អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ង់ផ្គើនសហរដ្ឋអាមេរិកដោយដឹកប្រេងចំនួន ៥កប៉ាល់ទៅឲ្យវ៉េណេស៊ុយអេឡា

សំឡេង ០៥:២២
ជំនូបរវាងប្រធានាធិបតីវ៉េណេស៊ុយអេឡា​លោក​ម៉ាឌុយរ៉ូ (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី ថ្ងៃទី២៥ តុលា ២០១៩
ជំនូបរវាងប្រធានាធិបតីវ៉េណេស៊ុយអេឡា​លោក​ម៉ាឌុយរ៉ូ (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី ថ្ងៃទី២៥ តុលា ២០១៩ Prensa Miraflores/AFP

នៅ​ថ្ងៃ​អាទិត្យ ទី២៤ វិច្ឆិកា ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌុយរ៉ូ​បាន​សាទរ​ចំពោះ​វត្តមាន​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់​ទី១ នៅ​ក្នុង​ដែនទឹក​វ៉េណេស៊ុយអេឡា។ ទន្ទឹម​នឹង​សាទរ​វត្តមាន​ប្រេង​អ៊ីរ៉ង់ លោក​ម៉ាឌុយរ៉ូ​ក៏​បាន​ថ្លែង​សរសើរ​ពី​ទំនាក់ទំនង​ល្អ​រវាង​វ៉េណេស៊ុយអេឡា និង​អ៊ីរ៉ង់ រួច​ដៀមដាម​ដាក់​អាមេរិក​ថា គ្មាន​ថ្ងៃ​ដែល​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​លត់ជង្គុង​នៅ​ចំពោះ​មុខ​ចក្រពត្តិនិយមអាមេរិក​ឡើយ។ គួរ​រម្លឹក​ថា អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​អាមេរិក និង​កំពុង​ជាប់​ទណ្ឌកម្ម​អាមេរិក​ក្នុង​វិស័យ​ប្រេង​ដូច​គ្នា។ តើ​ទង្វើ​របស់​អ៊ីរ៉ង់​ចំពោះ​វ៉េណេស៊ុយអេឡា​ពេល​នេះ​មិនមែន​ជា​ការ​ផ្គឺន​អាមេរិក​ទេ ឬ​យ៉ាង​ណា និង​ថា តើ​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ​អាច​មាន​ចំណាត់ការ​អ្វី​ខ្លះ ?។

ផ្សាយពាណិជ្ជកម្ម

ប្រេង​ដែល​អ៊ីរ៉ង់​បាន​បញ្ជូន​ទៅ​ឲ្យ​វ៉េណេស៊ុអេឡា​មាន​ចំនួន ៥កប៉ាល់​ក្នុង​បរិមាណ​សរុប ១លាន ៥សែន​ធុង។ បើ​គ្មាន​ឧសបគ្គ​អ្វី​ទេ ប្រេង​ទាំង ៥កប៉ាល់​បើក​ឆ្លង​កាត់​មហា​សមុទ្រអាត្លង់ទិក​នឹង​ទៅ​ដល់​កំពង់ផែ​វ៉េណេស៊ុយអេឡា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​ពិត​ជា​ដំណឹង​ល្អ​មួយ​ដែល​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌុយរ៉ូ​មិន​អាច​មិន​សាទរ​បាន​ទេ។ តែ​អ្វី​ដែល​លោក​ម៉ាឌុយរ៉ូ​សរសើរ​មិន​ដាច់​មាត់​នោះ គឺ​ទំនាក់ទំនង​ល្អ​រវាង​វ៉េណេស៊ុយអេឡា និង​អ៊ីរ៉ង់ ព្រម​ទាំង​មិន​ញញើត​វាយប្រហារ​លើ​អាមេរិក​ដែល​លោក​ចាត់​ទុក​ជា​ចក្រពត្តិនិយម។ « ប្រជាជនយើងទាំងពីរជាអ្នកសន្តិភាពនិយមដែលចង់បានការអភិវឌ្ឍន៍ យើងទាំងពីរជាប្រជាជនឧទ្ទាម និងប្រជាជនបដិវត្តដែលគ្មានថ្ងៃលុតជង្គង់នៅចំពោះមុខចក្រពត្តិនិយមអាមេរិកឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ម៉ាឌុយរ៉ូ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៤ ឧសភា។

 

ប្រជាជន​យើង​ទាំង​ពីរ​ដែល​មនុស្សខ្លាំង​នៅ​វ៉េណេស៊ុយអេឡា​រូប​នេះ​ចង់​និយាយ គឺ​ប្រជាជន​វ៉េណេស៊ុយអេឡា និង​ប្រជាជន​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ក្នុង​សំណាញ់​ទណ្ឌកម្ម​អាមេរិក​លើ​វិស័យ​ប្រេង​ដូច​គ្នា។ អ៊ីរ៉ង់​បាន​យល់​ច្បាស់​ណាស់​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នេះ​ជា​ការ​បំពាន​លើ​ទណ្ឌកម្ម​អាមេរិក និង​អាច​រុញ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ដែល​កំពុង​តានតឹង​ស្រាប់​ឲ្យ​ធ្លាក់​ដុបដាប​រឹត​តែ​ខ្លាំង។ មិន​ត្រឹម​តែ​មិន​ខ្វល់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ហ៊ាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​នា​ប៉ុន្មាន​ថ្ងៃ​មុន​ថា បើ​អាមេរិក​ហ៊ាន​រារាំង​កប៉ាល់ប្រេង​អ៊ីរ៉ង់​សម្រាប់​វ៉េណេស៊ុយអេឡា អាមេរិក​ដែល​មាន​នាវាចម្បាំង​នៅ​ក្នុង​តំបន់​នឹង​អាច​ទទួល​ផលវិបាក​ជាក់​ជា​មិន​ខាន។

 

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​អ្វី​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ទេ។ ចំណែក​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ការ៉ាអ៊ីប​ឧត្តមនាវី Craig Faller បាន​ថ្លែង​ថា អាមេរិក​បន្ត​តាម​ដាន​មើល​ដោយ​ក្តីបារម្ភ​ចំពោះ​សកម្មភាព​របស់​អ៊ីរ៉ង់​ជាមួយ​វ៉េណេស៊ុយអេឡា។ តែ​ឧត្តមនាវី Faller មិន​បាន​និយាយ​ដល់​កប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ទៅ​ឲ្យ​វ៉េណេស៊ុយអេឡា​ឡើយ។ មែនទែន​ទៅ សង្រ្គាម​ពាក្យសម្តី​រវាង​អាមេរិក និង​អ៊ីរ៉ង់ ហើយ​រវាង​អាមេរិក និង​វ៉េណេស៊ុយអេឡា​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​ប្រហែល​ជា​គ្មាន​សង្ឃឹម​អាច​បិទ​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាង​មុខ​ដែរ។ ម្នាក់​ស្ថិត​នៅ​ដើមបូព៌ា និង​ម្នាក់​ទៀត​ស្ថិត​នៅ​អាមេរិកខាងត្បូង​មែន តែ​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡា​មាន​សត្រូវ​រួម​ដូច​គ្នា គឺ​សហរដ្ឋអាមេរិក។

 

ដូច្នេះ​ជា​រឿង​ធម្មតា​ដែល​ក្រុង​ការ៉ាកាស់​រួម​​ដៃ​ជាមួយ​ក្រុង​តេហេរ៉ង់​ដើម្បី​ត ទល់​នឹង​ក្រុង​វ៉ាស៊ីនតោន។ លោក​ម៉ាឌុយរ៉ូ​ជា​ប្រមុខរដ្ឋ​បរទេស​ទី១ ចេញ​មុខ​ថ្កោលទោស​អាមេរិក​ដែល​បាន​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​កាល​ពី​ខែ​មករា​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ តើ​ការ​ដែល​អ៊ីរ៉ង់​ដឹក​ប្រេង​ទៅ​ឲ្យ​វ៉េណេស៊ុយអេឡា​ពេល​នេះ​ជា​កាយវិការ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ឬ​មួយ​ក៏​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ដែរ ?។ គឺ​ទាំង​ពីរ ព្រោះ​ប្រេង​ដែល​អ៊ីរ៉ង់​ដឹក​ទៅ​វ៉េណេស៊ុយអេឡា​មិនមែន​ជា​ជំនួយ​មនុស្សធម៌​ទេ តែ​ជា​ជំនួញ។ ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេង​មួយ វ៉េណេស៊ុយអេឡា​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​ទណ្ឌកម្ម​បាន​ស្គាល់​ផលិតកម្ម​ប្រេងឆៅ​ដាំក្បាល​ចុះ និង​រោងចក្រ​ចម្រាញ់ប្រេង​បិទទ្វារ។ បច្ចុប្បន្ន វ៉េណេស៊ុយអេឡា​បូមប្រេង​តែ​ជាង ៦២០ ០០០ធុង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ពោល​តិច​ជាង​ឆ្ងាយ​ណាស់​ពី ១០ឆ្នាំ​មុន​ដែល​បូម ៣លានធុង​ក្នុង​មួយ​ថ្ងៃ។

 

ដូច្នេះ​សម្រាប់​ក្រុង​ការ៉ាកាស់ ប្រេងអ៊ីរ៉ង់​ពិត​ជា​ខ្យល់អុកស៊ីសែន​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​អាច​បន្ត​ដក​ដង្ហើម​ស្រួល​បន្តិច​ឡើង​វិញ។ ចំណែក​ក្រុង​តេហេរ៉ង់ ការ​លក់​ប្រេង​ឲ្យ​វ៉េណេស៊ុយអេឡា​ក៏​បាន​ជួយ​ខ្លួន​ឲ្យ​ទទួល​បាន​លុយ និង​បញ្ចេញ​ស្តុក​ប្រេង​ដែល​សល់​ច្រើន​ដោយ​ទណ្ឌកម្ម​អាមេរិក។ តែ​សំណួរ​ដែល​ចោទ​មាន​ពីរ ទី១ តើ​វ៉េណេស៊ុយអេឡា​ដែល​កំពុង​ត្រដរខ្យល់​ស្រាប់​មាន​លុយ​ពី​ណា​ទៅ​ឲ្យ​អ៊ីរ៉ង់ ?។ រដ្ឋាភិបាល​ក្រុង​ការ៉ាកាស់​មិន​បាន​និយាយ​អ្វី​ទេ​នៅ​លើ​រឿង​នេះ តែ​មេបក្សប្រឆាំង​លោក​ហ័ន ហ្កាយដូ​បាន​ចោទ​លោក​ម៉ាឌុយរ៉ូ​ពី​បទ​ដោះដូរ​ជាមួយ​នឹង​មាស​ដែល​យក​ចេញ​ពី​តំបន់​រ៉ែ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ដោយ​ខុស​ច្បាប់។ សំណួរ​ទី២ ប្រេង​អ៊ីរ៉ង់​អាច​ជួយ​ដោះ​ទាល់​វ៉េណេស៊ុយអេឡា​បាន​តែ ១ខែ​ប៉ុណ្ណោះ រួច​ចុះ​សម្រាប់​ខែ និង​ឆ្នាំ​បន្ទាប់​ទៀត​បាន​ប្រេង​ពី​ណា​ទៅ​ប្រើ ព្រោះ​បើ​អត់​ប្រេង​ទេ សកម្មភាព​សេដ្ឋកិច្ច​ក៏​ជាប់​គាំង​ដែរ ?។

 

លោកស្រី Giovanna de Michelle អ្នកជំនាញ​ខាង​ទំនាក់ទំនង​អន្តរជាតិ​បាន​បញ្ជាក់​ថា ការ​ដែល​អ៊ីរ៉ង់​បញ្ជូន​ប្រេង​ទៅ​ឲ្យ​វ៉េណេស៊ុយអេឡា​ពេល​នេះ​អាច​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ទទួល​ទណ្ឌកម្ម​បន្ថែម​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ និង​ក៏​កំពុង​ធ្វើ​ឲ្យ​លោក​ត្រាំ​ទើសទាល់​ចិត្ត​ខ្លាំង​ដែរ។ តែ​លោកស្រី​មិន​ជឿ​ថា វា​អាច​ឈាន​ឲ្យ​មាន​ការ​ប្រឈម​មុខ​ផ្លូវ​អាវុធ​ដាក់​គ្នា​ទេ។ មិន​អាច​ព្រោះ​ទី១ លោក​ត្រាំ​កំពុង​ឈឺក្បាល​ខ្លាំង​នឹង​វិបត្តិ​កូវីដ១៩ និង​ទី២ អាមេរិក​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ ណា​មួយ​កំពុង​ជួប​វិបត្តិ​កូវីដ១៩ ពេញ​ទំហឹង និង​ណា​មួយ​ជិត​ដល់​ពេល​រៀបចំ​បោះឆ្នោត​ផង វា​មិនមែន​ជា​ឱកាស​ល្អ​ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បើក​សមរភូមិ​ប្រយុទ្ធ​ថ្មី​នោះ​ទេ នេះ​ជា​ការ​សន្និដ្ឋាន​របស់​លោកស្រី Michelle៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ