អានតួអត្ថបទ

សវនាការ​កាត់ទោស​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ត្រូវ​ផ្អាកដោយ​គ្មាន​ការ​កំណត់

El primer ministro israelí Benjamin Netanyahu, en la sala del tribunal mientras se abre su juicio por corrupción en el Tribunal del Distrito de Jerusalén el 24 de mayo de 2020.
El primer ministro israelí Benjamin Netanyahu, en la sala del tribunal mientras se abre su juicio por corrupción en el Tribunal del Distrito de Jerusalén el 24 de mayo de 2020. REUTERS - RONEN ZVULUN
ដោយ៖ ហេង ឧត្តម
1 នាទី

នៅ​ប្រទេស​អ៊ីស្រាអែល ថ្ងៃ​អាទិត្យ​ទី​២៤ឧសភា គឺ​ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ ដែលនាយករដ្ឋមន្រ្តីកំពុងកាន់អំណាច ត្រូវតុលាការបើក​សវនាការកាត់ទោស។  លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានចូល​ខ្លួន ទៅ​ក្នុងសវនាការ​របស់​តុលាការ​ ក្នុងនាមជាពលរដ្ឋសាមញ្ញម្នាក់ ដែលជាប់ចោទបទ​ឧក្រិដ្ឋព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងសំណុំរឿង ពុករលួយ ស៊ីសំណូកសូកប៉ាន់​ និងរំលោភទំនុកចិត្ត។ ក្រោយ​ពីអង្គ​​សវនាការប្រព្រឹត្តទៅ​ បាន​ជាង​មួយម៉ោង ចៅក្រម​បីរូប ​នៃ​សាលាដំបូង​ក្រុង Jérusalem បានប្រកាស​ផ្អាក​​​សវនាការ​ ដោយ​គ្មាន​បញ្ជាក់​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​ជាថ្មីនោះទេ។

ផ្សាយពាណិជ្ជកម្ម

«លោក​ បេនចាមិន នេតាន់យ៉ាហ៊ូ ស៊ូឡើង ប្រជាពលរដ្ឋ​អ៊ីស្រាអែល នៅ​ជាមួយ​រូប​លោក​»។ នេះជាសម្រែក​នៃ​អ្នក​គាំទ្រ​មួយ​ចំនួន ដែល​ប្រមូល​ផ្តុំ​គ្នា​រាប់​រយនាក់ ក្បែរតុលាការ​ ដើម្បីជួយ​លើកទឹកចិត្ត​ដល់​នាយករដ្ឋមន្ត្រី។ ទន្ទឹម​នឹង​មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​ ក៏មាន​​បាតុកម្ម​តវ៉ា​ពី​អ្នក​ប្រឆាំងរាប់​រយនាក់​ដែរ ភាគច្រើន​ពាក់​ឈុត​ខ្មៅ និង​មាន​សរសេរបដាថា បញ្ឈប់​អំពើ​ពុករលួយ និងថា នាយករដ្ឋមន្ត្រីពុក​រលួយ ជាដើម។​

លោក​ នេតាន់យ៉ាហ៊ូ ផ្ទាល់ នៅពេល​ធ្វើ​ដើរ​ចូល​សាលា​ជម្រះក្តី លោក​បាន​ប្រាប់​អ្ន​កសារព័ត៌មាន​ថា សវនាការលើ​បទចោទប្រកាន់រឿងពុករលួយ​នេះ​ ជាការ«គួរ​ឱ្យ​អស់​សំណើច​»។ លើសពីនេះ លោក​​​ទាមទារឱ្យ​ផ្សាយ​ផ្ទាល់ ពីដំណើរ​ការ​ក្នុង​អង្គ​សវនាការ ជាសាធារណៈ ទៀត​ផង។ ចំពោះ​ជន​ជាប់​សង្ស័យ​មានឋានៈ​ជានាយករដ្ឋមន្ត្រី​រូបនេះ  គឺ​លោក​ចង់​ឱ្យ​ពលរដ្ឋ​អ៊ីស្រាអែល​បាន​​ទស្សនា​និង​​ស្តាប់​ឮ​ដំណើរ​ការ​ក្តីក្តាំ​ទាំង​ស្រុង ទាំងមូល​ ដោយ​មិន​ចង់​ឱ្យ​ស្តាប់​និងមើល​តាម​បណ្តាញ​សារព័ត៌មាន ដែល​មាន​បង្ហាញ​តែ​មួយ​ជ្រុង​នោះឡើយ។​

ចំណែក ភាគី​​​ការពារ​ក្តី​ឱ្យ​នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហ៊ូ វិញ ក្រុម​ស្មាក្តីបាន​ប្រាប់អង្គ​​ចៅក្រម​ ថា​ក្រុម​មេធាវី​ត្រូវការ​ពេលវេលា​ជាច្រើន​ខែទៀត ដើម្បី​ពិនិត្យ​ឱ្យ​លម្អិត​ពី​ធាតុ​ផ្សំ​នៃបទចោទ​និង​ភស្តុតាង​ដាក់​បន្ទុក។ ផ្ទុយ​ទៅវិញ ខាងអយ្យការ​អម​សាលា​ដំបូង​ក្រុង​ Jérusalem បាន​ស្នើ​សុំ​ពន្លឿន​នីតិវិធី ហើយ​និង​ចង់​ឱ្យ​អង្គចៅក្រម​ ស្តាប់​សាក្សី​​ដាក់​បន្ទុក​ ឱ្យ​បាន​ច្រើននាក់​ និង​ឱ្យ​បាន​កាន់តែ​ឆាប់។​

ក្រោយ​ស្តាប់​ ​ ជិត​២ម៉ោង ចៅក្រមបី​ទាំង​រូប នៃសាលាជម្រះ​ក្តី​ជាន់​ទាប បានប្រកាសទទួល​យក​សំណើរបស់​គូភាគី ទៅពិចារណា ហើយ​សម្រេច​ផ្អាក​អង្គសវនាការ ដោយ​គ្មាន​បញ្ជាក់ពី​ពេលវេលា​បើក​សវនាការ​ជាថ្មី នោះឡើយ។​

តាម​ច្បាប់ប្រទេសនេះ ក្នុងដំណាក់​កាល​រងការ​ចោទប្រកាន់នេះ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលមិ​នតម្រូវ​ឱ្យ​លាលែង​ពីតំណែង​នោះទេ លុះទាល់តែ​​បណ្តឹង​ឧទ្ធរណ៍​អស់​សុពលភាព។ ក៏ប៉ុន្តែ ទម្រាំ​តែ​មាន​សាលាក្រម​សាលា​ដំបូង គឺការ​កាត់​ក្តី​ត្រូវការ​ពេលវេលា​ច្រើនសិប​ខែ ឬច្រើន​ឆ្នាំទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ