អានតួអត្ថបទ

អ៊ីរ៉ង់៖ ការ​ប្រយុទ្ធ​ដើម្បី​រំដោះ​ប៉ាឡេស្ទីន ជាកាតព្វកិច្ច​របស់​អ៊ីស្លាម

ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ នៅ​អ៊ីរ៉ង លោក អាលី ខាំមេណី ថ្លែងថា«ការប្រយុទ្ធដើម្បីរំដោះប៉ាឡេស្ទីន ជាកាតព្វកិច្ចរបស់អ៊ីស្លាមគ្រប់​ៗ​រូប»។
ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ នៅ​អ៊ីរ៉ង លោក អាលី ខាំមេណី ថ្លែងថា«ការប្រយុទ្ធដើម្បីរំដោះប៉ាឡេស្ទីន ជាកាតព្វកិច្ចរបស់អ៊ីស្លាមគ្រប់​ៗ​រូប»។ KHAMENEI.IR/AFP
ដោយ៖ ហេង ឧត្តម
1 នាទី

ថ្ងៃ​សុក្រទី​២២ឧសភា ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ នៅ​អ៊ីរ៉ង លោក អាលី ខាំមេណី បានថ្លែង​ការ​ពារក្រុម​ប៉ាឡេស្ទីន ប្រឆាំង​នឹង​អ៊ីស្រាអែល​ ថា«ការប្រយុទ្ធដើម្បីរំដោះប៉ាឡេស្ទីន ជាកាតព្វកិច្ចរបស់អ៊ីស្លាមគ្រប់​ៗ​រូប»។ ការ​លើកឡើង​​បែបនេះ បាន​ត្រូវ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់ ហើយ​នេះក៏ជាការ​ឆ្លើយ​តប​ទៅនឹង​សម្តី​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដែល​បាន​ប្រកាសកាត់​យកដី​ប៉ាឡេស្ទីន​ មក​ធ្វើ​ជាដី​របស់​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​គាំទ្រ​ប៉ាឡេស្ទីន ពី​សំណាក់​អគ្គមគ្គុទេសក៍សាសនាអ៊ីស្លាមនៅអ៊ីរ៉ង លោក អាលី ខាំមេណី (ayatollah Ali Khamenei) គឺធ្វើឡើងនៅថ្ងៃដ៏សំខាន់ យ៉ាងវិសេស ចំ​ថ្ងៃសុក្រ​ចុងក្រោយនៃពិធីស្រាយបួសអ៊ីស្លាម។ តាម​ទម្លាប់​ជាប្រក្រតី តាំងពី​បដិវត្តន៍​អ៊ីស្លាម​នៅឆ្នាំ​១៩៧៩រហូតមក អ៊ីរ៉ង់​តែងតែ​ប្រារព្ធយក​ថ្ងៃ​សុក្រ ថ្ងៃ​ចុងក្រោយនៃពិធី Ramadan ​នេះ សម្រាប់​ឧទ្ទិសទៅ​ដល់​ ទិវា​អាល់ឃូតស៍ (Al-Qods ភាសា​អារ៉ាប មាន​ន័យថា ទិវា​នៃក្រុង​ Jérusalem) ដើម្បីសម្តែង​សាមគ្គីភាព​ជាមួយពលរដ្ឋ​​ប៉ាឡេស្ទីន​កាន់​សាសនា​អ៊ីស្លាម។  

បើ​តាមប្រមុខ​​សាសនាអ៊ីស្លាមអ៊ីរ៉ង អាលី ខាំមេណី «បញ្ហា​របស់​ប៉ាឡេស្ទីន​គឺ​បញ្ហា​របស់​ពិភព​អារ៉ាប់ទាំងមូល​​ដែរ»។​ លោកបាន​​ប្រកាសគាំទ្រ​ប៉ាឡេស្ទីន​យ៉ាង​ពេញទំហឹងតែម្តង​ ថាគោល​បំណងរបស់​អ៊ីរ៉ង់ គឺ​រំដោះ​ប៉ាឡេស្ទីន រំដោះ​ដែន​ដី​ទាំងឡាយ​របស់​ប៉ាឡេស្ទីន ព្រមទាំង​ជួយ​ពួក​គេ​ឱ្យអាច​​ត្រឡប់​ចូល​ ទៅ​រស់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​វិញ។

ទន្ទឹមនឹង​នេះ ថ្នាក់​ដឹកនាំ​សាសនា​អ៊ីរ៉ង ថែមទាំង​ពោល​​ជា​សាធារណៈថា នឹង​​ផ្តល់​​សព្វាវុធ​ជួយ​ដល់​ប៉ាឡេស្ទីន​ទៀត​ផង។ ជាក់ស្តែង​ តាម​សម្តី​​របស់​ អាលី ខាំមេណី គឺ «អ៊ីរ៉ង់​យល់ច្បាស់​នៅទីបំផុត ថា​បញ្ហា​ប្រឈម​តែមួយ​គត់​និងសំខាន់​ជាងគេ គឺ​យុទ្ធជន​ប៉ាឡេស្ទីន គ្មាន​ប្រដាប់​អាវុធ​គ្រប់​គ្រាន់។ ដូច្នេះ អ៊ីរ៉ង់​បាន​ត្រៀម​គ្រោង​ទុក​ជាស្រេច​ ថា​នឹងជួយ​​ដោះស្រាយ​បញ្ហា​ខ្វះខាតនេះ»។  

មិន​តែប៉ុណ្ណោះ ប្រមុខដឹកនាំសាសនាអ៊ីស្លាម ថែមទាំង​ប្រកាស​នឹង​ជួយ​គ្រប់​សកម្មភាព​ណា ដែល​ប្រឆាំង​នឹង​ការ​ចលនា​បង្កើត​រដ្ឋ​របស់​ពួក​ជ្វីហ្វ។ ក្នុងន័យនេះ គឺប្រឆាំង​នឹង​អ៊ីស្រាអែល​ ជាសត្រូវ​តែម្តង តែ​លោក​មិន​បាន​និយាយ​ឱ្យ​ចំ​ឈ្មោះ។

ជាការ​ឆ្លើយតបទៅវិញ​ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ បាន​បង្ហើរ​សម្តីប្រតិកម្ម​ថា អាលី ខាំមេណី ត្រូវ​យល់​ថា រាល់​របបណា​ក៏ដោយ ឱ្យតែ​​គំរាមដល់​អាយុជីវិត​អ៊ីស្រាអែល គឺត្រូវ​ជួប​គ្រោះថ្នាក់​វិញ​ជាមិនខាន។

សូម​រម្លឹកជូនជ្រាប​ថា នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហូ ​និយាយ​ក្នុងសប្តាហ៍​ថា ថ្ងៃអាទិត្យ​នេះ នឹង​ត្រូ​វ​ពង្រាយ​ទ័ព​​នៅ​តាម​ព្រំដែនផែនទី​​ថ្មី​របស់​អ៊ីស្រាអែល។ ព្រំដែន​ថ្មីដែល​អ៊ីស្រាអែល​សំដៅនេះ គឺ​ស្រប​តាម​គម្រោង​កាត់​យកដីជាច្រើន​ផ្នែក​ ក្នុង​តំបន់ស៊ីហ្សកដានី និងតំបន់វាលទំនាបទន្លេហ្សកដង់ មកធ្វើជាដី​កម្មសិទ្ធិ​របស់ខ្លួន។

​ប៉ាឡេស្ទីនខឹងខ្លាំង។​ អាជ្ញាធរជាន់ខ្ពស់ប៉ាឡេស្ទីន ប្រកាស​បញ្ឈប់រាល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ហើយ​ប៉ាឡេស្ទីនក៏​​កំពុង​កៀកគរ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ ដើម្បីពួតដៃទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ