អានតួអត្ថបទ
តួកគី​-ស៊ីរី

អង់ការ៉ាឱ្យសញ្ជាតិតួកគីដល់ជនស៊ីរីដែលស្ម័គ្រទៅធ្វើទាហាននៅលីប៊ី

ទាហាន​ស៊ីរី​ដែលទៅ​​ជួយ​កងកម្លាំង​តួកគី​នៅ​តាម​ព្រំដែន​ (រូបថតកាលពី​ខែ​តុលា​ឆ្នាំ​២០១៩)
ទាហាន​ស៊ីរី​ដែលទៅ​​ជួយ​កងកម្លាំង​តួកគី​នៅ​តាម​ព្រំដែន​ (រូបថតកាលពី​ខែ​តុលា​ឆ្នាំ​២០១៩) REUTERS/Khalil Ashawi
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

យុទ្ធជន​ស៊ីរី​ជាង​មួយ​ពាន់​នាក់​ ត្រូវ​បាន​តួកគី​បញ្ជូន​ទៅ​សមរភូមិ​​នៅ​លីប៊ី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧត្តមសេនីយ៍​ ហាហ្វតារ។ ជា​ថ្នូរ​មក​វិញ ​យុទ្ធជន​ស៊ីរី​ទាំងអស់​នោះ​នឹង​ទទួល​បាន​សញ្ជាតិ​តួកគី។ បើ​តាម អង្គការ​ ​OSDH មាន​យុទ្ធជន​ស៊ីរី​ជិត​២៣០០នាក់​ បាន​ស្ម័គ្រចិត្ត​និង​កំពុង​រង់ចាំ​ចេញ​ដំណើរ​ទៅ​ធ្វើ​ទាហានកាន់​អាវុធ​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៃ​រដ្ឋាភិបាល​សហភាព​ជាតិ​ក្រុង​ទ្រីប៉ូលី។   

ផ្សាយពាណិជ្ជកម្ម

ខ្លះ​ត្រូវ​រង់ចាំ​សិន ទម្រាំ​បាន​សញ្ជាតិ​តួកគី ខ្លះ​បាន​ទទួល​ភ្លាមតែ​ម្តង។ ​ឧទាហរណ៍​ជាក់​ស្តែង​ ប្រមុខ​យោធាស៊ីរី​សេរី បាន​ទទួល​សញ្ជាតិ​ជា​តួកគី​ហើយ​មុន​ចេញ​ដំណើរ​ទៅ​​លីប៊ី។​ នៅ​ក្នុង​ខ្សែ​អាត់​វីដេអូ​មួយ ផ្សាយ​​លើ​ប្រព័ន្ធ​សង្គម បុរស​ម្នាក់​និយាយ​ភាសា​ស៊ីរី ដោយ​មិន​បញ្ចេញ​មុខ​ បាន​បង្ហាញ​អត្តសញ្ញាណប័ន​តួកគី​ដ៏ថ្មី​ស្រឡាង​របស់​ខ្លួន​ លម្អ​ដោយ​រូប​ស្លាក​សញ្ញា​ក្រុង​Ghaziantep ក្រុង​ដែល​អាជ្ញាធរ​តួកគីដើរជ្រើសរើស​បេក្ខជន​ទៅ​លីប៊ី។

បើ​តាម​ប្រភព​ជា​ច្រើន ដែល​សិក្សា​អំពី​សំណុំ​រឿង​នេះ មាន​ជាអាទិ៍​អ្នក​ស្រី Elizabeth Tsurkov អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Foreign Policy Research Institute​ ឬលោក​ Oussama Abderrahmane នាយក​អង្គការ​សង្កេត​ការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី (OSDH) និង​សកម្មជន​សង្គម​ស៊ីវិលស៊ីរី​​ជា​ច្រើនផ្សេង​ទៀត កូន​​ទាហានមិន​អាច​ទទួល​សញ្ជាតិ​បាន​ដោយ​ងាយៗ​ឡើយ។ ពួកគេ​ត្រូវ​ចូល​ប្រយុទ្ធ​លើ​សមរភូមិ​រយៈ​ពេល​៦​ខែ​សិន​ ទើប​មាន​សិទ្ធិ​បាន​សញ្ជាតិ។ ហើយ​ប្រសិន​ស្លាប់​ ​ក្រុមគ្រួសារ​នឹង​ទទួល​បាន​សំណង​៣ម៉ឺន​ដុល្លារ។

អង្គការ​ OSDH និង​​គណបក្ស​គួដឌីស្ថាន​នៅស៊ីរី បាន​បង្ហើប​ឱ្យ​ដឹងបន្ថែម​ទៀត​ថា តួកគី​បាន​ដោះលែង​អ្នក​ទោស​​ដែល​ជា​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ជីហាត​​ផ្សេង​ទៀត​ជា​នាក់​នៅ​ស៊ីរី ក្នុង​តំបន់​គ្រប់គ្រង​ដោយ​តួកគី ដើម្បី​បញ្ជូនពួក​គេ​ទាំង​អស់​នោះ​ទៅ​លីប៊ី។

ជា​សរុប​មាន​ ទាហាន​ស៊ីរី ប្រមាណ​១២៦០​នាក់​ហើយ​ដែល​បាន​បញ្ជូន​​ទៅ​ដល់​លីប៊ី និង​ជិត​២៣០០​នាក់​កំពុង​ត្រៀម​លក្ខណៈ​ចេញ​ទៅ​កាន់​អាវុធ​ជាមួយ​កង​កម្លាំង​អ៊ីស្លាម​ជ្រុលនិយម​នៃ​រដ្ឋាភិបាល​សហភាព​ជាតិ​លីប៊ីដែលទទួល​ស្គាល់ដោយ​អន្តរជាតិ។

ស្ថានភាព​នៅ​លីប៊ី បាន​ឈាន​ចូល​កំរិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​។ តែរហូត​មក​ទល់​ពេល​នេះ គ្មាន​ដំណើរបែបបទ​ការទូត​នាំ​ឱ្យ​​មាន​បទ​ឈប់​បាញ់​​សម្រេច​ជា​លទ្ធផល​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ