឲ្យចំទៅ គឺរុស្ស៊ីជាអ្នកសម្រេចជួស រដ្ឋាភិបាលស៊ីរី។ ចំណែកតួកគី វិញ ថ្វីបើលោកប្រធានាធិបតីអ៊ែរដូហ្កាន មានសម្តីគម្រាមខ្លាំងៗមែន តែតួកគីនៅតែខ្លាចចិត្តរុស្ស៊ីដែរទេ។ ហេតុដូច្នេះហើយ បានប្រមាណ១សប្តាហ៍​ចុងក្រោយនេះ យើងឃើញតួកគី ព្យាយាមហៅរុស្ស៊ីឲ្យមកចរចាគ្នា។ កាលពីថ្ងៃសៅរ៍អាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ រុស្ស៊ីបានបញ្ជូនគណៈប្រតិភូមួយ ទៅក្រុងអង់ការ៉ា ដើម្បីចរចាជាមួយតួកគី តែមិនបានលទ្ធផលទេ។

បញ្ហាគឺថា ភាគីនីមួយៗ សុទ្ធតែមិនអាចគ្រប់គ្រងកូនចៅខ្លួនឯងបានទាំងស្រុង។ តួកគី មិនអាចគ្រប់គ្រងក្រុមឧទ្ទាម កុំឲ្យផ្ទុះអាវុធ ឯរុស្ស៊ីវិញ ក៏មិនអាចហាមឃាត់កងទ័ពបាស្ហា អាល់អាសាដ បានទាំងស្រុងដែរ។ ត្រង់ចំណុចនេះហើយ ដែលកិច្ចព្រមព្រៀងទីក្រុង​សុតឈី ស្ថិតនៅទ្រឹងមួយកន្លែង គ្មាន​អានុភាពអ្វី​។ តែយ៉ាងណា នៅថ្ងៃពុធ ទី១២កុម្ភៈ លោកអ៊ែរដូហ្កាន បានទូរស័ព្ទ ទៅកាន់​លោកពូទីន។ មេដឹកនាំទាំងពីរ បានសន្យារួមគ្នា ថាត្រូវតែគោរពកិច្ចព្រមព្រៀងសុតឈី​ឲ្យបាន​ មានន័យត្រូវតែបិទបញ្ចប់ការផ្ទុះអាវុធ នៅតំបន់ភាគខាងជើងស៊ីរី ដែល​បានសន្យាគ្នារួចហើយ។

សហរដ្ឋអាមេរិក ប្រឹងប្រជ្រៀតខ្លួន ប្រកាសថាគាំទ្រតួកគី

កាលពីថ្ងៃអង្គារ ទី១១កុម្ភៈ លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយ​ដោយត្រង់តែម្តង ថាអាមេរិកគាំទ្រតួកគី ដែលបើកការប្រយុទ្ធ តទល់ជាមួយកងទ័ព​បាស្ហា អាល់អាសាដ។ ហើយនៅល្ងាចថ្ងៃដដែល ប្រេសិតពិសេសរបស់អាមេរិក ទទួលបន្ទុកកិច្ចការស៊ីរី ឈ្មោះ James Jeffrey បានទៅដល់ទីក្រុងអង់ការ៉ា តែម្តង ដើម្បីនិយាយ​ជាមួយតួកគី ថាតើអាចឲ្យមេរិកជួយអី្វ​បានខ្លះ។ តំណាងអាមេរិករូបនេះ និយាយថា អាមេរិកចង់ជួយ តួកគី ឲ្យអស់ពីសមត្ថភាព។

តួកគី ជាសមាជិក​អូតង់ គ្រប់គ្រងដោយអាមេរិកពិត ក៏ប៉ុន្តែ តួកគី គឺជាដៃគូរបស់រុស្ស៊ី ក្នុងសំណុំរឿងជាច្រើន។ នៅក្នុងបញ្ហាស៊ីរីនេះ ថ្វីបើ​តួកគី និងរុស្ស៊ី គាំទ្រ ភាគី២ផ្សេងគ្នាមែន តែតួកគី និងរុស្ស៊ី បាន​ព្យាយាមរកចំណុច​ត្រូវគ្នា ដើម្បីដោះស្រាយ​បញ្ហាមួយចំណុចម្តងៗ។ តួកគី មិនទុកចិត្តរដ្ឋាភិបាលបាស្ហា អាល់អាសាដ ទាក់ទិននឹងសំណុំរឿងក្រុម​គួឌីស្ថាន។ ដូច្នេះ រុស្ស៊ីកំពុងតែព្យាយាមដោះស្រាយចំណុចនេះ ដើម្បីឲ្យតួកគីទុកចិត្ត។ ហើយបើតាមការវិភាគ តួកគីក៏មិនត្រូវការ​ ឲ្យមានការផ្ទុះអាវុធថ្មីទៀតដែរ ព្រោះតួកគីជាអ្នករង​​ថ្មបាក់ ដោយសារតែលំហូរជនភៀសខ្លួនស៊ីរី។ នៅតួកគីបច្ចុប្បន្ននេះ មាន​ជនភៀស​ខ្លួន​​ស៊ីរី ជិត៤លាននាក់រួចទៅហើយ។ តួកគីមិនអាចទទួលបន្ថែមបានទេ។

ការបារម្ភថា​ តួកគី អាចនឹងប្រយុទ្ធជាមួយរុស្ស៊ី ក្នុងទឹកដីស៊ីរី គឺមិនអាចទៅរួចច្រើនជាង។ ចង់មិនចង់ ទោះមានឬគ្មានអាមេរិកនៅពីក្រោយ ក៏តួកគី មិនល្ងង់យករុស្ស៊ីជាសត្រូវដែរ។ រុស្ស៊ីនិងតួកគី មានចំណងសហប្រតិបត្តិការនឹងគ្នាច្រើនណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាង គម្រោងបំពង់បង្ហូរឧស្ម័ន​ហ្កាសរុស្ស៊ី ក្រោមសមុទ្រខ្មៅ និងគម្រោងទិញប្រព័ន្ធខែលមីស៊ីល S400 ជាដើម។ ការប្រកាសគាំទ្រតួកគី ពីសំណាក់អាមេរិក ក្នុងសំណុំរឿងស៊ីរីនេះ គឺគ្រាន់តែជាចេតនា ចង់បំបែកតួកគី ចេញ​ពី​រុស្ស៊ី តែតួកគី មិនប្រាកដជាល្ងង់នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ