អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូវីដ-១៩ បានបង្ខំឲ្យបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ម៉ាក្រេបដោះលែងអ្នកទោសជាច្រើនពាន់នាក់

សំឡេង ០៤:៤៤
កម្លាំងប៉ូលិស​អាល់ហ្សេរី​នៅ​ពី​មុខ​ពន្ធនាគារ​មួយ​ក្នុង​ទីក្រុង​អាល់ហ្សេ
កម្លាំងប៉ូលិស​អាល់ហ្សេរី​នៅ​ពី​មុខ​ពន្ធនាគារ​មួយ​ក្នុង​ទីក្រុង​អាល់ហ្សេ AFP - -

នៅ​តំបន់​មជ្ឈិមបូព៌ា និង​នៅ​តំបន់​ម៉ាក្រេប វិធានការ​បិទខ្ទប់​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​យក​ទៅ​អនុវត្ត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ កូវីដ-១៩។ តែ​អ្វី​ដែល​ជា​ប្រភព​ក្តីបារម្ភ​ខ្លាំង​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន គឺ​ស្ថានភាព​សុខភាព​របស់​អ្នកទោស​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​ពន្ធនាគារ ពិសេស​វត្តមាន​អ្នកទោស​ច្រើន​ជ្រុល​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​តូច​ចង្អៀត។ ដើម្បី​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​ក្រុម​អ្នកការពារសិទ្ធិមនុស្ស និង​ដើម្បី​បញ្ជៀស​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ មាន​ប្រទេស​ខ្លះ​បាន​បង្ខំ​ចិត្ត​ដោះលែង​អ្នកទោស​ដែល​មាន​កម្រិត​ទោស​ស្រាល ឬ​អ្នកទោស​ដែល​ជិត​បញ្ចប់​ការ​អនុវត្តន៍​ទោស។ តែ​ទន្ទឹម​គ្នា​នេះ មាន​រដ្ឋាភិបាល​ខ្លះ​ទៀត​បាន​បន្ត​ធ្វើ គ ធ្វើ​ថ្លង់​ដោយ​ចាត់​ទុក​សន្តិសុខ​សាធារណៈ​ជា​រឿង​អាទិភាព​ជាង​សុខភាព​សាធារណៈ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ជាង ៣ខែ​កន្លង​ទៅ ជំងឺ​កូវីដ-១៩ ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​បាន និង​កំពុង​បន្ត​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​រើស​មុខ និង​គ្មាន​ការ​រើសអើង។ សូម្បី​តែ​អ្នកទោស​ដែល​កំពុង​ជាប់​ឃុំស្រាប់​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​ដែរ។ ក្រៅ​ពី​វិធានការ​បិទខ្ទប់​ប្រជាជន​ទាំង​ស្រុង ឬ​មួយ​ភាគ​មិន​ឲ្យ​ចេញ​ពី​ផ្ទះ រួម​ទាំង​ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​មិន​ចាំ​បាច់​មួយ​ចំនួន ប្រទេស​ភាគ​ច្រើន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ ពិសេស​កាត់​បន្ថយ​ការ​ចូល​សួរ​ទុក្ខ​របស់​ក្រុម​គ្រួសារ​អ្នកទោស ឬ​មួយ​បញ្ជៀស​ការ​ជួបជុំ​របស់​អ្នកទោស​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ក្នុង​ពេល​តែ​មួយ​ជា​ដើម។ តែ​ចំណោត​នៅ​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​មួយ​ចំនួន ពិសេស​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ម៉ាក្រេប គឺ​វត្តមាន​អ្នកទោស​ច្រើន​ជ្រុល ពិសេស​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នីមួយៗ។

បន្ទាប់​មក នៅ​មាន​ការ​បារម្ភ​ភ័យខ្លាច​របស់​អ្នកទោស​ខ្លួន​ឯង​ចំពោះ​មេរោគកូរ៉ូណាថ្មី។ ទាំង​អស់​នេះ​ជា​មូលហេតុ​ដែល​បាន​បង្ខំ​ប្រទេស​មួយ​ចំនួន​ឲ្យ​ដោះលែង​អ្នកទោស ពិសេស​អ្នកទោស​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​កម្រិត​ស្រាល និង​អ្នកទោស​ដែល​ជិត​បញ្ចប់​ការ​អនុវត្តន៍​ទោស​របស់​ខ្លួន។ ដូច្នេះ​មិនមែន​ជា​រឿង​ចៃដន្យ ឬ​ជា​សំណាង​របស់​អ្នក​ទោស​ទេ តែ​មក​ពី​រដ្ឋអំណាច​ចង់​គិតគូរ​ពី​សុខភាព​របស់​អ្នកទោស និង​បារម្ភ​ខ្លាច​ពន្ធនាគារ​ក្លាយ​ជា​ប្រភព​ចម្លង​កូវីដ-១៩។ អ៊ីរ៉ង់​ជា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ដែល​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ-១៩ ច្រើន​ជាង​គេ។ ផ្អែក​តាម​តួលេខ​ផ្លូវការ​ចុង​ក្រោយ កូវីដ-១៩ បាន​សម្លាប់​មនុស្ស​ជាង ៥ ០០០នាក់ និង​មាន​អ្នក​ឆ្លង​ជាង ៨០ ០០០នាក់​នៅ​អ៊ីរ៉ង់។

ចំណែក​នៅ​អាហ្រ្វិកខាងជើង អាល់ហ្សេរី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​រងគ្រោះ​ដោយ​កូវីដ-១៩ ខ្លាំង​ជាង​គេ​ដោយ​មាន​អ្នក​ស្លាប់​ចំនួន ២៦៣នាក់ និង​អ្នក​ឆ្លង ២ ០៧០នាក់។ តែ​មាន​អ្នក​ទោស​តែ ៥ ០០០នាក់​ប៉ុណ្ណោះ​ដែល​ប្រធានាធិបតី​អាល់ហ្សេរី​លោក​ទេពប៊ុន​បាន​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ចំណែក​ប្រទេស​ផ្សេង​ទៀត ដូច​យ៉ាង​ម៉ារ៉ុក និង​ទុយនីស៊ី​បាន​សម្រេច​ដោះលែង​អ្នកទោស​ជា​ច្រើន​ពាន់នាក់។ ដោយឡែក ក្នុង​ពេល​ដែល​មាន​ប្រទេស​មួយ​ចំនួន​បាន​គិតគូរ​ពី​សុខភាព និង​ពី​ក្តីបារម្ភ​របស់​អ្នក​ទោស​នៅ​ចំពោះ​មុខ​កូវីដ-១៩ មាន​ប្រទេស​ខ្លះ​ទៀត​បែរ​ជា​បាន​បន្ត​បិទភ្នែក ធ្វើ គ ធ្វើ​ថ្លង់​ទៅ​វិញ។ ជាក់ស្តែង​នៅ​អេហ្ស៊ីប​ដែល​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩ កំពុង​មាន​សន្ទុះ​កើន​ឡើង កុំ​ថា​ឡើយ​ដោះលែង សូម្បី​តែ​បំបែក​អ្នកទោស​ពី​ពន្ធនាគារ​មួយ​ទៅ​ដាក់​ពន្ធនាគារ​មួយ​ទៀត​កុំ​ឲ្យ​នៅ​គរជើង​គ្នា​ច្រើន​ពេក​ក៏​រដ្ឋអំណាច​មិន​ព្រម​ធ្វើ​ដែរ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​ចំនួន​អ្នកទោស​ជាង ១០០ ០០០នាក់ នៅ​ក្នុង​ពន្ធនាគារ​អេហ្ស៊ីប ហើយ​អតីត​អ្នកទោស​ជា​អ្នកនិពន្ធ​ម្នាក់​សុំ​លាក់អត្តសញ្ញាណ​បាន​បញ្ជាក់​ថា លោក​បាន​ស្ថិត​ក្នុង​បន្ទប់​ឃុំឃាំង​មួយ​ជាមួយ​អ្នក​ទោស ២៥នាក់​ផ្សេង​ទៀត។ អតីត​អ្នកទោស​ជនជាតិ​អេហ្ស៊ីប​ដោះលែង​ក្នុង​ឆ្នាំ ២០១៥ រូប​នេះ​ដដែល​បាន​បរិហារ​លើ​លក្ខខណ្ឌ​នៃ​ការ​ជាប់​ឃុំ ដូច​យ៉ាង​ការ​ប្រើ​ភួយ​កញ្ចាស់​រហែក​ធ្វើ​ជា​ទ្វារ​បិទ​បន្ទប់​ទឹក បង្គន់​ធ្វើ​ឡើង​ដោយ​គ្រាន់​ជីក​អន្លុង​នៅ​ផ្ទាល់ដី ឬ​មួយ​ត្រូវ​គេង​បែរចំហៀង​ដោយ​ខ្វះ​កន្លែង​ជា​ដើម។ នៅ​ស៊ីរី​ដែល​ជា​ប្រទេស​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​តាំង​ពី ៩ឆ្នាំ ជំងឺ​កូវីដ-១៩ ក៏​បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ចំពោះ​ស្ថានភាព​នៃ​អ្នកទោស​នយោបាយ​ដែរ។ សកម្មជន​ស្រ្តី​ជនជាតិ​ស៊ីរី​ម្នាក់​ឈ្មោះ​វ៉ាហ្វា មូស្តាហ្វា​ដែល​បាន​ចូលរួម​ឃោសនា​ជាមួយ​អង្គការ​សហប្រជាជាតិ និង​អង្គការ​កាកបាទក្រហម​អន្តរជាតិ​បាន​ស្នើ​ឲ្យ​ដាក់​គំនាប​លើ​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដើម្បី​ដោះលែង​អ្នកទោស។

លោកស្រី​មូស្តាហ្វា​ដែល​មាន​ឳពុក​កំពុង​ជាប់​ឃុំ​នៅ​ស៊ីរី​តាំង​ពី ២ ៤៦៤ថ្ងៃ​បាន​យល់​ឃើញ​ថា អ្នកទោស​ស៊ីរី​ដែល​កំពុង​រស់​ក្នុង​ស្ថានភាព​ភ័យខ្លាច ព្រួយបារម្ភ កំហឹង និង​ក្តីសង្ឃឹម​នឹង​រឹត​តែ​មាន​ការ​លំបាក​បន្ថែម​ទៀត​ជា​មួយ​នឹង​វត្តមាន​កូវីដ-១៩។ តើ​រវាង​សន្តិសុខ​សាធារណៈ និង​សុខភាព​សាធារណៈ គេ​គួរ​ចាត់​ទុក​មួយ​ណា​ជា​អាទិភាព ?។ សម្រាប់​លោកស្រី​ឡាលី ខាលីលី​ដែល​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​នយោបាយ Queen Mary ក្នុង​ទីក្រុង​ឡុងដ៏ សុខភាព​សាធារណៈ​ពិត​ជា​ជា​រឿង​អាទិភាព តែ​លោកស្រី​គ្មាន​ជំនឿ​លើ​សមត្ថភាព​របស់​បណ្តា​រដ្ឋ​កាន់​អំណាច​ផ្តាច់ការ​ក្នុង​ការ​ការពារ​សុខភាព​សាធារណៈ​ឡើយ។ លើស​ពី​នេះ និង​បើ​តាម​លោកស្រី​ខាលីលី ទុក្ខភ័យ​របស់​អ្នកទោស​មិន​ដែល​ត្រូវ​បាន​ក្រុម​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ចាត់​ទុក​ជា​រឿង​អាទិភាព​ទេ ហើយ​មាន​ពេល​ខ្លះ ការ​គំរាមកំហែង​នៃ​ជំងឺ​ឆ្លង​អាច​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​ដើម្បី​បំភិតបំភ័យ​លើ​អ្នក​ទោស​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ