អ៊ីរ៉ង់-អវកាស

អ៊ីរ៉ង់ បង្ហោះផ្កាយរណបយោធាទីមួយរបស់ខ្លួន ប្រកបដោយជោគជ័យ

រូបថត​បាញ់​បង្ហោះ​ផ្កាយ​រណប Zafar កាលពី​ថ្ងៃទី ៩ កុម្ភៈ ២០២០
រូបថត​បាញ់​បង្ហោះ​ផ្កាយ​រណប Zafar កាលពី​ថ្ងៃទី ៩ កុម្ភៈ ២០២០ IRANIAN DEFENCE MINISTRY/AFP/File

ពីរខែ​​ក្រោយ​បរាជ័យ​នៃការ​បង្ហោះ​ផ្កាយ​រណប​សង្កេត​ការណ៍ ឆ្មាំបដិវត្ត​អ៊ីរ៉ង់ ដែល​ជា​កង​កម្លាំងយោធា​ដ៏​មានអំណាច​នៅអ៊ីរ៉ង់​​ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២២​មេសា​នេះ បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា ទី​មួយ​របស់​ខ្លួន ទៅ​ក្នុង​អវកាស​ ប្រកប​ដោយ​ជោគជ័យ​។ ប៉ុន្តែ​សម្រាប់​ សហរដ្ឋ​អាមេរិក អ៊ីរ៉ង់​កំពុង​​​ពង្រឹង​ពង្រីកសមត្ថភាព​​​មីស៊ីល​បាលីស្ទិក តាម​រយៈ​ការបង្ហោះ​ផ្កាយរណប។

ផ្សាយពាណិជ្ជកម្ម

មានឈ្មោះ​ថា Nour ឬ​ប្រែ​ថាពន្លឺ ផ្កាយរណប​យោធា​ដំបូង​របស់​អ៊ីរ៉ង់ បាន​បាញ់​បង្ហោះ ​​ទៅ​ក្នុង​​តារាវិថី ចម្ងាយ​ ៤២៥​គីឡូម៉ែត្រ​ពី​ផែន​ដី​ ប្រកប​ដោយ​ជោគជ័យ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ ដោយ​បានគូស​បញ្ជាក់​ទៀត​ថា “ការ​បង្ហោះ​ផ្កាយរណប​នេះ នឹង​នាំ​​ជោគជ័យ​ដ៏​ធំ និង​ការ​អភិវឌ្ឍន៍​ថ្មី​​ សម្រាប់​វិស័យ​អវកាស ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់”។ ពុំ​មាន​ប្រភព​ឯករាជ្យ​ណា​មួយ​អាចផ្ទៀង​ផ្ទាត់​អំពី​ជោគជ័យ​នៃ​ការ​បង្ហោះ​ផ្កាយ​រណប​នេះ​ទេ។ គេ​ឃើញ​តែ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​បាន​បង្ហាញ​​រូប​ភាពបង្ហោះ​​ផ្កាយ​រណប​ Nour ទ្រ​ដោយ​កាំជ្រួច​ដែល​មានពីរ​ជាន់​ ហោះ​ចេញ​ពី​វាលខ្សាច់​ Markazi។

សូម​បញ្ជាក់​ថា​ កាលពី​​​ពីរ​ខែមុន អ៊ីរ៉ង់ បាន​​​បង្ហោះ​ផ្កាយ​រណប​សង្កេតការណ៍​ ដែលមាន​ឈ្មោះ​ថា Zafar (ជោគជ័យ) តែមិន​បាន​សម្រេច។ ការ​បង្ហោះZafarបរាជ័យ​ហើយ អ៊ីរ៉ង់​បាន​ទទួល​រងការ​រិះគន់​និង​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍អន្តរជាតិ មានជាអាទិ៍​បារាំងទៀត។ ប៉ារីស​យល់​ថា​ប្រតិបត្តិការ​បង្ហោះ​ផ្កាយរណប​អ៊ីរ៉ង់​មានទម្រង់​ជា​ការ​ប្រើ​បច្ចេកវិទ្យា​បាលីស្ទិក​ ស្រដៀង​នឹង​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​បាញ់​អាវុធ​នុយក្លេអ៊ែរ។ បារាំង​បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​អន្តរជាតិ ដែលសហរដ្ឋ​អាមេរិកបានដកខ្លួន​ចេញ​ជា​ឯកតោភាគី​កាលពី ឆ្នាំ​២០១៨។ សម្រាប់អាមេរិកវិញ អ៊ីរ៉ង់​កំពុង​​​ពង្រឹង​ពង្រីកសមត្ថភាព​​​មីស៊ីល​បាលីស្ទិក តាម​រយៈ​ការបង្ហោះ​ផ្កាយរណប។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​ច្រាន​ចោលពាក្យ​ចោទ​ប្រកាន់ទាំងនោះ និង​បាន​ធានា​ថាកម្មវិធី​អវកាសរបស់​ខ្លួន​មានលក្ខណៈ​ស៊ីវិល​និងសន្តិភាព​ គ្មានមហិច្ឆតាយោធា​ទេ និង​មិន​បាន​រំលោភ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ឡើយ។

ជោគជ័យ​នៃ​​ការ​បង្ហោះ​ផ្កាយ​រណប​យោធា ប្រព្រឹត្ត​ទៅ​ក្នុងខណៈ​ដែល​ប្រទេស​កំពុង​រកការ​រាតត្បាតនៃ​ជំងឺកូវីដ​១៩​យ៉ាង​ខ្លាំងជាងគេ​ប្រចាំតំបន់។ ដោយ​ត្រូវ ប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូណាវីរុស​ផង និង​​ប្រឈមទណ្ឌកម្មផង អ៊ីរ៉ង់​បានងាកមក​ចោទប្រកាន់អាមេរិកវិញ​ ថា​ជា​ភេរវជន​សេដ្ឋកិច្ច ព្រោះ​ទណ្ឌកម្ម​បានធ្វើ​ឱ្យ​អ៊ីរ៉ង់​ចុះ​ខ្សោយ​សមត្ថភាព​ក្នុង​ការទប់​ទល់​នឹង​កូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI