អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល៖តុលាការកំពូលផ្តើមពិនិត្យមើលកិច្ចព្រមព្រៀងចែកអំណាចរវាងលោកនេតាន់យ៉ាហ៊ូ និងលោកហ្កង់

សំឡេង ០៥:៣២
(COMBO) This combination picture created on September 18, 2019 shows Retired Israeli General Benny Gantz (L), leader and candidate of the Israel Resilience party that is part of the Blue and White (Kahol Lavan) political alliance, speaking to journalists after voting during Israel's parliamentary election at a polling station in Rosh Haayin, and Israeli Prime Minister Benjamin Netanyahu (R) smiling after casting his vote at a polling station in Jerusalem on September 17, 2019.
(COMBO) This combination picture created on September 18, 2019 shows Retired Israeli General Benny Gantz (L), leader and candidate of the Israel Resilience party that is part of the Blue and White (Kahol Lavan) political alliance, speaking to journalists after voting during Israel's parliamentary election at a polling station in Rosh Haayin, and Israeli Prime Minister Benjamin Netanyahu (R) smiling after casting his vote at a polling station in Jerusalem on September 17, 2019. AFP - EMMANUEL DUNAND,MENAHEM KAHANA

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល តុលាការកំពូល​បាន​ផ្តើម​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​រវាង​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​គូប្រជែង​លោក​បេនី ហ្កង់ក្នុង​ការ​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​។ តាម​រយៈ​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២០ មេសា លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កង់​បាន​យល់ព្រម​ផ្លាស់​ប្តូរ​គ្នា​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម្តង​ម្នាក់។ តែ​មាន​សំណួរ​ចំនួន​ពីរ​ដែល​តុលាការកំពូល​កំពុង​ចោទ​សួរ ទី១ តើ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដោយ​ប្តូរ​គ្នា​កាន់​តំណែង​នាយករដ្ឋមន្រ្តី​របៀប​នេះ​ស្រប​ច្បាប់​ដែរ ឬ​ទេ និង​ទី២ តើ​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ជាប់ចោទ​ពី​បទពុករលួយ​អាច​រៀបចំបង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ​បាន​ដែរ ឬ​អត់ ?។

ផ្សាយពាណិជ្ជកម្ម

គំនិត​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដែល​មាន​នាយករដ្ឋមន្រ្តី​ទី១ និង​នាយករដ្ឋមន្រ្តី​ទី២ កាន់​តំណែង​ក្នុង​ពេល​តែ​មួយ ឬ​មួយ​ក៏​កាន់​តំណែង​ម្តង​ម្នាក់​ក្នុង​រយៈពេល​កំណត់​មួយ មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​មិន​មែន​ជា​រឿង​ចំឡែក​ដែរ។ មិនមែន​ជា​រឿង​ថ្មី និង​មិនមែន​ជា​រឿង​ចំឡែក ក៏​ព្រោះ​តែ​គ្មាន​គណបក្ស​ណា​មួយ​បាន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​សម្លេង​ច្រើន​លើសលប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន និង​ត្រូវ​បង្ខំ​ចិត្ត​ចាប់​ដៃ​ជា​មួយ​គណបក្ស​ផ្សេង ពិសេស​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​លំដាប់​ទី២។ តែ​មុន​នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​បាន គណបក្ស​ទាំង​ពីរ​បាន​ចរចា​ដោយ​ដាក់​លក្ខខណ្ឌ និង​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។ ជា​ទូទៅ លក្ខខណ្ឌ និង​សម្បទាន​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា គឺ​ការ​ចែក​អំណាច​គ្នា​កាន់​តាំង​ពី​តំណែង​នាយករដ្ឋមន្រ្តី និង​តំណែង​រដ្ឋមន្រ្តី។

នេះ​ហើយ​ជា​ជម្រើស​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​រវាង​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​លោក​បេនី ហ្កង់​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២០ មេសា។ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ លោក​នេតាន់យ៉ាហ៊ូ​នឹង​កាន់​តំណែង​នាយករដ្ឋមន្រ្តី​រយៈពេល ១៨ខែ​ជាមួយ​នឹង​ក្រុម​រដ្ឋមន្រ្តី​របស់​លោក។ ១៨ខែ​ក្រោយ​មក ជា​វេន​របស់​លោក​ហ្កង់​ជាមួយ​នឹង​ក្រុម​រដ្ឋមន្រ្តី​របស់​លោក​វិញ​ម្តង។ គួរ​រម្លឹក​ថា​គ្រាន់​តែ​រយៈពេល ១ឆ្នាំ អ៊ីស្រាអែល​បាន​រៀបចំ​បោះឆ្នោត​សភា​ដល់​ទៅ ៣ដង និង​នៅ​តែ​គ្មាន​គណបក្ស​ណា​មួយ​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់ខាត​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន។

ពិត​ណាស់ សេណារីយ៉ូ​មាន​នាយករដ្ឋមន្រ្តី​ទី១ និង​ទី២ ឬ​ការ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម្តង​ម្នាក់​ជា​រឿង​ដែល​គេ​កម្រ​ឃើញ ឬ​មិន​ដែល​ឃើញ​ទាល់​តែ​សោះ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ តែ​សម្រាប់​អ៊ីស្រាអែល មាន​តែ​សេណារីយ៉ូ​របៀប​នេះ​ទេ​ទើប​គេ​អាច​បិទបញ្ចប់​វិបត្តិ​នយោបាយ​អូសបន្លាយ​មិន​ធ្លាប់​មាន និង​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្តោត​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ តាម​តួលេខ​ផ្លូវការ អ៊ីស្រាអែល​មាន​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន ១៦ ០០០នាក់ និង​អ្នក​ស្លាប់​ជាង ២០០នាក់។ ទន្ទឹម​គ្នា​នេះ កូវីដ-១៩​ក៏​កំពុង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​វិស័យ​សេដ្ឋកិច្ច​ដែល​ក្នុង​រយៈពេល​តែ​មួយ​ខែ អត្រា​អ្នក​អត់​ការងារ​ធ្វើ​បាន​ស្ទុះ​ឡើង​ពី ៣,៤% ទៅ ២៧%។ តែ​បញ្ហា​នៅ​ត្រង់​ថា កិច្ចព្រមព្រៀង​ចែក​អំណាច​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កង់​មិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន​ទេ។

ពី​ទីក្រុង​តេឡាវី​ដល់​ទីក្រុង​ហ្សេរុយសាឡិម និង​នៅ​ជុំវិញ​អាគារ​តុលាការកំពូល ពលរដ្ឋ​អ៊ីស្រាអែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​នេតាន់យ៉ាហ៊ូ ហ្កង់​ជាមួយ​នឹង​ដៃ​កាន់​ទង់​ខ្មៅ​ដែល​បញ្ជាក់​ពី​ការ​ស្លាប់​លទ្ធិប្រជាធិបតេយ្យ​អ៊ីស្រាអែល។ ចំណែក​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ និង​ក្រុម​អ្នក​រិះគន់​ខ្លះ​បាន​យល់​ឃើញ​ថា មាន​ចំណុច​ខ្លះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេតាន់យ៉ាហ៊ូ ហ្កង់​បាន​រំលោភ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ ពិសេស​ទាក់ទង​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​នៅ ៣ឆ្នាំ​ខាង​មុខ និង​ដែល​ច្បាប់រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​រៀបចំ​នៅ​រៀងរាល់ ៤ឆ្នាំ​ម្តង។ មាន​សំណួរ​ចំនួន​ពីរ​ដែល​ចៅក្រម ១១រូប​នៃ​តុលាការកំពូល​ផ្តើម​ជជែក​រក​ចម្លើយ ទី១ តើ​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់​ចោទ​ក្នុង​បទ​ពុករលួយ​អាច​ដឹកនាំ​អនាគត​រដ្ឋាភិបាល​បាន​ដែរ ឬ​ទេ និង​ទី២ តើ​កិច្ចព្រមព្រៀង​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កង់​ស្របច្បាប់​ឬ​អត់?។

គួរ​រម្លឹក​ថា នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​លោក​នេតាន់យ៉ាហ៊ូ​ដែល​មាន​អាយុ ៧០ឆ្នាំ និង​ជា​អ្នក​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ច្រើន​ជាង​គេ​កំពុង​ជាប់​ចោទ​ក្នុង​រឿង​ពុករលួយ និង​រំលោភ​លើ​សេចក្តីទុកចិត្ត។ សវនាការ​កាត់​ទោស​លោក​ដែល​ត្រូវ​ធ្វើ​នា​ពាក់កណ្តាល​ខែ​មេសា​ត្រូវ​បាន​លើក​ពេល​ទៅ​ពាក់​កណ្តាល​ខែ​ឧសភា​ដោយសារ​វិបត្តិ​កូវីដ-១៩។ សូម​បញ្ជាក់​ថា​នៅ​អ៊ីស្រាអែល នាយករដ្ឋមន្រ្តី​កំពុង​កាន់​តំណែង​អាច​បន្ត​កាន់​តំណែង ទោះ​បី​ជា​រូប​នាយករដ្ឋមន្រ្តី​នោះ​បាន​ជាប់​ចោទ​ក្នុង​បទ​ឧក្រិដ្ឋ​អ្វី​ក៏​ដោយ។ តែ​សួរ​ថា តើ​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​កំពុង​ជាប់ចោទ​ក្នុង​បទឧក្រិដ្ឋ​អាច​ដឹកនាំ​អនាគត​រដ្ឋាភិបាល​ថ្មី​បាន​ដែរ ឬ​ទេ ?។ គណបក្ស​លីគូដ​របស់​លោក​នេតាន់យ៉ាហ៊ូ​យល់​ថា គ្មាន​អ្វី​អាច​រារាំង​អ្នកតំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់​ពិរុទ្ធ​មិន​ឲ្យ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ចៅក្រម​ទាំង ១១រូប​នៃ​តុលាការកំពូល​ត្រូវ​ផ្តល់​ចម្លើយ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ឧសភា​ដែល​ជា​ថ្ងៃ​រដ្ឋសភា​ត្រូវ​អនុម័ត​លើ​កិច្ចព្រមព្រៀង​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កង់។ នៅ​ក្នុង​ចម្លើយ​របស់​ខ្លួន តុលាការកំពូល​អាច​ចាត់​ទុក​ទី១ កិច្ចព្រមព្រៀង​នេតាន់យ៉ាហ៊ូ ហ្កង់​ជា​កិច្ចព្រមព្រៀង​ស្របច្បាប់ ទី២ អាច​ស្នើ​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ហ្កង់​ឲ្យ​កែប្រែ ឬ​លុប​ចោល​ចំណុច​ខ្លះ​នៅ​ក្នុង​កិច្ចព្រមព្រៀង និង​ទី៣ អាច​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ខុស​ច្បាប់​តែ​ម្តង។ នៅ​ក្នុង​ករណី​ចុង​ក្រោយ​នេះ អ៊ីស្រាអែល​នឹង​ត្រូវ​រៀបចំ​បោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត​ដែល​ជា​លើក​ទី៤ និង​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ជា​លើក​ចុង​ក្រោយ​បាន​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ