អានតួអត្ថបទ
អ៊ិរ៉ង់ នុយក្លេអ៊ែរ

បារាំងនិងអង់គ្លេស ព្រួយបារម្ភ​ចំពោះ​ការបង្ហោះ​ផ្កាយរណប​របស់​អ៊ីរ៉ង់ ដែល​អាច​ប្រើ​ប្រព័ន្ធ​បាលីស្ទីក

ផ្កាយរណបទីមួយរបស់កងទ័ពអ៊ីរ៉ង់ ឈ្មោះ Noor ត្រូវបានបាញ់បង្ហោះ​ នៅមូលដ្ឋាន​អវកាសអ៊ីរ៉ង់ ក្នុងតំបន់ Semnan ថ្ងៃទី​២២ មេសា ២០២០។
ផ្កាយរណបទីមួយរបស់កងទ័ពអ៊ីរ៉ង់ ឈ្មោះ Noor ត្រូវបានបាញ់បង្ហោះ​ នៅមូលដ្ឋាន​អវកាសអ៊ីរ៉ង់ ក្នុងតំបន់ Semnan ថ្ងៃទី​២២ មេសា ២០២០។ via REUTERS - WANA NEWS AGENCY
ដោយ៖ ម៉ម ពិសី
1 នាទី

រដ្ឋាភិបាលបារាំង និង អង់គ្លេស បានសម្តែងការព្រួយបារម្ភព្រមគ្នា ទាក់ទិននឹងការបង្ហោះ​ផ្កាយរណបរបស់អ៊ីរ៉ង់​កាលពីថ្ងៃទី​២២មេសា។ ប្រទេសទាំង២ លើកឡើងថា បើសិនជាការបង្ហោះនេះ អ៊ីរ៉ង់បានប្រើបច្ចេកវិទ្យា​ប្រព័ន្ធបាលីស្ទីក នោះគឺមានន័យថា អ៊ីរ៉ង់​បានបំពានទៅនឹងសេចក្តីសម្រេចចិត្តលេខ២២៣១ របស់អង្គការសហប្រជាជាតិ។ ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិក បានដំឡើងសម្លេង រិះគន់អ៊ីរ៉ង់ កាន់តែខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ការបង្ហោះផ្កាយរណប របស់កងទ័ពអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ បានបណ្តាលឲ្យមានការចោទសួរ និងព្រួយបារម្ភ ពីសំណាក់ប្រទេសមហាអំណាច។ បន្ទាប់ពីសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានលើកឡើងព្រមគ្នា​ ថាគេមានការព្រួយបារម្ភ និងទាមទារឲ្យមានការបំភ្លឺលំអិត ពី សំណាក់អ៊ីរ៉ង់ ទាក់ទិននឹងសកម្មភាពបង្ហោះផ្កាយរណបនេះ។

អ្វីដែលគេព្រួយបារម្ភ គឺការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាបាលីស្ទីក ក្នុងកម្មវត្ថុ​ផលិត​មីស៊ីលចំងាយឆ្ងាយ បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ។ ជាយូរឆ្នាំមកហើយ មានការសង្ស័យថា ការស្រាវជ្រាវ​បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គ្រាន់តែជាវាំងននបិទបាំងការពិត នៃការស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យា មីស៊ីល​បាលីស្ទីកនុយក្លេអ៊ែរ តែប៉ុណ្ណោះ។ កាលពីថ្ងៃព្រហស្បតិ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា ដើម្បី​ឲ្យអស់ចំងល់ អ៊ីរ៉ង់ ត្រូវតែធ្វើរបាយការណ៍លំអិត ស្តីពីការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន។

បើសិនជាអ៊ីរ៉ង់ បានធ្វើការសាកល្បងបាញ់បង្ហោះជើងទម្រ ដោយបច្ចេកវិទ្យាបាលីស្ទីកមែននោះ គឺមានន័យថា អ៊ីរ៉ង់ បានរំលោភបំពានទៅនឹងសេចក្តីសម្រេចចិត្តលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ដែលកំណត់ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់រយៈពេល៨ឆ្នាំ នូវ​សកម្មភាពផលិត និងសាកល្បង​​ មីស៊ីលបាលីស្ទីក​ ដែលអាចយកទៅបំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​។ សេច​ក្តីសម្រេចចិត្តនេះ គឺត្រូវបានអនុម័តឡើង ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ខ្លួនឯងបានចុះហត្ថលេខាយល់ព្រម ក្នុងឆ្នាំ​២០១៥។

នៅលើទំព័រTwitter លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលរាល់ការចោទប្រកាន់ ដោយបានលើកឡើងថា មីស៊ីលរបស់អ៊ីរ៉ង់ គឺមិនត្រូវបានផលិតឡើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​នោះឡើយ។ មិនថាអាមេរិក មិនថាអឺរ៉ុប គឺគ្មាននរណាម្នាក់ អាចមកស្តីបន្ទោសអ៊ីរ៉ង់ ដោយសំអាងលើការបកស្រាយ ដោយចិត្តឯង លើសេចក្តីសម្រេចចិត្តលេខ២២៣១នេះឡើយ។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សង្កត់ធ្ងន់ថា អ៊ីរ៉ង់ គ្មានអាវុធនុយក្លេអ៊ែរ ហើយក៏គ្មានមីស៊ីល ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរ ក៏អ៊ីរ៉ង់គ្មានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ