អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដើមបូព៌ា៖ហេតុអ្វីបានជារដ្ឋអំណាចប៉ាឡេស្ទីនពិបាកកែនប្រមូលពលរដ្ឋឲ្យប្រឆាំងនឹងគម្រោងកាត់ដីពីអ៊ីស្រាអែល?

សំឡេង ០៥:២៦
ពលរដ្ឋប៉ាឡេស្ទីន​រួ​មគ្នា​ប្រឆាំង​នឹងអ៊ីស្រាអែលនៅ​ក្នុង​ការ​ទន្ត្រាន​យក​ទឹកដី​ប៉ាឡេស្ទីន
ពលរដ្ឋប៉ាឡេស្ទីន​រួ​មគ្នា​ប្រឆាំង​នឹងអ៊ីស្រាអែលនៅ​ក្នុង​ការ​ទន្ត្រាន​យក​ទឹកដី​ប៉ាឡេស្ទីន AFP - ABBAS MOMANI

នៅ​ថ្ងៃ​ពុធ ទី១ កក្កដា រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រូវ​ប្រកាស​ចេញ​នូវ​គម្រោង​ដាក់​តំបន់​ជ្រលង​ទន្លេ​ហ្សកដង់ និង​តំបន់​ខ្លះ​នៅ​ស៊ីហ្សកដានី​ទៅ​ក្នុង​អធិបតេយ្យ​ស្របច្បាប់​របស់​ខ្លួន។ តែ​គម្រោង​មួយ​នេះ​ត្រូវ​បាន​ភាគី​ប៉ាឡេស្ទីន រួម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​បរទេស​ជា​ច្រើន​បន្ត​ប្រឆាំង។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​មក​ពី​គ្រប់និន្នាការ​នយោបាយ​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដើម្បី​បញ្ជាក់​ពី​ការ​ប្រឆាំង​នឹង​គម្រោង​កាត់ដី​ប៉ាឡេស្ទីន​ពី​សំណាក់​អ៊ីស្រាអែល។ ទន្ទឹម​នឹង​សេចក្តីថ្លែងការណ៍ រដ្ឋអំណាច​ប៉ាឡេស្ទីន​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​ជួយ​ឈឺឆ្អាល និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ទាំង​អស់​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​តវ៉ា។ តែ​គេ​បាន​សម្គាល់​ឃើញ​ថា កំណើន​តវ៉ា​រវាង​ប្រជាជន​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្កាហ្សា​ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​អ្នក​រស់​ក្នុង​តំបន់​ស៊ីហ្សកដានី។ ហេតុអ្វី​បាន​ជា​ក្នុង​បុព្វហេតុ​តែ​មួយ​ដូច​គ្នា បែរ​ជា​និន្នាការ​នៃ​ការ​តវ៉ា​របស់​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ទាំង​ពីរ​ខុស​គ្នា​ទៅ​វិញ?

ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ពី​ស្ថានការណ៍​វិវឌ្ឍ​ថ្មី​ចុង​ក្រោយ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន គេ​ត្រូវ​ថយ​ក្រោយ​មួយ​ជំហាន​ទៅ​មើល​ផែនការ​សន្តិភាព​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ គឺ​ជា​ផែនការ​សន្តិភាព​តាក់តែង​ដោយ​លោក Jared Kushner ដែល​គេ​ស្គាល់​ជា​ទីប្រឹក្សា និង​ជា​កូនប្រសារ​របស់​លោក​ត្រាំ។ លោក Kushner បាន​លាតត្រដាង​ផែនការ​សន្តិភាព​នេះ​នៅ​ក្នុង​សន្និសីទអន្តរជាតិ​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃទី២៥ និង ២៦ មិថុនា ឆ្នាំ ២០១៩ ក្នុង​ប្រទេស​បារ៉ែន។ សន្និសីទ​អន្តរជាតិ​ក្រោម​ប្រធានបទ « ពី​សន្តិភាព​ទៅ​កាន់​វិបុលភាព ឬ​ភាព​សំបូររុងរឿង » បាន​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​ជាង​សន្តិភាព ពោល​មាន​គោលដៅ​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន។ តែ​ភាគី​ប៉ាឡេស្ទីន​បាន​ច្រាន​ចោល​ផែនការ​សន្តិភាព​របស់​អាមេរិក​តាំង​ពី​ដើមទី និង​អះអាង​ថា រឿង​នយោបាយ​ជា​ជើង​មុខ ឯ​រឿង​សេដ្ឋកិច្ច​ជា​ជើង​ក្រោយ។

អ្វី​ដែល​ភាគី​ប៉ាឡេស្ទីន​ចង់​មាន​ន័យ ដរាប​ណា​ប៉ាឡេស្ទីន​នៅ​តែ​គ្មាន​រដ្ឋ​ឯករាជ្យ​មួយ​រស់ក្បែរ​អ៊ីស្រាអែល​ទេ ដរាប​នោះ​គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​បាន​ឡើយ។ តែ​ខណៈ​ដែល​ក្តីសង្ឃឹម​របស់​ប៉ាឡេស្ទីន​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​កំពុង​បន្ត​ស្ថិត​ក្នុង​សុបិន្ត ដែនដី​ដែល​ប៉ាឡេស្ទីន​កំពុង​មាន​សព្វថ្ងៃ​ក៏​កំពុង​រួញ​កាន់​តែ​តូច​ទៅៗ​ក្រោម​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល។ ធ្ងន់ធ្ងរ​ជាង​នេះ ផែនការ​សន្តិភាព​របស់​អាមេរិក​មិន​ត្រឹម​មិន​ដោះស្រាយ​ដែនដី​ប៉ាឡេស្ទីន​ដែល​អ៊ីស្រាអែល​ក្រសោប​យក​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ដាក់​បញ្ចូល​ជា​ដែនដី​ស្របច្បាប់​របស់​អ៊ីស្រាអែល​ទៀត​ផង។ នេះ​ហើយ​ជា​ដើមចម​នៃ​ការ​ក្រោក​ឈរ​ប្រឆាំង​តវ៉ា​របស់​ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​មក​ពី​គ្រប់​និន្នាការ​នយោបាយ ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន រាប់​ពាន់នាក់ និង​អ្នកទទួលខុសត្រូវ​បរទេស​ជា​ច្រើន​នាក់​នា​ពេល​ថ្មីៗ​នេះ។

« ប៉ាឡេស្ទីន​មិនមែន​សម្រាប់​លក់​ទេ ហើយ​ផែនការ​របស់​ដូណាល់ ត្រាំ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ » ទាំង​នេះ​ជា​ខ្លឹមសារ​ដែល​មាន​សរសេរ​នៅ​លើ​ផ្ទាំងបដា​របស់​ក្រុម​បាតុករ។ មាន​កំណត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ចលនា​ប៉ាឡេស្ទីន​ប្រឆាំង​នឹង​គម្រោង​អ៊ីស្រាអែល​ពេល​នេះ ទី១ គឺ​ការ​រួមកម្លាំង​រវាង​ចលនា​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា និង​ចលនា​ហ្វាតា​ដែល​កំពុង​គ្រប់គ្រង​តំបន់​ស៊ីហ្សកដានី ហើយ​ទី២ ចលនា​បាតុកម្ម​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​មិន​សូវ​ញឹកញាប់ និង​មាន​មនុស្ស​ចូលរួម​តិចតួច​ជាង​នៅ​តំបន់​ហ្កាហ្សា។ តើ​គេ​អាច​ពន្យល់​យ៉ាង​ម៉េច​បាន​ចំពោះ​ភាព​ខុស​គ្នា​នេះ បើ​បាតុកម្ម​នៅ​កន្លែង​ទាំង​ពីរ​មាន​បុព្វហេតុ​តែ​មួយ​ដូច​គ្នា​នោះ?។ ដំបូង​គួរ​បញ្ជាក់​ថា​នៅ​ដែនដី​ប៉ាឡេស្ទីន​សព្វថ្ងៃ មាន​តែ​រដ្ឋអំណាច​ដឹកនាំ​ដោយ​លោក​ម៉ាមូដ អាបាស់​មក​ពី​ចលនា​ហ្វាតា​ទេ​ដែល​តំណាង​ឲ្យ​ប៉ាឡេស្ទីន​ស្របច្បាប់​នៅ​លើ​ឆាកអន្តរជាតិ។

ចំណែក​ចលនា​ហាម៉ាស់​គ្រាន់​តែ​ជា​គូរ​ប្រជែង​នយោបាយ​ផ្ទៃក្នុង និង​ត្រូវ​បាន​បស្ចឹមលោក រួម​ទាំង​អ៊ីស្រាអែល​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ ហេតុអ្វី​បាន​ជា​រដ្ឋអំណាច​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សកដានី​ពិបាក​កែន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​នៅ​ក្នុង​ក្បួន​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កាត់​ដី​ពី​អ៊ីស្រាអែល​ពេល​នេះ​ខ្លាំង​ម្ល៉េះ?។ ក្រុម​អ្នកវិភាគ​បាន​ផ្តល់​ចម្លើយ​ខុស​គ្នា​ចំពោះ​សំណួរ​នេះ។ លោកស្រី​នួរ អូដេ​បាន​លើក​ឡើង​ពី​ភាព​អស់​ជំនឿ និង​អារម្មណ៍​ធុញទ្រាន់ នឿយណាយ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​ការ​សន្យា​នាំ​សន្តិភាព​មាន​តែ​នៅ​លើ​ក្រដាស និង​លើ​បបូរមាត់។ ជាក់ស្តែង ជិត ៣០ឆ្នាំ​ក្រោយ​ពី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​ទីក្រុង​អូស្លូ​មក កិច្ចព្រមព្រៀង​មួយ​នេះ​បន្ត​មាន​តែ​នៅ​លើ​ក្រដាស។

រីឯ​អ្នកវិភាគ​ម្នាក់​ទៀត​លោក​ហ្កាសិន ខាទីប​បាន​លើក​ឡើង​ពី​គម្លាត​កាន់​តែ​ឆ្ងាយ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ។ គម្លាត​នេះ​បាន​កើត​ចេញ​មួយ​ផ្នែក​ពី​អវត្តមាន​ច្រើន​ឆ្នាំ​នៃ​ការ​រៀបចំ​បោះឆ្នោត​សភា និង​បោះឆ្នោត​ជ្រើសរើស​ប្រមុខរដ្ឋអំណាច​ថ្មី​ដោយសារ​តែ​ជម្លោះ​ផ្ទៃក្នុង​រវាង​ចលនា​ហ្វាតា និង​ចលនា​ហាម៉ាស់។ ហេតុផល​ផ្សេង​ទៀត គឺ​អាយុ​របស់​ថ្នាក់ដឹកនាំ​ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គមប៉ាឡេស្ទីន​ជំនាន់​ក្រោយ។ អ្នកនយោបាយ​ប៉ាឡេស្ទីន​ភាគច្រើន​សព្វថ្ងៃ​មាន​វ័យ ៧០ឆ្នាំ និង ៨០ឆ្នាំ​ដូច​ករណី​ប្រធាន​រដ្ឋអំណាច​លោក​ម៉ាមូដ អាបាស់​មាន​អាយុ ៨៥ឆ្នាំ។ តែ​អ្នកវិភាគ​លោកស្រី​នួរ អូដេ​បាន​ព្រមាន​ថា ភាព​មិន​សប្បាយចិត្ត​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចំពោះ​ថ្នាក់ដឹកនាំ​មិន​អាច​ជា​កត្តា​តែ​មួយ​ដែល​បញ្ជាក់​ពី​ការ​ចូលរួម​តិចតួច​របស់​ពួក​គេ​នៅ​ក្នុង​ក្បួនបាតុកម្ម​ឡើយ ព្រោះ​ជា​ទូទៅ ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​ការ​ថ្នាក់ដឹកនាំ​ដើម្បី​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ៊ីស្រាអែល​ទេ។

អ្វី​ដែល​អ្នក​វិភាគ​រូប​នេះ​ដដែល​បារម្ភ​នា​ថ្ងៃ​ខាង​មុខ គឺ​ការ​ផ្ទុះ​សង្រ្គាម​ចោលដុំ​ថ្ម​ដែល​ធ្លាប់​បាន​កើត​មាន ២​ដង គឺ​ចន្លោះ​ឆ្នាំ ១៩៨៧ ១៩៩៣ និង​ចន្លោះ​ឆ្នាំ ២០០០ និង ២០០៥។ ចូរ​កុំ​ភ្លេច​ថា​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​គ្រប់​រូប បញ្ហា​ទឹកដី​ជា​រឿង​អាយុជីវិតជាតិ​ស្លាប់ រស់ ទោះ​បី​ជា​ពួក​គេ​ត្រូវ​បន្ត​គិតគូរ​ពី​ការ​រក​អាហារ​ច្រក​ក្រពះ​ដែល​កាន់​តែ​លំបាក​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​សម័យ​ជំងឺ​កូវីដ-១៩ ក៏​ដោយ។ អ្វី​ដែល​ពួក​គេ​ចង់​បាន គឺ​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​រស់ក្បែរ​រដ្ឋអ៊ីស្រាអែល តែ​អ្វី​ដែល​គេ​កំពុង​បន្ត​ឃើញ​ជាក់ស្តែង​ផ្ទាល់​ភ្នែក គឺ​ការ​ដែល​អ៊ីស្រាអែល​បាន​បន្ត​ច្រឹប​យក​ដី​របស់​ពួក​គេ​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ខែ រាល់​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ