អានតួអត្ថបទ

ភ្នាក់ងារ​ជំនួយ​មនុស្សធម៌​ ត្រៀម​ទប់ស្កាត់​ការផ្ទុះឡើង​នៃ​មេរោគកូរ៉ូណា​នៅ​ប្រទេស​ស៊ីរី

REUTERS - UMIT BEKTAS
ដោយ៖ អ៊ុង គឹមអ៊ាន់
១៣ នាទី

ភ្នាក់ងារជំនួយមនុស្សធម៌អន្តរជាតិ នាខណៈនេះ កំពុងត្រៀមទប់ស្កាត់ការផ្ទុះឡើងនូវមេរោគកូរ៉ូណាថ្មី នៅឯភាគពាយព្យនៃប្រទេសស៊ីរី។ មេរោគកូរ៉ូណា មានលទ្ធភាពចម្លងបានលឿន និងកំពុងមានវត្ថមាននៅក្នុងប្រទេសជាង ៩០ ទូទាំងពិភពលោក។ ការណ៍នេះ​ បានជំរុញឲ្យភ្នាក់ងារជំនួយមនុស្សធម៌ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារកុំឲ្យមេរោគផ្លូវដង្ហើមថ្មីនេះ ផ្ទុះឡើងនៅភាគពាយព្យស៊ីរី ដែលជាកន្លែងមានសេវាថែទាំសុខភាពទន់ខ្សោយខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ស៊ីរី នៅមិនទាន់មានករណីឆ្លងមេរោគកូរ៉ូណា នៅក្នុងប្រទេសនៅឡើយនោះទេ។ ក៏ប៉ុន្តែ ប្រព័ន្ធសុខាភិបាលស៊ីរី ដែលមានភាពផុយស្រួយ កំពុងធ្វើឲ្យក្រុមអ្នកជំនួយមនុស្សធម៌ មានការព្រួយបារម្ភជាខ្លាំង។

អ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោកហេឌីន ហលដ័រសាន់ (Hedinn Halldorsson) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រទេសស៊ីរីដែលរងគ្រោះដោយសារជម្លោះរ៉ាំរៃជិត៩ ឆ្នាំទៅហើយនោះ មានប្រព័ន្ធសុខាភិបាលទន់ខ្សោយខ្លាំងណាស់។​ ដូច្នោះហើយ ស៊ីរី ទំនងជាគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតាមដាន និងឆ្លើយតបចំពោះការរីករាលដាលនៃមេរោគកូរ៉ូណាឡើយ ប្រសិនណាបើមេរោគនេះ ផ្ទុះឡើងនៅក្នុងប្រទេស។

ក្រោមហេតុផលខាងលើ គេអាចយល់បានថា ហានិភ័យនៃការផ្ទុះឡើងមេរោគកូរ៉ូណា មានកម្រិតខ្ពស់ និងគួរឱ្យព្រួយបារម្ភបំផុត ជាពិសេស នៅភាគពាយព្យនៃប្រទេសស៊ីរី។ ជាទីតាំង គ្រប់គ្រងដោយពួកឧទ្ទាម និងក៏ជាកន្លែងដែលជនស៊ីវិលប្រមាណ ៣ លាននាក់ កំពុងជាប់គាំង ដោយសារតែរត់គេច ពីការប្រតិបត្តិការវាយប្រហាររបស់រដ្ឋាភិបាល។

នាពេលនេះ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក កំពុងបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលស៊ីរីមួយចំនួន នៅបណ្តោយព្រំដែនស៊ីរី ស្ថិតនៅក្នុងខេត្តអ៊ីដលីប តាមរយៈប្រទេសតួកគី។ មិនតែប៉ុណ្ណោះ មន្ទីរពិសោធន៍ទាំងនៅតំបន់អ៊ីដលីប និងនៅក្នុងក្រុងអង់ការ៉ា កំពុងត្រូវគេរៀបចំឡើងផងដែរ ដើម្បីត្រៀមទុកធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យកូរ៉ូណាវីរុស។

ទាក់ទងរឿងនេះដែរ ខាងគណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) បានលើកឡើងថា មន្ត្រីជំនាញរបស់ខ្លួន កំពុងផ្តោតលើការពង្រឹងវិធានការបង្ការ តាមរយៈការលើកកម្ពស់ការយល់ដឹង ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត ពង្រឹងប្រព័ន្ធតាមដាន ព្រមទាំងប្រព័ន្ធរាយការណ៍ពីមេរោគកូរ៉ូណា។

មន្ត្រីម្នាក់របស់គណៈកម្មាធិការសង្គ្រោះអន្តរជាតិ បាននិយាយថា ក្នុងករណីមានការផ្ទុះឡើងនៃមេរោគកូរ៉ូណានៅភាគភាយព្យប្រទេសស៊ីរី នោះ IRC នឹងធ្វើការយ៉ាងល្អិតល្អន់ ជាមួយបុគ្គលិកសុខាភិបាលក្នុងតំបន់ ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហា បានទាន់ពេលវេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ