អានតួអត្ថបទ
អេហ្ស៊ីប

ប្រតិកម្មផ្សេងៗចំពោះ​មរណភាពរបស់​​អតីត​មេដឹកនាំ​ផ្តាច់ការ​អេហ្ស៊ីប

លោក Hosni Moubarak អតីត​ប្រធានាធិបតី​អេហ្ស៊ីប (១៩៨១-២០១១)
លោក Hosni Moubarak អតីត​ប្រធានាធិបតី​អេហ្ស៊ីប (១៩៨១-២០១១) REUTERS/Amr Abdallah Dalsh
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

លោក ហូស្នី ម៉ូបារ៉ាក់ (Hosni Moubarak) អតីត​ប្រធានាធិបតី​អេហ្ស៊ីប ពីឆ្នាំ ១៩៨១-២០១១ បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៥​កុម្ភៈ ២០២០ ក្នុង​ជន្មាយុ ៩១ឆ្នាំ។ អេហ្ស៊ីប​បាន​ប្រកាស​កាន់​ទុក្ខ​ថ្នាក់​ជាតិ​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃពុធ​ទី ២៦​កុម្ភៈនេះ​ទៅ និងរៀប​ចំពិធីបុណ្យ​សព​​​អតីត​ប្រធានាធិបតី ដោយ​ផ្តល់​កិត្តយស​ ជា​វីរបុរស​ជាតិ។ តែ​ប្រជាជនអេហ្ស៊ីប ​និងបស្ចិមលោក​ ខ្លះ ចាត់​ទុក​លោក ម៉ូបារ៉ាក់​ ជា​ជន​ផ្តាច់ការ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​រដ្ឋាភិបាល​កំពុង​កាន់​អំណាច និង​អគ្គមេបញ្ជាការ​កងទ័ព​អេហ្ស៊ីប អតីត​ប្រធានាធិបតី​ ម៉ូបារ៉ាក់ ​ជា​ “វីរបុរសជាតិ” ដែល​សក្តិសម​នឹង​ទទួល​បាន​នូ​វ​ការ​ប្រារព្ធ​ពិធីបុណ្យ​ជា​ផ្លូវការ​ថ្នាក់​ជាតិ។ ជា​វីរបុរសជាតិ ព្រោះ​លោក ម៉ូបារ៉ាក់ ​បាន​ដឹកនាំអេហ្ស៊ីប​ឱ្យ​មាន​សន្តិភាព​បញ្ចប់​សង្គ្រាម​ជាមួយ​​អ៊ីស្រាអែល នៅ​ឆ្នាំ​១៩៧៣ ​បាន​ផ្សះផ្សា​ពិភព​អារ៉ាប​ ដោយ​ជួយ​ឱ្យ​មាន​ស្ថិរភាព​នៅ​តំបន់​ដើម​បូព៌ា និង​សម្រេច​បាន​កិច្ចព្រមព្រៀង​​អ៊ីស្រាអែល​ប៉ាឡេស្ទីននៅ​ឆ្នាំ ១៩៩៤។

ស្នាដៃ​សម្របសម្រួល និង​នាំ​ស្ថិរភាព​ឱ្យ​តំបន់​ បាន​ធ្វើ​ឱ្យ​បស្ចិមលោក ​មើលឃើញ​​លោក​ ម៉ូបារ៉ាក់ ជា​មេដឹកនាំ​ដ៏​សំខាន់ ជា​អ្នក​ធានា​សន្តិភាព​ឱ្យ​តំបន់ ដែល​មិន​អាច​ខ្វះ​បាន និង​ដែល​ត្រូវ​ផ្តល់​ការគោរពនិងឧទ្ទិស​​វិញ្ញាណក្ខន្ធ នា​ឱកាស​នេះ។ សម្រាប់​អ្នក​ជំនាញ​ការទូត នេះ​ជាការ​ធម្មតា​ទេ ដែល​ពិភពលោក​ត្រូវ​​បែប​ចែក​ឱ្យ​ដាច់​រវាង​នយោបាយ​ការ​បរទេស​ និង​នយោបាយ​ផ្ទៃក្នុង របស់​​ប្រទេសមួយ​នោះ។

ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​វិញ ពួកគេ​មិន​ចង់​ដឹង​ចង់​ឮ​អំពី​អតីត​ប្រធានាធិបតី​រូប​នេះ​ទៀតទេ ព្រោះ លោក​ ម៉ូបារ៉ាក់ ជា​បាន​ដឹកនាំ​ប្រទេស​ដោយ​​ផ្តាច់ការ។ ក្នុង​រយៈ​ពេល​កាន់​អំណាច៣០​ឆ្នាំ ​​លោក​ ម៉ូបារ៉ាក់ ដែល​ជា​អតីត​មេបញ្ជការ​យោធា​ បាន​បង្ក្រាប បំបាត់​សំលេង​ប្រឆាំង ​ និងបាន​ខ្ទាត​​ចេញ​ពី​តំណែង ដោយ​ចលនា​បាតុកម្ម​បះបោរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​អំពើ​ផ្តាច់ការ​របស់​រដ្ឋាភិបាល នៅ​ខែ​មករា ឆ្នាំ​២០១១។ អស់​​តំណែង​ដោយចលនា​ “បដិវត្ត​អារ៉ាប” លោក​ម៉ូបារ៉ាក់​ថែម​ទាំង​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​បាន​បង្ក្រាប​បាតុករ​ដោយ​ហិង្សា ស្លាប់​អស់​ជាង​៨០០​នាក់។ តុលាការ​បាន​លុប​លាង​ទោស​លោក​ម៉ូបារ៉ាក់ ទៅ​វិញ នៅ​ថ្ងៃទី ២ មីនា ២០១៧ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​ទាំង​ស្រុង​នៅ​ថ្ងៃទី ២៤​មីនា ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ