កូវីដ១៩-ប្រេង​កាត

អង្គការអ្នកផលិតប្រេងនិងសម្ព័ន្ធមិត្ត​ បើកជំនួបវិសាមញ្ញ ដើម្បីដោះស្រាយវិបត្តិទីផ្សារប្រេង

OPEP+ កោះប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃចន្ទ​ទី ៦មេសា ដើម្បី​ផ្តល់​ស្ថិរភាព​ដល់​ទីផ្សារប្រេង
OPEP+ កោះប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃចន្ទ​ទី ៦មេសា ដើម្បី​ផ្តល់​ស្ថិរភាព​ដល់​ទីផ្សារប្រេង AFP

អង្គការ​ក្រុមប្រទេស​អ្នក​ផលិត​ប្រេង​ ហៅកាត់​ថា(Opep)  ​និង​សម្ព័ន្ធមិត្ត​បាន​កោះ​ប្រជុំ​វិសាមញ្ញ​មួយ នៅ​ថ្ងៃ​ចន្ទទី ៦មេសា ២០២០។ កម្មវត្ថុ​នៃ​ការ​ជំនួប​តាមវីដេអូខុនហ្វេរិន គឺ​ស្វែង​រក​ស្ថិរភាព​ឱ្យ​ទីផ្សារ​ប្រេង​នៅ​លើ​ពិភពលោក ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ១៩​ផង និង​ដែលបង្ក​ឡើង​​ដោយ​​សង្គ្រាម​តានតឹងរវាង​រុស្ស៊ី​និង​អារ៉ាប៊ីសាអូឌីតផង។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រីក្រសួង​ថាមពល​អាហ្សែបៃហ្សង់ ដែល​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​OPEP តាម​រយៈ​កិច្ចព្រមព្រៀង​OPEP+ ជំនួប​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ចន្ទ​ទី​៦ មេសា មាន​កម្មវត្ថុ ជា​ផ្លូវការ ស្តារ​ស្ថិរភាព​ទីផ្សារ​ប្រេងនៅលើ​ពិភពលោកសម្រេច ដោយ​នឹងត្រូវ​​​ចេញ​សេចក្តីថ្លែងការណ៍​រួម​ផង។ ដោយ​ជាក់ស្តែង​​ ក្រុម​សម្ព័ន្ធមិត្តអាច​​នឹង​សម្រេច​​កាត់បន្ថយ​ការ​បូម​​ប្រេង​ចំនួន​​១០លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ។ បរិមាណនេះ​ក៏​ត្រូវ​បាន​​លោក​ប្រធានាធិបតីរុស្ស៊ី ​វ្លាដេមៀ​ ពូទីន​ លើក​ឡើង​ដែរ​​ចេញ​កាលពី​ថ្ងៃសុក្រ​ទី ៣​មេសា ជាមួយ​នឹង​សេចក្តី​ប្រកាស​បញ្ជាក់​អំពី​ភាពចាំបាច់​ដែល​ក្រុមប្រទេស​អ្នក​ផលិត​ប្រេង​ត្រូវប្រឹង​​រួបរួមគ្នា​ដើម្បីរក្សា​លំនឹង​ទីផ្សារ​ប្រេង តាមរយៈ​ការ​កាត់បន្ថយ​ការបូម​ប្រេង​​។ មាន​ន័យ​ថា​ខុស​ពី​ជំនួប​ប្រជុំ​លើកមុន ដែលគ្មានលទ្ធផល​ រុស្ស៊ី​ទំនង​ជា​ព្រមសម្រប​ខ្លួន​ តាមសំណើ​របស់​អារ៉ាប៊ីសាអូឌីត ក្នុង​ការ​កាត់់ប​ន្ថយ​ការ​បូម​ប្រេង ដើម្បីទ្រទ្រង់​តម្លៃប្រេង នៅ​ពេល​​​ពិភពលោកកំពុង​ជួប​វិបត្តិ​កូវីដ១៩ និង​លែង​សូវ​ត្រូវការ​ប្រេង។

ប៉ុន្តែ​ចំណុច​ខ្ទាស់​ខ្លាំង​អាច​ផ្តោត​ត្រង់ថាតើ​ប្រទេសអ្នក​ផលិតប្រេងនីមួយៗ​ព្រម​​បន្ថយ​ផលិត​ផលរបស់​ខ្លួន​ប៉ុន្មាន​ ? ១០​លានធុងក្នុង​មួយ​ថ្ងៃ ជា​ចំនួន​ដ៏​ច្រើន​ណាស់។ ម្យ៉ាង​វិញទៀត បើ​តាម​របាយការណ៍​ប្រចាំ​ខែ​ចុងក្រោយ​របស់OPEP រុស្ស៊ី​តែ​ម្នាក់ឯង​បូមប្រេង​ដល់​ទី ១០,៧លានធុងក្នុង​មួយ​ថ្ងៃ ហើយអារ៉ាប៊ីសាអូឌីត ៩,៨លានធុងក្នុ​ង​មួយ​ថ្ងៃឯណោះ។

ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ទីផ្សារ​ប្រេង ហាក់​ចាប់​មាន​​កម្លាំង​បន្តិច​ឡើងវិញ និង​ជាពិសេស​បន្ទាប់​ពី​លោក​ដូណាល់ ត្រាំ បាន​បង្ហើប​អំពី​ក្តី​សង្ឃឹមនិង​ចង់​​ឃើញ​រុស្ស៊ី​និង​អារ៉ាប៊ីសាអូឌីត ព្រមព្រៀង​គ្នា​កាត់​បន្ថយ​បរិមាណ​បូម​ប្រេង​ ១០លានធុង​ឬ​ច្រើន​ជាង​នេះ​ទៀត​ក៏​បាន។ មិនមែន​ជា​សមាជិក​ក្រុមប្រទេសអ្នក​ផលិត​ប្រេង​មែន តែ​សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​ណាស់​លើ​ជំនួបប្រជុំរបស់​OPEP។  ជំនួប​កំពូលប្រចាំ​ត្រីមាស​កាលពី​ខែមុន និងនៅ​ខែមិថុនា​ខាងមុខ​ត្រូវ​បាន​រៀប​ចំ​ឡើង​តាម​សំណើ​របស់លោក​ត្រាំ។ ជំនួប​​វិសាមញ្ញ​នៅ​ថ្ងៃចន្ទ​ទី ៦​មេសាខាងមុខ​ក៏​ដូច​គ្នា។ អង្គការ​បាន​អញ្ជើញ​សហរដ្ឋ​អាមេរិក​ដែរ តែ​លោក​ត្រាំ​បាន​បដិសេធ​ដោយសង្ឃឹម​ថា​​រុស្ស៊ី​និងអារ៉ាប៊ីសាអូឌីត​ដោះស្រាយ​គ្នា​ រក​ឃើញ​ការ​ព្រមព្រៀង​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI