អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាប្រទេសលីបង់កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពេលនេះ?

សំឡេង ០៥:៣៨
នាយករដ្ឋមន្រ្តីលីបង់​លោក Hassan Diab
នាយករដ្ឋមន្រ្តីលីបង់​លោក Hassan Diab AFP / DALATI AND NOHRA
៣៤ នាទី

ក្នុង​រយៈពេល ៣ថ្ងៃ​ជាប់​គ្នា ប្រទេស​លីបង់​បាន​គ្របដណ្តប់​ដោយ​បាតុកម្ម​របស់​ប្រជាជន​នៅ​សឹង​គ្រប់​កន្លែង​ទាំង​អស់។ គឺ​ជា​បាតុកម្ម​ប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ប្រឆាំង​ថ្នាក់ដឹកនាំ​ដែល​អសត្ថភាព​ក្នុង​ការ​ស្រោចស្រង់​ប្រទេស។ ប្រាក់លីវ​លីបង់​កំពុង​បន្ត​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ប្រឈម​នឹង​ប្រាក់ដុល្លារ​អាមេរិក ហើយ​អត្រា​អ្នកក្រីក្រ​កំពុង​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង។ ថ្ងៃ​សៅរ៍ ទី១៣ មិថុនា​ចុង​សប្តាហ៍​កន្លង​ទៅ​ជា​ថ្ងៃទី៣ ដែល​ក្បួន​បាតុកម្ម​បាន​បង្ក​ចេញ​នូវ​អំពើ​ហិង្សា​រវាង​បាតុករ និង​កម្លាំង​ទាហាន។ ទីក្រុង​ទ្រីប៉ូលី​ដែល​ជា​ទីក្រុង​ធំ​ទី២ និង​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​លីបង់ ការ​ប្រឈម​មុខ​រវាង​បាតុករ និង​ទាហាន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រងរបួស​ជាង ១២០នាក់។ គួរ​រម្លឹក​ថា វិបត្តិ​សេដ្ឋកិច្ច​ដែល​លីបង់​កំពុង​ជួប​ប្រទះ​ពេល​នេះ​ជា​វិបត្តិ​ដ៏​អាក្រក់​ខ្លាំង​មិន​ធ្លាប់​មាន គិត​តាំង​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ចន្លោះ​ឆ្នាំ ១៩៧៥ និង ១៩៩០។ ហេតុអ្វី​បាន​ជា​លីបង់​បាន​ឈាន​មក​ដល់​ផ្លូវ​របត់​មួយ​នេះ?

ផ្សាយពាណិជ្ជកម្ម

ធុងសម្រាម​ត្រូវ​បាន​ដុត​ឆេះ​ហុយទ្រលោម និង​កញ្ចក់​នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​វាយកម្ទេច នេះ​ហើយ​ជា​រូបភាព​ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​ក្បួនបាតុកម្ម​កាល​ពី​ថ្ងៃ​សុក្រ ទី១២ មិថុនា​ក្នុង​ទីក្រុង​បេរូត ប្រទេស​លីបង់។ តែ​នេះ​គ្រាន់​ជា​រូបភាព​ខាង​ក្រៅ​រយៈពេល​ខ្លី​ដែល​បាន​បន្សល់​ទុក​ដោយ​ក្បួនបាតុកម្ម​ប៉ុណ្ណោះ។ ចំណែក​រូបភាព​ខាង​ក្នុង​ដែល​កំពុង​បន្ត​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​បាតុករ​ម្នាក់ៗ​ក៏​ដូច​ជា​ប្រជាជន​លីបង់​ទូទៅ គឺ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ដែល​លីបង់​មិន​ដែល​ជួប​ប្រទះ​ទាល់​តែ​សោះ​តាំង​ពី​ក្រោយ​សង្រ្គាមស៊ីវិល​ចន្លោះ​ឆ្នាំ ១៩៧៥ និង ១៩៩០។ មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​លីបង់​ដែល​ប្រាក់​លីវ​បាន​បាត់បង់​តម្លៃ​ដល់​ទៅ ៧០% ប្រឈម​នឹង​ប្រាក់​ដុល្លារ។ មិន​ធ្លាប់​មាន​ទេ​ដែល​អត្រា​អ្នក​ក្រីក្រ​បាន​ហក់​ឡើង​ពី ៣៥% ក្នុង​ឆ្នាំ ២០១៩ មក​ដល់ ៥០% នៅ​ថ្ងៃ​នេះ និង​មិន​ធ្លាប់​មាន​ទេ​ដែល​កម្រិត​អត្រា​អតិផរណា​បាន​ឡើង​​ខ្ពស់។ តាំង​ពី​ខែ​មីនា​មក ហិបរដ្ឋ​អស់​លុយ ហើយ​ប្រាក់បំណុល​ក៏​មាន​ច្រើន។ នៅ​ដំណាច់​ខែ​មេសា រដ្ឋាភិបាល​បាន​សុំ​ជំនួយ​ពី​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។

តែ​ក្នុង​ពេល​រង់ចាំ « កំហឹង​នឹង​រីក​កាន់​តែ​ធំ ព្រោះ​ប្រាក់​លីវ​បន្ត​ដាំ​ក្បាល​ចុះ ហើយ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ស្រោចស្រង់ » នេះ​ជា​សម្រែក​របស់​បាតុករ​ជា​អតីត​អ្នក​បម្រើការងារ​ម្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន និង​កំពុង​ដើរ​ទាត់​ខ្យល់។ « តើ​អ្នក​ណា​ជា​អ្នក​ក្រឡុក​ហាង​ឆេង​លុយ​លីវ? » នេះ​ជា​ការ​ចោទ​សួរ​របស់​បាតុករ​ម្នាក់​ទៀត មុន​នឹង​បន្ថែម​យ៉ាង​ដូច្នេះ​ថា « មាន​ក្រុម​មនុស្ស​ដែល​កេងចំណេញ​ពី​វិបត្តិ​មួយ​នេះ ហើយ​គឺ​យើង​ទេ​តើ​ជា​អ្នក​រងគ្រោះ។ អ្នក​នយោបាយ​ដែល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ត្រូវ​ចុះចេញ​ពី​តំណែង​ទៅ។ អំពើហិង្សា ខ្ញុំ​មិន​ចូល​ចិត្ត​ទេ តែ​វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ប្រឆាំង​តវ៉ា »។ មែនទែន​ទៅ រូបភាព​បាតុកម្ម និង​ការ​ប្រឆាំង​នៅ​លីបង់​ពេល​នេះ​មិន​សូវ​ខុស​គ្នា​នឹង​បាតុកម្ម​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ ប៉ុន្មាន​ទេ។

មិន​ខុស​គ្នា ព្រោះ​បាតុកម្ម​ដែល​ផ្ទុះ​ក្នុង​ថ្ងៃទី១៧ តុលា ២០១៩ ជា​ការ​តវ៉ា​ប្រឆាំង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ពុករលួយ បក្ខពួកនិយម និង​ដែល​ឥស្សរជន​ភាគ​ច្រើន​បាន​កាន់​តំណែង​ដុះស្លែ​តាំង​ពី​ច្រើន​ទសវត្ស។ ២សប្តាហ៍​ក្រោយ​មក ពោល​នៅ​ចុង​ខែ​តុលា ឆ្នាំ ២០១៩ ដដែល បាតុកម្ម​បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្រ្តី​សាដ ហារីរី​ចុះ​ចេញ​ពី​តំណែង ហើយ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​លោក​ហាសាន ឌីយ៉ាប​បាន​ប្រសូត្រ​ឡើង​ក្នុង​ខែ​មករា ឆ្នាំ ២០២០។ តែ​សម្រាប់​ក្រុម​បាតុករ គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ​តាំង​ពី​ពេល​នោះ​មក ព្រោះ​រដ្ឋាភិបាល​ថ្មី​បាន​បន្ត​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ដែល​បន្សល់​ទុក​ដោយ​​រដ្ឋាភិបាល​ចាស់ ឬ​និយាយ​ឲ្យ​ស្រួល​យល់ លោក​ហាសាន ឌីយ៉ាប​បាន​បន្ត​ដើរ​លើ​ផ្លូវ​ដែល​បាន​ត្រួសត្រាយ​ដោយ​លោក​សាដ ហារីរី។ ដូច្នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​បាតុកម្ម​ដដែល​មួយ​នេះ​បាន​វិល​ត្រឡប់​ជា​ថ្មី។

ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​បណ្តោះអាសន្ន​មួយ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​ដោយ​សង្ឃឹម​អាច​ប្តូរ​ចេញ​ថ្នាក់ដឹកនាំ​ដែល​កាន់​តំណែង​ដុះស្លែ និង​ដាក់​បញ្ចូល​ថ្នាក់ដឹកនាំ​វ័យក្មេង​ជំនួស​វិញ។ ក្រៅ​ពី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល ក្រុម​បាតុករ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដូរ​ប្រធាន​ធានាគារកណ្តាល​ដែរ។ តាំង​ពី​ឆ្នាំ ១៩៩៧ មក អត្រា​ប្តូរប្រាក់​រវាង​ប្រាក់លីវ និង​ប្រាក់​ដុល្លារ​ត្រូវ​បាន​ធនាគារកណ្តាល​កំណត់​ត្រឹម ១ដុល្លារ​ស្មើ​នឹង ១ ៥០៧លីវ។ តែ​តម្លៃ​ពិត​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ ១ដុល្លារ​ដូរ​បាន​ដល់​ទៅ ៦ ០០០លីវ​ឯណោះ។ ស្ថានការណ៍​មួយ​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចាក់​សាច់ប្រាក់ដុល្លារ​ទៅ​ក្នុង​ទីផ្សារ​ដើម្បី​ស្រោចស្រង់​តម្លៃ​ប្រាក់​លីវ និង​កាត់​បន្ថយ​តម្លៃ​ទំនិញ។ តែ​ចំណាត់ការ​របៀប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិធានការ​ភ្លើង​ចម្បើង​ដែល​មាន​ប្រសិទ្ធិភាព​តែ​មួយ​ឆាវ​ប៉ុណ្ណោះ។

អ្វី​ដែល​មិន​អាច​ប្រកែក​បាន និង​ដែល​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ផ្ទុយ​ពី​នេះ លីបង់​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​មួយ​យ៉ាង​ជ្រៅ។ តែ​មាន​ការ​លើក​ឡើង​ថា វិបត្តិ​មួយ​នេះ​មាន​បង្កប់​ដោយ​ល្បែង​នយោបាយ ឬ​និយាយ​បែក​ផ្សេង ការ​ជម្រះបញ្ជីរ​នយោបាយ​រវាង​គូបដិបក្ខ។ អ្នក​ខ្លះ​សម្លឹង​ឃើញ​ថា បាតុកម្ម​ពេល​នេះ​បាន​រៀបចំ​ឡើង​ដោយ​ប្រធាន​ធនាគារកណ្តាល​លោក​រីយ៉ាដ សាឡាម៉េ​ដែល​គេ​ស្គាល់​ជា​សម្ព័ន្ធមិត្ត​នយោបាយ​សំខាន់​របស់​អតីត​នាយករដ្ឋមន្រ្តី​លោក​សាដ ហារីរី។ យុទ្ធសាស្រ្ត​របស់​លោក​សាឡាម៉េ គឺ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ហាសាន ឌីយ៉ាប​ចុះ​ខ្សោយ និង​បើ​អាច ទម្លាក់​លោក​ឌីយ៉ាប​ពី​អំណាច​តែ​ម្តង។ ចំណែក​លោក​ឌីយ៉ាប​បាន​យល់​ច្បាស់ណាស់​ចំពោះ​យុទ្ធសាស្រ្ត​មួយ​នេះ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​បុគ្គល ឬ​គណបក្ស​ណា​មួយ លោក​ឌីយ៉ាប​បាន​បរិហារ​ពី​ការ​ក្រឡុក​ប្រាក់លីវ និង​ពី​យុទ្ធសាស្រ្ត​ឃុបឃិត​រៀបចំ​ដោយ​ក្រុម​បក្សនយោបាយ​ល្បី​ឈ្មោះ។ លោក​ឌីយ៉ាប​បាន​លើក​ឡើង​ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​សងសឹក​នឹង​ការ​ងើប​បះបោរ​មហារជន​ក្នុង​ថ្ងៃទី១៧ តុលា ឆ្នាំ ២០១៩ ដែល​បាន​បង្ខំ​ឲ្យ​លោក​សាដ ហារីរី​ចុះ​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិបត្តិ​ដែល​លីបង់​កំពុង​ឆ្លង​កាត់​ពេល​នេះ​នឹង​ត្រូវ​ចេញ​តាម​ផ្លូវ​មួយ​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អ្នក​ដែល​កំពុង​បន្ត​រងគ្រោះ​ដោយ​ជម្លោះ​ដណ្តើម​អំណាច និង​ប្រយោជន៍​រវាង​អ្នក​នយោបាយ​ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រជាជន​ស្លូតត្រង់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ