អានតួអត្ថបទ
យេម៉ែន

Unicef៖កុមារជិត ២ ៥០០ ០០០នាក់នៅក្នុងប្រទេសយេម៉ែនកំពុងរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន

អង្គការ Unicef បញ្ជាក់​ថា កុមារជិត ២ ៥០០ ០០០នាក់នៅក្នុងប្រទេសយេម៉ែនកំពុងរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន
អង្គការ Unicef បញ្ជាក់​ថា កុមារជិត ២ ៥០០ ០០០នាក់នៅក្នុងប្រទេសយេម៉ែនកំពុងរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន AFP - SALEH AL-OBEIDI
1 នាទី

ប្រទេស​យេម៉ែន​កំពុង​បន្ត​បំផ្លិចបំផ្លាញ​ដោយ​សង្រ្គាមស៊ីវិល​តាំង​ពី ៥ឆ្នាំ។ សេដ្ឋកិច្ច​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ។ តែ​អ្វី​ដែល​អង្គការ Unicef កំពុង​បារម្ភ និង​ទាញសញ្ញាអាសន្ន គឺ​គ្រោះអត់ឃ្លាន​ដែល​កំពុង​គំរាមកំហែង​លើ​កូនក្មេង​ជា​ច្រើន​លាននាក់។ តាម Unicef បើ​គ្មាន​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់​ទេ ចំនួន​កូនក្មេង​ដែល​អាច​ជួប​កង្វះអាហាររូបត្ថម្ភ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ មាន​ចំនួន ២ ៤០០ ០០០នាក់ ពោល​មាន​ការ​កើន​ឡើង​ចំនួន ២០%។ ចំណែក​អត្រា​ស្លាប់​នៅ​ក្នុង​ចំណោម​កូនក្មេង​មាន​អាយុ​ក្រោម ៥ឆ្នាំ​ក៏​មាន​ការ​កើន​ឡើង​ដែរ។ លោក​សេបាស្យៀង លីយ៉ុង អគ្គនាយក Unicef ក្នុង​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ និង​ជា​បន្ទាន់​សម្រាប់​យេម៉ែន គឺ​ការ​បញ្ចប់​សង្រ្គាមស៊ីវិល​ដ៏​សោកនាដកម្ម និង​អន្តរាយ​ដែល​បាន​អូសបន្លាយ​ជា​ច្រើន​ឆ្នាំ។ នៅ​ក្នុង​ន័យ​នេះ លោក​លីយ៉ុង​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ជម្លោះ​ចូល​អង្គុយ​តុចរចា​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។

ផ្សាយពាណិជ្ជកម្ម

« សង្រ្គាមស៊ីវិល​រយៈពេល ៥ឆ្នាំ​បាន​ធ្វើ​ឲ្យ​ប្រទេស​យេម៉ែន​ជួប​សោកនាដកម្ម​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ខ្វះខាត​គ្រប់បែប​យ៉ាង និង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សឹង​តែ​ទាំង​ស្រុង ទោះ​ក្នុង​វិស័យ​សុខាភិបាល ឬ​ក្នុង​វិស័យ​សេដ្ឋកិច្ច ហើយ​គឺ​វិស័យ​សេដ្ឋកិច្ច​នេះ​តែ​ម្តង​ដែល​កំពុង​បន្ត​ធ្លាក់​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គួរ​បញ្ជាក់​ថា ស្បៀងអាហារ​ចំនួន ៩០% ដែល​មាន​នៅ​យេម៉ែន​សព្វថ្ងៃ​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ។ វិស័យ​កសិកម្ម​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​សឹង​ទាំង​ស្រុង​ដោយ​សង្រ្គាមស៊ីវិល​ក៏​បាន​ជួប​ប្រទះ​នឹង​ការ​វាយលុក​ពី​សត្វកណ្តូប​ទៀត។ ប្រឈម​នឹង​ស្ថានភាព​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​ពេល​នេះ យេម៉ែន​ពិត​ជា​មិន​អាច​ធ្វើ​ការ​កំចាត់​សត្វ​កណ្តូប​ដែល​កំពុង​បំផ្លាញ​ផលិតកសិកម្ម​ដ៏​តិចតួច​បាន​ឡើយ។

អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ចំពោះ​មុខ និង​ជា​បន្ទាន់​សម្រាប់​យេម៉ែន គឺ​ការ​បញ្ចប់​សង្រ្គាមស៊ីវិល​ដ៏​សោកនាដកម្ម និង​អន្តរាយ​ដែល​បាន​អូសបន្លាយ​ជា​ច្រើន​ឆ្នាំ។ អ្វី​ដែល​ជា​សំណើ និង​ការ​ចង់​ឃើញ​របស់​អង្គការ Unicef គឺ​សុំ​ឲ្យ​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​ចូល​អង្គុយ​តុចរចា។ ពិត​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ មាន​ការ​ព្យាយាម​ស្វែង​រក​ការ​សម្របសម្រួល​រវាង​ភាគី​ជម្លោះ តែ​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ។

ដូច្នេះ​គេ​ត្រូវ​រក​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​នូវ​ដំណោះស្រាយ​មួយ ព្រោះ​ស្ថានការណ៍​កំពុង​ធ្លាក់​ដុនដាប​លឿន​ខ្លាំង​ណាស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ