អានតួអត្ថបទ
វិបត្តិដើមបូព៌ា

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ក្រសោបយក​ដី​ស៊ីហ្សកដានី​

ពលរដ្ឋប៉ាឡេស្ទីន​រាប់​ពាន់ធ្វើ​បាតុកម្មប្រឆាំង​នឹង​ផែនការ​ក្រសោប​យក​ដី​តំបន់​ស៊ីហ្សកដានី​មួយ​ភាគ​របស់​អ៊ីស្រាអែល។ ថ្ងៃទី ២២មិថុនា ២០២០
ពលរដ្ឋប៉ាឡេស្ទីន​រាប់​ពាន់ធ្វើ​បាតុកម្មប្រឆាំង​នឹង​ផែនការ​ក្រសោប​យក​ដី​តំបន់​ស៊ីហ្សកដានី​មួយ​ភាគ​របស់​អ៊ីស្រាអែល។ ថ្ងៃទី ២២មិថុនា ២០២០ ABBAS MOMANI / AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ការ​​ក្រសោប​យក​ដី​នៅ​ស៊ីហ្សកដានី​របស់​អ៊ីស្រាអែល អាច​ជា​ការ​បើក​ឱកាស​ជំរុញ​ឱ្យ​ក្រុម​​​ជ្រុលនិយម បញ្ចេញ​សកម្មភាព​ ​ដែល​បង្ក​មហន្តរាយ​ខ្លាំង​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​ព្រមាន​របស់​ប្រសិត​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ដើម​បូព៌ា លោក នីកូឡៃ ម្លាដេណូវ Nickolay Mladenov នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៦​មិថុនា ស្ទើរ​ទន្ទឹម​នឹង​សេចក្តី​ប្រកាស​ក្រុមអ៊ីស្លាម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​នៅតំបន់​ហ្កាហ្សា ឬ​​ចលនា​ហាម៉ាស​។ ចលនា​ហាម៉ាស​បាន​អះអាង​ នៅថ្ងៃ​នេះ​ដែរ​ថា ទង្វើ​ក្រសោប​​យក​ដី​ស៊ីហ្សកដានីរបស់​អ៊ីស្រាអែល​ ជាកា​រប្រកាសសង្គ្រាម។

ផ្សាយពាណិជ្ជកម្ម

បើ​ប៉ាឡេស្ទីន​មាន​អារម្មណ៍​ថា​គ្មាន​ទស្សនវិស័យ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ទេ នោះ​ក្រុមជ្រុលនិយម​នឹង​បានលេស​បញ្ចេញ​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​។ មាន​ឧទាហរណ៍​ច្រើនមក​ហើយ​ដែល​បង្ហាញ​ថា នៅ​ពេល​ឱ្យ​ភាពទ័លច្រក​នយោបាយ​ភ្លាម ក្រុមជ្រុលនិយម​បង្ក​មហន្តរាយ​​ឡើង​ភ្លែត​។ នេះ​ជា​ការ​បញ្ជាក់​របស់​តំណាង​អង្គការ​សហប្រជាជាតិ ដែល​បាន​អះអាង​ទៀត​ថាលោក​​កំពុង​ពិគ្រោះ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប ដើម្បី​​ជំរុញ​ឱ្យ​ការ​ចរចា​​អ៊ីស្រាអែល-​ប៉ាឡេស្ទីន អាច​ចាប់​ផ្តើម​ឡើងវិញ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ពីមុន​មក​បណ្តាប្រទេស​អារ៉ាប(លើកលែង​តែ​អេហ្ស៊ីបនិង​ហ្សកដានី​) តែង​យក​ជម្លោះ​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន​ជា​លក្ខខណ្ឌ​នៃ​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីស្រាអែល តែ​មួយ​រយៈ​ក្រោយ​មក​នេះ អ៊ីស្រាអែល​លួច​មាន​ចំណង​ទាក់ទង​ក្រៅ​ផ្លូវការ​ជាមួយ​ប្រទេស​អារ៉ាប​​ជា​ច្រើន ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស។

អង្គការ​សហប្រជាជាតិ​ព្រមាន​អំពី​ហានិភ័យ​បង្កើត​ឱកាស​ពួក​ជ្រុល​និយម ឯក្រុមចលនា​ប្រដាប់​អាវុធ​ហាម៉ាសប៉ាឡេស្ទីន​​កាន់​អំណាច​នៅ​​តំបន់ហ្កា​ហ្សាវិញ បាន​ចេញ​សេចក្តី​ព្រមាន​ដែរ ថាបើ​​អ៊ីស្រាអែល​កាត់យក​ដី​ស៊ីហ្សកដានី គឺ​ស្មើ​នឹង​ប្រកាស​ធ្វើ​សង្គ្រាម ប្រឆាំង​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន ដែល​នឹង​មិន​ស្ងៀម​ទេ។ ប៉ាឡេស្ទីន​នឹង​មិន​ឱ្យ​សត្រូវ​រាងម្តង។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ចលនាហាម៉ាស ធ្លាប់​ធ្វើ​សង្គ្រាម​​ជាមួយ​អ៊ីស្រាអែលបី​លើក​ (២០០៨-២០១២-២០១៤)។ បើ​ទោះ​បី​មានការ​​ព្រមព្រៀង​ផ្អាក​​បាញ់ ក៏​ភាគី​នៅ​តែ​បន្ត​វាយប្រហារ​គ្នា​ជា​​ញឹកញយ។

សេចក្តី​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ ធ្វើ​ឡើង​តែ​​មួយ​សប្តាហ៍​​មុន​ការ​ទម្លាយ​ជា​សាធារណៈគម្រោង​យុទ្ធសាស្ត្រ​នៃ​ការ​អនុវត្តផែនការ​សន្តិភាព​ស្នើ​ឡើង​ដោយសហរដ្ឋ​​អាមេរិក។ ផែនការដែលសម្រេច​ប្រគល់​​ដី​នៅ​តំបន់​ស៊ីហ្សកដានី​និង​ជ្រលង​ភ្នំ​ហ្សកដង់ ក្រោម​​អាណានិគមកិច្ច​អ៊ីស្រាអែល​តាំង​ពី​ឆ្នាំ​១៩៦៧មកឱ្យ​ក្លាយ​ជាដែនដី​​របស់​អ៊ីស្រាអែល ជា​ថ្នូរ​នឹង​បង្កើត​រដ្ឋ​ប៉ាឡេស្ទីនឯករាជ្យ​ដែលមាន​ដី​រួម​កាន់​តែ​តូច។ រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី ត្រូវ​ធ្វើ​ប្រកាស​នៅ​ថ្ងៃទី ១កក្កដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ